លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១០

អ្នកអាច«ដោះបុគ្គលិកលក្ខណៈចាស់ចេញ»

អ្នកអាច«ដោះបុគ្គលិកលក្ខណៈចាស់ចេញ»

​«​ចូរ​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ រួម​ទាំង​ការ​ប្រព្រឹត្ត​ពី​មុន​របស់​អ្នក​ផង​»។—កូឡ. ៣:៩

ចម្រៀង​លេខ​២៩ ការ​ប្រព្រឹត្ត​ស្រប​តាម​ឈ្មោះ​របស់​យើង

សេចក្ដី​សង្ខេប *

១. តើ​អ្នក​ធ្លាប់​មាន​ជីវិត​បែប​ណា​មុន​អ្នក​ចាប់​ផ្ដើម​រៀន​គម្ពីរ?

 តើ​អ្នក​ធ្លាប់​មាន​ជីវិត​បែប​ណា​មុន​អ្នក​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា? យើង​ជា​ច្រើន​នាក់​មិន​ចូល​ចិត្ត​នឹក​នា​ដល់​ពេល​នោះ​ទេ។ យើង​ទំនង​ជា​ធ្លាប់​មាន​របៀប​គិត​គូរ និង​បុគ្គលិក​លក្ខណៈ​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ បើ​ដូច្នេះ យើង​បាន​«​រស់​នៅ​ក្នុង​ពិភព​លោក​ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​និង​ដោយ​មិន​ស្គាល់​ព្រះ​ដែរ​»។ (​អេភ. ២:១២​) ប៉ុន្តែ ក្រោយ​ពី​យើង​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ របៀប​រស់​នៅ​របស់​យើង​បាន​ផ្លាស់​ប្ដូរ។

២. តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ក្រោយ​ពី​ចាប់​ផ្ដើម​រៀន​គម្ពីរ?

កាល​ដែល​អ្នក​រៀន​គម្ពីរ អ្នក​បាន​ឃើញ​ថា​អ្នក​មាន​បិតា​ម្នាក់​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។ អ្នក​បាន​ទទួល​ស្គាល់​ថា បើ​អ្នក​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក អ្នក​ត្រូវ​កែ​ប្រែ​របៀប​រស់​នៅ ចិត្ត​គំនិត និង​របៀប​គិត​គូរ​របស់​អ្នក​យ៉ាង​ខ្លាំង។ អ្នក​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ដែរ។—អេភ. ៥:៣​-​៥

៣. យោង​ទៅ​តាម​កូឡុស ៣:៩, ១០ តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​និង​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា។ ម្យ៉ាង​ទៀត មុន​យើង​ទទួល​ការ​ជ្រមុជ​ទឹក លោក​តម្រូវ​ឲ្យ​យើង​‹ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ រួម​ទាំង​ការ​ប្រព្រឹត្ត​ពី​មុន​របស់​យើង​ផង›។ * (​សូម​អាន កូឡុស ៣:៩, ១០) អត្ថបទ​នេះ​នឹង​ជួយ​ពួក​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ឲ្យ​ឆ្លើយ​សំណួរ​បី​ដូច​ត​ទៅ​នេះ​៖ (​១​) តើ​អ្វី​ជា​«​បុគ្គលិក​លក្ខណៈ​ចាស់​»​? (​២​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ? (​៣​) តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? បើ​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ អត្ថបទ​សិក្សា​នេះ​នឹង​ជួយ​យើង​មិន​ឲ្យ​គិត ឬ​ប្រព្រឹត្ត​តាម​បុគ្គលិក​លក្ខណៈ​ចាស់​ដែល​យើង​ធ្លាប់​មាន​ឡើយ។

តើ​អ្វី​ជា​«​បុគ្គលិក​លក្ខណៈ​ចាស់​»​?

៤. តើ​បុគ្គល​ដែល​ឲ្យ​«​បុគ្គលិក​លក្ខណៈ​ចាស់​»​កាន់​កាប់​លើ​គាត់​ប្រព្រឹត្ត​បែប​ណា?

តាម​ធម្មតា បុគ្គល​ដែល​ឲ្យ​«​បុគ្គលិក​លក្ខណៈ​ចាស់​»​កាន់​កាប់​គាត់ មាន​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង។ គាត់​ប្រហែល​ជា​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ឆាប់​ខឹង រមិល​គុណ និង​មាន​អំណួត។ គាត់​ប្រហែល​ជា​ថែម​ទាំង​ចូល​ចិត្ត​មើល​រូប​អាស​អាភាស និង​មើល​ភាពយន្ត​ដែល​មាន​អំពើ​ប្រាស​ចាក​សីលធម៌ ឬ​អំពើ​ឃោរឃៅ។ ប៉ុន្តែ គាត់​ច្បាស់​ជា​មាន​គុណ​សម្បត្តិ​ខ្លះ ហើយ​ប្រហែល​ជា​ថែម​ទាំង​បន្ទោស​ខ្លួន​ចំពោះ​អ្វី​មិន​ល្អ​ដែល​គាត់​និយាយ​ឬ​ធ្វើ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បំណង​ចិត្ត​របស់​គាត់​មិន​ខ្លាំង​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​កែ​ប្រែ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​គាត់​ទេ។—កាឡ. ៥:១៩​-​២១; ២ធី. ៣:២​-​៥

ពេល​យើង​ដោះ​«​បុគ្គលិក​លក្ខណៈ​ចាស់​»​ចេញ ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ការ​ខុស​ឆ្គង​លែង​កាន់​កាប់​យើង​ទៀត (​សូម​មើល​វគ្គ​៥​) *

៥. តើ​យើង​អាច​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ​ទាំង​ស្រុង​បាន​ឬ​ទេ? សូម​ពន្យល់។ (​សកម្មភាព ៣:១៩​)

យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​គ្មាន​យើង​ណា​ម្នាក់​អាច​ជម្រុះ​ចេញ​ការ​គិត​គូរ​និង​បំណង​ប្រាថ្នា​អាក្រក់​ទាំង​អស់​ឲ្យ​ចេញ​ពី​ចិត្ត​គំនិត​របស់​យើង​បាន​ទេ។ ជួន​កាល យើង​នឹង​ប្រព្រឹត្ត ឬ​និយាយ​អ្វី​ដែល​នាំ​ឲ្យ​យើង​ស្ដាយ​ក្រោយ។ (​យេ. ១៧:៩; យ៉ា. ៣:២​) ប៉ុន្តែ ពេល​យើង​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​លែង​កាន់​កាប់​យើង​ទៀត។ យ៉ាង​នេះ យើង​ទៅ​ជា​មនុស្ស​ផ្សេង។—អេ. ៥៥:៧; សូម​អាន សកម្មភាព ៣:១៩

៦. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​លះ​ចោល​របៀប​គិត​គូរ​មិន​ត្រឹម​ត្រូវ​និង​ទម្លាប់​អាក្រក់?

ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​លះ​ចោល​របៀប​គិត​គូរ​មិន​ត្រឹម​ត្រូវ​និង​ទម្លាប់​អាក្រក់ ដោយ​សារ​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ចង់​ឲ្យ​យើង​សប្បាយ​នឹង​ជីវិត។ (​អេ. ៤៨:១៧, ១៨​) ព្រះ​យេហូវ៉ា​ដឹង​ថា​ពួក​អ្នក​ដែល​មិន​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង នាំ​ទុក្ខ​ដល់​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត។ ពេល​ឃើញ​ដូច្នេះ លោក​ក៏​ឈឺ​ចិត្ត​ដែរ។

៧. យោង​ទៅ​តាម​រ៉ូម ១២:១, ២ តើ​យើង​មាន​ជម្រើស​អ្វី?

ជួន​កាល មិត្ត​ភក្តិ​និង​សមាជិក​ខ្លះ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​សើច​ចំអក​យើង ដោយ​សារ​យើង​ព្យាយាម​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​យើង។ (​១ពេ. ៤:៣, ៤​) ពួក​គេ​ប្រហែល​ជា​និយាយ​ថា យើង​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​ដោយ​ស្រេច​ចិត្ត​យើង ហើយ​ថា​យើង​មិន​គួរ​ឲ្យ​អ្នក​ឯ​ទៀត​មក​ប្រាប់​យើង​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ ពួក​អ្នក​ដែល​បដិសេធ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ជា​មនុស្ស​ឯករាជ្យ​ឡើយ។ តាម​ពិត ពួក​គេ​កំពុង​ឲ្យ​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន​មាន​ឥទ្ធិពល​លើ​ពួក​គេ។ (​សូម​អាន រ៉ូម ១២:១, ២) យើង​ទាំង​អស់​គ្នា​ត្រូវ​ជ្រើស​យក​មួយ គឺ​ថា​យើង​បន្ត​មាន​បុគ្គលិក​លក្ខណៈ​ចាស់​ដែល​បាន​ទទួល​ឥទ្ធិពល​ពី​ការ​ខុស​ឆ្គង​និង​ពិភព​លោក​របស់​សាថាន ឬ​មួយ​ក៏​យើង​ឲ្យ​ព្រះ​យេហូវ៉ា​កែ​ប្រែ​យើង​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​មាន​នៅ​សព្វ​ថ្ងៃ​នេះ។—អេ. ៦៤:៨

តើ​អ្នក​អាច​«​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ​»​តាម​របៀប​ណា?

៨. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​លះ​ចោល​របៀប​គិត​គូរ​មិន​ត្រឹម​ត្រូវ​និង​ទម្លាប់​អាក្រក់?

ព្រះ​យេហូវ៉ា​ដឹង​ថា គឺ​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង ដើម្បី​លះ​ចោល​របៀប​គិត​គូរ​មិន​ត្រឹម​ត្រូវ​និង​ទម្លាប់​អាក្រក់។ (​ចសព. ១០៣:១៣, ១៤​) ទោះ​ជា​យ៉ាង​នេះ​ក្ដី តាម​រយៈ​បណ្ដាំ​និង​ឫទ្ធានុភាព​របស់​លោក ព្រម​ទាំង​អង្គការ​លោក ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ប្រាជ្ញា កម្លាំង និង​ការ​គាំទ្រ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការ​កែ​ប្រែ។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ជួយ​អ្នក​រួច​ហើយ។ ឥឡូវ សូម​យើង​ពិចារណា​អំពី​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ​ឲ្យ​បាន​ច្រើន​ជាង និង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។

៩. តើ​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​អ្វី?

ចូរ​ប្រើ​គម្ពីរ​ដើម្បី​ពិនិត្យ​ពិចារណា​ខ្លួន​ឯង។ បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​កញ្ចក់​ដែល​អាច​ជួយ​អ្នក​ឲ្យ​ពិនិត្យ​មើល​របៀប​ដែល​អ្នក​គិត និយាយ និង​ប្រព្រឹត្ត។ (​យ៉ា. ១:២២​-​២៥​) អ្នក​បង្រៀន​គម្ពីរ​របស់​អ្នក និង​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ​អាច​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក។ ជា​ឧទាហរណ៍ ពួក​គេ​អាច​ប្រើ​បទ​គម្ពីរ​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​អ្នក។ ពួក​គេ​អាច​បង្រៀន​អ្នក​អំពី​របៀប​រក​ឃើញ​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ស្ដី​អំពី​វិធី​លះ​ចោល​ទម្លាប់​អាក្រក់។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ជួយ​អ្នក​ជា​និច្ច។ លោក​ដឹង​អំពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​អ្នក ដោយ​សារ​លោក​ស្គាល់​ចិត្ត​របស់​អ្នក​ច្បាស់។ (​សុភ. ១៤:១០; ១៥:១១​) ដូច្នេះ សូម​មាន​ទម្លាប់​អធិដ្ឋាន​ទៅ​លោក និង​សិក្សា​បណ្ដាំ​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ។

១០. តើ​អ្នក​បាន​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​អ៊ីលី?

១០ ចូរ​ជឿ​ជាក់​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត។ អ្វី​ៗ​ទាំង​អស់​ដែល​លោក​សុំ​យើង​ឲ្យ​ធ្វើ គឺ​តែង​តែ​មាន​ប្រយោជន៍​ចំពោះ​យើង។ ពួក​អ្នក​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក​ចេះ​ឲ្យ​តម្លៃ​ខ្លួន​ឯង មាន​គោល​បំណង​ក្នុង​ជីវិត និង​មាន​សុភមង្គល​ពិត​ប្រាកដ។ (​ចសព. ១៩:៧​-​១១​) ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​រង​ផល​វិបាក ដែល​មក​ពី​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បង​ប្រុស​ម្នាក់​ឈ្មោះ​អ៊ីលី​និយាយ​អំពី​ការ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ។ គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ កាល​ដែល​បង​អ៊ីលី​នៅ​វ័យ​ជំទង់ គាត់​បាន​សម្រេច​ចិត្ត​សេព​គប់​មនុស្ស​អាក្រក់។ ក្រោយ​មក គាត់​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​គ្រឿង​ញៀន មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌ និង​ធ្វើ​ជា​ចោរ។ បង​អ៊ីលី​និយាយ​ថា គាត់​ខឹង​ច្រើន​និង​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង។ គាត់​សារភាព​ថា​៖ ​«​បើ​និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ត្រូវ​បង្រៀន​ថា​មិន​គួរ​ធ្វើ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ម្នាក់​»។ ប៉ុន្តែ បង​អ៊ីលី​មិន​បាន​ភ្លេច​អំពី​អ្វី​ដែល​គាត់​បាន​រៀន​កាល​ដែល​គាត់​នៅ​ក្មេង​ទេ។ ក្រោយ​មក គាត់​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ម្ដង​ទៀត។ គាត់​ខំ​ប្រឹង​លះ​ចោល​ទម្លាប់​អាក្រក់​របស់​គាត់ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០០។ តើ​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​បង​អ៊ីលី​ទទួល​ប្រយោជន៍​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ឥឡូវ ខ្ញុំ​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត ហើយ​ចិត្ត​ខ្ញុំ​មិន​បន្ទោស​ខ្ញុំ​ទេ​»។ * បទ​ពិសោធន៍​របស់​បង​អ៊ីលី​បង្ហាញ​យើង​ថា ពួក​អ្នក​ដែល​បដិសេធ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​នាំ​ទុក្ខ​ដល់​ខ្លួន​ឯង។ សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ ក៏​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​កែ​ប្រែ។

១១. តើ​ព្រះ​យេហូវ៉ា​ស្អប់​អ្វី​ខ្លះ?

១១ ចូរ​រៀន​ឲ្យ​ចេះ​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (​ចសព. ៩៧:១០​) គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​ស្អប់​«​ភ្នែក​អំណួត អណ្ដាត​ភូត​ភរ និង​ដៃ​សម្លាប់​ជន​ស្លូត​ត្រង់​»។ (​សុភ. ៦:១៦, ១៧​) លោក​ក៏​«​ស្អប់​ខ្ពើម​មនុស្ស​ឃោរ​ឃៅ​និង​មនុស្ស​បោក​បញ្ឆោត​»។ (​ចសព. ៥:៦​) ព្រះ​យេហូវ៉ា​ស្អប់​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ទាំង​នេះ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពេល​ផែនដី​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​នៅ​សម័យ​ណូអេ លោក​បាន​បំផ្លាញ​មនុស្ស​ទុច្ចរិត​ទាំង​អស់​ចោល។ (​ដក. ៦:១៣​) សូម​គិត​អំពី​ឧទាហរណ៍​មួយ​ទៀត។ តាម​រយៈ​ម៉ាឡាគី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា លោក​ស្អប់​ពួក​អ្នក​ដែល​រក​កល​ល្បិច​ដើម្បី​លែង​លះ​ប្រពន្ធ​ដែល​គ្មាន​កំហុស។ ព្រះ​មិន​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ទេ ហើយ​លោក​នឹង​វិនិច្ឆ័យ​ពួក​គេ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។—ម៉ាឡ. ២:១៣​-​១៦; ហេ. ១៣:៤

យើង​គួរ​ចាត់​ទុក​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​ជា​អំពើ​អាក្រក់ ជា​ទី​ខ្ពើម​រអើម​ដូច​បរិភោគ​អាហារ​ខូច​រលួយ (​សូម​មើល​វគ្គ​១១​-​១២​)

១២. តើ​ការ​«​ស្អប់​ខ្ពើម​អ្វី​ៗ​ដែល​អាក្រក់​»​មាន​ន័យ​យ៉ាង​ណា?

១២ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​«​ស្អប់​ខ្ពើម​អ្វី​ៗ​ដែល​អាក្រក់​»។ (​រ៉ូម ១២:៩​) ពាក្យ​«​ស្អប់​ខ្ពើម​»​មាន​ន័យ​ថា រអើម​អ្វី​មួយ​យ៉ាង​ខ្លាំង។ សូម​ស្រមៃ​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ បើ​គេ​សុំ​អ្នក​ឲ្យ​បរិភោគ​អាហារ​ខូច​រលួយ​មួយ​ចាន។ គ្រាន់​តែ​គិត នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ចង់​ក្អួត​បាត់​ទៅ​ហើយ។ ស្រដៀង​គ្នា​ដែរ សូម្បី​តែ​ការ​គិត​អំពី​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​អាក្រក់ ក៏​គួរ​ធ្វើ​ឲ្យ​យើង​ខ្ពើម​រអើម​ដែរ។

១៣. ហេតុ​អ្វី​យើង​ត្រូវ​ការ​ពារ​គំនិត​របស់​យើង?

១៣ ចូរ​ការ​ពារ​គំនិត​របស់​អ្នក។ គំនិត​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង។ ហេតុ​នេះ​ហើយ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​គំនិត​ផ្សេង​ៗ ដែល​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ (​ម៉ាថ. ៥:២១, ២២, ២៨, ២៩​) យើង​ចង់​ធ្វើ​ឲ្យ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។ ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​យើង​លះ​ចោល​ភ្លាម​ៗ​នូវ​គំនិត​អាក្រក់​ណា​ក៏​ដោយ​ដែល​យើង​មាន!

១៤. តើ​ពាក្យ​សម្ដី​បង្ហាញ​យ៉ាង​ណា​អំពី​យើង ហើយ​តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

១៤ ចូរ​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​អ្នក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ៗ​ដែល​ចេញ​ពី​មាត់ នោះ​ចេញ​ពី​ក្នុង​ចិត្ត​មក​»។ (​ម៉ាថ. ១៥:១៨​) ពិត​មែន ពាក្យ​សម្ដី​របស់​យើង​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចិត្ត​យើង។ ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ‹តើ​ខ្ញុំ​មិន​ព្រម​និយាយ​កុហក ទោះ​ជា​ការ​ប្រាប់​ការ​ពិត​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ឬ​ទេ? ជា​បុគ្គល​ដែល​បាន​រៀប​ការ​ហើយ តើ​ខ្ញុំ​ប្រុង​ប្រយ័ត្ន​មិន​ចែ​ចង់​ពួក​អ្នក​ដែល​មាន​ភេទ​ផ្ទុយ​ឬ? តើ​ខ្ញុំ​ជៀស​វាង​ជា​ដាច់​ខាត​ពី​ការ​និយាយ​អាស​អាភាស​ឬ​ទេ? តើ​ខ្ញុំ​តប​ឆ្លើយ​ដោយ​ចិត្ត​ស្ងប់​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ឬ​ទេ?›។ ការ​គិត​អំពី​សំណួរ​ទាំង​នេះ​នឹង​ជួយ​អ្នក។ ពាក្យ​សម្ដី​របស់​អ្នក​អាច​ប្រដូច​ទៅ​នឹង​ឡេវ​សម្លៀក​បំពាក់។ បើ​អ្នក​ដោះ​ឡេវ​សិន អ្នក​នឹង​ស្រួល​ដោះ​សម្លៀក​បំពាក់​ចេញ​ជាង។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​ព្យាយាម​អស់​ពី​សមត្ថភាព​ឈប់​ពោល​ពាក្យ​ប្រមាថ​មើល​ងាយ កុហក និង​អាស​អាភាស នោះ​អ្នក​នឹង​ស្រួល​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ​ជាង។

១៥. តើ​ការ​ព្យួរ​បុគ្គលិក​លក្ខណៈ​ចាស់​របស់​យើង​«​នឹង​បង្គោល​ឈើ​»​មាន​ន័យ​យ៉ាង​ណា?

១៥ ចូរ​សុខ​ចិត្ត​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់។ សាវ័ក​ប៉ូល​បាន​ប្រើ​ឧទាហរណ៍​ដើម្បី​បង្រៀន​យើង​ថា គឺ​សំខាន់​ណាស់​ឲ្យ​យើង​កែ​ប្រែ​របៀប​រស់​នៅ​របស់​យើង។ គាត់​បាន​សរសេរថា យើង​ត្រូវ​ព្យួរ​«​បុគ្គលិក​លក្ខណៈ​ចាស់​របស់​យើង . . . នឹង​បង្គោល​ឈើ​»។ (​រ៉ូម ៦:៦​) និយាយ​ឲ្យ​ចំ​ទៅ យើង​ចង់​ធ្វើ​តាម​គំរូ​របស់​គ្រិស្ត។ យើង​ត្រូវ​បំបាត់​ចោល​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ ទាល់​តែ​យើង​ធ្វើ​ដូច្នេះ ទើប​យើង​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស និង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​យ៉ូន. ១៧:៣; ១ពេ. ៣:២១​) សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ផ្លាស់​ប្ដូរ​ខ្នាត​តម្រា​របស់​លោក​ទៅ​តាម​ចិត្ត​យើង​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​កែ​ប្រែ ហើយ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។—អេ. ១:១៦​-​១៨; ៥៥:៩

១៦. ហេតុ​អ្វី​អ្នក​ត្រូវ​តាំង​ចិត្ត​បន្ត​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង?

១៦ ចូរ​បន្ត​ត​យុទ្ធ​នឹង​បំណង​ប្រាថ្នា​ខុស​ឆ្គង។ ទោះ​ជា​ក្រោយ​ពី​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក្ដី អ្នក​នឹង​ត្រូវ​បន្ត​ត​យុទ្ធ​នឹង​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ម៉ារេស្យូ។ កាល​ដែល​គាត់​នៅ​ក្មេង គាត់​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។ ក្រោយ​មក គាត់​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ។ ក្រោយ​ពី​គាត់​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ក្នុង​ជីវិត គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០២។ ទោះ​ជា​នៅ​ឥឡូវ​នេះ​គាត់​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី បង​ម៉ារេស្យូ​សារភាព​ថា​៖ ​«​ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន​»។ ប៉ុន្តែ គាត់​មិន​ឲ្យ​នេះ​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា ការ​មិន​ព្រម​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ទាំង​នោះ . . . ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»។ *

១៧. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បទ​ពិសោធន៍​របស់​បង​ណាពិហា?

១៧ ចូរ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​លោក មិន​មែន​កម្លាំង​របស់​ខ្លួន​ទេ។ (​កាឡ. ៥:២២; ភី. ៤:៦​) យើង​ត្រូវ​ខំ​ប្រឹង បើ​យើង​ចង់​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ ហើយ​មិន​ពាក់​វា​ម្ដង​ទៀត។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​ណាពិហា។ គាត់​បាន​ត្រូវ​ឪពុក​បោះ​បង់​ចោល​កាល​ដែល​គាត់​មាន​អាយុ​៦​ឆ្នាំ។ គាត់​និយាយ​ថា​៖ ​«​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់​»។ កាល​ដែល​បង​ណាពិហា​ធំ​ឡើង គាត់​ច្រើន​តែ​ខឹង​និង​ឆេវ​ឆាវ។ គាត់​បាន​ចាប់​ផ្ដើម​លក់​គ្រឿង​ញៀន បាន​ត្រូវ​គេ​ចាប់​ខ្លួន និង​ជាប់​គុក​អស់​ជា​ច្រើន​ឆ្នាំ។ ក្រោយ​មក សាក្សី​ព្រះ​យេហូវ៉ា​បាន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ពន្ធនាគារ ហើយ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​គាត់។ បង​ណាពិហា​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​កែ​ប្រែ​ធំ​ៗ​ក្នុង​ជីវិត។ គាត់​និយាយ​ថា​៖ ​«​ទម្លាប់​អាក្រក់​ខ្លះ ខ្ញុំ​ស្រួល​លះ​ចោល ប៉ុន្តែ​ការ​ផ្ដាច់​បារី​គឺ​ពិបាក​ណាស់​ចំពោះ​ខ្ញុំ​»។ បង​ណាពិហា​បាន​ខំ​ប្រឹង​យក​ឈ្នះ​បញ្ហា​នេះ​អស់​មួយ​ឆ្នាំ​ជាង ហើយ​ទី​បំផុត​គាត់​អាច​ផ្ដាច់​បារី​បាន។ តើ​គាត់​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គាត់​និយាយ​ថា​៖ ​«​ចំពោះ​ខ្ញុំ​អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​និច្ច​»។ ឥឡូវ គាត់​ប្រាប់​អ្នក​ឯ​ទៀត​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា បើ​ខ្ញុំ​អាច​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ដែរ!​»។

អ្នក​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក!

១៨. ដូច​កូរិនថូស​ទី​១ ៦:៩​-​១១​ចែង តើ​អ្នក​បម្រើ​ព្រះ​ជា​ច្រើន​នាក់​ធ្លាប់​ធ្វើ​អ្វី?

១៨ នៅ​សតវត្សរ៍​ទី​១ បុរស​ស្ត្រី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ ពួក​គេ​ធ្លាប់​ធ្វើ​ជា​ចោរ អ្នក​ផិត​ក្បត់ និង​ធ្លាប់​រួម​ដំណេក​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ ពួក​គេ​អាច​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​បាន។ (​សូម​អាន កូរិនថូស​ទី​១ ៦:៩​-​១១) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​គម្ពីរ​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ក្នុង​ជីវិត។ * ពួក​គេ​បាន​យក​ឈ្នះ​ទម្លាប់​អាក្រក់​ដែល​ចាក់​ឫស​ជ្រៅ។ គំរូ​របស់​ពួក​គេ​បង្ហាញ​ថា អ្នក​ក៏​អាច​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​អ្នក និង​លះ​ចោល​ទម្លាប់​អាក្រក់ ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ដែរ។

១៩. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​បន្ទាប់?

១៩ ក្រៅ​ពី​ការ​ខំ​ប្រឹង​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ ពួក​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ខំ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ និង​របៀប​ដែល​អ្នក​ឯ​ទៀត​អាច​ជួយ​យើង។

ចម្រៀង​លេខ​៤១ សូម​លោក​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

^ វគ្គ 5 ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក យើង​ត្រូវ​សុខ​ចិត្ត​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​យើង។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​ថា​អ្វី​គឺ​ជា​បុគ្គលិក​លក្ខណៈ​ចាស់ មូលហេតុ​ដែល​យើង​ត្រូវដោះ​បុគ្គលិក​លក្ខណៈ​ទាំង​នោះ​ចេញ និង​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។ នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បន្ត​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ទោះ​ជា​ក្រោយ​ពី​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក្ដី។

^ វគ្គ 3 ការ​ពន្យល់​ពាក្យ: ការ​«​ដោះ​បុគ្គលិក​លក្ខណៈ​ចាស់​ចេញ​»​មាន​ន័យ​ថា លះ​ចោល​ចិត្ត​គំនិត​និង​បំណង​ប្រាថ្នា​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ នេះ​គួរ​ចាប់​ផ្ដើម​មុន​ទទួល​ការ​ជ្រមុជ​ទឹក។—អេភ. ៤:២២

^ វគ្គ 10 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត ‹ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​រក​ព្រះ​យេហូវ៉ា​វិញ›​»​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា–មិថុនា ឆ្នាំ​២០១២។

^ វគ្គ 16 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត ‹ពួក​គេ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ›​»​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា–ធ្នូ ឆ្នាំ​២០១២។

^ វគ្គ 18 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: ការ​លះចោល​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​គឺ​ប្រៀប​ដូច​ជា​ការ​ដោះ​សម្លៀក​បំពាក់​ចាស់​ចេញ។