លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៤

អ្នកចាស់ទុំទាំងឡាយ ចូរបន្ដយកតម្រាប់សាវ័កប៉ូល

អ្នកចាស់ទុំទាំងឡាយ ចូរបន្ដយកតម្រាប់សាវ័កប៉ូល

​«​ចូរ​យក​តម្រាប់​ខ្ញុំ​»។—១កូ. ១១:១

ចម្រៀង​លេខ​៩៩ បង​ប្អូន​ដ៏​ច្រើន​អនេក​របស់​យើង

សេចក្ដី​សង្ខេប *

១​-​២. តើ​គំរូ​របស់​សាវ័ក​ប៉ូល​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

 សាវ័ក​ប៉ូល​ស្រឡាញ់​បង​ប្អូន​របស់​គាត់។ គាត់​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ។ (​សកម្ម. ២០:៣១​) ហេតុ​នេះ បង​ប្អូន​រួម​ជំនឿ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។ នៅ​ពេល​មួយ ពួក​អ្នក​ចាស់​ទុំ​ពី​ក្រុង​អេភេសូរ​បាន​«​ហូរ​ទឹក​ភ្នែក​»​ ពេល​ដែល​ឮ​ថា​ពួក​គេ​នឹង​លែង​ជួប​គាត់​ទៀត។ (​សកម្ម. ២០:៣៧​) ពួក​អ្នក​ចាស់​ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់ ក៏​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ខ្លាំង​ណាស់ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គេ។ (​ភី. ២:១៦, ១៧​) ប៉ុន្តែ ជួន​កាល​ពួក​អ្នក​ចាស់​ទុំ​មាន​ការ​ពិបាក​ផ្សេង​ៗ។ តើ​អ្វី​អាច​ជួយ​ពួក​គេ​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ?

ពួក​អ្នក​ចាស់​ទុំ​ដែល​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​អាច​ពិចារណា​គំរូ​របស់​ប៉ូល។ (​១កូ. ១១:១​) ប៉ូល​មិន​មែន​ដូច​ទេវតា​ទេ តែ​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​មនុស្ស​ទូទៅ​ដែរ ហើយ​ជួន​កាល​គាត់​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​រ៉ូម ៧:១៨​-​២០​) ម្យ៉ាង​ទៀត ប៉ូល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិបាក​មួយ​ចំនួន។ ប៉ុន្តែ គាត់​មិន​បាន​ឈប់​ព្យាយាម​ឬ​បាត់​បង់​អំណរ​ទេ។ ដោយ​យក​តម្រាប់​ប៉ូល ពួក​អ្នក​ចាស់​ទុំ​អាច​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ​ដែល​ពួក​គេ​ជួប​ប្រទះ ហើយ​រក្សា​អំណរ​របស់​ពួក​គេ​កាល​ដែល​បម្រើ​ព្រះ​យេហូវ៉ា។ សូម​យើង​ពិចារណា​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​ដូច្នេះ។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ ហើយ​តើ​យើង​នឹង​រៀន​អ្វី​ទៀត?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ពិបាក​បួន​ដែល​ពួក​អ្នក​ចាស់​ទុំ​ជួប​ប្រទះ គឺ​៖ (​១​) ការ​លៃ​ទុក​ពេល​ច្រើន​គ្រប់​គ្រាន់​ដើម្បី​ផ្សព្វ​ផ្សាយ និង​ធ្វើ​កិច្ច​ការ​ឯ​ទៀត (​២​) ការ​ស្វែង​រក​ពេល​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន (​៣​) ការ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន និង​(​៤​) ការ​ធ្វើ​កិច្ច​ការ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ យើង​នឹង​រៀន​អំពី​អ្វី​ដែល​បាន​ជួយ​ប៉ូល​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​នីមួយ​ៗ​ទាំង​នោះ និង​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​របស់​គាត់។

ការ​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ព្រម​ទាំង​បំពេញ​ភារកិច្ច​ឯ​ទៀត

៤. ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​ពិបាក​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

ហេតុ​អ្វី​នេះ​ប្រហែល​ជា​ពិបាក? ក្រៅ​ពី​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ច្រើន។ ជា​ឧទាហរណ៍ ពួក​គេ​ជា​ច្រើន​នាក់ ច្រើន​តែ​ធ្វើ​អធិការី​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក ហើយ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ។ ពួក​គេ​ក៏​ប្រហែល​ជា​ថ្លែង​សុន្ទរកថា​ជា​ច្រើន​ដែរ។ ពួក​គេ​បង្ហាត់​បង្រៀន​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ព្រម​ទាំង​ជាប់​រវល់​ក្នុង​ការ​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ។ (​១ពេ. ៥:២​) អ្នក​ចាស់​ទុំ​ខ្លះ​ធ្វើ​កិច្ច​ការ​សាង​សង់ ហើយ​ថែ​ទាំ​សាល​ប្រជុំ​និង​អគារ​ផ្សេង​ទៀត​សម្រាប់​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ ដូច​បុគ្គល​គ្រប់​រូប​នៅ​ក្នុង​ក្រុម​ជំនុំ កិច្ច​ការ​សំខាន់​បំផុត​ដែល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ គឺ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។—ម៉ាថ. ២៨:១៩, ២០

៥. តើ​ប៉ូល​បាន​ទុក​គំរូ​អ្វី​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

គំរូ​របស់​ប៉ូល។ នៅ​ភីលីព ១:១០ ប៉ូល​បាន​ប្រាប់​យើង​អំពី​មូលហេតុ​ដែល​គាត់​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ នៅ​ខ​នោះ​គាត់​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​[​ចូរ​]​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ ប៉ូល​ផ្ទាល់​បាន​ធ្វើ​តាម​យោបល់​នេះ។ គាត់​បាន​ត្រូវ​ចាត់​តាំង​ឲ្យ​បំពេញ​កិច្ច​បម្រើ ហើយ​អស់​ជា​ច្រើន​ឆ្នាំ គាត់​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​នោះ​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​មួយ។ គាត់​បាន​ផ្សព្វ​ផ្សាយ​«​ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។ (​សកម្ម. ២០:២០​) ប៉ូល​មិន​ដាក់​កម្រិត​ទៅ​លើ​ពេល​វេលា​ណា​មួយ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ផ្សព្វ​ផ្សាយ​នោះ​ទេ។ គាត់​បាន​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ! ជា​ឧទាហរណ៍ កាល​ដែល​គាត់​រង់​ចាំ​ពួក​អ្នក​ដំណើរ​ជា​មួយ​គាត់​នៅ​ក្រុង​អាថែន គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ធំ ហើយ​ពួក​គេ​ខ្លះ​មាន​ប្រតិកម្ម​ល្អ។ (​សកម្ម. ១៧:១៦, ១៧, ៣៤​) សូម្បី​តែ​ពេល​ដែល​ប៉ូល​«​ជាប់​ចំណង​»​ ក៏​គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ដែល​គាត់​ជួប។—ភី. ១:១៣, ១៤; សកម្ម. ២៨:១៦​-​២៤

៦. តើ​ប៉ូល​បាន​ធ្វើ​អ្វី​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត?

ប៉ូល​បាន​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។ គាត់​ច្រើន​តែ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ជា​មួយ​គាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ដំណើរ​លើក​ទី​១​ជា​សាសនទូត គាត់​បាន​យក​យ៉ូហាន ម៉ាកុស​ទៅ​ជា​មួយ ហើយ​ជា​លើក​ទី​២​គាត់​បាន​យក​ធីម៉ូថេ​ទៅ​ជា​មួយ​គាត់។ (​សកម្ម. ១២:២៥; ១៦:១​-​៤​) ប៉ូល​ច្បាស់​ជា​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាត់​បង្រៀន​បុរស​ទាំង​នេះ​អំពី​របៀប​រៀបចំ​ក្រុម​ជំនុំ​ឲ្យ​មាន​របៀប​រៀប​រយ របៀប​បំពេញ​កិច្ច​ការ​ជា​គង្វាល និង​របៀប​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព។—១កូ. ៤:១៧

ចូរ​យក​តម្រាប់​ប៉ូល​ដោយ​ប្រុង​ប្រៀប​ផ្សព្វ​ផ្សាយ (​សូម​មើល​វគ្គ​៧​) *

៧. តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​ពាក្យ​របស់​ប៉ូល​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេភេសូរ ៦:១៤, ១៥?

មេ​រៀន។ ពួក​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​ប៉ូល មិន​គ្រាន់​តែ​ដោយ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​ប្រុង​ប្រៀប​និង​សុខ​ចិត្ត​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ឱកាស​ដែរ។ (​សូម​អាន អេភេសូរ ៦:១៤, ១៥) ជា​ឧទាហរណ៍ ពួក​គេ​អាច​ផ្សព្វ​ផ្សាយ​ពេល​ទៅ​ផ្សារ​ឬ​នៅ​កន្លែង​ធ្វើ​ការ។ ពេល​ពួក​គេ​បំពេញ​ភារកិច្ច​ខាង​កិច្ច​ការ​សាង​សង់​អគារ​គោរព​ប្រណិប័តន៍ ពួក​គេ​ក៏​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខាង និង​អ្នក​លក់។ ដូច​ប៉ូល ពួក​អ្នក​ចាស់​ទុំ​អាច​ប្រើ​ពេល​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដើម្បី​បង្ហាត់​បង្រៀន​បង​ប្អូន​ឯ​ទៀត រួម​ទាំង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ផង​ដែរ។

៨. ជួន​កាល តើ​ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី?

ពួក​អ្នក​ចាស់​ទុំ​មិន​គួរ​ជាប់​រវល់​ខ្លាំង​ពេក​នឹង​ការ​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ឬ​ក្នុង​មណ្ឌល រហូត​ដល់​ពួក​គេ​គ្មាន​ពេល​សម្រាប់​ផ្សព្វ​ផ្សាយ​ឡើយ។ ដើម្បី​រក្សា​តុល្យភាព ជួន​កាល​ពួក​គេ​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​មិន​ទទួល​យក​ភារកិច្ច​ខ្លះ។ ក្រោយ​ពី​គិត​ពិចារណា​និង​អធិដ្ឋាន ពួក​គេ​ប្រហែល​ជា​ទទួល​ស្គាល់​ថា បើ​ពួក​គេ​ព្រម​ទទួល​យក​ភារកិច្ច​ណា​មួយ ពួក​គេ​នឹង​មិន​អាច​មាន​ពេល​សម្រាប់​ធ្វើ​អ្វី​ដែល​សំខាន់​ជាង​ដូច​ជា ដឹក​នាំ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​រាល់​សប្តាហ៍ ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ឬ​បង្ហាត់​បង្រៀន​កូន​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​ដើម។ អ្នក​ចាស់​ទុំ​ខ្លះ ប្រហែល​ជា​ពិបាក​ប្រាប់​ថា​គាត់​មិន​អាច​ទទួល​យក​ភារកិច្ច​ណា​មួយ ប៉ុន្តែ​ពួក​គេ​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​យល់​ថា​ពួក​គេ​ចង់​រក្សា​តុល្យភាព​ក្នុង​រឿង​ទាំង​អស់។

ការ​ធ្វើ​ជា​គង្វាល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន

៩. តើ​ពួក​អ្នក​ចាស់​ទុំ​ដែល​ជាប់​រវល់​មាន​ការ​ពិបាក​អ្វី?

ហេតុ​អ្វី​នេះ​ប្រហែល​ជា​ពិបាក? រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ទុក្ខ​លំបាក​ជា​ច្រើន។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ការ​គាំទ្រ និង​ការ​សម្រាល​ទុក្ខ។ ម្យ៉ាង​ទៀត ជួន​កាល​អ្នក​ខ្លះ​ត្រូវ​ការ​ការ​ដាស់​តឿន​ដើម្បី​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ខុស។ (​១ថែ. ៥:១៤​) ពិត​មែន ពួក​អ្នក​ចាស់​ទុំ​មិន​អាច​បំបាត់​ចោល​ទុក្ខ​លំបាក​ទាំង​អស់​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ឡើយ។ ទោះ​ជា​ដូច្នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​លើក​ទឹក​ចិត្ត និង​ការ​ពារ​ចៀម​របស់​លោក។ តើ​ពួក​អ្នក​ចាស់​ទុំ​ដែល​ជាប់​រវល់​អាច​រក​ពេល​ដើម្បី​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​ត្រូវ​ការ​យ៉ាង​ដូច​ម្ដេច?

ចូរ​សរសើរ​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​១០, ១២​) *

១០. តើ​ថែស្សាឡូនិច​ទី​១ ២:៧​បង្ហាញ​យ៉ាង​ណា​ថា​ប៉ូល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

១០ គំរូ​របស់​ប៉ូល។ ប៉ូល​បាន​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​សរសើរ​បង​ប្អូន និង​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គេ។ គឺ​ជា​ការ​ល្អ​ដែល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​គំរូ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​គាត់ ដោយ​ប្រព្រឹត្ត​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​សប្បុរស​និង​ដោយ​សេចក្ដី​ស្រឡាញ់។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ២:៧) ប៉ូល​បាន​ពង្រឹង​ទំនុក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ថា​គាត់​ស្រឡាញ់​ពួក​គេ ហើយ​ថា​ព្រះ​យេហូវ៉ា​ក៏​ស្រឡាញ់​ពួក​គេ​ដែរ។ (​២កូ. ២:៤; អេភ. ២:៤, ៥​) ប៉ូល​បាន​ប្រព្រឹត្ត​ដូច​ជា​មិត្ត​ភក្ដិ​ទៅ​លើ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ ដោយ​ចំណាយ​ពេល​ជា​មួយ​ពួក​គេ។ គាត់​បាន​បង្ហាញ​ថា​គាត់​ទុក​ចិត្ត​ពួក​គេ ដោយ​ប្រាប់​ពួក​គេ​អំពី​ការ​ភ័យ​ខ្លាច​និង​ភាព​ទន់​ខ្សោយ​របស់​គាត់។ (​២កូ. ៧:៥; ១ធី. ១:១៥​) ប៉ុន្តែ ប៉ូល​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​បញ្ហា​របស់​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​គាត់​ចង់​ជួយ​បង​ប្អូន​របស់​គាត់។

១១. ហេតុ​អ្វី​ប៉ូល​បាន​ឲ្យ​យោបល់​ដល់​បង​ប្អូន​របស់​គាត់?

១១ ជួន​កាល ប៉ូល​ត្រូវ​ឲ្យ​យោបល់​ដល់​បង​ប្អូន។ ប៉ុន្តែ គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ដោយ​សារ​គាត់​ទើស​ចិត្ត​ទេ។ គាត់​បាន​ឲ្យ​យោបល់ ដោយ​សារ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​ចង់​ការ​ពារ​ពួក​គេ​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ គាត់​បាន​ព្យាយាម​ឲ្យ​យោបល់​តាម​របៀប​ដែល​ស្រួល​យល់ ហើយ​គាត់​ចង់​ឲ្យ​បង​ប្អូន​ព្រម​ទទួល​យក​យោបល់​នោះ។ ជា​ឧទាហរណ៍ ក្នុង​សំបុត្រ​មួយ​ជូន​ចំពោះ​បង​ប្អូន​នៅ​ក្រុង​កូរិនថូស ប៉ូល​បាន​ឲ្យ​យោបល់​យ៉ាង​ម៉ឺង​ម៉ាត់។ ក្រោយ​ពី​គាត់​បាន​សរសេរ​សំបុត្រ​នោះ គាត់​បាន​ចាត់​ទីតុស​ទៅ​ឯ​ពួក​គេ។ ប៉ូល​ចង់​ដឹង​ថា​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សំបុត្រ​របស់​គាត់។ ក្រោយ​មក គាត់​សប្បាយ​ចិត្ត​ជា​ខ្លាំង​ពេល​ដែល​ឮ​ថា​ពួក​គេ​ព្រម​ទទួល​យក​យោបល់​របស់​គាត់ ហើយ​ធ្វើ​តាម។—២កូ. ៧:៦, ៧

១២. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច?

១២ មេ​រៀន។ ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល ដោយ​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ របៀប​មួយ​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​ដោយ​ទៅ​ដល់​កិច្ច​ប្រជុំ​មុន​ម៉ោង​ដើម្បី​និយាយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ គឺ​ច្រើន​តែ​ត្រូវ​ការ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដែល​បង​ប្អូន​ត្រូវ​ការ។ (​រ៉ូម ១:១២; អេភ. ៥:១៦​) អ្នក​ចាស់​ទុំ​ដែល​ធ្វើ​តាម​គំរូ​របស់​ប៉ូល ក៏​នឹង​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​ពង្រឹង​ជំនឿ​បង​ប្អូន ហើយ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ថា ព្រះ​ស្រឡាញ់​ពួក​គេ។ បន្ថែម​ទៅ​ទៀត គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ការ​មើល​ថែ​របស់​គាត់។ គាត់​និយាយ​ជា​មួយ​ពួក​គេ​ជា​ទៀង​ទាត់ ហើយ​ស្វែង​រក​ឱកាស​ដើម្បី​សរសើរ​ពួក​គេ។ ពេល​អ្នក​ចាស់​ទុំ​ណា​ម្នាក់​យល់​ថា គាត់​ត្រូវ​តែ​ឲ្យ​យោបល់ គាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា​យោបល់​នោះ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ គាត់​ឲ្យ​យោបល់​ជាក់​លាក់ តែ​និយាយ​ដោយ​សប្បុរស ដោយ​សារ​គាត់​ចង់​ឲ្យ​បង​ប្អូន​ធ្វើ​តាម​យោបល់​នោះ។—កាឡ. ៦:១

ការ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន

១៣. តើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ចាស់​ទុំ​ណា​ម្នាក់​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​គាត់?

១៣ ហេតុ​អ្វី​នេះ​ប្រហែល​ជា​ពិបាក? ពួក​អ្នក​ចាស់​ទុំ​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ដូច​អ្នក​ឯ​ទៀត​ដែរ ពួក​គេ​ចេះ​ធ្វើ​ខុស។ (​រ៉ូម ៣:២៣​) ជួន​កាល ពួក​គេ​ប្រហែល​ជា​ពិបាក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន។ អ្នក​ចាស់​ទុំ​ខ្លះ​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​ទៅ​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន រហូត​ដល់​ពួក​គេ​ធ្លាក់​ទឹក​ចិត្ត។ រីឯ​អ្នក​ចាស់​ទុំ​ខ្លះ​ទៀត​ប្រហែល​ជា​គិត​ថា ចំណុច​ខ្សោយ​របស់​ពួក​គេ​គឺ​មិន​មែន​ជា​អ្វី​ធំ​ដុំ ហើយ​ថា​ពួក​គេ​មិន​ចាំ​បាច់​ធ្វើ​ការ​កែ​ប្រែ​ដែល​សំខាន់​ចាំ​បាច់​ឡើយ។

១៤. យោង​ទៅ​តាម​ភីលីព ៤:១៣ តើ​ចិត្ត​រាប​ទាប​បាន​ជួយ​ប៉ូល​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន?

១៤ គំរូ​របស់​ប៉ូល។ សាវ័ក​ប៉ូល​មាន​ចិត្ត​រាប​ទាប ហើយ​ដឹង​ថា​គាត់​មិន​អាច​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​បាន​ទេ។ គាត់​ត្រូវ​ការ​កម្លាំង​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ។ មុន​គាត់​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត គាត់​ធ្លាប់​ជា​មនុស្ស​ក្បាល​រឹង និង​ធ្លាប់​ជា​អ្នក​ប្រឆាំង​គ្រិស្ត​សាសនិក​យ៉ាង​ឃោរ​ឃៅ។ ប៉ុន្តែ​ក្រោយ​មក គាត់​ទទួល​ស្គាល់​ថា​អ្វី​ដែល​គាត់​ធ្វើ​គឺ​ខុស ហើយ​គាត់​សុខ​ចិត្ត​កែ​ប្រែ​ចិត្ត​គំនិត​និង​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន។ (​១ធី. ១:១២​-​១៦​) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ប៉ូល​បាន​ទៅ​ជា​គង្វាល​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មាន​ចិត្ត​អាណិត​មេត្តា និង​មាន​ចិត្ត​រាប​ទាប។ គាត់​ទទួល​ស្គាល់​ថា គាត់​ធ្វើ​ខុស​ច្រើន​ដង ប៉ុន្តែ​គាត់​មិន​ចេះ​តែ​គិត​អំពី​រឿង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ជឿ​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​គាត់។ (​រ៉ូម ៧:២១​-​២៥​) ប៉ូល​មិន​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ គាត់​ខំ​ប្រឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​មាន​បុគ្គលិក​លក្ខណៈ​ជា​គ្រិស្ត​សាសនិក​ឲ្យ​បាន​ប្រសើរ​ជាង​មុន ហើយ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​គាត់​ឲ្យ​សម្រេច​កិច្ច​ការ​របស់​គាត់។—១កូ. ៩:២៧; សូម​អាន ភីលីព ៤:១៣

ចូរ​ខំ​ព្យាយាម​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន (​សូម​មើល​វគ្គ​១៤​-​១៥​) *

១៥. តើ​អ្នក​ចាស់​ទុំ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន?

១៥ មេ​រៀន។ ពេល​បង​ប្អូន​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ នោះ​មិន​មែន​ដោយ​សារ​ពួក​គេ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ទោះ​ជា​ពួក​គេ​ចេះ​ធ្វើ​ខុស​ក្ដី ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​កំហុស​របស់​ពួក​គេ ហើយ​បណ្ដុះ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ជា​គ្រិស្ត​សាសនិក​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ (​អេភ. ៤:២៣, ២៤​) អ្នក​ចាស់​ទុំ​គួរ​ប្រើ​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ខ្លួន​ឲ្យ​ពិចារណា​ថា គាត់​ត្រូវ​រីក​ចម្រើន​ចំពោះ​អ្វី​ខ្លះ ហើយ​កែ​ប្រែ​អ្វីខ្លះ​ដែល​សំខាន់​ចាំ​បាច់។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់​ឲ្យ​ទៅ​ជា​អ្នក​ចាស់​ទុំ​ល្អ​និង​មាន​អំណរ។—យ៉ា. ១:២៥

ការ​ធ្វើ​កិច្ច​ការ​ជា​មួយ អ្នក​ឯ​ទៀត​ដែល​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ

១៦. តើ​អ្វី​អាច​កើត​ឡើង​បើ​អ្នក​ចាស់​ទុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​វិបត្តិ​របស់​អ្នក​ឯ​ទៀត?

១៦ ហេតុ​អ្វី​នេះ​ប្រហែល​ជា​ពិបាក? ដោយ​សារ​អ្នក​ចាស់​ទុំ​រួម​ការ​ងារ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ពួក​គេ​អាច​ងាយ​ឃើញ​គុណ​វិបត្តិ​របស់​បង​ប្អូន​ទាំង​នោះ។ បើ​មិន​ប្រុង​ប្រយ័ត្ន ពួក​អ្នក​ចាស់​ទុំ​អាច​ធុញ​ទ្រាន់ ប្រព្រឹត្ត​មិន​សប្បុរស ឬ​រិះ​គន់​បង​ប្អូន​នោះ។ ប៉ូល​បាន​ព្រមាន​គ្រិស្ត​សាសនិក​ថា សាថាន​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ។—២កូ. ២:១០, ១១

១៧. តើ​ប៉ូល​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន?

១៧ គំរូ​របស់​ប៉ូល។ គាត់​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​របស់​គាត់។ គាត់​បាន​ដឹង​ថា​ពួក​គេ​ចេះ​ធ្វើ​ខុស ដោយ​សារ​ជួន​កាល​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នាំ​ឲ្យ​គាត់​ឈឺ​ចិត្ត។ ប៉ុន្តែ​ប៉ូល​បាន​ដឹង​ថា​ពេល​បុគ្គល​ណា​ម្នាក់​ធ្វើ​ខុស នេះ​មិន​មាន​ន័យ​ថា​គាត់​ជា​មនុស្ស​អាក្រក់​នោះ​ទេ។ ប៉ូល​ស្រឡាញ់​បង​ប្អូន​របស់​គាត់ ហើយ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គេ។ បើ​បង​ប្អូន​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ូល​មិន​គិត​ពួក​គេ​ក្នុង​ផ្លូវ​អាក្រក់​ទេ តែ​គាត់​បាន​សន្និដ្ឋាន​ថា​ពួក​គេ​មាន​បំណង​ចិត្ត​ល្អ ហើយ​ថា​ពួក​គេ​ត្រូវ​ការ​ជំនួយ។

១៨. តើ​អ្នក​រៀន​អ្វី​ពី​របៀប​ដែល​ប៉ូល​ប្រព្រឹត្ត​ចំពោះ​បញ្ហា​រវាង​អឺរ៉ូឌា​និង​ស៊ីនទីច? (​ភីលីព ៤:១​-​៣​)

១៨ សូម​គិត​អំពី​គំរូ​របស់​ប៉ូល​ស្ដី​អំពី​របៀប​ដែល​គាត់​ប្រព្រឹត្ត​ទៅ​លើ​បង​ស្រី​ពីរ​នាក់​នៅ​ក្រុម​ជំនុំ​នា​ក្រុង​ភីលីព។ (​សូម​អាន ភីលីព ៤:១​-​៣) បង​ស្រី​ទាំង​ពីរ​នាក់​នោះ​គឺ​អឺរ៉ូឌា​និង​ស៊ីនទីច។ ពួក​គាត់​មាន​ជម្លោះ​ជា​មួយ​គ្នា និង​មាន​ចិត្ត​ថ្នាំង​ថ្នាក់​នឹង​គ្នា​រហូត​ដល់​លែង​ធ្វើ​ជា​មិត្ត​នឹង​គ្នា។ ប៉ូល​មិន​មែន​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស ឬ​រិះ​គន់​ពួក​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គាត់។ ស្ត្រី​គ្រិស្ត​សាសនិក​ទាំង​ពីរ​នាក់​នេះ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​រយៈ​ពេល​ជា​យូរ។ ប៉ូល​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គាត់។ ដោយ​សារ​ប៉ូល​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ពួក​គាត់ នេះ​ជំរុញ​ចិត្ត​គាត់​ឲ្យ​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​ជា​នា​នឹង​គ្នា។ ដោយ​សារ​ប៉ូល​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​អ្នក​ឯ​ទៀត គាត់​អាច​រក្សា​អំណរ​និង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នោះ​ដែរ។

សូម​ព្យាយាម​មិន​វិនិច្ឆ័យ​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​១៩​) *

១៩. (​ក​) តើ​ពួក​អ្នក​ចាស់​ទុំ​អាច​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​អ្នក​អាច​រៀន​អ្វី​ពី​រូប​ភាព​អំពី​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​កំពុង​សម្អាត​សាល​ប្រជុំ?

១៩ មេ​រៀន។ ពួក​អ្នក​ចាស់​ទុំ សូម​រក​មើល​គុណ​សម្បត្តិ​របស់​បង​ប្អូន។ ពួក​គេ​ម្នាក់​ៗ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ តែ​មាន​គុណ​សម្បត្តិ​ដែល​គួរ​ឲ្យ​កោត​សរសើរ​រៀង​ៗ​ខ្លួន។ (​ភី. ២:៣​) ពិត​មែន ម្ដង​ម្កាល​ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​ត្រូវ​កែ​តម្រង់​របៀប​គិត​គូរ​របស់​បង​ប្អូន​ណា​ម្នាក់។ ប៉ុន្តែ​ដូច​ប៉ូល ពួក​អ្នក​ចាស់​ទុំ​គួរ​ព្យាយាម​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​បង​ប្អូន​ដែល​គួរ​ឲ្យ​ទើស​ចិត្ត។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​បុគ្គល​នោះ​មាន​ចំពោះ​ព្រះ​យេហូវ៉ា ការ​ស៊ូ​ទ្រាំ​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ និង​អ្វី​ល្អ​ដែល​គាត់​អាច​ធ្វើ​បាន។ ពួក​អ្នក​ចាស់​ទុំ​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​បង​ប្អូន​ឯ​ទៀត ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​បរិយាកាស​កក់​ក្ដៅ​និង​មាន​សេចក្ដី​ស្រឡាញ់។

ចូរ​បន្ត​យក​តម្រាប់​ប៉ូល

២០. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បន្ត​រៀន​ពី​គំរូ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

២០ បង​ប្អូន​ដែល​ជា​អ្នក​ចាស់​ទុំ អ្នក​នឹង​ទទួល​ប្រយោជន៍ ដោយ​បន្ត​សិក្សា​អំពី​គំរូ​របស់​ប៉ូល។ ជា​ឧទាហរណ៍ អ្នក​អាច​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​អ្នក​ចាស់​ទុំ​‹ជា​អ្នក​រួម​ការ​ងារ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​អំណរ›​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣។ កាល​ដែល​អ្នក​អាន​អត្ថបទ​នោះ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា ‹តើ​គំរូ​របស់​ប៉ូល​អាច​ជួយ​ខ្ញុំ​ឲ្យ​រក្សា​អំណរ​កាល​ដែល​ខ្ញុំ​បំពេញ​កិច្ច​ការ​ជា​អ្នក​ចាស់​ទុំ​យ៉ាង​ដូច​ម្ដេច?›។

២១. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ប្រាកដ​អំពី​អ្វី?

២១ ពួក​អ្នក​ចាស់​ទុំ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​មិន​សុំ​អ្នក​ឲ្យ​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ តែ​លោក​សុំ​អ្នក​ឲ្យ​ធ្វើ​ជា​មនុស្ស​ស្មោះ​ត្រង់។ (​១កូ. ៤:២​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​កិច្ច​ការ​នឿយ​ហត់​និង​ភាព​ស្មោះ​ត្រង់​របស់​ប៉ូល។ អ្នក​ក៏​អាច​ប្រាកដ​ថា​ព្រះ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​ធ្វើ​សម្រាប់​លោក​ដែរ។ ព្រះ​យេហូវ៉ា​នឹង​មិន​‹បំភ្លេច​ការ​ដែល​អ្នក​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក​ឡើយ គឺ​អ្នក​បាន​បម្រើ​ពួក​អ្នក​បរិសុទ្ធ ហើយ​នៅ​តែ​បម្រើ​ពួក​គាត់​ជា​និច្ច›។—ហេ. ៦:១០

ចម្រៀង​លេខ​៨៧ ចូរ​មក​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ!

^ វគ្គ 5 យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​កិច្ច​ការ​នឿយ​ហត់​ដែល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ដើម្បី​ជួយ​យើង! ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ពិបាក​បួន​ដែល​ពួក​គេ​ជួប​ប្រទះ និង​របៀប​ដែល​គំរូ​របស់​សាវ័ក​ប៉ូល​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ចេះ​យល់​អារម្មណ៍​ពួក​អ្នក​ចាស់​ទុំ និង​ជំរុញ​ចិត្ត​យើង​ឲ្យ​គាំទ្រ​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: កាល​ដែល​បង​ប្រុស​ម្នាក់​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​គាត់ គាត់​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​រួម​ការ​ងារ​ម្នាក់។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ​ដល់​បង​ប្រុស​ម្នាក់​ដែល​នៅ​តែ​ឯង។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ឲ្យ​យោបល់​ដល់​បុគ្គល​ម្នាក់​ដែល​ទើស​ចិត្ត​ចំពោះ​រឿង​មួយ។

^ វគ្គ 67 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​មិន​វិនិច្ឆ័យ​ប្អូន​ប្រុស​ម្នាក់​ដែល​បាន​ឲ្យ​អ្វី​ផ្សេង​បង្វែរ​អារម្មណ៍​គាត់​ពី​ការ​បំពេញ​កិច្ច​ការ​ដែល​គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​នោះ​ទេ។