លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៦

របៀបសេចក្ដីស្រឡាញ់ជួយយើងឲ្យយកឈ្នះការភ័យខ្លាច

របៀបសេចក្ដីស្រឡាញ់ជួយយើងឲ្យយកឈ្នះការភ័យខ្លាច

​«​ព្រះ​យេហូវ៉ា​នៅ​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​»។—ចសព. ១១៨:៦

ចម្រៀង​លេខ​១០៥ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»​

សេចក្ដី​សង្ខេប *

១. តើ​យើង​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច​បែប​ណា​ខ្លះ?

 សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ខ្លះ។ បង​ប្រុស​ណេស្តរ *និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ារៀ ចង់​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ ដើម្បី​ធ្វើ​ដូច្នេះ ពួក​គាត់​ត្រូវ​កាត់​បន្ថយ​ចំណាយ​របស់​ពួក​គាត់។ ប៉ុន្តែ ពួក​គាត់​ភ័យ​ខ្លាច​ថា​ពួក​គាត់​មិន​សប្បាយ​ចិត្ត​នឹង​ជីវភាព​បែប​នេះ។ ពេល​បង​ប្រុស​ប៊ិនៀម​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​នៅ​ប្រទេស​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ប្រឆាំង គាត់​ទទួល​ស្គាល់​ថា​ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ គាត់​អាច​ទទួល​ការ​បៀតបៀន ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច។ ប៉ុន្តែ គាត់​កាន់​តែ​ភ័យ​ខ្លាច​ពេល​គិត​អំពី​ប្រតិកម្ម​របស់​ក្រុម​គ្រួសារ​គាត់​ពេល​ពួក​គេ​ដឹង​ថា​គាត់​កាន់​សាសនា​ថ្មី។ បង​ស្រី​វ៉ាឡេរី​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រីក​ដ៏​ធ្ងន់​ធ្ងរ ហើយ​គាត់​ពិបាក​រក​គ្រូ​ពេទ្យ​វះ​កាត់​ដែល​នឹង​គោរព​ការ​សម្រេច​ចិត្ត​របស់​គាត់​ស្ដី​អំពី​ឈាម។ ដូច្នេះ គាត់​ខ្លាច​ថា​គាត់​អាច​ស្លាប់។

២. ហេតុ​អ្វី​យើង​ត្រូវ​ខំ​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច?

តើ​អ្នក​ធ្លាប់​ភ័យ​ខ្លាច​បែប​នេះ​ឬ​ទេ? មនុស្ស​ជា​ច្រើន​ធ្លាប់។ បើ​យើង​មិន​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​លើ​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង​ទេ យើង​ទំនង​ជា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ សាថាន​ចង់​ឲ្យ​នេះ​កើត​ឡើង។ ម្យ៉ាង​ទៀត វា​ខំ​ព្យាយាម​ប្រើ​ការ​ភ័យ​ខ្លាច​ដើម្បី​ឲ្យ​យើង​ឈប់​ធ្វើ​តាម​ច្បាប់​របស់​ព្រះ ដែល​រួម​មាន​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​បប. ១២:១៧​) សាថាន​គឺ​ជា​បុគ្គល​កំណាច ឥត​មេត្តា និង​មាន​កម្លាំង​ខ្លាំង​ក្លា។ ប៉ុន្តែ អ្នក​អាច​ការ​ពារ​ខ្លួន​ពី​វា​បាន។ តើ​តាម​របៀប​ណា?

៣. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច?

ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​តែង​តែ​គាំទ្រ​យើង សាថាន​នឹង​មិន​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ឡើយ។ (​ចសព. ១១៨:៦​) ជា​ឧទាហរណ៍ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ១១៨ ជួប​ស្ថានភាព​ខ្លះ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​យ៉ាង​ខ្លាំង។ គាត់​មាន​សត្រូវ​ជា​ច្រើន ដែល​រួម​មាន​សត្រូវ​ខ្លះ​ជា​អ្នក​មាន​អំណាច។ (​ខ​៩, ១០​) ជួន​កាល គាត់​តាន​តឹង​ចិត្ត​ខ្លាំង​ណាស់។ (​ខ​១៣​) ម្យ៉ាង​ទៀត គាត់​បាន​ទទួល​ការ​ប្រដៅ​តម្រង់​យ៉ាង​ខ្លាំង​ពី​ព្រះ​យេហូវ៉ា។ (​ខ​១៨​) ប៉ុន្តែ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​នោះ​បាន​ច្រៀង​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​»។ តើ​អ្វី​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​សុវត្ថិភាព​បែប​នេះ? គឺ​គាត់​ដឹង​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ប្រដៅ​តម្រង់​គាត់​ក្ដី លោក​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។ គាត់​ជឿ​ជាក់​ថា មិន​ថា​គាត់​ជួប​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​តែង​តែ​ប្រុង​ប្រៀប​ជួយ​គាត់។—ចសព. ១១៨:២៩

៤. បើ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​ស្រឡាញ់​យើង តើ​យើង​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​អ្វី​ខ្លះ?

យើង​ត្រូវ​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើងផ្ទាល់។ នេះ​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​បី​យ៉ាង​គឺ​៖ (​១​) ការ​ភ័យ​ខ្លាច​ថា​មិន​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ (​២​) ការ​ភ័យ​ខ្លាច​មនុស្ស និង (​៣​) ការ​ខ្លាច​ស្លាប់។ បង​ប្អូន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​វគ្គ​ទី​១​បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ ដោយ​សារ​ពួក​គេ​ជឿ​ជាក់​ថា​ព្រះ​ស្រឡាញ់​ពួក​គេ។

ការ​ភ័យ​ខ្លាច​ថា​មិន​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ

បង​ប្រុស​ម្នាក់​ដែល​មាន​កូន​នៅ​ក្បែរ ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ដោយ​ធ្វើ​ជា​អ្នក​នេសាទ​ត្រី ​(​សូម​មើល​វគ្គ​៥​)

៥. តើ​ស្ថានភាព​បែប​ណា​អាច​ធ្វើ​ឲ្យ​ប្រមុខ​គ្រួសារ​ព្រួយ​បារម្ភ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

ប្រមុខ​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក យក​ចិត្ត​ទុក​ដាក់​ចំពោះ​តួ​នាទី​របស់​គាត់​ក្នុង​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ។ (​១ធី. ៥:៨​) បើ​អ្នក​ជា​ប្រមុខ​គ្រួសារ អ្នក​ប្រហែល​ជា​បារម្ភ​ថា​អ្នក​អាច​នឹង​បាត់​បង់​ការ​ងារ​ក្នុង​អំឡុង​រោគ​រាត​ត្បាត​នេះ។ អ្នក​ប្រហែល​ជា​បារម្ភ​ថា អ្នក​មិន​អាច​ផ្គត់​ផ្គង់​ម្ហូប​អាហារ​ឬ​កន្លែង​ស្នាក់​នៅ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក។ អ្នក​ក៏​ប្រហែល​ជា​ខ្លាច​ថា​បើ​អ្នក​បាត់​បង់​ការ​ងារ អ្នក​ពិបាក​រក​ការ​ងារ​ថ្មី។ ឬ​ដូច​បង​ណេស្តរ​និង​បង​ម៉ារៀ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ អ្នក​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ផ្លាស់​ប្ដូរ​ការ​ងារ​របស់​អ្នក ពីព្រោះ​អ្នក​គិត​ថា​ការ​រស់​នៅ​ដោយ​មាន​ប្រាក់​ចំណូល​តិច​ជាង​គឺ​មិន​អាច​ទៅ​រួច​ទេ។ សាថាន​ពូកែ​ឆ្លៀត​យក​ឱកាស​ពី​ការ​ភ័យ​ខ្លាច​បែប​នេះ។

៦. តើ​សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​អ្វី?

សាថាន​ខំ​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ផ្ទាល់ ហើយ​ទុក​ឲ្យ​យើង​រ៉ាប់​រង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​តែ​ម្នាក់​ឯង។ ហេតុ​នេះ​ហើយ យើង​ប្រហែល​ជា​គិត​ថា​យើង​ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​ការ​ងារ​របស់​យើង ទោះ​ជា​នោះ​អាច​ធ្វើ​ឲ្យ​យើង​បំពាន​គោល​ការណ៍​គម្ពីរ​ក្ដី។

៧. តើ​លោក​យេស៊ូ​ពង្រឹង​ទំនុក​ចិត្ត​យើង​អំពី​អ្វី?

លោក​យេស៊ូ​ដែល​ស្គាល់​បិតា​នៅ​ស្ថាន​សួគ៌​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់ ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​របស់​យើង​«​ជ្រាប​ពី​អ្វី​ដែល​[​យើង​]​ត្រូវ​ការ មុន​ដែល​[​យើង​]​សុំ​ទៅ​ទៀត​»។ (​ម៉ាថ. ៦:៨​) លោក​យេស៊ូ​ក៏​ដឹង​ថា​ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​គឺ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ជា​ប្រមុខ​គ្រួសារ​របស់​យើង ដូច្នេះ​យើង​អាច​ប្រាកដ​ថា​លោក​នឹង​ធ្វើ​ដូច​អ្វី​ដែល​លោក​បង្គាប់​ដល់​ប្រមុខ​គ្រួសារ​ទាំង​អស់​នៅ​ធីម៉ូថេ​ទី​១ ៥:៨

ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ។ លោក​ប្រហែល​ជា​ប្រើ​បង​ប្អូន​ឲ្យ​ជួយ​យើង (​សូម​មើល​វគ្គ​៨​) *

៨. (​ក​) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ថា​យើង​នឹង​មិន​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ? (​ម៉ាថាយ ៦:៣១​-​៣៣​) (​ខ​) តើ​យើង​អាច​ធ្វើ​តាម​ប្ដី​ប្រពន្ធ​មួយ​គូ​ក្នុង​រូប​ភាព ដែល​ចែក​រំលែក​ម្ហូប​អាហារ​ជា​មួយ​បង​ស្រី​ម្នាក់​យ៉ាង​ដូច​ម្ដេច?

ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​និង​ក្រុម​គ្រួសារ​របស់​យើង យើង​អាច​ប្រាកដ​ថា​លោក​នឹង​ផ្គត់​ផ្គង់​អ្វី​ដែល​យើង​ត្រូវ​ការ។ (​សូម​អាន ម៉ាថាយ ៦:៣១​-​៣៣) ព្រះ​យេហូវ៉ា​ចង់​ផ្គត់​ផ្គង់​យើង ហើយ​លោក​ជា​អ្នក​ផ្គត់​ផ្គង់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​មាន​ចិត្ត​ទូលាយ។ ពេល​លោក​បង្កើត​ផែនដី លោក​មិន​គ្រាន់​តែ​បង្កើត​អ្វី​ៗ​ចាំ​បាច់​ដើម្បី​ទ្រ​ទ្រង់​ជីវិត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បង្កើត​អ្វី​ជា​ច្រើន​ដើម្បី​ឲ្យ​យើង​អរ​សប្បាយ។ (​ដក. ២:៩​) ទោះ​ជា​ពេល​ខ្លះ​យើង​មាន​តែ​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​មិន​មាន​លើស​ពី​នេះ​ក្ដី យើង​គួរ​ចាំ​ថា​យើង​អាច​មាន​អ្វី​ទាំង​នេះ​បាន ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​ឲ្យ។ (​ម៉ាថ. ៦:១១​) យើង​ត្រូវ​ចាំ​ថា​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ មិន​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នៅ​ឥឡូវ​នេះ និង​នៅ​ថ្ងៃ​អនាគត​ឡើយ។ បង​ណេស្តរ​និង​បង​ម៉ារៀ​បាន​ទទួល​ស្គាល់​ចំណុច​នេះ។—អេ. ៦៥:​២១, ២២

៩. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​ណេស្តរ​និង​បង​ម៉ារៀ?

បង​ណេស្តរ​និង​បង​ម៉ារៀ​មាន​ផ្ទះ​ស្អាត​និង​មាន​ការ​ងារ​ល្អ​នៅ​ប្រទេស​កូឡុំប៊ី។ ពួក​គាត់​និយាយ​ថា​៖ ​«​យើង​បាន​គិត​អំពី​ការ​ធ្វើ​ឲ្យ​ជីវិត​យើង​សាមញ្ញ​ជាង ហើយ​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ។ ប៉ុន្តែ យើង​ខ្លាច​ថា​យើង​នឹង​មិន​សប្បាយ​រីករាយ​បើ​យើង​ទទួល​ប្រាក់​ចំណូល​តិច​ជាង​»។ តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​នោះ? ពួក​គាត់​បាន​រំពឹង​គិត​អំពី​របៀប​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គាត់។ ពួក​គាត់​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ។ ដូច្នេះ ពួក​គាត់​បាន​លា​ឈប់​ពី​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ លក់​ផ្ទះ ហើយ​បាន​រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ច្រើន​ជាង។ តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់? បង​ណេស្តរ​និយាយ​ថា​៖ ​«​យើង​បាន​ឃើញ​ថា​ពាក្យ​នៅ​ម៉ាថាយ ៦:៣៣ គឺ​ជា​ការ​ពិត។ យើង​មិន​ដែល​ខ្វះ​ខាត​ទេ។ តាម​ពិត ឥឡូវ​នេះ​យើង​មាន​ជីវិត​សប្បាយ​រីករាយ​ជាង​មុន​»។

ការ​ភ័យ​ខ្លាច​មនុស្ស

១០. ហេតុ​អ្វី​មនុស្ស​ខ្លាច​គ្នា?

១០ តាំង​ពី​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ មនុស្ស​ធ្វើ​បាប​គ្នា​ទៅ​វិញ​ទៅ​មក។ (​អទ. ៨:៩​) ជា​ឧទាហរណ៍ មនុស្ស​ប្រើ​អំណាច​ដើម្បី​ជិះ​ជាន់​អ្នក​ឯ​ទៀត ឧក្រិដ្ឋជន​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ សិស្ស​សាលា​សម្លុត​ធ្វើ​បាប​និង​គំរាម​សិស្ស​រួម​ថ្នាក់ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​គ្រួសារ​យ៉ាង​ព្រៃ​ផ្សៃ។ ដូច្នេះ យើង​អាច​ឃើញ​មូលហេតុ​ដែល​មនុស្ស​ភ័យ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​សាថាន​ឆ្លៀត​យក​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ភ័យ​ខ្លាច​នេះ?

១១​-​១២. តើ​សាថាន​ឆ្លៀត​យក​ឱកាស​អ្វី​ពី​ការ​ខ្លាច​មនុស្ស?

១១ សាថាន​ប្រើ​ការ​ខ្លាច​មនុស្ស​ដើម្បី​បញ្ឈប់​យើង​ពី​ការ​ផ្សព្វ​ផ្សាយ និង​ពី​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​ធ្វើ។ ក្រោម​ឥទ្ធិពល​របស់​សាថាន រដ្ឋាភិបាល​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង​និង​បៀតបៀន​យើង។ (​លូក. ២១:​១២; បប. ២:១០​) ក្នុង​ពិភព​លោក​របស់​សាថាន មនុស្ស​ជា​ច្រើន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​កុហក​ដ៏​ព្រៃ​ផ្សៃ​អំពី​សាក្សី​ព្រះ​យេហូវ៉ា។ មនុស្ស​ដែល​ជឿ​ពាក្យ​កុហក​ទាំង​នោះ​ប្រហែល​ជា​សើច​ចំអក​យើង ឬ​ថែម​ទាំង​វាយ​ប្រហារ​យើង​ទៀត​ផង។ (​ម៉ាថ. ១០:៣៦​) តើ​យើង​ភ្ញាក់​ផ្អើល​ចំពោះ​កល​ល្បិច​របស់​សាថាន​ឬ​ទេ? មិន​មែន​ទេ! សាថាន​ក៏​បាន​ប្រើ​កល​ល្បិច​ទាំង​នេះ​នៅ​សតវត្សរ៍​ទី​១​ដែរ។—សកម្ម. ៥:២៧, ២៨, ៤០

ទោះ​ជា​សមាជិក​ក្រុម​គ្រួសារ​ប្រឆាំង​យើង​ក្ដី យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង (​សូម​មើល​វគ្គ​១២​-​១៤​) *

១២ អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល មិន​មែន​ជា​យុទ្ធសាស្ត្រ​តែ​មួយ​ដែល​សាថាន​ប្រើ​នោះ​ទេ។ អ្នក​ខ្លះ​ភ័យ​ខ្លាច​ឬ​បារម្ភ​អំពី​ទស្សនៈ​របស់​ក្រុម​គ្រួសារ​ចំពោះ​ការ​ធ្វើ​ជា​សាក្សី ជាង​ការ​វាយ​ដំ​ទៅ​ទៀត។ ពួក​គេ​ស្រឡាញ់​សាច់​ញាតិ​របស់​ពួក​គេ​ខ្លាំង​ណាស់ ហើយ​ចង់​ឲ្យ​សាច់​ញាតិ​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ពួក​គេ​ឈឺ​ចិត្ត​ពេល​ឮ​សាច់​ញាតិ​និយាយ​ដោយ​មិន​គោរព​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត និង​អំពី​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ សមាជិក​ក្រុម​គ្រួសារ​ប្រឆាំង​នៅ​ដើម​ដំបូង តែ​ក្រោយ​មក​ពួក​គេ​ក៏​បាន​ចូល​សេចក្ដី​ពិត​ដែរ។ ចុះ​យ៉ាង​ណា​បើ​ក្រុម​គ្រួសារ​កាត់​កាល់​យើង ដោយ​សារ​ជំនឿ​របស់​យើង? តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា?

១៣. តើ​ការ​ជឿ​ជាក់​ថា​ព្រះ​ស្រឡាញ់​យើង​អាច​ជួយ​យើង​យ៉ាង​ណា​បើ​ក្រុម​គ្រួសារ​លះ​ចោល​យើង? (​ចម្រៀង​សរសើរ​ព្រះ ២៧:១០​)

១៣ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ពាក្យ​ដ៏​ពីរោះ​នៅ​ចម្រៀង​សរសើរ​ព្រះ ២៧:១០។ (​សូម​អាន​) ពេល​យើង​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​យ៉ាង​ណា យើង​នឹង​មិន​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​យើង ទោះ​ជា​ក្រុម​គ្រួសារ​របស់​យើង​លះ​ចោល​យើង​ក្ដី។ យើង​ក៏​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង​ចំពោះ​ការ​ស៊ូ​ទ្រាំ​របស់​យើង។ លោក​នឹង​ផ្គត់​ផ្គង់​យើង​បាន​ល្អ​ប្រសើរ​ជាង​អ្នក​ណា​ទាំង​អស់ ចំពោះ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រស់​នៅ អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​ចិត្ត​ស្ងប់​និង​សប្បាយ​រីករាយ ព្រម​ទាំង​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ នេះ​គឺ​ជា​អ្វី​ដែល​បង​ប៊ិនៀម​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ បាន​ពិសោធ។

១៤. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​ប៊ិនៀម?

១៤ បង​ប៊ិនៀម​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា ទោះ​ជា​គាត់​ដឹង​ថា​គាត់​អាច​ទទួល​ការ​បៀតបៀន​យ៉ាង​ខ្លាំង​ក្ដី។ សូម​ពិចារណា​អំពី​របៀប​ដែល​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​ការ​ខ្លាច​មនុស្ស។ បង​ប៊ិនៀម​និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ការ​បៀតបៀន​ខ្លាំង​ជាង​ខ្ញុំ​នឹក​ស្មាន​ទៅ​ទៀត។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ខ្លាច​ជាង​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល​គឺ ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ។ ខ្ញុំ​ខ្លាច​ថា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា នឹង​ធ្វើ​ឲ្យ​ឪពុក​របស់​ខ្ញុំ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ខក​ចិត្ត ហើយ​ថា​ក្រុម​គ្រួសារ​របស់​ខ្ញុំ​លែង​គោរព​ខ្ញុំ​ទៀត​»។ ប៉ុន្តែ បង​ប៊ិនៀម​បាន​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​តែង​តែ​ថែ​រក្សា​ពួក​អ្នក​ដែល​លោក​ស្រឡាញ់។ គាត់​បាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​បាន​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស៊ូ​ទ្រាំ ពេល​ពួក​គេ​ជួប​ការ​ពិបាក​ខាង​លុយ​កាក់ ត្រូវ​គេ​រើស​អើង និង​ទទួល​រង​អំពើ​ឃោរឃៅ​ពី​សាធារណជន។ ខ្ញុំ​ដឹង​ថា​បើ​ខ្ញុំ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា លោក​នឹង​ឲ្យ​ពរ​ខ្ញុំ។ ពេល​ខ្ញុំ​បាន​ត្រូវ​គេ​ចាប់​ខ្លួន​អស់​ជា​ច្រើន​ដង ហើយ​ថែម​ទាំង​បាន​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ខ្ញុំ​បាន​ពិសោធ​ដោយ​ផ្ទាល់​ថា ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​យើង​បើ​យើង​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​លោក​»។ ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​បិតា​ដ៏​ពិត​ប្រាកដ​ចំពោះ​បង​ប៊ិនៀម ហើយ​រាស្ត្រ​របស់​លោក​ក៏​បាន​ទៅ​ជា​ក្រុម​គ្រួសារ​ដ៏​ពិត​ចំពោះ​គាត់​ដែរ។

ការ​ខ្លាច​ស្លាប់

១៥. ហេតុ​អ្វី​ការ​ខ្លាច​ស្លាប់​គឺ​ជា​អារម្មណ៍​ធម្មតា?

១៥ គម្ពីរ​ប្រាប់​ថា​សេចក្ដី​ស្លាប់​គឺ​ជា​សត្រូវ។ (​១កូ. ១៥:​២៥, ២៦​) ជួន​កាល​យើង​ប្រហែល​ជា​បារម្ភ​ឬ​ភ័យ​ខ្លាច ដោយ​សារ​យើង​មិន​ចង់​ស្លាប់ ជា​ពិសេស​ពេល​យើង​ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ ហេតុ​អ្វី​យើង​ខ្លាច​ស្លាប់? គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បង្កើត​យើង​ឲ្យ​ចង់​រស់​ជា​រៀង​រហូត។ (​អទ. ៣:១១​) ការ​ខ្លាច​ស្លាប់​អាច​ការ​ពារ​ជីវិត​របស់​យើង។ ជា​ឧទាហរណ៍ នោះ​អាច​ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​អំពី​អាហារ ការ​ហាត់​ប្រាណ ការ​ស្វែង​រក​គ្រូ​ពេទ្យ​ឬ​ថ្នាំ​ព្យាបាល​ពេល​ចាំ​បាច់ ព្រម​ទាំង​ជៀស​វាង​ពី​ការ​ប្រថុយ​ជីវិត។

១៦. តើ​សាថាន​ឆ្លៀត​ឱកាស​យ៉ាង​ដូច​ម្ដេច​ពី​ការ​ខ្លាច​ស្លាប់?

១៦ សាថាន​ដឹង​ថា​យើង​ឲ្យ​តម្លៃ​ជីវិត​របស់​យើង។ វា​អះអាង​ថា​យើង​នឹង​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង សូម្បី​តែ​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ក៏​យើង​លះ​បង់​ដែរ ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ (​យ៉ូប ២:៤, ៥​) ការ​អះអាង​របស់​វា​គឺ​ខុស។ ប៉ុន្តែ ដោយ​សារ​វា​ជា​«​អ្នក​ដែល​មាន​សមត្ថភាព​បណ្ដាល​ឲ្យ​ស្លាប់​»​ វា​ព្យាយាម​ប្រើ​ការ​ខ្លាច​ស្លាប់​ដើម្បី​ធ្វើ​ឲ្យ​យើង​បោះ​បង់​ព្រះ​យេហូវ៉ា។ (​ហេ. ២:១៤, ១៥​) ក្នុង​ករណី​ខ្លះ បុគ្គល​ដែល​ទទួល​ឥទ្ធិពល​ពី​សាថាន​គំរាម​សម្លាប់​យើង បើ​យើង​មិន​បោះ​បង់​ជំនឿ​របស់​យើង។ ក្នុង​ករណី​ផ្សេង​ទៀត សាថាន​ឃើញ​ថា​យើង​ត្រូវ​ទទួល​ការ​ព្យាបាលជាបន្ទាន់ ដូច្នេះ​វា​ប្រើ​ឱកាស​នោះ​ដើម្បី​ឲ្យ​យើង​ព្រម​ទទួល​យក​វិធី​ព្យាបាល​ដែល​ធ្វើ​ឲ្យ​យើង​មិន​ស្មោះ​ត្រង់​នឹង​ព្រះ។ គ្រូ​ពេទ្យ​ឬ​ក្រុម​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ប្រហែល​ជា​ព្យាយាម​បង្ខំ​យើង​ឲ្យ​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈាម ជា​អ្វី​ដែល​ខុស​នឹង​ច្បាប់​ព្រះ។ ឬ​បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​ព្យាយាម​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ទទួល​យក​វិធី​ព្យាបាល​ផ្សេង​ទៀត​ដែល​ខុស​នឹង​គោល​ការណ៍​គម្ពីរ។

១៧. ដូច​ឃើញ​នៅ​រ៉ូម ៨:៣៧​-​៣៩ ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ខ្លាច​ស្លាប់?

១៧ ទោះ​ជា​យើង​មិន​ចង់​ស្លាប់​ក៏​ដោយ យើង​ដឹង​ថា​បើ​យើង​ស្លាប់​ទៅ ព្រះ​យេហូវ៉ា​នឹង​មិន​ឈប់​ស្រឡាញ់​យើង​ទេ។ (​សូម​អាន រ៉ូម ៨:៣៧​-​៣៩) ពេល​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ស្លាប់ លោក​នឹក​ចាំ​ពួក​គេ​ហាក់​ដូច​ជា​ពួក​គេ​នៅ​តែ​នៅ​រស់​នៅ​ឡើយ។ (​លូក. ២០:៣៧, ៣៨​) លោក​ទន្ទឹង​រង់​ចាំ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូប ១៤:១៥​) ព្រះ​យេហូវ៉ា​បាន​បង់​តម្លៃ​ដ៏​ថ្លៃ​ដើម្បី​យើង​«​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៣:១៦​) យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​យ៉ាង​ជ្រាល​ជ្រៅ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ខ្លាំង​ណាស់។ ដូច្នេះ ជា​ជាង​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​ធ្លាក់​ខ្លួន​ឈឺ​ឬ​ត្រូវ​គេ​គំរាម​សម្លាប់ យើង​ពឹង​លោក​ឲ្យ​ផ្ដល់​ការ​សម្រាល​ទុក្ខ ប្រាជ្ញា និង​កម្លាំង​ឲ្យ​យើង។ នេះ​ជា​អ្វី​ដែល​បង​វ៉ាឡេរី​និង​ប្ដី​របស់​គាត់​បាន​ធ្វើ។—ចសព. ៤១:៣

១៨. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​បង​វ៉ាឡេរី?

១៨ ពេល​បង​វ៉ាឡេរី​មាន​អាយុ​៣៥​ឆ្នាំ គាត់​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រីក​ធ្ងន់​ធ្ងរ​ដ៏​កម្រ។ សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​ការ​ខ្លាច​ស្លាប់។ បង​វ៉ាឡេរី​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​បាន​ត្រូវ​រក​ឃើញ​ថា​ខ្ញុំ​មាន​ជំងឺ​មហា​រីក ខ្ញុំ​និង​ប្ដី​ខ្ញុំ​តក់​ស្លុត​យ៉ាង​ខ្លាំង។ ខ្ញុំ​ត្រូវ​ទទួល​ការ​វះ​កាត់​ដ៏​ធំ។ ដូច្នេះ ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​វះ​កាត់​ជា​ច្រើន តែ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​មិន​ព្រម​វះ​កាត់​បើ​មិន​ចាក់​បញ្ចូល​ឈាម។ ពេល​នោះ​ខ្ញុំ​ភ័យ​ខ្លាច​ណាស់ ប៉ុន្តែ​ពេល​គិត​អំពី​ច្បាប់​របស់​ព្រះ គ្មាន​ថ្ងៃឲ្យ​ខ្ញុំ​ចាក់​បញ្ចូល​ឈាម​ទេ។ ក្នុង​ជីវិត​របស់​ខ្ញុំ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង ហើយ​នេះ​ជា​ឱកាស​ដែល​ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទៅ​លោក។ រាល់​ដង​ដែល​ខ្ញុំ​ទទួល​ដំណឹង​មិន​ល្អ​ពី​គ្រូ​ពេទ្យ ខ្ញុំ​កាន់​តែ​តាំង​ចិត្ត​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​មោទនភាព​ចំពោះ​ខ្ញុំ ហើយ​មិន​អាច​ឲ្យ​សាថាន​ឈ្នះ​បាន​ទេ។ នៅ​ទី​បំផុត ខ្ញុំ​បាន​ទទួល​ការ​វះ​កាត់​ជោគ​ជ័យ​ដោយ​មិន​ប្រើ​ឈាម។ ខ្ញុំ​នៅ​តែ​មាន​បញ្ហា​សុខភាព ប៉ុន្តែ​ព្រះ​យេហូវ៉ា​តែង​តែ​បាន​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ។ ជា​ឧទាហរណ៍ នៅ​កិច្ច​ប្រជុំ​នា​មួយ​សប្ដាហ៍​មុន​ដែល​យើង​ដឹង​ថា​ខ្ញុំ​មាន​ជំងឺ​មហា​រីក យើង​បាន​ពិចារណាអត្ថបទ​សិក្សា​ដែល​មាន​ចំណង​ជើង​ថា​‹ការ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​សព្វ​ថ្ងៃ​នេះ​ដោយ​ចិត្ត​ក្លាហាន›។ * អត្ថបទ​នេះ​បាន​សម្រាល​ទុក្ខ​យើង​យ៉ាង​ខ្លាំង។ យើង​បាន​អាន​វា​ម្ដង​ហើយ​ម្ដង​ទៀត។ អត្ថបទ​ដូច​នេះ​និង​ការ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ បាន​ជួយ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត រក្សា​តុល្យភាព និង​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​»។

ការ​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច

១៩. មិន​យូរ​ទៀត តើ​អ្វី​នឹង​កើត​ឡើង?

១៩ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គ្រិស្ត​សាសនិក​នៅ​ទូទាំង​ផែនដី​បាន​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ ហើយ​អាច​ត​យុទ្ធ​ប្រឆាំង​នឹង​សាថាន​បាន។ (​១ពេ. ៥:៨, ៩​) អ្នក​ក៏​អាច​ធ្វើ​បាន​ដែរ។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បង្គាប់​លោក​យេស៊ូ​និង​ពួក​អ្នក​គ្រប់​គ្រង​ជា​មួយ​លោក​ឲ្យ​«​បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច​»។ (​១យ៉ូន. ៣:៨​) បន្ទាប់​ពី​នោះ រាស្ត្រ​របស់​ព្រះ​ដែល​បម្រើ​លោក​នៅ​លើ​ផែនដី​«​នឹង​មិន​ភ័យ​ខ្លាច​ហើយ​ក៏​មិន​តក់​ស្លុត​ដែរ​»។ (​អេ. ៥៤:១៤; មីកា ៤:៤​) ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​ខំ​ព្យាយាម​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​យើង។

២០. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច?

២០ យើង​ត្រូវ​បន្ត​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ការ​ពារ​រាស្ត្រ​របស់​លោក។ យើង​នឹង​ទទួល​ជំនួយ​ឲ្យ​ធ្វើ​ដូច្នេះ ដោយ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល និង​ដោយ​និយាយ​អំពី​រឿង​នេះ​ជា​មួយ​អ្នក​ឯ​ទៀត។ យើង​ក៏​អាច​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ផ្ទាល់​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង​បាន។—ចសព. ៣៤:៤

ចម្រៀង​លេខ​១២៩ យើង​នឹង​ស៊ូ​ទ្រាំ

^ ការ​ភ័យ​ខ្លាច​គឺ​ជា​អារម្មណ៍​ធម្មតា​មួយ​ដែល​អាច​ការ​ពារ​យើង​ពី​គ្រោះ​ថ្នាក់។ ប៉ុន្តែ​ជួន​កាល ការ​ភ័យ​ខ្លាច​គឺ​មិន​ល្អ​ទេ។ ហេតុ​អ្វី? ពីព្រោះ​សាថាន​ខំ​ព្យាយាម​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​រហូត​ដល់​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស។ ដូច្នេះ យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គ្រប់​គ្រង​ការ​ភ័យ​ខ្លាច​បែប​នោះ។ តើ​អ្វី​នឹង​ជួយ​យើង? ដូច​អត្ថបទ​នេះ​នឹង​បង្ហាញ ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នៅ​ខាង​យើង​និង​ស្រឡាញ់​យើង យើង​អាច​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ណា​ក៏​ដោយ​ដែល​យើង​មាន។

^ ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ ការ​ពណ៌នា​អំពី​រូប​ភាព: ប្ដី​ប្រពន្ធ​ក្នុង​ក្រុម​ជំនុំ​យក​ម្ហូប​អាហារ​ឲ្យ​បង​ស្រី​ដែល​ខំ​ប្រឹង​ធ្វើ​ការ និង​ក្រុម​គ្រួសារ​របស់​គាត់។

^ ការ​ពណ៌នា​អំពី​រូប​ភាព: ឪពុក​ម្ដាយ​របស់​បង​ប្រុស​វ័យ​ក្មេង​ម្នាក់​មិន​ចង់​ឲ្យ​គាត់​បម្រើ​ព្រះ​យេហូវ៉ា ប៉ុន្តែ​គាត់​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​គាំទ្រ​គាត់។