លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា២១

ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យអ្នក

ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យអ្នក

​«​ពេល​ដែល​ខ្ញុំ​ខ្សោយ ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ក្លា​»។—២កូ. ១២:១០

ចម្រៀង​លេខ​៧៣ សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន

សេចក្ដី​សង្ខេប *

១​-​២. តើ​សាក្សី​ជា​ច្រើន​នាក់​មាន​ការ​ពិបាក​អ្វី​ខ្លះ?

សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​និង​គ្រិស្ត​សាសនិក​ទាំង​អស់​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​គ្រប់​ជំពូក។ (​២ធី. ៤:៥​) យើង​ទាំង​អស់​គ្នា​ខំ​ព្យាយាម​ធ្វើ​តាម​យោបល់​របស់​ប៉ូល​យ៉ាង​ដិត​ដល់។ ប៉ុន្តែ​មាន​ការ​ពិបាក​ខ្លះ​ៗ។ បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ផ្សព្វ​ផ្សាយ។ (​២ធី. ៤:២​) ជា​ឧទាហរណ៍ សូម​គិត​អំពី​បង​ប្អូន​របស់​យើង​ដែល​រស់​នៅ​ប្រទេស​ដែល​ដាក់​កម្រិត​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ឬ​ថែម​ទាំង​ដាក់​បម្រាម។ បង​ប្អូន​យើង​ផ្សព្វ​ផ្សាយ ទាំង​ដឹង​ថា​នេះ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ជាប់​គុក!

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទឹក​ចិត្ត។ ជា​ឧទាហរណ៍ បង​ប្អូន​ជា​ច្រើន​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ។ ពួក​គេ​ចង់​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន​ជាង ប៉ុន្តែ​ពួក​គេ​អស់​កម្លាំង ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​សប្ដាហ៍។ បង​ប្អូន​ឯ​ទៀត​អាច​ផ្សព្វ​ផ្សាយ​បាន​តែ​តិច​តួច ដោយ​សារ​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ភាព​ចាស់​ជរា។ អ្នក​ខ្លះ​ថែម​ទាំង​មិន​អាច​ចេញ​ពី​ផ្ទះ​ទៀត​ផង។ រីឯ​អ្នក​ខ្លះ​ទៀត​តែង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ បង​ស្រី​មេរី *ដែល​រស់​នៅ​មជ្ឈិមបូព៌ា​ប្រទេស​និយាយ​ថា​៖ ​«​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​ពេល​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត ខ្ញុំ​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​រហូត​ដល់​ខ្ញុំ​អស់​កម្លាំង​ចិត្ត។ ក្រោយ​មក ខ្ញុំ​បន្ទោស​ខ្លួន​ដោយ​សារ​សល់​ពេល​និង​កម្លាំង​តិច​តួច​ដើម្បី​ផ្សព្វ​ផ្សាយ​»។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ទោះ​ជា​យើង​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន ហើយ​បន្ត​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព។ មុន​យើង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង សូម​យើង​ពិចារណា​អំពី​របៀប​ដែល​លោក​បាន​ឲ្យ​កម្លាំង​ដល់​ប៉ូល​និង​ធីម៉ូថេ​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​ពួក​គាត់ ទោះ​ជា​មាន​ការ​ពិបាក​ក្ដី។

ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​យើង​បន្ត​ផ្សព្វ​ផ្សាយ

៤. តើ​ប៉ូល​ជួប​ប្រទះ​នឹង​ការ​ពិបាក​អ្វី​ខ្លះ?

ប៉ូល​ជួប​ការ​ពិបាក​ជា​ច្រើន។ គាត់​ត្រូវ​ការ​កម្លាំង ជា​ពិសេស​ពេល​គាត់​ត្រូវ​គេ​វាយ គប់​នឹង​ដុំ​ថ្ម និង​ចាប់​ដាក់​គុក។ (​២កូ. ១១:២៣​-​២៥​) ប៉ូល​សារភាព​ថា នៅ​ពេល​ខ្លះ​គាត់​ត្រូវ​តយុទ្ធ​នឹង​អារម្មណ៍​មិន​ល្អ។ (​រ៉ូម ៧:១៨, ១៩, ២៤​) គាត់​ក៏​ត្រូវ​ស៊ូ​ទ្រាំ​នឹង​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ ដែល​គាត់​ពិត​ជា​ចង់​ឲ្យ​ព្រះ​ដក​ចេញ។—២កូ. ១២:៧, ៨

តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​គាត់? (​សូម​មើល​វគ្គ​៥​-​៦​) *

៥. តើ​ប៉ូល​បាន​សម្រេច​អ្វី​ខ្លះ ទោះ​ជា​គាត់​ជួប​ការ​ពិបាក​ក្ដី?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​កម្លាំង​ដល់​ប៉ូល​ដើម្បី​គាត់​អាច​បំពេញ​កិច្ច​បម្រើ​របស់​គាត់ ទោះ​ជា​គាត់​មាន​បញ្ហា​ជា​ច្រើន​ក្ដី។ សូម​គិត​អំពី​អ្វី​ដែល​ប៉ូល​បាន​សម្រេច។ ជា​ឧទាហរណ៍ ពេល​គាត់​បាន​ត្រូវ​ជាប់​ឃុំ​នៅ​ផ្ទះ​នា​ក្រុង​រ៉ូម គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះ​ខ្នែង​ដល់​មនុស្ស​ជា​ច្រើន ហើយ​នេះ​ប្រហែល​ជា​រួម​បញ្ចូល​ពួក​អាជ្ញាធរ​ផង​ដែរ។ (​សកម្ម. ២៨:១៧; ភី. ៤:២១, ២២​) គាត់​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​ពួក​អង្គរក្ស​របស់​អធិរាជ ព្រម​ទាំង​អស់​អ្នក​ដែល​មក​ជួប​គាត់។ (​សកម្ម. ២៨:៣០, ៣១; ភី. ១:១៣​) ក្នុង​អំឡុង​គ្រា​នោះ ប៉ូល​បាន​សរសេរ​សំបុត្រ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ដែល​មាន​ប្រយោជន៍​ចំពោះ​គ្រិស្ត​សាសនិក​ពិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ បន្ថែម​ទៅ​ទៀត គំរូ​របស់​ប៉ូល​បាន​ពង្រឹង​កម្លាំង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នា​ក្រុង​រ៉ូម ហើយ​នេះ​នាំ​ឲ្យ​ពួក​គេ​«​មាន​ចិត្ត​ក្លាហាន​ជាង​មុន ដើម្បី​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​អង់អាច​»។ (​ភី. ១:១៤​) ទោះ​ជា​ប៉ូល​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​គាត់​ចង់​ធ្វើ​ក្ដី គាត់​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព ហើយ​នេះ​«​ជួយ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​»។—ភី. ១:១២

៦. យោង​ទៅ​តាម​កូរិនថូស​ទី​២ ១២:៩, ១០ តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​គាត់?

ប៉ូល​បាន​ទទួល​ស្គាល់​ថា អ្វី​ៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​ឫទ្ធានុភាព​របស់​លោក មិន​មែន​ដោយ​សារ​កម្លាំង​របស់​គាត់​ទេ។ គាត់​និយាយ​ថា ឫទ្ធានុភាព​របស់​ព្រះ​«​បាន​ពេញ​លក្ខណៈ​ពេល​ដែល​[​គាត់​]​ទន់​ខ្សោយ​»។ (​សូម​អាន កូរិនថូស​ទី​២ ១២:៩, ១០) តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា លោក​បាន​ឲ្យ​កម្លាំង​ដល់​ប៉ូល​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​គាត់​គ្រប់​ជំពូក ទោះ​ជា​គាត់​ត្រូវ​គេ​បៀត​បៀន ចាប់​ដាក់​គុក និង​មាន​ការ​ពិបាក​ផ្សេង​ទៀត​ក្ដី។

តើ​អ្វី​បាន​ជួយ​ធីម៉ូថេ​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​គាត់? (​សូម​មើល​វគ្គ​៧​) *

៧. ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​គាត់ តើ​ធីម៉ូថេ​ត្រូវ​យក​ឈ្នះ​ការ​ពិបាក​អ្វី​ខ្លះ?

ធីម៉ូថេ​ជា​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​រួម​កិច្ច​ការ​ជា​មួយ​ប៉ូល។ គាត់​ក៏​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​គាត់​ដែរ។ ធីម៉ូថេ​រួម​ដំណើរ​ជា​មួយ​ប៉ូល​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​សាសនទូត​របស់​ប៉ូល។ ពួក​គាត់​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ។ ម្យ៉ាង​ទៀត ប៉ូល​បាន​ចាត់​គាត់​ឲ្យ​ធ្វើ​ទស្សនកិច្ច​និង​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​នានា។ (​១កូ. ៤:១៧​) ធីម៉ូថេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​គ្មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ ប្រហែល​នេះ​ជា​មូលហេតុ​ដែល​ប៉ូល​ប្រាប់​គាត់​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ដោយ​សារ​អ្នក​នៅ​ក្មេង​ឡើយ​»។ (​១ធី. ៤:១២​) បន្ថែម​ទៅ​ទៀត ក្នុង​អំឡុង​ពេល​នោះ ធីម៉ូថេ​មាន​បន្លា​មួយ​ក្នុង​សាច់​ឈាម ពោល​គឺ​‹ជំងឺ​ដែល​គាត់​មាន​ជា​ញឹក​ញយ›។ (​១ធី. ៥:២៣​) ប៉ុន្តែ ធីម៉ូថេ​ដឹង​ថា​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​បម្រើ​បង​ប្អូន​រួម​ជំនឿ។—២ធី. ១:៧

ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដើម្បី​យើង​អាច​រក្សា​ចិត្ត​ស្មោះ​ត្រង់ ទោះ​ជា​មាន​បញ្ហា​ក្ដី

៨. តើ​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​រាស្ត្រ​លោក​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា​ខ្លះ?

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ឲ្យ​រាស្ត្រ​លោក​នូវ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ ដើម្បី​ពួក​គេ​អាច​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ (​២កូ. ៤:៧​) សូម​យើង​ពិចារណា​អ្វី​បួន​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ដើម្បី​ពង្រឹង​កម្លាំង​យើង និង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​លោក។ អ្វី​ទាំង​នេះ​គឺ​សេចក្ដី​អធិដ្ឋាន គម្ពីរ ការ​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ និង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង តាម​រយៈ​ការ​អធិដ្ឋាន (សូមមើលវគ្គ៩)

៩. តើ​ការ​អធិដ្ឋាន​អាច​ជួយ​យើង​យ៉ាង​ណា?

កម្លាំង​ពី​ការ​អធិដ្ឋាន។ នៅ​អេភេសូរ ៦:១៨ ប៉ូល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​«​នៅ​គ្រប់​ឱកាស​»។ យ៉ាង​នេះ ព្រះ​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង។ បង​ប្រុស​ចននី​ដែល​រស់​នៅ​ប្រទេស​បូលីវី ទទួល​ជំនួយ​បែប​នេះ​ពី​ព្រះ​យេហូវ៉ា​ពេល​គាត់​មាន​បញ្ហា​ជា​ច្រើន។ ទាំង​ប្រពន្ធ ទាំង​ឪពុក​ម្ដាយ​របស់​គាត់ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នៅ​ពេល​ដំណាល​គ្នា។ បង​ចននី​ពិបាក​មើល​ថែ​ពួក​គាត់​ទាំង​បី​នាក់។ ម្ដាយ​របស់​គាត់​ស្លាប់ ហើយ​ប្រពន្ធ​និង​ឪពុក​របស់​គាត់​ត្រូវ​ការ​ពេល​យូរ ដើម្បី​ជា​ពី​ជំងឺ។ បង​ចននី​និយាយ​អំពី​គ្រា​នោះ​ថា​៖ ​«​ពេល​បញ្ហា​គាប​សង្កត់​ខ្ញុំ អ្វី​ដែល​តែង​តែ​ជួយ​ខ្ញុំ​គឺ​ការ​និយាយ​ចំ​ៗ​ក្នុង​សេចក្ដី​អធិដ្ឋាន​»។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​កម្លាំង​ដែល​បង​ចននី​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ បង​រ៉ូណាល់​ដែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ប្រទេស​បូលីវី បាន​ឮ​ថា​ម្ដាយ​របស់​គាត់​មាន​ជំងឺ​មហា​រីក។ មួយ​ខែ​ក្រោយ​មក គាត់​បាន​ស្លាប់។ តើ​អ្វី​បាន​ជួយ​បង​រ៉ូណាល់​ឲ្យ​ស៊ូ​ទ្រាំ? គាត់​និយាយ​ថា​៖ ​«​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​បើក​ឱកាស​ឲ្យ​ខ្ញុំ​និយាយ​ទៅ​លោក​អស់​ពី​ចិត្ត ហើយ​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​លោក​ស្គាល់​ខ្ញុំ​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់ រួម​ទាំង​ខ្ញុំ​ខ្លួន​ឯង​ផង​»។ ជួន​កាល​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ទុក្ខ​លំបាក​គឺ​ច្រើន​ហួស​ប្រមាណ ឬ​មិន​ដឹង​ថា​យើង​គួរ​អធិដ្ឋាន​សុំ​អ្វី។ ប៉ុន្តែ ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​លោក ទោះ​ជា​យើង​ពិបាក​រៀប​រាប់​អំពី​អារម្មណ៍​និង​គំនិត​របស់​យើង​ក្ដី។—រ៉ូម ៨:២៦, ២៧

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង តាម​រយៈ​គម្ពីរ (សូមមើលវគ្គ១០)

១០. ដូច​បាន​បញ្ជាក់​នៅ​ហេប្រឺ ៤:១២ ហេតុ​អ្វី​ការ​អាន​គម្ពីរ​និង​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន​គឺ​សំខាន់​ណាស់?

១០កម្លាំង​ពី​គម្ពីរ។ ប៉ូល​អាន​បទ​គម្ពីរ​ដើម្បី​ទទួល​កម្លាំង​និង​ការ​សម្រាល​ទុក្ខ យើង​ក៏​គួរ​ធ្វើ​ដូច​គ្នា​ដែរ។ (​រ៉ូម ១៥:៤​) កាល​ដែល​យើង​អាន​បណ្ដាំ​របស់​ព្រះ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន ព្រះ​យេហូវ៉ា​អាច​ប្រើ​សកម្មពល​របស់​លោក ដើម្បី​ជួយ​យើង​ឲ្យ​កាន់​តែ​យល់​អំពី​របៀប​ដែល​បទ​គម្ពីរ​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​របស់​យើង។ (​សូម​អាន ហេប្រឺ ៤:១២) បង​រ៉ូណាល់​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​មាន​ទម្លាប់​អាន​គម្ពីរ​ជា​រៀង​រាល់​យប់។ ខ្ញុំ​រំពឹង​គិត​យូរ​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា និង​របៀប​ដែល​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​បម្រើ​លោក។ នេះ​ជួយ​ខ្ញុំ​ឲ្យ​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​»។

១១. តើ​តាម​របៀប​ណា​គម្ពីរ​បាន​ពង្រឹង​កម្លាំង​បង​ស្រី​ម្នាក់​ដែល​កើត​ទុក្ខ?

១១ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ស្ថានភាព​របស់​យើង ដោយ​រំពឹង​គិត​អំពី​អ្វី​ដែល​ចែង​ក្នុង​បណ្ដាំ​របស់​ព្រះ។ សូម​គិត​អំពី​របៀប​ដែល​គម្ពីរ​បាន​ជួយ​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​កើត​ទុក្ខ។ អ្នក​ចាស់​ទុំ​ម្នាក់​ឲ្យ​យោបល់​គាត់ អាន​សៀវភៅ​យ៉ូប​ក្នុង​បំណង​ឲ្យ​គាត់​ទាញ​យក​មេ​រៀន​ដែល​អាច​ជួយ​គាត់។ ភ្លាម​ៗ​កាល​ដែល​គាត់​អាន គាត់​រិះ​គន់​យ៉ូប​ចំពោះ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ។ គាត់​និយាយ​ក្នុង​ចិត្ត​ថា​៖ ​«​យ៉ូប! កុំ​គិត​អ៊ីចឹង!​»។ ប៉ុន្តែ​បន្ទាប់​មក គាត់​ទទួល​ស្គាល់​ថា ចិត្ត​គំនិត​របស់​គាត់​គឺ​ស្រដៀង​នឹង​យ៉ូប។ នេះ​បាន​ជួយ​បង​ស្រី​នោះ​មិន​ឲ្យ​ផ្ដោត​អារម្មណ៍​ច្រើន​ពេក​លើ​បញ្ហា​របស់​ខ្លួន តែ​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សង្ឃឹម​ដែល​លោក​ផ្ដល់​ឲ្យ។ ការ​ធ្វើ​ដូច្នេះ​បាន​ពង្រឹង​កម្លាំង​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​បាត់​បង់​ប្ដី។

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង តាម​រយៈ​ការ​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ (សូមមើលវគ្គ១២)

១២. តើ​ព្រះ​យេហូវ៉ា​ប្រើ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​ផ្ដល់​កម្លាំង​ឲ្យ​យើង​យ៉ាង​ដូច​ម្ដេច?

១២កម្លាំង​ពី​ការ​សេព​គប់​បង​ប្អូន​គ្រិស្ត​សាសនិក​ពិត។ របៀប​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​គ្រិស្ត​សាសនិក​គឺ​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ។ ប៉ូល​បាន​សរសេរ​ថា​គាត់​ចង់​ឲ្យ​ខ្លួន​គាត់​និង​បង​ប្អូន​រួម​ជំនឿ​«​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​រ៉ូម ១:១១, ១២​) បង​មេរី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​ចូល​ចិត្ត​មាន​ការ​សេព​គប់​បែប​នេះ។ គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ប្រើ​បង​ប្អូន​ដែល​មិន​ទាំង​ដឹង​អំពី​បញ្ហា​របស់​ខ្ញុំ ឲ្យ​និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ត ឬ​ផ្ញើ​សំបុត្រ​មួយ​ដល់​ខ្ញុំ ហើយ​នោះ​ចំ​នឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ។ ការ​និយាយ​ជា​មួយ​បង​ប្អូន​ស្រី​ដែល​មាន​បញ្ហា​ស្រដៀង​នឹង​ខ្ញុំ​និង​ការ​រៀន​ពី​បទ​ពិសោធន៍​របស់​ពួក​គេ ក៏​ជួយ​ខ្ញុំ​ផង​ដែរ។ ពួក​អ្នក​ចាស់​ទុំ​ក៏​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ស្រឡាញ់​ខ្ញុំ​»។

១៣. តើ​យើង​អាច​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​កិច្ច​ប្រជុំ​តាម​របៀប​ណា?

១៣ កន្លែង​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​នៅ​កិច្ច​ប្រជុំ។ ពេល​អ្នក​ចូល​រួម​កិច្ច​ប្រជុំ អ្នក​អាច​ព្យាយាម​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត ដោយ​និយាយ​អ្វី​ដែល​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ពួក​គេ ហើយ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ។ ជា​ឧទាហរណ៍ មុន​កិច្ច​ប្រជុំ​មួយ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ភីធើ​បាន​និយាយ​ទៅ​បង​ស្រី​ម្នាក់​ដែល​មាន​ប្ដី​មិន​មែន​ជា​អ្នក​ជឿ​ថា​៖ ​«​បង​មិន​ដឹង​ថា ខ្ញុំ​ទទួល​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណា​ពេល​ខ្ញុំ​ឃើញ​បង​នៅ​ទី​នេះ​ទេ។ បង​តែង​តែ​រៀបចំ​ឲ្យ​កូន​ទាំង​៦​នាក់​ស្លៀក​ពាក់​ស្អាត​បាត និង​រៀបចំ​ចម្លើយ​ទុក​ជា​មុន​ពេល​មក​កិច្ច​ប្រជុំ​»។ ម្ដាយ​នោះ​រំជួល​ចិត្ត ហើយ​តប​ឆ្លើយ​ទាំង​រលីង​រលោង​ទឹក​ភ្នែក​ថា​៖ ​«​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ពាក្យ​បែប​ហ្នឹង​»។

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង តាម​រយៈ​កិច្ច​បម្រើ​ផ្សាយ (សូមមើលវគ្គ១៤)

១៤. តើ​កិច្ច​ផ្សព្វ​ផ្សាយ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

១៤កម្លាំង​ពី​កិច្ច​បម្រើ​ផ្សាយ។ ពេល​យើង​ប្រាប់​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ មិន​ថា​ពួក​គេ​ស្ដាប់​ឬ​មិន​ស្ដាប់​ក្ដី។ (​សុភ. ១១:២៥​) បង​ស្រី​ស្តេស៊ី​បាន​ឃើញ​ថា​កិច្ច​បម្រើ​ផ្សាយ​ពិត​ជា​ផ្ដល់​កម្លាំង​ឲ្យ​គាត់។ ពេល​សមាជិក​ក្រុម​គ្រួសារ​គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព គាត់​កើត​ទុក្ខ​យ៉ាង​ខ្លាំង ហើយ​ចេះ​តែ​បន្ទោស​ខ្លួន​ថា បើ​គាត់​បាន​ធ្វើ​ច្រើន​ជាង ប្រហែល​ជា​រឿង​នោះ​មិន​កើត​ឡើង​ទេ។ បង​ស្តេស៊ី​គិត​អ្វី​ផ្សេង​មិន​ចេញ​ទេ។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​សោកសៅ​នេះ? គឺ​កិច្ច​បម្រើ​ផ្សាយ! កាល​ដែល​គាត់​ចូល​រួម​ផ្សព្វ​ផ្សាយ គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ដែល​ត្រូវ​ការ​ជំនួយ​ពី​គាត់។ គាត់​និយាយ​ថា​៖ ​«​ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​មាន​សិស្ស​គម្ពីរ​ម្នាក់​ដែល​រីក​ចម្រើន​យ៉ាង​លឿន។ នោះ​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់។ អ្វី​ដែល​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​នឹង​នរ​បំផុត​ក្នុង​ជីវិត​គឺ​កិច្ច​បម្រើ​ផ្សាយ​»។

១៥. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​មេរី?

១៥ ដោយ​សារ​ស្ថានភាព​របស់​បង​ប្អូន​ខ្លះ ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពួក​គេ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​បើ​អ្នក​ខំ​ប្រឹង​អស់​ពី​សមត្ថភាព។ សូម​គិត​ម្ដង​ទៀត​អំពី​គំរូ​របស់​បង​មេរី។ ពេល​គាត់​រើ​ទៅ​តំបន់​ដែល​និយាយ​ភាសា​បរទេស គាត់​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​ជួយ​ច្រើន​ទេ។ គាត់​និយាយ​ថា​៖ ​«​អស់​មួយ​រយៈ​ពេល ខ្ញុំ​គ្រាន់​តែ​អាច​ឆ្លើយ​ខ្លី​ៗ ឬ​អាន​ខ​គម្ពីរ​មួយ ឬ​ក៏​ឲ្យ​ខិត្តប័ណ្ណ​ពេល​ផ្សព្វ​ផ្សាយ​»។ នេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា គាត់​អន់​ជាង​អ្នក​ដែល​និយាយ​ភាសា​នោះ​ស្ទាត់។ ប៉ុន្តែ គាត់​បាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់។ គាត់​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​អាច​ប្រើ​គាត់ ទោះ​ជា​គាត់​មិន​អាច​និយាយ​ភាសា​នោះ​ស្ទាត់​ក្ដី។ ហេតុ​នេះ បង​មេរី​និយាយ​ថា​៖ ​«​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ស្រួល​យល់ ហើយ​អាច​កែ​ប្រែ​ជីវិត​មនុស្ស​»។

១៦. តើ​អ្វី​អាច​ជួយ​ពួក​អ្នក​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​ឲ្យ​មាន​កម្លាំង​ចិត្ត?

១៦ ព្រះ​យេហូវ៉ា​ឃើញ​និង​ឲ្យ​តម្លៃ​ចំពោះ​បំណង​ចិត្ត​របស់​យើង​ដែល​ចង់​ចូល​រួម​ផ្សព្វ​ផ្សាយ ទោះ​បី​យើង​មិន​អាច​ចេញ​ពី​ផ្ទះ​ក៏​ដោយ។ លោក​អាច​ជួយ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​គ្រូ​ពេទ្យ ឬ​ពួក​អ្នក​ដែល​មក​ថែ​ទាំ​យើង។ បើ​យើង​ប្រៀប​ធៀប​អ្វី​ដែល​យើង​ធ្វើ​នៅ​ឥឡូវ​នេះ​ទៅ​នឹង​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ បើ​យើង​ទទួល​ស្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​យើង​នៅ​ឥឡូវ​នេះ នោះ​យើង​នឹង​មាន​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​ដោយ​អំណរ។

១៧. យោង​ទៅ​តាម​សាស្ដា ១១:៦ ហេតុ​អ្វី​យើង​គួរ​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​យើង​មិន​ឃើញ​លទ្ធផល​ភ្លាម​ៗ​ក្ដី?

១៧ យើង​មិន​ដឹង​ថា​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ណា​ដែល​យើង​សាប​ព្រោះ​នឹង​ចាក់​ឫស ហើយ​ដុះ​ឡើង​ទេ។ (​សូម​អាន សាស្ដា ១១:៦) ជា​ឧទាហរណ៍ បង​ស្រី​បាប្រឺ​ដែល​មាន​អាយុ​៨០​ឆ្នាំ​ជាង ផ្សព្វ​ផ្សាយ​ជា​រឿយ​ៗ​តាម​ទូរស័ព្ទ និង​ដោយ​សរសេរ​សំបុត្រ។ ក្នុង​សំបុត្រ​មួយ​របស់​គាត់ គាត់​បាន​ភ្ជាប់​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៤ ដែល​មាន​អត្ថបទ​មួយ​ចំណង​ជើង​ថា ​«​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​អ្នក​»។ * គាត់​មិន​ដឹង​ថា​អ្នក​ទទួល​សំបុត្រ​ដែល​គាត់​ផ្ញើ​ទៅ គឺ​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​បាន​អាន​ទស្សនាវដ្ដី​នោះ​ម្ដង​ហើយ​ម្ដង​ទៀត។ ប្ដី​នោះ​មាន​អារម្មណ៍​ថា គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​គាត់​ដោយ​ផ្ទាល់។ ប្ដី​ប្រពន្ធ​នោះ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ ហើយ​ទៅ​ជា​សាក្សី​ដែល​មាន​សកម្មភាព​ឡើង​វិញ​ក្រោយ​ពី​២៧​ឆ្នាំ​ជាង។ សូម​ស្រមៃ​គិត​ថា បង​បាប្រឺ​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​ខ្លាំង​យ៉ាង​ណា ពេល​ឃើញ​លទ្ធផល​ល្អ​ពី​សំបុត្រ​តែ​មួយ​នោះ។

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង តាម​រយៈ​(​១​) ការ​អធិដ្ឋាន (​២​) គម្ពីរ (​៣​) ការ​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ និង​(​៤​) កិច្ច​បម្រើ​ផ្សាយ (​សូម​មើល​វគ្គ​៩​-​១០, ១២, ១៤​)

១៨. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​កម្លាំង​ពី​ព្រះ?

១៨ ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ជា​ច្រើន​ឲ្យ​យើង​ទទួល​ឫទ្ធានុភាព​ដ៏​ច្រើន​អនេក​របស់​លោក។ ពេល​យើង​ប្រើ​អ្វី​ៗ​ដែល​លោក​ផ្ដល់​ឲ្យ ដូច​ជា​ការ​អធិដ្ឋាន គម្ពីរ ការ​សេព​គប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ និង​កិច្ច​បម្រើ​ផ្សាយ យើង​បង្ហាញ​ថា​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​និង​បំណង​ចិត្ត​ចង់​ជួយ​យើង។ សូម​យើង​ពឹង​ផ្អែក​ជា​និច្ច​ទៅ​លើ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ដែល​សប្បាយ​ចិត្ត​«​សំដែង​ព្រះ​ចេស្ដា​ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​»​ចំពោះ​លោក។—២រប. ១៦:៩

ចម្រៀង​លេខ​៦១ សាក្សី​ទាំង​ឡាយ​អើយ! ចូរ​ឈាន​ទៅ​មុខ!

^ វគ្គ 5 យើង​កំពុង​រស់​នៅ​គ្រា​ដ៏​ពិបាក ប៉ុន្តែ​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​សាវ័ក​ប៉ូល​និង​ធីម៉ូថេ​ឲ្យ​បន្ត​បម្រើ​លោក ទោះ​ជា​ពួក​គេ​មាន​បញ្ហា​ក្ដី។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​បួន​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នៅ​សព្វ​ថ្ងៃ​នេះ។

^ វគ្គ 2 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 17 ទស្សនាវដ្ដី​លេខ​នេះ​មិន​មាន​ជា​ភាសា​ខ្មែរ​ទេ។

^ វគ្គ 54 ការពណ៌នាអំពីរូបភាព: កាល​ដែល​ប៉ូល​បាន​ត្រូវ​ជាប់​ឃុំ​នៅ​ផ្ទះ​នា​ក្រុង​រ៉ូម គាត់​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​គាត់។

^ វគ្គ 56 ការពណ៌នាអំពីរូបភាព: ធីម៉ូថេ​លើក​ទឹក​ចិត្ត​បង​ប្អូន កាល​ដែល​គាត់​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​នានា។