ជីវប្រវត្ដិ
«ខ្ញុំចង់ធ្វើការឲ្យព្រះយេហូវ៉ា»
យើងបានលើកដៃលាមនុស្សមួយក្រុមតូចដែលយើងបានទៅធ្វើទស្សនកិច្ចជិតភូមិក្រានពូរី ដែលនៅឆ្ងាយក្នុងព្រៃស្ដុកមួយ នាប្រទេសសូរីណាម។ បន្ទាប់មក យើងបានជិះទូកឈើមួយតាមទន្លេថាផាណេហូនី។ កាលដែលយើងកំពុងឆ្លងកាត់ទឹកហូរខ្លាំងលើថ្ម ស្លាបចាក់កាណូតយើងបានបុកនឹងថ្ម។ ភ្លាមៗនោះ ក្បាលទូកបានលិចចូលទៅក្នុងទឹក ហើយយើងក៏បានលិចចូលទៅក្នុងទឹកដែរ។ បេះដូងខ្ញុំបានលោតញាប់ដឹបៗ។ ទោះជាខ្ញុំបានធ្វើដំណើរតាមទូកអស់ជាច្រើនឆ្នាំជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលក្ដី ខ្ញុំមិនចេះហែលទឹកទេ។
មុនខ្ញុំរៀបរាប់អំពីអ្វីដែលបានកើតឡើងបន្ទាប់មក ខ្ញុំសូមប្រាប់អ្នកអំពីរបៀបដែលខ្ញុំបានចាប់ផ្ដើមកិច្ចបម្រើពេញពេល។
ខ្ញុំបានកើតនៅឆ្នាំ១៩៤២ នៅកោះដ៏ស្រស់ស្អាតមួយឈ្មោះកូរ៉ាកៅនៅក្នុងប្រជុំកោះការីប។ ឪពុកខ្ញុំមកពីប្រទេសសូរីណាម ប៉ុន្តែគាត់បានរើទៅកោះនោះដើម្បីធ្វើការ។ ប្រហែលជាមុនខ្ញុំកើតមកពីរឆ្នាំ គាត់បាននៅក្នុងចំណោមសាក្សីព្រះយេហូវ៉ាដំបូងដែលបានទទួលការជ្រមុជទឹកនៅកោះកូរ៉ាកៅ។ គាត់បានសិក្សាគម្ពីរជាមួយយើងដែលជាកូនៗរាល់សប្ដាហ៍ ទោះជាយើងមិនតែងតែចង់រៀនក្ដី។ ពេលខ្ញុំអាយុ១៤ឆ្នាំ យើងបានរើផ្ទះទៅប្រទេសសូរីណាម ដើម្បីមើលថែយាយខ្ញុំខាងឪពុកដែលមានវ័យចាស់។
មិត្តល្អជួយខ្ញុំ
នៅប្រទេសសូរីណាម ខ្ញុំបានចាប់ផ្ដើមសេពគប់ជាមួយក្មេងៗក្នុងក្រុមជំនុំដែលខ្នះខ្នែងបម្រើព្រះយេហូវ៉ា។ ពួកគេមានអាយុបងខ្ញុំតែប៉ុន្មានឆ្នាំ ហើយបម្រើជាអ្នកត្រួសត្រាយពេញពេល។ ពេលពួកគេនិយាយអំពីបទពិសោធន៍ដែលពួកគេមានក្នុងកិច្ចបម្រើផ្សាយ ទឹកមុខរបស់ពួកគេពេញទៅដោយអំណរ។ ក្រោយកិច្ចប្រជុំ ខ្ញុំនិងមិត្តភក្តិខ្ញុំក៏និយាយគ្នាអំពីគម្ពីរ ជួនកាលយើងអង្គុយនិយាយគ្នានៅខាងក្រៅមើលផ្កាយ។ មិត្តទាំងនោះជួយខ្ញុំឲ្យដឹងអំពីអ្វីដែលខ្ញុំចង់ធ្វើក្នុងជីវិត គឺថាខ្ញុំចង់ធ្វើការឲ្យព្រះយេហូវ៉ា។ ដូច្នេះ ខ្ញុំបានទទួលការជ្រមុជទឹក ពេលដែលខ្ញុំអាយុ១៦ឆ្នាំ។ ក្រោយមក ពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំបានចាប់ផ្ដើមត្រួសត្រាយពេញពេល។
ខ្ញុំរៀនមេរៀនដ៏សំខាន់
ខ្ញុំបានរៀនច្រើនកាលដែលខ្ញុំជាអ្នកត្រួសត្រាយ ហើយមេរៀនទាំងនោះបានជួយខ្ញុំក្នុងការបំពេញភារកិច្ចផ្សេងៗដែលខ្ញុំបានទទួលក្នុងកិច្ចបម្រើពេញពេល។ ជាឧទាហរណ៍ មេរៀនមួយក្នុងចំណោមមេរៀនដំបូងដែលខ្ញុំបានរៀនគឺសារៈសំខាន់នៃការបង្ហាត់បង្រៀនអ្នកឯទៀត។ ពេលដែលខ្ញុំបានចាប់ផ្ដើមត្រួសត្រាយ សាសនទូតម្នាក់ឈ្មោះវិឡិម វ៉ន សេអិល ព្យាយាមជួយខ្ញុំច្រើន។ គាត់បានបង្រៀនខ្ញុំអំពីរបៀបបំពេញភារកិច្ចក្នុងក្រុមជំនុំ។ នៅពេលនោះ ខ្ញុំមិនដឹងថាខ្ញុំពិតជាត្រូវការការបង្ហាត់បង្រៀនច្រើនយ៉ាងនេះទេ។ នៅឆ្នាំបន្ទាប់ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេស ហើយក្រោយមកចាប់ផ្ដើមនាំមុខក្នុងក្រុម
ដាច់ស្រយាលឆ្ងាយមួយក្នុងព្រៃស្ដុក នៅប្រទេសសូរីណាម។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះការបង្ហាត់បង្រៀនដែលខ្ញុំបានទទួលចំពេលពីបងប្រុសផ្សេងៗដូចជាបងវិឡិមជាដើម។ តាំងពីពេលនោះ ខ្ញុំព្យាយាមធ្វើតាមគំរូរបស់ពួកគេដោយលៃទុកពេលដើម្បីបង្ហាត់បង្រៀនអ្នកឯទៀត។មេរៀនទី២ដែលខ្ញុំបានរៀនគឺថា ជាការល្អឲ្យមានរបៀបរស់នៅសាមញ្ញនិងមានរបៀបរៀបរយ។ ជារៀងរាល់ដើមខែ ខ្ញុំនិងដៃគូត្រួសត្រាយពិសេសរបស់ខ្ញុំបានរៀបគម្រោងអំពីអ្វីដែលយើងត្រូវការសម្រាប់ប៉ុន្មានសប្ដាហ៍ខាងមុខ។ ក្រោយមក ខ្ញុំឬដៃគូខ្ញុំបានធ្វើដំណើរដ៏ឆ្ងាយទៅរដ្ឋធានី ដើម្បីទិញអ្វីដែលយើងត្រូវការ។ យើងត្រូវចេះលៃលកប្រាក់ឧបត្ថម្ភប្រចាំខែរបស់យើង ហើយបែងចែករបស់របរដើម្បីអាចប្រើបានពេញមួយខែ។ ពេលរស់នៅក្នុងព្រៃស្ដុក មិនសូវមានមនុស្សអាចជួយយើងបានទេបើយើងអស់អ្វីណាមួយ។ ខ្ញុំជឿថាអ្វីដែលខ្ញុំបានរៀនពេលដែលខ្ញុំនៅក្មេងអំពីការមានរបៀបរស់នៅសាមញ្ញតែមានរបៀបរៀបរយ បានជួយខ្ញុំឲ្យបន្តផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ាពេញមួយជីវិតរបស់ខ្ញុំ។
មេរៀនទី៣ដែលខ្ញុំបានរៀនគឺប្រយោជន៍នៃការបង្រៀនមនុស្សជាភាសាកំណើតរបស់ពួកគេ។ ខ្ញុំបានធំឡើងនិយាយភាសាហូឡង់ អង់គ្លេស ប៉ាពីយ៉ាមីនតូ និងស្រាណាន់តុងហ្គូ(ភាសានេះក៏បានត្រូវគេស្គាល់ជាភាសាស្រាណាន់) ដែលជាភាសាដែលគេនិយាយទូទៅក្នុងប្រទេសសូរីណាម។ ប៉ុន្តែក្នុងព្រៃស្ដុក ខ្ញុំបានឃើញថាមនុស្សមានប្រតិកម្មល្អប្រសើរចំពោះដំណឹងល្អពេលដែលយើងផ្សព្វផ្សាយជាភាសាកំណើតរបស់ពួកគេ។ ខ្ញុំពិបាកនិយាយភាសាខ្លះក្នុងចំណោមភាសាដែលគេនិយាយក្នុងព្រៃស្ដុក ដូចជាភាសាសារ៉ាម៉ាខិន ជាភាសាដែលប្រើតុងសំឡេងឡើងចុះ។ ទោះជាខ្ញុំត្រូវខំប្រឹងជាខ្លាំងក្ដី ខ្ញុំមិនស្ដាយក្រោយទេ ដោយសារខ្ញុំអាចបង្រៀនសេចក្ដីពិតដល់មនុស្សកាន់តែច្រើនជាភាសាកំណើតរបស់ពួកគេ។
ខ្ញុំក៏មានបទពិសោធន៍ដ៏គួរឲ្យខ្មាសដែរ។ ជាឧទាហរណ៍នៅពេលមួយ ខ្ញុំចង់សួរសុខទុក្ខសិស្សគម្ពីរម្នាក់ដែលនិយាយភាសាសារ៉ាម៉ាខិន ដោយសារនាងឈឺពោះ។ ប៉ុន្តែខ្ញុំបែរជាសួរនាងថា តើនាងមានផ្ទៃពោះទេ? សំណួរនេះគួរឲ្យខ្មាសមែន។ ទោះជាខ្ញុំនិយាយខុសបែបនេះក្ដី ខ្ញុំតែងតែព្យាយាមនិយាយភាសាកំណើតរបស់ពួកអ្នកដែលនៅក្នុងតំបន់ដែលខ្ញុំកំពុងបំពេញភារកិច្ច។
ខ្ញុំទទួលភារកិច្ចថែមទៀត
នៅឆ្នាំ១៩៧០ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ នៅឆ្នាំនោះ ខ្ញុំបានបង្ហាញកម្មវិធីបញ្ចាំងបន្ទះកញ្ចក់រូបភាពដែលមានប្រធានថា «ការទៅលេងមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ា» ដល់ក្រុមដាច់ស្រយាលជាច្រើននៅក្នុងព្រៃស្ដុក។ ដើម្បីទៅទស្សនកិច្ចបងប្អូនទាំងនោះ ខ្ញុំនិងបងប្អូនប្រុសខ្លះបានប្រើទូកឈើវែងមួយដើម្បីធ្វើដំណើរតាមទន្លេ។ យើងបានយកម៉ាស៊ីនភ្លើង ធុងសាំង ចង្កៀងប្រេង និងឧបករណ៍បញ្ចាំងរូបភាពទៅជាមួយ។ ពេលទៅដល់ទីដៅរបស់យើង យើងត្រូវយកឧបករណ៍ទាំងអស់នោះចូលក្នុងព្រៃទៅកន្លែងដែលយើងធ្វើកម្មវិធី។ ប៉ុន្តែ អ្វីដែលខ្ញុំចាំច្បាស់ជាងគេអំពីការធ្វើដំណើរទាំងនោះ គឺមនុស្សនៅតំបន់ដាច់ស្រយាលនោះចូលចិត្តកម្មវិធីនោះខ្លាំងណាស់។ ខ្ញុំសប្បាយចិត្តជាខ្លាំងជួយអ្នកឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ានិងអង្គការរបស់លោកផ្នែកនៅផែនដី។ ការឃើញរបៀបដែលអ្នកឯទៀតចូលទៅជិតព្រះយេហូវ៉ា បានធ្វើឲ្យខ្ញុំសប្បាយចិត្តចំពោះកិច្ចការដ៏នឿយហត់ដែលខ្ញុំបានធ្វើ។
ការក្រងខ្សែបីធ្លុង
ទោះជាខ្ញុំអាចឃើញថាការនៅលីវបានធ្វើឲ្យខ្ញុំស្រួលបំពេញភារកិច្ចរបស់ខ្ញុំជាងក្ដី ខ្ញុំនៅតែចង់រៀបការ។ ដូច្នេះ ខ្ញុំបានចាប់ផ្ដើមអធិដ្ឋានចំៗដើម្បីស្វែងរកប្រពន្ធដែលបម្រើជាមួយខ្ញុំដោយអំណរក្នុងកិច្ចបម្រើពេញពេលដ៏ពិបាកនេះនៅក្នុងព្រៃស្ដុក។ ប្រហែលជាមួយឆ្នាំក្រោយមក ខ្ញុំបានចាប់ផ្ដើមស្វែងយល់ចិត្តគ្នាជាមួយអ្នកត្រួសត្រាយពិសេសម្នាក់ឈ្មោះអេតអែល។ គាត់មានចិត្តគំនិតលះបង់ប្រយោជន៍ខ្លួន។ តាំងពីក្មេង អេតអែលកោតស្ងើចសាវ័កប៉ូលយ៉ាងខ្លាំង ហើយចង់ខំប្រឹងអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយដូចប៉ូល។ យើងបានរៀបការនៅខែកញ្ញា ឆ្នាំ១៩៧១ ហើយចាប់ផ្ដើមបម្រើក្នុងកិច្ចការត្រួតពិនិត្យមណ្ឌលជាប្ដីប្រពន្ធ។
អេតអែលធំឡើងក្នុងក្រុមគ្រួសារដែលមិនសូវមានទ្រព្យសម្បត្តិទេ ដូច្នេះគាត់អាចសម្របខ្លួនយ៉ាងល្អនឹងកិច្ចការធ្វើដំណើរត្រួតពិនិត្យក្នុងព្រៃស្ដុក។ ជាឧទាហរណ៍ ពេលយើងរៀបចំទៅធ្វើទស្សនកិច្ចក្រុមជំនុំផ្សេងៗដែលនៅឆ្ងាយក្នុងព្រៃនោះ យើងមិនបានយកអ្វីច្រើនទៅជាមួយទេ។ យើងបានបោកខោអាវនិងងូតទឹកនៅទន្លេ។ យើងក៏សម្របខ្លួនញ៉ាំអ្វីណាក៏ដោយដែលបងប្អូនឲ្យយើង ដូចជាបង្កួយ ត្រីដែលកម្រញ៉ាំ ឬអ្វីផ្សេងទៀតដែលពួកគេបានបាញ់ក្នុងព្រៃឬចាប់ក្នុងទន្លេ។ ពេលអត់មានចាន យើងបរិភោគអាហារដោយប្រើស្លឹកចេក។ ពេលអត់មានស្លាបព្រា យើងប្រើដៃបរិភោគអាហារ។ ខ្ញុំនិងអេតអែលមានអារម្មណ៍ថាការធ្វើការលះបង់ជាមួយគ្នាក្នុងកិច្ចការព្រះយេហូវ៉ា បានជួយយើងឲ្យទៅជាខ្សែបីធ្លុង។ (អទ. ៤:១២) យើងមិនចង់យកអ្វីមកប្ដូរនឹងបទពិសោធន៍ទាំងនោះទេ។
នៅថ្ងៃមួយ ពេលដែលយើងត្រឡប់មកពីទស្សនកិច្ចបងប្អូនក្នុងព្រៃស្ដុក យើងបានជួបបទពិសោធន៍ដែលខ្ញុំបានរៀបរាប់នៅដើមដំបូងនៃជីវប្រវត្តិនេះ។ កាលដែលទូកចូលដល់កន្លែងទឹកហូរខ្លាំងលើថ្ម វាបានលឹបចូលក្នុងទឹកមួយភ្លែត តែឆាប់ងើបឡើងវិញ។ គឺល្អដែលយើងបានពាក់អាវពោង ហើយមិនធ្លាក់ចេញពីទូក។ ប៉ុន្តែទឹកបានចូលក្នុងទូករបស់យើង។ ដូច្នេះ យើងបាន
ចាក់ម្ហូបក្នុងឆ្នាំងចូលទៅក្នុងទន្លេ ហើយក្រោយមកប្រើឆ្នាំងទាំងនោះដើម្បីបាចទឹកចេញពីទូក។ដោយសារយើងចាក់ចោលម្ហូបអស់ យើងចាប់ផ្ដើមស្ទូចត្រីកាលដែលយើងបន្តធ្វើដំណើរតាមទន្លេ។ ប៉ុន្តែយើងចាប់ត្រីមិនបានសោះ។ ដូច្នេះ យើងបានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយសុំលោកផ្ដល់អាហារឲ្យយើងសម្រាប់ថ្ងៃនោះ។ ភ្លាមៗក្រោយពីយើងបានអធិដ្ឋាន មានបងប្រុសម្នាក់ស្ទូចបានត្រីមួយធំល្មមឲ្យយើងប្រាំនាក់បរិភោគឆ្អែតនៅយប់នោះ។
ខ្ញុំជាប្ដី ឪពុក និងអ្នកធ្វើដំណើរត្រួតពិនិត្យ
ក្រោយពីខ្ញុំនិងអេតអែលធ្វើដំណើរត្រួតពិនិត្យជាមួយគ្នាអស់ប្រាំឆ្នាំ យើងបានទទួលពរមួយដែលមិនបានរំពឹងទុក គឺមានកូន។ ខ្ញុំសប្បាយឮដំណឹងនេះ ទោះជាខ្ញុំមិនដឹងថានោះនឹងមានឥទ្ធិពលយ៉ាងណាមកលើជីវិតយើងក្ដី។ ខ្ញុំនិងអេតអែលចង់បន្តនៅក្នុងកិច្ចបម្រើពេញពេលបើអាចធ្វើទៅបាន។ នៅឆ្នាំ១៩៧៦ យើងបង្កើតបានកូនប្រុសមួយឈ្មោះអេតនីអេល។ ពីរឆ្នាំកន្លះក្រោយមក កូនប្រុសទី២របស់យើងចូវ៉ានីក៏បានកើតដែរ។
ដោយសារនៅពេលនោះមានសេចក្ដីត្រូវការនៅប្រទេសសូរីណាម ការិយាល័យសាខាបានរៀបចំឲ្យខ្ញុំបន្តបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ទោះជាមានកូនក្ដី។ ពេលកូនយើងនៅក្មេង ខ្ញុំបានត្រូវចាត់ឲ្យត្រួតពិនិត្យលើមណ្ឌលដែលមានក្រុមជំនុំតិចជាងធម្មតា។ ដូច្នេះហើយ នោះបានអនុញ្ញាតឲ្យខ្ញុំបម្រើអស់ពីរបីសប្ដាហ៍ស្ទើរតែរាល់ខែជាអ្នកធ្វើដំណើរត្រួតពិនិត្យ ហើយសល់ពេលប៉ុន្មាន ធ្វើជាអ្នកត្រួសត្រាយក្នុងក្រុមជំនុំរបស់យើង។ អេតអែលនិងកូនប្រុសៗរបស់យើងធ្វើដំណើរជាមួយខ្ញុំ ពេលដែលខ្ញុំទៅធ្វើទស្សនកិច្ចក្រុមជំនុំនៅជិតផ្ទះយើង។ ប៉ុន្តែ ខ្ញុំបានធ្វើដំណើរម្នាក់ឯងពេលដែលខ្ញុំទៅក្រុមជំនុំនិងសន្និបាតក្នុងព្រៃស្ដុក។
ខ្ញុំត្រូវរៀបចំគម្រោងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញភារកិច្ចទាំងអស់របស់ខ្ញុំ។ ខ្ញុំបានធ្វើឲ្យប្រាកដថាយើងធ្វើការសិក្សាជាក្រុមគ្រួសាររាល់សប្ដាហ៍។ ពេលខ្ញុំទៅធ្វើទស្សនកិច្ចនៅក្រុមជំនុំក្នុងព្រៃស្ដុក អេតអែលដឹកនាំការសិក្សាជាក្រុមគ្រួសារជាមួយកូនៗនៅផ្ទះ។ ប៉ុន្តែ យើងបានធ្វើអ្វីៗជាមួយគ្នាជាក្រុមគ្រួសារឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ខ្ញុំនិងអេតអែលក៏បានធ្វើការកម្សាន្តជាមួយកូនៗរបស់យើងជាទៀងទាត់។ យើងបានលេងហ្គេមនិងទៅលេងកន្លែងដែលគួរឲ្យចាប់អារម្មណ៍នៅជិតផ្ទះយើង។ ខ្ញុំច្រើនតែចូលគេងយប់ជ្រៅ ដោយសារខ្ញុំនៅរៀបចំអ្វីផ្សេងៗសម្រាប់ភារកិច្ចពីអង្គការព្រះ។ ម្យ៉ាងទៀត ដោយសារអេតអែលជាប្រពន្ធល្អដូចបានត្រូវរៀបរាប់នៅសុភាសិត ៣១:១៥ គាត់ក្រោកពីដេកមុនថ្ងៃរះដើម្បីធ្វើឲ្យប្រាកដថាយើងអាចអានបទគម្ពីរប្រចាំថ្ងៃជាក្រុមគ្រួសារ និងបរិភោគអាហារពេលព្រឹកជាមួយគ្នា មុនកូនៗចេញទៅសាលា។ ខ្ញុំសប្បាយចិត្ត ណាស់ ដែលខ្ញុំមានប្រពន្ធចេះលះបង់ប្រយោជន៍ខ្លួន ហើយតែងតែងជួយខ្ញុំឲ្យបំពេញភារកិច្ចទាំងអស់ដែលខ្ញុំបានទទួលពីព្រះយេហូវ៉ា!
ក្នុងនាមជាឪពុកម្ដាយ យើងខំប្រឹងជួយកូនរបស់យើងឲ្យស្រឡាញ់ព្រះយេហូវ៉ានិងកិច្ចបម្រើជាគ្រិស្តសាសនិក។ យើងចង់ឲ្យកូនសម្រេចចិត្តយកកិច្ចបម្រើពេញពេលជាអាជីពរបស់ពួកគេ មិនមែនដោយសារយើងចង់ឲ្យពួកគេធ្វើទេ តែដោយសារនោះគឺជាការសម្រេចចិត្តរបស់ពួកគេ។ យើងតែងតែនិយាយជាមួយពួកគេអំពីអំណរដែលមកពីកិច្ចបម្រើពេញពេល។ យើងមិនលាក់បាំងអំពីការពិបាកផ្សេងៗ តែយើងក៏ប្រាប់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយនិងឲ្យពរយើងជាក្រុមគ្រួសារ។ យើងក៏បានធ្វើឲ្យប្រាកដថាកូនៗមានមិត្តភក្តិជាសាក្សីដែលចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតពួកគេ។
ព្រះយេហូវ៉ាបានផ្ដល់អ្វីទាំងអស់ដែលយើងត្រូវការកាលដែលយើងចិញ្ចឹមអប់រំកូន ហើយខ្ញុំក៏តែងតែព្យាយាមផ្គត់ផ្គង់ក្រុមគ្រួសារខ្ញុំដែរ។ បទពិសោធន៍ខ្ញុំក្នុងព្រៃស្ដុកកាលដែលខ្ញុំធ្វើជាអ្នកត្រួសត្រាយពិសេសនៅលីវ បានបង្រៀនខ្ញុំឲ្យចេះសន្សំលុយដើម្បីទិញអ្វីៗដែលយើងត្រូវការ។ ប៉ុន្តែ ទោះជាយើងខំអស់ពីសមត្ថភាពក្ដី ជួនកាលយើងមិនអាចផ្គត់ផ្គង់អ្វីទាំងអស់តាមដែលយើងត្រូវការទេ។ នៅគ្រានោះ ខ្ញុំជឿថាព្រះយេហូវ៉ាបានជួយយើង។ ជាឧទាហរណ៍ ពីឆ្នាំ១៩៨៦ដល់១៩៩២ មានសង្គ្រាមស៊ីវិលនៅប្រទេសសូរីណាម។ ក្នុងអំឡុងឆ្នាំទាំងនោះ ជួនកាលគឺពិបាករករបស់របរប្រើប្រាស់បឋមៗ។ ទោះជាយ៉ាងនេះក្ដី ព្រះយេហូវ៉ាបានផ្គត់ផ្គង់យើង។—ម៉ាថ. ៦:៣២
ពេលគិតអំពីជីវិតខ្ញុំ
ពេញមួយជីវិតរបស់យើង ព្រះយេហូវ៉ាតែងតែបានមើលថែយើង ហើយជួយយើងឲ្យសប្បាយនិងស្កប់ចិត្ត។ កូនៗរបស់យើងបានធ្វើឲ្យយើងសប្បាយរីករាយខ្លាំងណាស់ ហើយយើងក៏សប្បាយចិត្តជាខ្លាំងដែលយើងអាចចិញ្ចឹមអប់រំពួកគេឲ្យបម្រើព្រះយេហូវ៉ា។ យើងសប្បាយដែលពួកគេក៏សម្រេចចិត្តយកកិច្ចបម្រើពេញពេលជាអាជីពរបស់ពួកគេ។ អេតនីអេលនិងចូវ៉ានីបានរៀនចប់សាលាកិច្ចបម្រើ ហើយឥឡូវពួកគេបម្រើនៅការិយាល័យសាខាសូរីណាមជាមួយប្រពន្ធរបស់ពួកគេ។
ឥឡូវ ខ្ញុំនិងអេតអែលចាស់ណាស់ហើយ ប៉ុន្តែយើងនៅតែជាប់រវល់ធ្វើកិច្ចការឲ្យព្រះយេហូវ៉ាជាអ្នកត្រួសត្រាយពិសេស។ តាមពិត យើងជាប់រវល់ជាខ្លាំងរហូតដល់ខ្ញុំមិនទាន់បានលៃទុកពេលដើម្បីរៀនហែលទឹក! ប៉ុន្តែ ខ្ញុំមិនស្ដាយក្រោយទេ។ ពេលគិតអំពីជីវិតខ្ញុំ ខ្ញុំនិយាយដោយស្មោះថា ការសម្រេចចិត្តពេលនៅក្មេងដើម្បីធ្វើការពេញពេលអស់មួយជីវិតឲ្យព្រះយេហូវ៉ា គឺជាការសម្រេចចិត្តដ៏ល្អបំផុត។