លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

ហេតុ​អ្វី​លោក​យេស៊ូ​ដក​ស្រង់​ពាក្យ​របស់​ដាវីឌ​នៅ​ទំនុក​តម្កើង ២២:១ពេល​លោក​ហៀប​នឹង​ស្លាប់?

ក្នុង​ចំណោម​ពាក្យ​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​មុន​លោក​ស្លាប់ មាន​ពាក្យ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាថាយ ២៧:៤៦​និង​ម៉ាកុស ១៥:៣៤ ដែល​ថា​៖ ​«​ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?​»។ ដោយ​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពាក្យ​របស់​ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង ២២:១​បាន​សម្រេច។ គឺ​ជា​ការ​ខុស​ឲ្យ​សន្និដ្ឋាន​ថា លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ទាំង​នេះ​ដោយ​សារ​លោក​ខក​ចិត្ត ឬ​ដោយ​សារ​លោក​បាត់​បង់​ជំនឿ​លើ​ព្រះ​អស់​មួយ​រយៈ​ពេល។ លោក​យេស៊ូ​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​ដែល​លោក​ត្រូវ​ស្លាប់ ហើយ​លោក​សុខ​ចិត្ត​ធ្វើ​ដូច្នេះ។ (​ម៉ាថ. ១៦:២១; ២០:២៨​) លោក​ក៏​ដឹង​ថា​ក្នុង​អំឡុង​ពេល​លោក​ស្លាប់ ព្រះ​យេហូវ៉ា​ត្រូវ​ដក​«​របង​ព័ទ្ធ​ជុំ​វិញ​»​ចេញ​ពី​លោក។ (​យ៉ូប ១:១០​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ឈប់​ការ​ពារ​លោក​យេស៊ូ​ដើម្បី​លោក​យេស៊ូ​អាច​បង្ហាញ​ថា លោក​តែង​តែ​រក្សា​ចិត្ត​ស្មោះ​ត្រង់ មិន​ថា​លោក​ត្រូវ​ស្លាប់​ដោយ​វេទនា​យ៉ាង​ណា​ក្ដី។—ម៉ាក. ១៤:៣៥, ៣៦

ដូច្នេះ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ពី​ទំនុក​នេះ? ទោះ​ជា​យើង​មិន​ដឹង​ច្បាស់​ក្ដី សូម​យើង​ពិចារណា​ចំណុច​ខ្លះ​ដែល​អាច​ជា​មូលហេតុ។ *

ដោយ​មាន​ប្រសាសន៍​ទាំង​នេះ លោក​យេស៊ូ​ប្រហែល​ជា​ចង់​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​មិន​ធ្វើ​អន្តរាគមន៍​បញ្ឈប់​ការ​ស្លាប់​របស់​លោក​ទេ។ លោក​យេស៊ូ​ត្រូវ​បង់​ថ្លៃ​លោះ​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ លោក​ជា​មនុស្សជាតិ​ម្នាក់ ហើយ​ត្រូវ​ស្លាប់​ដើម្បី​លោក​អាច​«​ឆ្លង​កាត់​សេចក្ដី​ស្លាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប​»។—ហេ. ២:៩

ដោយ​ដក​ស្រង់​ប៉ុន្មាន​ពាក្យ​ពី​ទំនុក​តម្កើង​នេះ លោក​យេស៊ូ​ប្រហែល​ជា​ចង់​ឲ្យ​អ្នក​ឯ​ទៀត​គិត​អំពី​ទំនុក​តម្កើង ២២នេះ​ទាំង​មូល។ នៅ​សម័យ​នោះ ជនជាតិ​យូដា​ច្រើន​តែ​ទន្ទេញ​ចាំ​ទំនុក​ផ្សេង​ៗ​ជា​ច្រើន​ពី​សៀវភៅ​ទំនុក​តម្កើង។ ដូច្នេះ ពេល​ពួក​គេ​ឮ​ខ​មួយ​នៃ​ទំនុក​ណា​មួយ តាម​ធម្មតា​ពួក​គេ​នឹក​ឃើញ​ទំនុក​នោះ​ទាំង​មូល។ បើ​នេះ​ជា​គោល​បំណង​របស់​លោក​យេស៊ូ ពាក្យ​របស់​លោក​បាន​ជួយ​អ្នក​កាន់​តាម​លោក​ដែល​ជា​ជនជាតិ​យូដា​ឲ្យ​ចាំ​អំពី​ទំនាយ​ជា​ច្រើន​ដែល​មាន​ក្នុង​ទំនុក​នេះ​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក​ស្លាប់។ (​ទំនុក. ២២:៧, ៨, ១៥, ១៦, ១៨, ២៤​) ពួក​គេ​ក៏​ប្រហែល​ជា​នឹក​ចាំ​ថា​ប៉ុន្មាន​ខ​ចុង​ក្រោយ​នៃ​ទំនុក​នេះ មាន​ពាក្យ​សរសើរ​ព្រះ​យេហូវ៉ា ហើយ​រៀប​រាប់​ថា​លោក​ជា​ស្ដេច​លើ​ផែនដី​ទាំង​មូល។—ទំនុក. ២២:២៧​-​៣១

ដោយ​ដក​ស្រង់​ពាក្យ​ទាំង​នេះ​របស់​ដាវីឌ លោក​យេស៊ូ​ប្រហែល​ជា​ចង់​បង្ហាញ​ថា​លោក​គ្មាន​ទោស​ទេ។ មុន​លោក​យេស៊ូ​បាន​ត្រូវ​គេ​សម្លាប់ លោក​បាន​ទទួល​ការ​កាត់​ក្ដី​ខុស​ច្បាប់ និង​ត្រូវ​គេ​វិនិច្ឆ័យ​ទោស​ថា​លោក​ជា​អ្នក​ប្រមាថ​ព្រះ។ (​ម៉ាថ. ២៦:៦៥, ៦៦​) ការ​កាត់​ក្ដី​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ភ្លាម​ៗ​នៅ​យប់​ជ្រៅ ហើយ​គេ​កាត់​ក្ដី​ដោយ​ប្រព្រឹត្ត​រំលង​មាត្រា​ច្បាប់។ (​ម៉ាថ. ២៦:៥៩; ម៉ាក. ១៤:៥៦​-​៥៩​) ដូច្នេះ ពេល​លោក​យេស៊ូ​បាន​ដក​ស្រង់​ទំនុក​តម្កើង ២២:១ គឺ​ហាក់​ដូច​ជា​លោក​មាន​ប្រសាសន៍​ថា ​«​ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ បើ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ?​»។ យ៉ាង​នេះ លោក​យេស៊ូ​ប្រហែល​ជា​ចង់​បញ្ជាក់​ថា​លោក​គ្មាន​កំហុស​ឡើយ។

ដោយ​ដក​ស្រង់​ពាក្យ​របស់​អ្នក​សរសេរ​ទំនុក​តម្កើង​នេះ លោក​យេស៊ូ​ក៏​ប្រហែល​ជា​ចង់​បញ្ជាក់​ថា​លោក​មិន​បាន​បាត់​បង់​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ទេ។ ដាវីឌ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​រង​ទុក្ខ តែ​នេះ​មិន​មាន​ន័យ​ថា​គាត់​បាត់​បង់​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ឡើយ។ សំណួរ​របស់​ដាវីឌ​ក៏​មិន​បង្ហាញ​ថា​គាត់​គ្មាន​ជំនឿ​ឡើយ។ ក្រោយ​ពី​លើក​សំណួរ​នោះ ដាវីឌ​បង្ហាញ​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​អាច​សង្គ្រោះ​រាស្ត្រ​របស់​លោក ហើយ​ព្រះ​យេហូវ៉ា​បាន​បន្ត​ឲ្យ​ពរ​គាត់។ (​ទំនុក. ២២:២៣, ២៤, ២៧​) ស្រដៀង​គ្នា​ដែរ ទោះ​ជា​លោក​យេស៊ូ​ដែល​ជា​«​បុត្រ​ដាវីឌ​»​រង​ទុក្ខ​នៅ​លើ​បង្គោល​ទារុណកម្ម​ក្ដី នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​នឹង​លោក​យេស៊ូ​ទេ។—ម៉ាថ. ២១:៩

លោក​យេស៊ូ​ប្រហែល​ជា​មាន​ប្រសាសន៍​នេះ​ដើម្បី​បង្ហាញ​ថា​លោក​កើត​ទុក្ខ​យ៉ាង​ខ្លាំង ដោយ​សារ​ព្រះ​យេហូវ៉ា​ត្រូវ​ដក​ការ​ការ​ពារ​ចេញ​ពី​លោក​ដើម្បី​លោក​យេស៊ូ​អាច​បង្ហាញ​យ៉ាង​ពេញ​លេញ​ថា លោក​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។ គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ឲ្យ​បុត្រ​របស់​លោក​រង​ទុក្ខ​និង​ស្លាប់​ទេ។ នេះ​ត្រូវ​កើត​ឡើង ដោយ​សារ​តែ​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង។ លោក​យេស៊ូ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ តែ​លោក​ត្រូវ​រង​ទុក្ខ​និង​ស្លាប់​ដើម្បី​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាថាន និង​ផ្ដល់​ថ្លៃ​លោះ​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ទិញ​អ្វី​ដែល​អាដាម​បាន​បាត់​បង់​មក​វិញ។ (​ម៉ាក. ៨:៣១; ១​ពេ. ២:២១​-​២៤​) នេះ​អាច​កើត​ឡើង​ទៅ​បាន លុះ​ត្រា​តែ​ព្រះ​យេហូវ៉ា​ដក​ការ​ការ​ពារ​ចេញ​ពី​លោក​យេស៊ូ​អស់​មួយ​រយៈ​ពេល​ខ្លី​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​លោក​យេស៊ូ។

លោក​យេស៊ូ​ប្រហែល​ជា​ចង់​ជួយ​អ្នក​កាន់​តាម​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម។ * លោក​យេស៊ូ​ដឹង​ថា​ការ​ស្លាប់​បែប​នេះ​ក្នុង​នាម​ជា​ឧក្រិដ្ឋ​ជន​នៅ​លើ​បង្គោល​ទារុណកម្ម នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល។ (​១​កូ. ១:២៣​) បើ​អ្នក​កាន់​តាម​លោក​ផ្ដោត​អារម្មណ៍​ទៅ​លើ​មូលហេតុ​ពិត​ប្រាកដ​ដែល​លោក​ត្រូវ​ស្លាប់ ពួក​គេ​នឹង​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​ស្លាប់​របស់​លោក។ (​កាឡ. ៣:១៣, ១៤​) យ៉ាង​នេះ ពួក​គេ​នឹង​ចាត់​ទុក​លោក​ថា​ជា​អ្នក​សង្គ្រោះ មិន​មែន​ជា​ឧក្រិដ្ឋ​ជន​ទេ។

ទោះ​ជា​លោក​យេស៊ូ​ដក​ស្រង់​ពាក្យ​ទាំង​នេះ​ដោយ​មាន​មូលហេតុ​អ្វី​ក៏​ដោយ លោក​ដឹង​ថា​ដោយ​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម លោក​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ ភ្លាម​ៗ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​ពី​ទំនុក​នោះ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ទាំង​អស់​បាន​សម្រេច​ហើយ!​»។ (​យ៉ូន. ១៩:៣០; លូក. ២២:៣៧​) ការ​ដែល​ព្រះ​យេហូវ៉ា​ដក​ការ​ការ​ពារ​ចេញ​ពី​លោក​យេស៊ូ​អស់​មួយ​រយៈ​ពេល​ខ្លី នោះ​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​សម្រេច​យ៉ាង​ពេញ​លេញ​នូវ​អ្វី​ទាំង​អស់​ដែល​ជា​ហេតុ​នាំ​ឲ្យ​លោក​មក​ផែនដី។ នោះ​ក៏​អនុញ្ញាត​ឲ្យ​លោក​សម្រេច​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក​«​ក្នុង​ច្បាប់​ម៉ូសេ ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ និង​ក្នុង​បទ​ទំនុក​តម្កើង​»។—លូក. ២៤:៤៤

^ វគ្គ 2 សូម​មើល​ផង​ដែរ​នូវ​វគ្គ​៩​និង​១០​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​មេ​រៀន​ពី​ប្រសាសន៍​ចុង​ក្រោយ​របស់​លោក​យេស៊ូ​»​ នៅ​ក្នុង​លេខ​នេះ។

^ វគ្គ 5 ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ ជួន​កាល​លោក​បាន​សួរ​សំណួរ​ឬ​មាន​ប្រសាសន៍​ដែល​មិន​បង្ហាញ​អំពី​អារម្មណ៍​របស់​លោក​ឡើយ។ លោក​បាន​ធ្វើ​ដូច្នេះ​ដើម្បី​បើក​ឱកាស​ឲ្យ​អ្នក​កាន់​តាម​លោក​ប្រាប់​អំពី​ជំនឿ​របស់​ពួក​គេ។—ម៉ាក. ៧:២៤​-​២៧; យ៉ូន. ៦:១​-​៥; សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១០ ទំព័រ​១៥​-​១៦