លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៤

‹ចូរដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់›

‹ចូរដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់›

​«​គ្រិស្ត​បាន​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា ហើយ​ទុក​គំរូ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។—១​ពេ​. ២:២១

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

សេចក្ដី​សង្ខេប *

លោក​យេស៊ូ​បាន​បន្សល់​ទុក​ស្នាម​ដាន​ជើង​ដើម្បី​ឲ្យ​យើង​ដើរ​តាម​ឲ្យ​បាន​ដិត​ដល់ (​សូម​មើល​វគ្គ​១​-​២​)

១​-​២. តើ​តាម​របៀប​ណា​យើង​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ? សូម​លើក​ឧទាហរណ៍​មួយ។

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​ដើរ​កាត់​វាល​មីន​ជា​មួយ​មនុស្ស​មួយ​ក្រុម។ អ្នក​នាំ​ផ្លូវ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​កំពុង​ដើរ​ទៅ​មុន​អ្នក។ កាល​ដែល​គាត់​ដើរ​ទៅ គាត់​ទុក​ស្នាម​ដាន​ជើង​នៅ​លើ​ដី។ ស្រាប់​តែ​ពេល​មួយ អ្នក​លែង​ឃើញ​អ្នក​នាំ​ផ្លូវ​នោះ ប៉ុន្តែ​អ្នក​មិន​ស្លន់​ស្លោ​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នក​និង​អ្នក​រួម​ដំណើរ​ឯ​ទៀត ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ដើរ​តាម​ស្នាម​ដាន​ជើង​របស់​អ្នក​នាំ​ផ្លូវ​នោះ​យ៉ាង​ដិត​ដល់។

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត គឺ​ហាក់​ដូច​ជា​យើង​កំពុង​ដើរ​កាត់​វាល​មីន​មួយ ពោល​គឺ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។ យើង​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្នក​នាំ​ផ្លូវ​ដ៏​ល្អ​ឥត​ខ្ចោះ គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក។ យើង​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​យ៉ាង​ដិត​ដល់។ (​១​ពេ​. ២:២១​) តាម​ឯកសារ​យោង​មួយ​អំពី​គម្ពីរ នៅ​ខ​នេះ ពេត្រុស​ប្រដូច​លោក​យេស៊ូ​ទៅ​នឹង​អ្នក​នាំ​ផ្លូវ។ ដូច​អ្នក​នាំ​ផ្លូវ​ដែល​ទុក​ស្នាម​ដាន​ជើង លោក​យេស៊ូ​បាន​ទុក​លំអាន​ដាន​ឬ​ដាន​ជើង​ដែល​យើង​អាច​ដើរ​តាម។ សូម​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​បី​អំពី​ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក គឺ​៖ តើ​ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? ហេតុ​អ្វី​យើង​គួរ​ធ្វើ​ដូច្នេះ? តើ​យើង​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​យ៉ាង​ដូច​ម្ដេច?

តើ​ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា?

៣. តើ​ការ​ដើរ​តាម​លំអាន​ដាន​របស់​បុគ្គល​ណា​ម្នាក់​មាន​ន័យ​យ៉ាង​ណា?

តើ​ការ​ដើរ​តាម​លំអាន​ដាន​របស់​បុគ្គល​ណា​ម្នាក់​មាន​ន័យ​យ៉ាង​ណា? នៅ​ក្នុង​គម្ពីរ ពាក្យ​«​ដើរ​»​និង​«​ជើង​»​ជួន​កាល​សំដៅ​លើ​របៀប​រស់​នៅ​របស់​បុគ្គល​ណា​ម្នាក់។ (​លោ. ៦:៩; សុភ. ៤:២៦​) របៀប​រស់​នៅ​របស់​បុគ្គល​ណា​ម្នាក់​អាច​ប្រដូច​ទៅ​នឹង​លំអាន​ដាន ឬ​ដាន​ជើង​ដែល​គាត់​បន្សល់​ទុក​ពេល​គាត់​ដើរ។ ដូច្នេះ ការ​ដើរ​តាម​លំអាន​ដាន​របស់​បុគ្គល​ណា​ម្នាក់​មាន​ន័យ​ថា​យើង​ធ្វើ​តាម​គំរូ​គាត់ ឬ​យក​តម្រាប់​គាត់។

៤. តើ​ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា?

ដូច្នេះ តើ​ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? និយាយ​ឲ្យ​ចំ​ទៅ នេះ​មាន​ន័យ​ថា​យើង​ធ្វើ​តាម​គំរូ​របស់​លោក។ ក្នុង​បទ​គម្ពីរ​ដែល​ជា​ប្រធាន​សម្រាប់​អត្ថបទ​នេះ សាវ័ក​ពេត្រុស​ផ្ដោត​ទៅ​លើ​គំរូ​ដ៏​ល្អ​របស់​លោក​យេស៊ូ​អំពី​ការ​ស៊ូ​ទ្រាំ​ចំពោះ​ទុក្ខ​វេទនា។ ប៉ុន្តែ មាន​របៀប​ផ្សេង​ជា​ច្រើន​ទៀត​ដែល​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ។ (​១​ពេ​. ២:១៨​-​២៥​) តាម​ការ​ពិត ជីវិត​ទាំង​មូល​របស់​លោក​យេស៊ូ រួម​ទាំង​អ្វី​ទាំង​អស់​ដែល​លោក​មាន​ប្រសាសន៍​និង​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ គឺ​ជា​គំរូ​ល្អ​ឲ្យ​យើង​ធ្វើ​តាម។

៥. តើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ពិត​ជា​អាច​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ​បាន​ឬ​ទេ? សូម​ពន្យល់។

តើ​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ពិត​ជា​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​បាន​ឬ​ទេ? យើង​អាច​ធ្វើ​បាន! សូម​ចាំ​ថា​ពេត្រុស​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ខំ​ដើរ​តាម​លំអាន​ដាន​របស់​លោក​[​យេស៊ូ​]​ឲ្យ​បាន​ដិត​ដល់​»​ មិន​មែន​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទេ។ បើ​យើង​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់ ដោយ​ខំ​អស់​ពី​សមត្ថភាព​ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់​សាវ័ក​យ៉ូហាន​ដែល​ថា​៖ ​«​[​ចូរ​]​រក្សា​របៀប​រស់​នៅ ដូច​លោក​យេស៊ូ​ធ្លាប់​មាន​»។—១​យ៉ូន. ២:៦

ហេតុ​អ្វី​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ?

៦​-​៧. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ នឹង​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា?

ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​នឹង​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ទី​១ លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​អំពី​ការ​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ (​យ៉ូន. ៨:២៩​) ដូច្នេះ បើ​យើង​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ យើង​អាច​ប្រាកដ​ថា​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​នឹង​ចូល​មក​ជិត​ពួក​អ្នក​ដែល​ព្យាយាម​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក។—យ៉ា. ៤:៨

ទី​២ លោក​យេស៊ូ​បាន​យក​តម្រាប់​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ហេតុ​នេះ លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ (​យ៉ូន. ១៤:៩​) យើង​អាច​មាន​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត និង​គុណ​សម្បត្តិ​ដូច​លោក​យេស៊ូ។ ជា​ឧទាហរណ៍ លោក​អាណិត​អាសូរ​ចំពោះ​អ្នក​កើត​ជំងឺ​ឃ្លង់ លោក​យល់​អារម្មណ៍​ស្ត្រី​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ ហើយ​លោក​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​បុគ្គល​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់។ ពេល​យើង​បង្ហាញ​គុណ​សម្បត្តិ​ដូច​លោក​យេស៊ូ និង​មាន​ការ​ប្រព្រឹត្ត​ដូច​លោក យើង​កំពុង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែរ។ (​ម៉ាក. ១:៤០, ៤១; ៥:២៥​-​៣៤; យ៉ូន. ១១:៣៣​-​៣៥​) កាល​ដែល​យើង​កាន់​តែ​ដូច​ព្រះ​យេហូវ៉ា នោះ​យើង​កាន់​តែ​ចូល​ទៅ​ជិត​លោក។

៨. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​នឹង​ជួយ​យើង​ឲ្យ​«​ឈ្នះ​ពិភព​លោក​»​នេះ។

ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​ជួយ​យើង​មិន​ឲ្យ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​បំបែរ​អារម្មណ៍​យើង។ នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​អាច​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ​»។ (​យ៉ូន. ១៦:៣៣​) ពាក្យ​របស់​លោក​មាន​ន័យ​ថា​លោក​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​គំនិត គោល​ដៅ និង​ការ​ប្រព្រឹត្ត​របស់​ពិភព​លោក​នេះ​ឡើយ។ លោក​យេស៊ូ​មិន​បាន​ភ្លេច​មូលហេតុ​ដែល​លោក​បាន​ត្រូវ​ចាត់​ឲ្យ​មក​ផែនដី ពោល​គឺ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ ចុះ​យ៉ាង​ណា​យើង​វិញ? ក្នុង​ពិភព​លោក​នេះ មាន​អ្វី​ជា​ច្រើន​ដែល​អាច​បង្វែរ​អារម្មណ៍​យើង។ ប៉ុន្តែ​ដូច​លោក​យេស៊ូ បើ​យើង​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា យើង​ក៏​នឹង​«​ឈ្នះ​»​ពិភព​លោក​ដែរ។—១​យ៉ូន. ៥:៥

៩. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?

ការ​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​នាំ​ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពេល​បុរស​អ្នក​មាន​វ័យ​ក្មេង​ម្នាក់​បាន​សួរ​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។ (​ម៉ាថ. ១៩:១៦​-​២១​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ជនជាតិ​យូដា​ខ្លះ​ដែល​មិន​ជឿ​ថា​លោក​ជា​គ្រិស្ត ថា​៖ ​«​ចៀម​របស់​ខ្ញុំ . . . មក​តាម​ខ្ញុំ។ ខ្ញុំ​ក៏​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ​»។ (​យ៉ូន. ១០:២៤​-​២៩​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​នីកូដេម​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ និង​ជា​អ្នក​ចាប់​អារម្មណ៍​សេចក្ដី​បង្រៀន​របស់​លោក​ថា អ្នក​ដែល​«​បង្ហាញ​ជំនឿ​លើ​»​លោក នឹង​«​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៣:១៦​) យើង​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ ដោយ​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​បង្រៀន ព្រម​ទាំង​មាន​ការ​ប្រព្រឹត្ត​ដូច​លោក។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​បន្ត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—ម៉ាថ. ៧:១៤

តើ​យើង​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​យ៉ាង​ដូច​ម្ដេច?

១០. តើ​ការ​«​ស្គាល់​»​លោក​យេស៊ូ​ឲ្យ​បាន​ច្បាស់​រួម​បញ្ចូល​អ្វី​ខ្លះ? (​យ៉ូហាន ១៧:៣​)

១០ មុន​យើង​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់ យើង​ត្រូវ​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​សិន។ (​សូម​អាន យ៉ូហាន ១៧:៣) ការ​«​ស្គាល់​»​លោក​យេស៊ូ​ឲ្យ​បាន​ច្បាស់ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​បន្ត​ធ្វើ។ យើង​ត្រូវ​បន្ត​រៀន​អំពី​លោក​យេស៊ូ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ៗ ពោល​គឺ​រៀន​អំពី​គុណ​សម្បត្តិ របៀប​គិត​គូរ និង​ខ្នាត​តម្រា​របស់​លោក។ មិន​ថា​យើង​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​ប៉ុណ្ណា​ក៏​ដោយ យើង​ត្រូវ​បន្ត​ខំ​ប្រឹង​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​យ៉ាង​ច្បាស់។

១១. តើ​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​មាន​ព័ត៌មាន​អ្វី​ខ្លះ?

១១ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង លោក​បាន​បញ្ចូល​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ក្នុង​បណ្ដាំ​របស់​លោក ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​បុត្រ​របស់​លោក​ឲ្យ​បាន​ច្បាស់។ សៀវភៅ​ដំណឹង​ល្អ​ទាំង​នោះ​រៀប​រាប់​អំពី​ខ្សែ​ជីវិត​និង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ ហើយ​ប្រាប់​យើង​អំពី​អ្វី​ដែល​លោក​មាន​ប្រសាសន៍ អ្វី​ដែល​លោក​ធ្វើ និង​អារម្មណ៍​របស់​លោក។ សៀវភៅ​ទាំង​បួន​នោះ​ជួយ​យើង​«​ពិចារណា​ឲ្យ​បាន​ដិត​ដល់​»​អំពី​គំរូ​របស់​លោក​យេស៊ូ។ (​ហេ. ១២:៣​) សៀវភៅ​ទាំង​នោះ​ហាក់​ដូច​ជា​មាន​ដាន​ជើង​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ។ ដូច្នេះ ដោយ​សិក្សា​សៀវភៅ​ដំណឹង​ល្អ យើង​អាច​ស្គាល់​លោក​យេស៊ូ​កាន់​តែ​ច្បាស់​ឡើង​ៗ។ យ៉ាង​នេះ យើង​អាច​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់។

១២. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​សៀវភៅ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច?

១២ ដើម្បី​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​សៀវភៅ​ដំណឹង​ល្អ យើង​មិន​គ្រាន់​តែ​ត្រូវ​អាន​សៀវភៅ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ។ យើង​ត្រូវ​លៃ​ទុក​ពេល​ដើម្បី​សិក្សា​សៀវភៅ​ទាំង​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​រំពឹង​គិត​យ៉ាង​ស៊ី​ជម្រៅ។ (​សូម​ពិនិត្យ​បន្ថែម យ៉ូស្វេ ១:៨​) សូម​យើង​ពិចារណា​យោបល់​ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​រំពឹង​គិត​ក្រោយ​ពី​យើង​បាន​អាន​សៀវភៅ​ដំណឹង​ល្អ ព្រម​ទាំង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​យើង​អាន​ពី​សៀវភៅ​ទាំង​នោះ។

១៣. តើ​យើង​អាច​ធ្វើ​ឲ្យ​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​រស់​រវើក​យ៉ាង​ដូច​ម្ដេច?

១៣ ទី​១ សូម​ធ្វើ​ឲ្យ​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​រស់​រវើក។ សូម​ប្រើ​សមត្ថភាព​ស្រមៃ​គិត​របស់​អ្នក​ដើម្បី​ឃើញ ឮ និង​មាន​អារម្មណ៍​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នោះ។ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត​នៅ​ក្នុង​សៀវភៅ​ផ្សេង​ៗ​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ។ សូម​ពិនិត្យ​មើល​បរិបទ ពោល​គឺ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​មុន​ឬ​ក្រោយ​កំណត់​ហេតុ​ដែល​អ្នក​កំពុង​សិក្សា។ សូម​ស្វែង​រក​ព័ត៌មាន​ថែម​ទៀត​អំពី​បុគ្គល​និង​ទី​កន្លែង​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​កំណត់​ហេតុ​នោះ។ សូម​ប្រៀប​ធៀប​កំណត់​ហេតុ​ដែល​អ្នក​កំពុង​សិក្សា​ជា​មួយ​នឹង​កំណត់​ហេតុ​ដូច​គ្នា​ដែល​នៅ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ផ្សេង​ទៀត។ ជួន​កាល អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ម្នាក់​រៀប​រាប់​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ម្នាក់​ទៀត​មិន​បាន​លើក​ឡើង។

១៤​-​១៥. តើ​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​អនុវត្ត​មេ​រៀន​ពី​កំណត់​ហេតុ​អំពី​ជីវិត​របស់​លោក​យេស៊ូ?

១៤ ទី​២ ចូរ​ធ្វើ​តាម​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ (​យ៉ូន. ១៣:១៧​) ក្រោយ​ពី​អ្នក​បាន​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​កំណត់​ហេតុ​មួយ​ក្នុង​សៀវភៅ​ដំណឹង​ល្អ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​មាន​មេ​រៀន​ដែល​ខ្ញុំ​អាច​អនុវត្ត​ក្នុង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់​ឬ​ទេ? តើ​ខ្ញុំ​អាច​ប្រើ​កំណត់​ហេតុ​នេះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?›។ សូម​ព្យាយាម​គិត​អំពី​បុគ្គល​ណា​ម្នាក់ ហើយ​ក្រោយ​មក​ដោយ​សេចក្ដី​ស្រឡាញ់​និង​ដោយ​មិន​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ត សូម​ប្រាប់​គាត់​អំពី​មេ​រៀន​ដែល​អ្នក​បាន​រៀន។

១៥ សូម​យើង​គិត​អំពី​ឧទាហរណ៍​មួយ​ស្ដី​អំពី​របៀប​ដែល​យើង​អាច​អនុវត្ត​យោបល់​ទាំង​ពីរ​នេះ។ យើង​នឹង​ពិចារណា​កំណត់​ហេតុ​អំពី​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់ ដែល​លោក​យេស៊ូ​បាន​សង្កេត​ឃើញ​ក្នុង​វិហារ។

ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​នៅ​វិហារ

១៦. សូម​ពន្យល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ម៉ាកុស ១២:៤១

១៦ ចូរ​ធ្វើ​ឲ្យ​កំណត់​ហេតុ​នោះ​រស់​រវើក។ (​សូម​អាន ម៉ាកុស ១២:៤១) សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​ណែសាន ឆ្នាំ​៣៣​គ.ស. ដែល​មិន​ដល់​មួយ​សប្ដាហ៍​មុន​លោក​យេស៊ូ​ស្លាប់។ លោក​បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ថ្ងៃ​នោះ​ដើម្បី​បង្រៀន​ក្នុង​វិហារ ហើយ​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ប្រឆាំង​លោក។ មុន​នោះ ពួក​គេ​ខ្លះ​បាន​សួរ​ថា​លោក​ធ្វើ​ការ​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី។ អ្នក​ខ្លះ​ទៀត​ព្យាយាម​សួរ​សំណួរ​ផ្ចាញ់​ផ្ចាល​ដល់​លោក។ (​ម៉ាក. ១១:២៧​-​៣៣; ១២:១៣​-​៣៤​) ឥឡូវ​លោក​យេស៊ូ​បាន​ទៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​វិហារ។ នៅ​ទី​នោះ​ទំនង​ជា​កន្លែង​ដែល​គេ​ហៅ​ថា​ទី​លាន​ស្ត្រី។ លោក​អាច​ឃើញ​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់​នៅ​ក្បែរ​ជញ្ជាំង​ទី​លាន​នោះ។ លោក​អង្គុយ​នៅ​ទី​នោះ ហើយ​ចាប់​ផ្ដើម​សង្កេត​មើល​បណ្ដា​ជន​ដាក់​វិភាគទាន​នៅ​ក្នុង​ប្រដាប់​ដាក់​កាក់​ទាំង​នោះ។ លោក​ឃើញ​អ្នក​មាន​ជា​ច្រើន​នាក់​ដាក់​កាក់​យ៉ាង​ច្រើន ហើយ​លោក​ប្រហែល​ជា​នៅ​ជិត​ល្មម​ដែល​អាច​ឮ​សំឡេង​កាក់​ធ្លាក់​ចុះ​ទៅ​ក្នុង​ប្រដាប់​ដាក់​កាក់​ទាំង​នោះ។

១៧. តើ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាកុស ១២:៤២​បាន​ធ្វើ​អ្វី?

១៧ សូម​អាន ម៉ាកុស ១២:៤២ក្រោយ​មក លោក​យេស៊ូ​កត់​សម្គាល់​ស្ត្រី​ម្នាក់។ គាត់​ជា​«​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​»។ (​លូក. ២១:២​) ជីវិត​របស់​គាត់​ពិបាក​ណាស់ គាត់​ទំនង​ជា​ខ្វះ​ប្រាក់​ទិញ​អ្វី​ដែល​គាត់​ត្រូវ​ការ​សម្រាប់​ផ្គត់​ផ្គង់​ជីវិត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គាត់​ដើរ​ទៅ​ប្រដាប់​ដាក់​កាក់​មួយ ហើយ​ដាក់​កាក់​តូច​ពីរ​ដែល​ប្រហែល​ជា​មិន​សូវ​មាន​សំឡេង​ពេល​ធ្លាក់​ចុះ​ទៅ​ក្នុង​ប្រដាប់​ដាក់​កាក់​ទេ។ លោក​យេស៊ូ​ដឹង​ថា​គាត់​ដាក់​វិភាគទាន​ពីរ​ឡិបតា ជា​កាក់​តូច​បំផុត​ដែល​គេ​ប្រើ​នៅ​សម័យ​នោះ។ តម្លៃ​កាក់​នោះ​មិន​គ្រប់​គ្រាន់​ដើម្បី​ទិញ​ចាប​ពូក​មួយ ដែល​ជា​ចាប​ដ៏​ថោក​បំផុត​មួយ​សម្រាប់​លក់​ជា​អាហារ​ឡើយ។

១៨. នៅ​ម៉ាកុស ១២:៤៣, ៤៤ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​វិភាគទាន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់?

១៨ សូម​អាន ម៉ាកុស ១២:៤៣, ៤៤លោក​យេស៊ូ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី​មេម៉ាយ​នេះ។ ដូច្នេះ លោក​ហៅ​អ្នក​កាន់​តាម​លោក​ឲ្យ​មក​មើល​ស្ត្រី​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​មួយ​រូប​នេះ បាន​ដាក់​ច្រើន​ជាង​ពួក​គេ​ទាំង​អស់​»។ បន្ទាប់​មក លោក​ពន្យល់​ថា​៖ ​«​ពួក​គេ​[​ជា​ពិសេស​ពួក​អ្នក​មាន​]​បាន​ដាក់​ប្រាក់​សំណល់​របស់​ខ្លួន ប៉ុន្តែ​ចំណែក​នាង​វិញ ពិត​មែន​តែ​នាង​ខ្វះ​ខាត តែ​នាង​ដាក់​ប្រាក់​ទាំង​អស់ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត​»។ នៅ​ថ្ងៃ​នោះ ពេល​ស្ត្រី​មេម៉ាយ​ដ៏​ស្មោះ​ត្រង់​នេះ​ឲ្យ​ប្រាក់​ចុង​ក្រោយ​របស់​គាត់ គាត់​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​គាត់។—ទំនុក. ២៦:៣

ដូច​លោក​យេស៊ូ ចូរ​សរសើរ​បង​ប្អូន​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព (​សូម​មើល​វគ្គ​១៩​-​២០​) *

១៩. តើ​យើង​អាច​រៀន​មេ​រៀន​សំខាន់​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​នេះ?

១៩ ចូរ​អនុវត្ត​មេ​រៀន​ពី​កំណត់​ហេតុ​នេះ​ក្នុង​ជីវិត​របស់​អ្នក។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាច​ទាញ​មេ​រៀន​អ្វី​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​នេះ?›។ សូម​គិត​អំពី​ស្ត្រី​នេះ។ គាត់​ច្បាស់​ជា​ចង់​ដាក់​វិភាគទាន​ច្រើន​ជាង​នេះ​ទៅ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន គឺ​គាត់​បាន​ឲ្យ​ព្រះ​យេហូវ៉ា​ប្រាក់​ទាំង​អស់​ដែល​គាត់​មាន ឬ​បាន​ឲ្យ​អស់​ពី​សមត្ថភាព​របស់​គាត់។ លោក​យេស៊ូ​ដឹង​ថា​វិភាគទាន​របស់​គាត់​មាន​តម្លៃ​ណាស់​ចំពោះ​បិតា​លោក។ មេ​រៀន​សំខាន់​សម្រាប់​យើង​គឺ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​បម្រើ​លោក​ឲ្យ​អស់​ពី​ដួង​ចិត្ត​និង​អស់​ពី​ព្រលឹង។ (​ម៉ាថ. ២២:៣៧; កូឡ. ៣:២៣​) ព្រះ​យេហូវ៉ា​រីករាយ​ពេល​ឃើញ​យើង​ខំ​អស់​ពី​សមត្ថភាព។ គោល​ការណ៍​នោះ​ជាប់​ទាក់​ទង​នឹង​ពេល​វេលា​និង​កម្លាំង​ដែល​យើង​អាច​ចំណាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ រួម​ទាំង​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​កិច្ច​ប្រជុំ។

២០. តើ​អ្នក​អាច​អនុវត្ត​មេ​រៀន​ពី​កំណត់​ហេតុ​អំពី​ស្ត្រី​មេម៉ាយ​នេះ​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

២០ តើ​អ្នក​អាច​អនុវត្ត​មេ​រៀន​ពី​កំណត់​ហេតុ​អំពី​ស្ត្រី​មេម៉ាយ​នេះ​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​បុគ្គល​ខ្លះ​ៗ​ដែល​ប្រហែល​ជា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ថា ការ​ខំ​ប្រឹង​របស់​ពួក​គេ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ តើ​អ្នក​ស្គាល់​បង​ស្រី​វ័យ​ចាស់​ម្នាក់​ដែល​ប្រហែល​ជា​បន្ទោស​ខ្លួន ឬ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ដោយសារ​គាត់​លែង​មាន​សុខភាព​ល្អ​ឬ​កម្លាំង​ច្រើន​ដើម្បី​ធ្វើ​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ? តើ​អ្នក​អាច​គិត​អំពី​បង​ប្រុស​ម្នាក់​ដែល​មាន​ជំងឺ​ឈឺ​ចាប់​រ៉ាំរ៉ៃ ហើយ​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​គាត់​មិន​អាច​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់​នៅ​សាល​ប្រជុំ​ឬ​ទេ? ចូរ​ពោល​ពាក្យ​«​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»​ដើម្បី​ជួយ​បុគ្គល​បែប​នេះ។ (​អេភ. ៤:២៩​) ចូរ​ប្រាប់​ពួក​គេ​អំពី​មេ​រៀន​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ដែល​យើង​បាន​រៀន​ពី​កំណត់​ហេតុ​អំពី​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់។ ពាក្យ​លើក​ទឹក​ចិត្ត​របស់​អ្នក​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គេ​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​យើង​បម្រើ​លោក​អស់​ពី​សមត្ថភាព។ (​សុភ. ១៥:២៣; ១​ថែ. ៥:១១​) ពេល​អ្នក​សរសើរ​អ្នក​ឯ​ទៀត ដោយ​សារ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព មិន​ថា​នោះ​មើល​ទៅ​តិច​តួច​យ៉ាង​ណា​ក្ដី អ្នក​កំពុង​ដើរ​តាម​លំអាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់។

២១. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២១ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​សៀវភៅ​ដំណឹង​ល្អ​មាន​ព័ត៌មាន​ជា​ច្រើន​អំពី​ជីវិត​របស់​លោក​យេស៊ូ ដែល​អាច​ជួយ​យើង​ឲ្យ​យក​តម្រាប់​លោក ឬ​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់។ អ្នក​ប្រហែល​ជា​អាច​ជ្រើស​រើស​សៀវភៅ​ដំណឹង​ល្អ​ជា​ប្រធានបទ​សម្រាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន ឬ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ សូម​យើង​ចាំ​ថា​ដើម្បី​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​សិក្សា​បែប​នេះ យើង​ត្រូវ​ធ្វើ​ឲ្យ​កំណត់​ហេតុ​នោះ​រស់​រវើក ហើយ​អនុវត្ត​ក្នុង​ជីវិត​របស់​យើង។ ក្រៅ​ពី​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រព្រឹត្ត យើង​ត្រូវ​ស្ដាប់​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អ្វី​ដែល​យើង​អាច​រៀន​ពី​ប្រសាសន៍​ចុង​ក្រោយ​របស់​លោក​យេស៊ូ​ជា​មនុស្សជាតិ។

ចម្រៀង​លេខ​១៥ ចូរ​សរសើរ​បុត្រ​ច្បង​របស់​ព្រះ​យេហូវ៉ា!

^ វគ្គ 5 ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត យើង​ត្រូវ​«​ដើរ​តាម​លំអាន​ដាន​របស់​លោក​[​យេស៊ូ​]​ឲ្យ​បាន​ដិត​ដល់​»។ តើ​លោក​យេស៊ូ​បាន​ទុក​«​លំអាន​ដាន​»​បែប​ណា​ឲ្យ​យើង? ក្នុង​អត្ថបទ​នេះ យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​នេះ ហើយ​យើង​ក៏​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​ដើរ​តាម​លំអាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់ និង​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ស្ត្រី​មេម៉ាយ​ក្រី​ក្រ បង​ស្រី​ម្នាក់​សរសើរ​បង​ស្រី​វ័យ​ចាស់​ម្នាក់​ចំពោះ​កិច្ច​បម្រើ​ដ៏​អស់​ពី​ចិត្ត​របស់​គាត់។