អត្ថបទសិក្សា ១៤
«យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ»
«យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។—យ៉ូន. ១៣:៣៥
ចម្រៀងលេខ១០៦ បណ្ដុះសេចក្ដីស្រឡាញ់
សេចក្ដីសង្ខេប a
១. តើមនុស្សកត់សម្គាល់អំពីអ្វីពេលពួកគេចូលរួមកិច្ចប្រជុំជាលើកដំបូង? (សូមមើលរូបភាពផងដែរ)
សូមស្រមៃគិតអំពីប្ដីប្រពន្ធមួយគូដែលចូលរួមកិច្ចប្រជុំជាលើកដំបូងនៅសាលប្រជុំនៃសាក្សីព្រះយេហូវ៉ា។ ពួកគេកោតស្ងើចជាខ្លាំងចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅដែលពួកគេទទួល និងសេចក្ដីស្រឡាញ់ក្នុងចំណោមពួកអ្នកក្រុមជំនុំ។ នៅតាមផ្លូវទៅផ្ទះក្រោយពីកិច្ចប្រជុំ ប្រពន្ធនិយាយទៅប្ដីគាត់ថា៖ ‹មនុស្សទាំងនោះខុសគ្នាពីមនុស្សឯទៀតដែលយើងបានជួប ហើយអូនពិតជាសប្បាយនៅជាមួយពួកគេ›។
២. ហេតុអ្វីអ្នកខ្លះបានជំពប់ដួល?
២ សេចក្ដីស្រឡាញ់ដែលមានក្នុងចំណោមបងប្អូនក្នុងក្រុមជំនុំគ្រិស្តសាសនិកគឺអស្ចារ្យណាស់។ ប៉ុន្តែសាក្សីព្រះយេហូវ៉ាជាមនុស្សមិនល្អឥតខ្ចោះទេ។ (១យ៉ូន. ១:៨) ដូច្នេះ កាលដែលយើងកាន់តែស្គាល់បងប្អូនក្នុងក្រុមជំនុំ យើងទំនងជានឹងកាន់តែឃើញកំហុសខ្លះរបស់ពួកគេ។ (រ៉ូម ៣:២៣) គួរឲ្យស្ដាយ អ្នកខ្លះបានអនុញ្ញាតឲ្យភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត ធ្វើឲ្យពួកគេជំពប់ដួល។
៣. តើអ្វីជាលក្ខណៈសម្គាល់នៃពួកអ្នកកាន់តាមពិតរបស់លោកយេស៊ូ? (យ៉ូហាន ១៣:៣៤, ៣៥)
៣ សូមមើលបទគម្ពីរជាមូលដ្ឋានសម្រាប់អត្ថបទនេះម្ដងទៀត។ (សូមអាន យ៉ូហាន ១៣:៣៤, ៣៥) តើអ្វីជាលក្ខណៈសម្គាល់នៃពួកអ្នកកាន់តាមពិតរបស់គ្រិស្ត? គឺសេចក្ដីស្រឡាញ់ មិនមែនភាពល្អឥតខ្ចោះទេ។ សូមកត់សម្គាល់ផងដែរថាលោកយេស៊ូមិនបានមានប្រសាសន៍ថា៖ ‹យ៉ាងនេះ អ្នកនឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ›ឡើយ។ លោកបានមានប្រសាសន៍ថា៖ «យ៉ាងនេះ មនុស្សគ្រប់ គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ»។ ដូច្នេះ លោកយេស៊ូបានបង្ហាញថាមិនមែនមានតែពួកអ្នកកាន់តាមលោកប៉ុណ្ណោះទេ ដែលនឹងកត់សម្គាល់ពួកអ្នកកាន់តាមពិតរបស់លោកតាមរយៈសេចក្ដីស្រឡាញ់មិនគិតប្រយោជន៍ខ្លួនដែលពួកគេមានចំពោះគ្នាទៅវិញទៅមក តែពួកអ្នកខាងក្រៅក្រុមជំនុំគ្រិស្តសាសនិកក៏កត់សម្គាល់ដែរ។
៤. តើបុគ្គលខ្លះចង់ដឹងអ្វីអំពីគ្រិស្តសាសនិកពិត?
៤ អ្នកខ្លះដែលមិនមែនជាសាក្សីព្រះយេហូវ៉ាប្រហែលជាឆ្ងល់ថា ‹តើសេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់នៃពួកអ្នកកាន់តាមពិតរបស់លោកយេស៊ូយ៉ាងដូចម្ដេច? តើលោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកកាន់តាមលោកតាមរបៀបណា? តើពួកអ្នកកាន់តាមអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?›។ សាក្សីព្រះយេហូវ៉ាក៏គួរគិតអំពីចម្លើយចំពោះសំណួរទាំងនេះដែរ។ ការធ្វើដូច្នេះប្រហែលជាជួយយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងជាពិសេសពេលឃើញភាពមិនល្អឥតខ្ចោះរបស់គ្នាទៅវិញទៅមក។—អេភ. ៥:២
ហេតុអ្វីសេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់សម្រាប់តែអ្នកកាន់តាមពិតរបស់លោកយេស៊ូ?
៥. សូមពន្យល់ពាក្យរបស់លោកយេស៊ូនៅយ៉ូហាន ១៥:១២, ១៣។
៥ លោកយេស៊ូបានពន្យល់ថាពួកអ្នកកាន់តាមរបស់លោកនឹងស្រឡាញ់គ្នាទៅវិញទៅមកតាមរបៀបដ៏ពិសេសមួយ។ (សូមអាន យ៉ូហាន ១៥:១២, ១៣) សូមកត់សម្គាល់ថាលោកយេស៊ូបានបង្គាប់ពួកគេថា៖ «[ចូរ]ស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា»។ តើនេះមានន័យយ៉ាងណា? ដូចលោកយេស៊ូបានពន្យល់បន្ទាប់មក នេះគឺជាការស្រឡាញ់អ្នកឯទៀតខ្លាំងជាងខ្លួនឯង ឬសេចក្ដីស្រឡាញ់ដែលនឹងជំរុញចិត្តគ្រិស្តសាសនិកណាម្នាក់ឲ្យស្លាប់ដើម្បីបងប្អូនរួមជំនឿបើចាំបាច់។ b
៦. តើបណ្ដាំព្រះបញ្ជាក់អំពីសារៈសំខាន់នៃសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
៦ បណ្ដាំព្រះបង្រៀនយើងថាសេចក្ដីស្រឡាញ់គឺសំខាន់ ណាស់។ ក្នុងចំណោមខគម្ពីរដែលមនុស្សជាច្រើនចូលចិត្តជាងគេគឺមានដូចតទៅនេះ៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (១យ៉ូន. ៤:៨) «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ (ម៉ាថ. ២២:៣៩) «សេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។ (១ពេ. ៤:៨) «សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»។ (១កូ. ១៣:៨) ខគម្ពីរទាំងនេះនិងខគម្ពីរផ្សេងទៀតបញ្ជាក់យ៉ាងច្បាស់ថាការបង្ហាញគុណសម្បត្តិដ៏ថ្លៃថ្លានេះគឺសំខាន់ណាស់។
៧. ហេតុអ្វីសាថានមិនអាចបង្រៀនមនុស្សឲ្យស្រឡាញ់គ្នានិងមានសាមគ្គីភាពនឹងគ្នា?
៧ មនុស្សជាច្រើនសួរថា៖ ‹តើខ្ញុំអាចដឹងយ៉ាងដូចម្ដេចថាសាសនាមួយណាជាសាសនាពិត? សាសនាទាំងអស់អះអាងថាខ្លួនបង្រៀនសេចក្ដីពិត ប៉ុន្តែសាសនានីមួយៗបង្រៀនខុសគ្នាអំពីព្រះ›។ សាថានបានបង្កើតសាសនាមិនពិតជាច្រើន ហើយនេះធ្វើឲ្យមនុស្សពិបាកដឹងថាសាសនាណាជាសាសនាពិត។ ប៉ុន្តែ វាមិនអាចប្រមូលមនុស្សពីទូទាំងពិភពលោកឲ្យចេះស្រឡាញ់គ្នាបាននោះទេ។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះអាចធ្វើបាន។ យើងដឹងដូច្នេះ ដោយសារសេចក្ដីស្រឡាញ់មកពីព្រះយេហូវ៉ា។ មានតែពួកអ្នកដែលទទួលពរនិងមានឫទ្ធានុភាពពីព្រះយេហូវ៉ាប៉ុណ្ណោះអាចមានសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះគ្នាទៅវិញទៅមក។ (១យ៉ូន. ៤:៧) ដូច្នេះមិនមែនជាការចម្លែកទេដែលលោកយេស៊ូបានមានប្រសាសន៍ថា សេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនជាលក្ខណៈសម្គាល់នៃពួកអ្នកកាន់តាមពិតរបស់លោក។
៨-៩. តើមនុស្សជាច្រើនមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីស្រឡាញ់ដែលពួកគេសង្កេតឃើញក្នុងចំណោមសាក្សីព្រះយេហូវ៉ា?
៨ ដូចលោកយេស៊ូបានប្រាប់ទុកជាមុន មនុស្សជាច្រើនកត់សម្គាល់ពួកអ្នកកាន់តាមពិតរបស់លោកតាមរយៈសេចក្ដីស្រឡាញ់ដ៏ស្មោះដែលពួកគេបង្ហាញចំពោះគ្នា។ ជាឧទាហរណ៍ បងប្រុសម្នាក់ឈ្មោះអៀននឹកចាំអំពីមហាសន្និបាតដែលគាត់បានចូលរួមជាលើកដំបូងនៅកីឡដ្ឋានមួយជិតផ្ទះរបស់គាត់។ ពីរបីខែមុន បងអៀនបានទៅកីឡដ្ឋាននោះដើម្បីមើលការប្រកួតកីឡា។ គាត់និយាយថា៖ «បរិយាកាសមហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ាខុសគ្នាទាំងស្រុង។ ពួកគេសុភាពរាបសា ហើយស្លៀកពាក់សមរម្យ។ កូនៗរបស់ពួកគេក៏មានសណ្ដាប់ធ្នាប់ដែរ»។ គាត់បន្ថែមថា៖ «សំខាន់បំផុត ខ្ញុំឃើញថាពួកគេមានអារម្មណ៍សុខសាន្តនិងស្កប់ចិត្ត។ នេះជាអ្វីមួយដែលខ្ញុំចង់បានជាយូរមកហើយ។ នៅថ្ងៃនោះ ខ្ញុំមិនចាំសុន្ទរកថាទេ តែខ្ញុំចាំការប្រព្រឹត្តល្អរបស់សាក្សីព្រះយេហូវ៉ា»។ c ពិតមែន ការប្រព្រឹត្តបែបនេះគឺមកពីសេចក្ដីស្រឡាញ់ដ៏ស្មោះដែលយើងមានចំពោះគ្នាទៅវិញទៅមក។ ដោយសារយើងស្រឡាញ់បងប្អូនរបស់យើង យើងប្រព្រឹត្តចំពោះពួកគេដោយសប្បុរសនិងដោយការគោរព។
៩ បងប្រុសម្នាក់ឈ្មោះចនក៏មានអារម្មណ៍ស្រដៀងគ្នាដែរពេលគាត់បានចាប់ផ្ដើមចូលរួមកិច្ចប្រជុំ។ គាត់និយាយថា៖ «ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំង ដោយឃើញថាគ្រប់គ្នានៅទីនោះ . . . ហាក់ដូចជាមនុស្សបរិសុទ្ធ។ សេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ពួកគេបានធ្វើឲ្យខ្ញុំជឿជាក់ថា ខ្ញុំបានរកឃើញសាសនាពិត»។ d ម្ដងហើយម្ដងទៀត បទពិសោធន៍បែបនេះបង្ហាញថារាស្ត្រព្រះយេហូវ៉ាគឺជាគ្រិស្តសាសនិកពិត។
១០. តើនៅពេលណាយើងមានឱកាសពិសេសដើម្បីបង្ហាញសេចក្ដីស្រឡាញ់ជាគ្រិស្តសាសនិក? (សូមមើលកំណត់សម្គាល់ផងដែរ)
១០ ដូចបានរៀបរាប់នៅដើមអត្ថបទនេះ គ្មានបងប្អូនរួមជំនឿរបស់យើងណាម្នាក់ល្អឥតខ្ចោះទេ។ ជួនកាលពួកគេនឹងនិយាយឬធ្វើអ្វីដែលនាំឲ្យយើងឈឺចិត្ត។ e (យ៉ា. ៣:២) នៅពេលនោះ យើងមានឱកាសពិសេសដើម្បីបង្ហាញសេចក្ដីស្រឡាញ់ជាគ្រិស្តសាសនិកតាមប្រតិកម្មរបស់យើង។ ស្ដីអំពីរឿងនេះ តើយើងអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូ?—យ៉ូន. ១៣:១៥
តើលោកយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកសាវ័ករបស់លោកតាមរបៀបណា?
១១. តើយ៉ាកុបនិងយ៉ូហានបានបង្ហាញគុណវិបត្តិអ្វីខ្លះ? (សូមមើលរូបភាពផងដែរ)
១១ លោកយេស៊ូមិនបានតម្រូវឲ្យពួកអ្នកកាន់តាមលោកធ្វើជាមនុស្សល្អឥតខ្ចោះទេ។ ផ្ទុយទៅវិញ ដោយក្ដីស្រឡាញ់លោកបានជួយពួកគេឲ្យយកឈ្នះភាពទន់ខ្សោយរបស់ខ្លួន ហើយធ្វើការកែប្រែផ្សេងៗដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ត។ នៅពេលមួយ សាវ័កពីរនាក់របស់លោកគឺយ៉ាកុបនិងយ៉ូហាន បានឲ្យម្ដាយរបស់ពួកគេសុំលោកយេស៊ូនូវឋានៈរុងរឿងក្នុងរាជាណាចក្រ។ (ម៉ាថ. ២០:២០, ២១) យ៉ាងនេះ យ៉ាកុបនិងយ៉ូហានបង្ហាញអំណួតនិងមហិច្ឆតា។—សុភ. ១៦:១៨
១២. តើមានតែយ៉ាកុបនិងយ៉ូហានប៉ុណ្ណោះដែលបានបង្ហាញគុណវិបត្តិឬ? សូមពន្យល់។
១២ មិនមែនមានតែយ៉ាកុបនិងយ៉ូហានប៉ុណ្ណោះដែលបានបង្ហាញគុណវិបត្តិនៅពេលនោះទេ។ សូមកត់សម្គាល់អំពីប្រតិកម្មរបស់សាវ័កឯទៀត។ គម្ពីរចែងថា៖ «ពេលដែលសាវ័ក១០នាក់ទៀតឮអំពីរឿងនេះ ពួកគាត់ទាស់ចិត្តនឹងបងប្អូនទាំង២នាក់នោះណាស់»។ (ម៉ាថ. ២០:២៤) យើងអាចស្រមៃឃើញថាយ៉ាកុបនិងយ៉ូហាន ព្រមទាំងសាវ័កឯទៀតបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ប្រហែលជាសាវ័កឯទៀតបាននិយាយអ្វីដូចនេះ៖ ‹អ្នកទាំងពីរគិតថាអ្នកគ្រាន់បើជាងពួកយើងមែន? តើនេះជាមូលហេតុដែលអ្នកសុំឲ្យមាន ឋានៈខ្ពស់ជាងយើងឬ? មិនមែនមានតែអ្នកប៉ុណ្ណោះដែលបានធ្វើការនឿយហត់ជាមួយលោកយេស៊ូ យើងក៏សមនឹងទទួលឋានៈសំខាន់ដែរ!›។ មិនថាពួកគេបានគិតឬនិយាយអ្វីក៏ដោយ នៅពេលនោះពួកគេបានភ្លេចថាពួកគេគួរបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសចំពោះគ្នាទៅវិញទៅមកជានិច្ច។
១៣. តើលោកយេស៊ូមានប្រតិកម្មយ៉ាងណាចំពោះភាពទន់ខ្សោយរបស់ពួកសាវ័ក? (ម៉ាថាយ ២០:២៥-២៨)
១៣ តើលោកយេស៊ូបានធ្វើយ៉ាងណា? លោកមិនបានខឹងទេ ហើយលោកក៏មិនបានមានប្រសាសន៍ថាលោកនឹងរកសាវ័កដែលល្អជាង ដែលបង្ហាញចិត្តរាបទាបច្រើនជាង និងដែលតែងតែប្រព្រឹត្តចំពោះគ្នាដោយសេចក្ដីស្រឡាញ់ឡើយ។ ផ្ទុយទៅវិញ ដោយចិត្តអត់ធ្មត់ លោកបានវែកញែកជាមួយនឹងបុរសដែលមានចិត្តស្មោះទាំងនេះ។ (សូមអាន ម៉ាថាយ ២០:២៥-២៨) លោកបានបន្ដប្រព្រឹត្តចំពោះពួកគេដោយក្ដីស្រឡាញ់ ទោះជាពួកគេចេះតែប្រកែកគ្នាថាអ្នកណាធំជាងគេក្នុងចំណោមពួកគេក៏ដោយ។—ម៉ាក. ៩:៣៤; លូក. ២២:២៤
១៤. តើពួកសាវ័ករបស់លោកយេស៊ូបានធំឡើងក្នុងមជ្ឈដ្ឋានបែបណា?
១៤ លោកយេស៊ូច្បាស់ជាបានគិតអំពីមជ្ឈដ្ឋានរស់នៅដែលពួកសាវ័កលោកបានធំឡើង។ (យ៉ូន. ២:២៤, ២៥) ពួកគេបានធំឡើងក្នុងបរិយាកាសមួយដែលពួកអ្នកដឹកនាំសាសនាផ្ដោតទៅលើឋានៈនិងការលេចមុខលេចមាត់។ (ម៉ាថ. ២៣:៦) ពួកអ្នកដឹកនាំសាសនាយូដាក៏ចាត់ទុកខ្លួនជាមនុស្សសុចរិត។ f (លូក. ១៨:៩-១២) លោកយេស៊ូបានយល់ថាបរិយាកាសបែបនោះអាចមានឥទ្ធិពលទៅលើទស្សនៈរបស់ពួកសាវ័កចំពោះខ្លួនឯងនិងអ្នកឯទៀត។ (សុភ. ១៩:១១) លោកមិនរំពឹងថាពួកអ្នកកាន់តាមលោកនឹងមិនចេះធ្វើខុសឡើយ ហើយលោកមានចិត្តអត់ធ្មត់ចំពោះពួកគេពេលដែលពួកគេបានធ្វើខុស។ លោកដឹងថាពួកគេមានចិត្តគំនិតល្អ។ ដូច្នេះដោយចិត្តអត់ធ្មត់ លោកបានជួយពួកគេឲ្យយកឈ្នះអំណួតនិងមហិច្ឆតារបស់ពួកគេ ហើយឲ្យជំនួសចិត្តគំនិតទាំងនោះទៅនឹងសេចក្ដីស្រឡាញ់។
តើយើងអាចធ្វើតាមគំរូលោកយេស៊ូយ៉ាងដូចម្ដេច?
១៥. តើយើងអាចរៀនអ្វីពីរឿងដែលកើតឡើងរវាងយ៉ាកុប យ៉ូហាន និងអ្នកកាន់តាមឯទៀត?
១៥ យើងអាចរៀនច្រើនពីកំណត់ហេតុនេះ។ យ៉ាកុបនិងយ៉ូហានបានធ្វើខុសពេលសុំលោកយេស៊ូនូវឋានៈពិសេសក្នុងរាជាណាចក្រ។ ប៉ុន្តែសាវ័កឯទៀតក៏បានធ្វើខុសដែរ ដោយសារពួកគេមិនបានព្យាយាមរក្សាឲ្យមានសាមគ្គីភាពទេ។ ទោះជាយ៉ាងនោះក្ដី លោកយេស៊ូបានប្រព្រឹត្តចំពោះសាវ័កទាំង១២នាក់ដោយសប្បុរសនិងក្ដីស្រឡាញ់។ តើមានមេរៀនអ្វីសម្រាប់យើង? ការសំខាន់គឺមិនគ្រាន់តែអ្វីដែលអ្នកឯទៀតធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រតិកម្មរបស់យើងចំពោះកំហុសនិងភាពទន់ខ្សោយរបស់ពួកគេដែរ។ តើអ្វីអាចជួយយើង? ពេលយើងឈឺចិត្តនឹងបងប្អូនណាម្នាក់ យើងអាចសួរខ្លួនយើងថា ‹ហេតុអ្វីបានជាអ្វីដែលបុគ្គលនោះធ្វើនាំឲ្យខ្ញុំឈឺចិត្តខ្លាំងម្ល៉េះ? តើនោះបង្ហាញអំពីភាពទន់ខ្សោយដែលខ្ញុំត្រូវខំយកឈ្នះឬទេ? តើបុគ្គលនោះប្រហែលជាកំពុងជួបបញ្ហាឬ? ទោះជាខ្ញុំមានអារម្មណ៍ថាខ្ញុំមានមូលហេតុឲ្យអន់ចិត្តក្ដី តើខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់និងអភ័យទោសឲ្យបុគ្គលនោះឬទេ?›។ កាលដែលយើងកាន់តែប្រព្រឹត្តចំពោះអ្នកឯទៀតដោយក្ដីស្រឡាញ់ យើងកាន់តែបង្ហាញថាយើងជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ។
១៦. តើយើងអាចរៀនអ្វីទៀតពីគំរូរបស់លោកយេស៊ូ?
១៦ គំរូរបស់លោកយេស៊ូក៏បង្រៀនយើងឲ្យព្យាយាមយល់អំពីបងប្អូនរួមជំនឿរបស់យើងដែរ។ (សុភ. ២០:៥) លោកយេស៊ូអាចមើលចិត្តមនុស្សធ្លុះ យើងមិនអាចធ្វើដូច្នេះទេ។ ប៉ុន្តែ យើងអាចមានចិត្តអត់ធ្មត់ចំពោះបងប្អូនរបស់យើងពេលពួកគេធ្វើឲ្យយើងទើសចិត្ត។ (អេភ. ៤:១, ២; ១ពេ. ៣:៨) គឺស្រួលជាងឲ្យធ្វើដូច្នេះបើយើងរៀនអំពីជីវប្រវត្តិរបស់ពួកគេ។ សូមគិតអំពីឧទាហរណ៍មួយ។
១៧. តើអ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់បានទទួលប្រយោជន៍យ៉ាងណាពីការស្គាល់បងប្រុសម្នាក់ទៀតច្បាស់ជាង?
១៧ អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់ដែលបម្រើនៅទ្វីបអាហ្វ្រិកខាងកើត នឹកចាំអំពីបងប្រុសម្នាក់ដែលគាត់ធ្លាប់មានអារម្មណ៍ថាមិនសប្បុរសទេ។ តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនោះបានប្រព្រឹត្តយ៉ាងណា? គាត់និយាយថា៖ «ជាជាងគេចពីគាត់ ខ្ញុំតាំងចិត្តស្គាល់គាត់ថែមទៀត»។ ដោយធ្វើដូច្នេះ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនោះបានដឹងអំពីរបៀបដែលជីវប្រវត្តិរបស់បងប្រុសនោះបានជះឥទ្ធិពលទៅលើបុគ្គលិកលក្ខណៈរបស់គាត់។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនោះនិយាយបន្ដទៀតថា៖ «ពេលខ្ញុំយល់ថាបងប្រុសនោះខំប្រឹងយ៉ាងណាដើម្បីធ្វើការកែប្រែ ហើយឃើញថាគាត់បានកែប្រែច្រើនប៉ុណ្ណា នោះធ្វើឲ្យខ្ញុំកោតស្ងើចគាត់។ ក្រោយមក យើងបានទៅជាមិត្តល្អនឹងគ្នា»។ មែនហើយ ពេលយើងព្យាយាមយល់អំពីបងប្អូនរបស់យើង យើងច្រើនតែស្រួលបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកគេជាងមុន។
១៨. បើបងប្អូនរួមជំនឿធ្វើឲ្យយើងទើសចិត្ត តើយើងអាចសួរខ្លួននូវសំណួរអ្វីខ្លះ? (សុភាសិត ២៦:២០)
១៨ ជួនកាល យើងប្រហែលជាមានអារម្មណ៍ថាយើងត្រូវទៅដោះស្រាយជាមួយបងប្អូនរួមជំនឿដែលបានធ្វើឲ្យយើងទើសចិត្ត។ ប៉ុន្តែ ដំបូងយើងគួរសួរខ្លួននូវសំណួរដូចជា៖ ‹តើខ្ញុំយល់ទាំងស្រុងអំពីអ្វីដែលបានកើតឡើងឬទេ?›។ (សុភ. ១៨:១៣) ‹តើគាត់ប្រហែលជាគ្មានចេតនាធ្វើឲ្យខ្ញុំឈឺចិត្តឬ?›។ (អទ. ៧:២០) ‹តើខ្ញុំធ្លាប់ធ្វើខុសស្រដៀងនឹងនោះឬទេ?›។ (អទ. ៧:២១, ២២) ‹បើខ្ញុំនិយាយជាមួយគាត់ តើនោះនឹងធ្វើឲ្យរឿងនោះកាន់តែធំឬ?›។ (សូមអាន សុភាសិត ២៦:២០) ពេលយើងលៃទុកពេលពិចារណាសំណួរបែបនេះ យើងប្រហែលជាយល់ថាសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនយើងអាចជំរុញចិត្តយើងឲ្យមើលរំលងអ្វីដែលធ្វើឲ្យទើសចិត្តនោះ។
១៩. តើអ្នកតាំងចិត្តធ្វើអ្វី?
១៩ សាក្សីព្រះយេហូវ៉ាជាក្រុមបង្ហាញថាពួកគេជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ។ ប៉ុន្តែ យើងម្នាក់ៗបង្ហាញថាយើងជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ ពេលដែលយើងបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនចំពោះបងប្អូនរបស់យើង ទោះជាពួកគេមានភាពមិនល្អឥតខ្ចោះក៏ដោយ។ ពេលយើងបង្ហាញសេចក្ដីស្រឡាញ់បែបនេះ អ្នកឯទៀតក៏ប្រហែលជានឹងសម្គាល់សាសនាពិត ហើយចង់ចូលរួមជាមួយយើងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីស្រឡាញ់។ សូមយើងតាំងចិត្តបន្ដបង្ហាញសេចក្ដីស្រឡាញ់ដែលជាលក្ខណៈសម្គាល់នៃគ្រិស្តសាសនិកពិត។
ចម្រៀងលេខ១៧ ចូរបង្ហាញចិត្តមេត្តាដូចគ្រិស្ត
a មនុស្សជាច្រើនចង់រៀនសេចក្ដីពិត ដោយសារពួកគេឃើញសេចក្ដីស្រឡាញ់ដ៏ស្មោះក្នុងចំណោមយើង។ ប៉ុន្តែយើងមិនមែនជាមនុស្សល្អឥតខ្ចោះទេ ដូច្នេះជួនកាលយើងប្រហែលជាមិនស្រួលបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកឡើយ។ សូមយើងពិចារណាអំពីមូលហេតុដែលសេចក្ដីស្រឡាញ់គឺសំខាន់ណាស់ និងរបៀបដែលយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូពេលអ្នកឯទៀតធ្វើខុស។
b សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំ.២៩ វ.៤។
c សូមមើលអត្ថបទដែលមានចំណងជើងថា «ទីបំផុត ជីវិតខ្ញុំមានគោលបំណង» ក្នុងសៀវភៅស្ដើងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២។
d សូមមើលអត្ថបទដែលមានចំណងជើងថា «ជីវិតខ្ញុំមើលទៅគ្មានអ្វីពិបាកទេ» ក្នុងទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ឆ្នាំ២០១២ ទំ.១៨-១៩។
e អត្ថបទនេះមិនរៀបរាប់អំពីអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរដែលគួរដោះស្រាយដោយពួកអ្នកចាស់ទុំ ដូចដែលមាននៅកូរិនថូសទី១ ៦:៩, ១០ទេ។
f មានគេនិយាយថាគ្រូបង្រៀនសាសនាយូដាម្នាក់បាននិយាយនៅសម័យក្រោយមកថា៖ «ក្នុងពិភពលោកនេះ យ៉ាងហោចណាស់មានបុរស៣០នាក់សុចរិតដូចអាប្រាហាំ។ បើមាន៣០នាក់ ខ្ញុំនិងកូនប្រុសខ្ញុំនៅក្នុងចំណោមពួកគេ។ បើមាន១០នាក់ ខ្ញុំនិងកូនប្រុសខ្ញុំនៅក្នុងចំណោមពួកគេ។ បើមានប្រាំនាក់ ខ្ញុំនិងកូនប្រុសខ្ញុំនៅក្នុងចំណោមពួកគេ។ បើមានពីរនាក់ នោះគឺខ្ញុំនិងកូនខ្ញុំ។ បើមានតែម្នាក់ នោះគឺខ្ញុំ»។