អត្ថបទសិក្សា ១៣
ចូរប្រើអ្វីដែលព្រះយេហូវ៉ាបានបង្កើតដើម្បីបង្រៀនកូនអំពីលោក
«តើអ្នកណាបានបង្កើតអ្វីៗទាំងនោះ?»។—អេ. ៤០:២៦
ចម្រៀងលេខ១១ អ្វីៗដែលព្រះបង្កើតលើកសរសើរព្រះ
សេចក្ដីសង្ខេប a
១. តើឪពុកម្ដាយមានបំណងចិត្តអ្វីចំពោះកូន?
ឪពុកម្ដាយ យើងដឹងថាអ្នកចង់ជួយកូនរបស់អ្នកឲ្យស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែ យើងមើលព្រះមិនឃើញទេ។ ដូច្នេះ តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកឲ្យចាត់ទុកលោកជាបុគ្គលពិតនិងចូលទៅជិតលោក?—យ៉ា. ៤:៨
២. តើឪពុកម្ដាយអាចបង្រៀនកូនរបស់ពួកគេយ៉ាងដូចម្ដេចអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា?
២ របៀបដ៏សំខាន់មួយដើម្បីជួយកូនឲ្យចូលទៅជិតព្រះយេហូវ៉ាគឺដោយសិក្សាគម្ពីរជាមួយពួកគេ។ (២ធី. ៣:១៤-១៧) ប៉ុន្តែ គម្ពីរបង្ហាញអំពីរបៀបផ្សេងទៀតដែលប្អូនៗវ័យក្មេងអាចរៀនអំពីព្រះយេហូវ៉ា។ ក្នុងសៀវភៅសុភាសិត តាមមើលទៅឪពុកម្នាក់រំលឹកកូនប្រុសរបស់គាត់ថាកុំឲ្យឈប់គិតអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា ដែលសឲ្យឃើញក្នុងការបង្កើត។ (សុភ. ៣:១៩-២១) យើងនឹងពិចារណាអំពីរបៀបខ្លះដែលឪពុកម្ដាយអាចប្រើអ្វីដែលព្រះយេហូវ៉ាបានបង្កើតដើម្បីជួយកូនរបស់ពួកគេឲ្យរៀនអំពីបុគ្គលិកលក្ខណៈរបស់លោក។
តើតាមរបៀបណាអ្នកអាចប្រើការបង្កើតដើម្បីបង្រៀនកូន?
៣. តើឪពុកម្ដាយគួរជួយកូនយ៉ាងណា?
៣ គម្ពីរចែងថា៖ «ទោះជាមនុស្សមើលមិនឃើញព្រះក៏ដោយ តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក តាំងពីពេលដែលលោកបានបង្កើតពិភពលោកមកម្ល៉េះ»។ (រ៉ូម ១:២០) ឪពុកម្ដាយ អ្នកទំនងជាចូលចិត្តចំណាយពេលនៅខាងក្រៅផ្ទះជាមួយកូនរបស់អ្នក។ សូមប្រើពេលវេលានោះដើម្បីជួយកូនរបស់អ្នកឲ្យឃើញរបៀបដែល«អ្វីៗដែលលោកបានបង្កើត»ជាប់ទាក់ទងនឹងគុណសម្បត្តិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ ស្ដីអំពីរឿងនេះ សូមយើងពិចារណាអំពីអ្វីដែលឪពុកម្ដាយអាចរៀនពីគំរូរបស់លោកយេស៊ូ។
៤. តើតាមរបៀបណាលោកយេស៊ូបានប្រើការបង្កើតដើម្បីបង្រៀនពួកអ្នកកាន់តាមលោក? (លូកា ១២:២៤, ២៧-៣០)
៤ សូមកត់សម្គាល់របៀបដែលលោកយេស៊ូបានប្រើអ្វីដែលព្រះបានបង្កើតដើម្បីបង្រៀន។ នៅពេលមួយ លោកបានសុំពួកអ្នកកាន់តាមលោកឲ្យសង្កេតមើលសត្វក្អែកនិងផ្កាដែលដុះឡើងនៅឯវាល។ (សូមអាន លូកា ១២:២៤, ២៧-៣០) លោកយេស៊ូអាចលើកឡើងអំពីសត្វឬរុក្ខជាតិណាក៏បាន ប៉ុន្តែលោកបានជ្រើសរើសសត្វស្លាបនិងផ្កាដែលពួកអ្នកកាន់តាមលោកស្គាល់ច្បាស់។ ពួកអ្នកកាន់តាមលោកប្រហែលជាបានឃើញសត្វក្អែកហោះកាត់ពីលើ ហើយផ្ការីកនៅឯវាល។ តើអ្នកអាចស្រមៃឃើញថាលោកយេស៊ូកំពុងចង្អុលទៅអ្វីទាំងនោះកាលដែលលោកមានប្រសាសន៍ឬទេ? តើលោកបានធ្វើអ្វីក្រោយពីលើកឡើងអំពីអ្វីទាំងនោះ? លោកបានបង្រៀនពួកអ្នកកាន់តាមលោកនូវមេរៀនដ៏សំខាន់អំពីចិត្តទូលាយនិងចិត្តសប្បុរសរបស់បិតាពួកគេនៅស្ថានសួគ៌គឺថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់ដល់ពួកអ្នកបម្រើដ៏ស្មោះត្រង់របស់លោក ដូចដែលលោកធ្វើចំពោះសត្វក្អែកនិងផ្កានៅឯវាល។
៥. តើឪពុកម្ដាយអាចប្រើអ្វីខ្លះពីការបង្កើតដើម្បីបង្រៀនកូនអំពីព្រះយេហូវ៉ា?
៥ ឪពុកម្ដាយ តើអ្នកនឹងធ្វើតាមរបៀបបង្រៀនរបស់លោកយេស៊ូឬទេ? អ្នកអាចប្រាប់កូនរបស់អ្នកអំពីអ្វីដែលអ្នកចូលចិត្តពីការបង្កើតរបស់ព្រះ ដូចជាសត្វឬរុក្ខជាតិដែលអ្នកចូលចិត្តជាងគេ។ កាលដែលអ្នកធ្វើដូច្នេះ សូមធ្វើឲ្យប្រាកដថាអ្នកពន្យល់ថាអ្វីនោះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ា។ បន្ទាប់មក អ្នកអាចសួរកូនរបស់អ្នកអំពីសត្វឬរុក្ខជាតិដែលគាត់ចូលចិត្តជាងគេ។ បើអ្នកប្រើអ្វីមួយដែលលោកបានបង្កើតដែលទាក់ទាញចិត្តគាត់រួចហើយ គាត់ទំនងជានឹងកាន់តែយកចិត្តទុកដាក់ស្ដាប់អ្នកកាលដែលអ្នកនិយាយអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា។
៦. តើយើងអាចរៀនអ្វីពីគំរូរបស់ម្ដាយបងគ្រិស្តតូហ្វើ?
៦ មុនពិគ្រោះជាមួយកូនអំពីរបៀបដែលសត្វឬរុក្ខជាតិណាមួយបង្រៀនអំពីព្រះយេហូវ៉ា តើឪពុកម្ដាយត្រូវចំណាយពេលច្រើនដើម្បីស្រាវជ្រាវអំពីអ្វីទាំងនោះឬទេ? មិនតែងតែចាំបាច់ធ្វើដូច្នោះទេ។ លោកយេស៊ូមិនបានពន្យល់វែងឆ្ងាយអំពីរបៀបដែលសត្វក្អែកស៊ីឬរបៀបដែលផ្កាដុះឡើងឡើយ។ ទោះជាកូនរបស់អ្នកចូលចិត្តរៀនព័ត៌មានល្អិតល្អន់អំពីធម្មជាតិក្ដី ជួនកាលសំណួរឬការនិយាយយ៉ាងសាមញ្ញគឺគ្រប់គ្រាន់ដើម្បីជួយកូនរបស់អ្នកឲ្យយល់អំពីចំណុចដែលអ្នកចង់លើកឡើង។ សូមគិតអំពីអ្វីដែលបងប្រុសម្នាក់ឈ្មោះគ្រិស្តតូហ្វើបាននឹកចាំពីពេលដែលគាត់នៅក្មេង។ គាត់និយាយថា៖ «ម្ដាយខ្ញុំនិយាយសាមញ្ញៗដើម្បីជួយយើងឲ្យតម្លៃចំពោះអ្វីដែលព្រះបានបង្កើតនៅជុំវិញយើង។ ជាឧទាហរណ៍ ពេលយើងនៅជិតភ្នំ គាត់ប្រហែលជានិយាយថា៖ ‹កូនមើលន៏! ភ្នំទាំងនោះធំនិងស្អាតណាស់! ព្រះយេហូវ៉ាគឺអស្ចារ្យមែនទេ?›។ ឬពេលយើងនៅជិតមហាសមុទ្រ គាត់ប្រហែលជានិយាយថា៖ ‹កូនមើលន៏! រលកទាំងនោះបក់បោកយ៉ាងខ្លាំង! ព្រះគឺមានឫទ្ធានុភាព មែនទេ?›»។ បងគ្រិស្តតូហ្វើនិយាយថា៖ «ពាក្យសម្ដីសាមញ្ញតែមានន័យនោះ ធ្វើឲ្យយើងគិត»។
៧. តើអ្នកអាចបង្ហាត់បង្រៀនកូនរបស់អ្នកឲ្យគិតអំពីអ្វីដែលព្រះបានបង្កើតតាមរបៀបណា?
៧ កាលដែលកូនរបស់អ្នកកាន់តែធំឡើង អ្នកអាចបង្ហាត់បង្រៀនពួកគេឲ្យគិតច្រើនជាងអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើតនិងរៀនអំពីលោក។ អ្នកអាចលើកឡើងអំពីអ្វីមួយដែលព្រះបានបង្កើត ហើយសួរកូនរបស់អ្នកថា៖ «តើនេះបង្រៀនកូនយ៉ាងណាអំពីព្រះយេហូវ៉ា?»។ អ្នកប្រហែលជាភ្ញាក់ផ្អើលពេលឮចម្លើយរបស់ពួកគេ។—ម៉ាថ. ២១:១៦
តើនៅពេលណាអ្នកអាចប្រើការបង្កើតដើម្បីបង្រៀនកូន?
៨. តើឪពុកម្ដាយជនជាតិអ៊ីស្រាអែលមានឱកាសអ្វីកាលដែលពួកគេធ្វើដំណើរ«តាមផ្លូវ»?
៨ ឪពុកម្ដាយជនជាតិអ៊ីស្រាអែលបានត្រូវលើកទឹកចិត្តឲ្យបង្រៀនកូនរបស់ពួកគេនូវពាក្យបញ្ញត្តិរបស់ព្រះយេហូវ៉ាកាលដែលដើរ«តាមផ្លូវ»។ (បច. ១១:១៩) នៅស្រុកអ៊ីស្រាអែល មានផ្លូវជនបទផ្សេងៗដែលគេអាចឃើញបក្សី សត្វនិងផ្កាជាច្រើនប្រភេទ។ កាលដែលក្រុមគ្រួសារជនជាតិអ៊ីស្រាអែលបានធ្វើដំណើរតាមផ្លូវ ឪពុកម្ដាយអាចនិយាយជាមួយ កូនៗរបស់ពួកគេអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត។ ឪពុកម្ដាយ អ្នកទំនងជាមានឱកាសស្រដៀងនឹងនេះដែលអ្នកអាចប្រើអ្វីដែលព្រះបានបង្កើតដើម្បីបង្រៀនកូនរបស់អ្នក។ សូមពិចារណាអំពីរបៀបដែលឪពុកម្ដាយខ្លះបានធ្វើដូច្នេះ។
៩. តើអ្នកអាចរៀនអ្វីពីបងភូនីតានិងបងខាធីយ៉ា?
៩ ម្ដាយម្នាក់ឈ្មោះភូនីតាដែលរស់នៅក្នុងក្រុងធំមួយនាប្រទេសឥណ្ឌា និយាយថា៖ «ពេលយើងទៅលេងក្រុមគ្រួសារនៅជនបទ យើងចាត់ទុកនោះជាឱកាសដើម្បីជួយកូនរបស់យើងឲ្យរៀនអំពីការបង្កើតដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ ខ្ញុំមានអារម្មណ៍ថាកូនខ្ញុំយល់ច្បាស់ជាងអំពីអ្វីដែលព្រះបានបង្កើតពេលដែលពួកគេនៅឆ្ងាយពីផ្លូវក្រុងដែលស្ទះនិងមានមនុស្សកកកុញ»។ ឪពុកម្ដាយ កូនរបស់អ្នកទំនងជានឹងមិនភ្លេចការចំណាយពេលជាមួយអ្នកនៅកន្លែងដ៏ស្រស់ស្អាតទេ។ បងស្រីខាធីយ៉ាពីប្រទេសម៉ុលដាវីនិយាយថា៖ «អនុស្សាវរីយ៍ដែលខ្ញុំចាំជាងគេពេលខ្ញុំនៅក្មេង គឺការដែលខ្ញុំចំណាយពេលជាមួយឪពុកម្ដាយរបស់ខ្ញុំនៅជនបទ។ ខ្ញុំដឹងគុណពួកគាត់ ដោយសារពួកគាត់បង្រៀនខ្ញុំចាប់តាំងពីខ្ញុំនៅក្មេងឲ្យចេះយកពេលសង្កេតមើលអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត ហើយឃើញលោកតាមរយៈការបង្កើតរបស់លោក»។
១០. តើឪពុកម្ដាយអាចធ្វើអ្វីបើពួកគេពិបាកធ្វើដំណើរទៅក្រៅក្រុង? (សូមមើលប្រអប់ដែលមានចំណងជើងថា « ជំនួយសម្រាប់ឪពុកម្ដាយ»)
១០ ចុះយ៉ាងណាបើអ្នកមិនអាចធ្វើដំណើរទៅជនបទ? បងប្រុសអាំមុលដែលរស់នៅប្រទេសឥណ្ឌាដែរនិយាយថា៖ «នៅតំបន់ខ្ញុំ ឪពុកម្ដាយត្រូវធ្វើការច្រើនម៉ោង ហើយដំណើរកម្សាន្តទៅជនបទក៏ថ្លៃដែរ។ ប៉ុន្តែ យើងអាចឃើញការបង្កើតរបស់ព្រះយេហូវ៉ានិងនិយាយអំពីគុណសម្បត្តិរបស់លោកពេលដែលយើងនៅសួនតូចមួយឬនៅរានហាលណាមួយ»។ ពេលអ្នកមើលដោយយកចិត្តទុកដាក់ អ្នកក៏នឹងទំនងជារកឃើញអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតដែលអ្នកអាចបង្ហាញកូនរបស់អ្នកនៅជិតផ្ទះ។ (ចសព. ១០៤:២៤) អ្នកទំនងជានឹងរកឃើញបក្សី សត្វល្អិត រុក្ខជាតិ និងអ្វីផ្សេងទៀត។ បងស្រីការីនណាពីប្រទេសអាល្លឺម៉ង់និយាយថា៖ «ម្ដាយខ្ញុំចូលចិត្តផ្កា ដូច្នេះពេលខ្ញុំនៅក្មេង គាត់បានចង្អុលទៅផ្កាដ៏ស្រស់ស្អាតកាលដែលយើងដើរជាមួយគ្នា»។ ឪពុកម្ដាយ អ្នកក៏អាចប្រើវីដេអូ និងសៀវភៅជាច្រើនអំពីការបង្កើតដែលអង្គការរបស់យើងបានផលិតដើម្បីបង្រៀនកូនរបស់អ្នក។ ពិតមែន មិនថាអ្នករស់នៅកន្លែងណាក៏ដោយ អ្នកអាចជួយកូនរបស់អ្នកឲ្យសង្កេតមើលអ្វីដែលព្រះបានបង្កើត។ ឥឡូវ សូមយើងពិចារណាអំពីគុណសម្បត្តិខ្លះរបស់ព្រះយេហូវ៉ាដែលអ្នកអាចបង្ហាញកូនរបស់អ្នក។
«ទោះជាមនុស្សមើលមិនឃើញព្រះ[យេហូវ៉ា]ក៏ដោយ . . . ពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក»
១១. តើឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យកត់សម្គាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាតាមរបៀបណា?
១១ ដើម្បីជួយកូនរបស់អ្នកឲ្យកត់សម្គាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា អ្នកអាចបង្ហាញអំពីរបៀបដែលសត្វជាច្រើនថែកូនរបស់វាយ៉ាងថ្នាក់ថ្នម។ (ម៉ាថ. ២៣:៣៧) អ្នកក៏អាចលើកបញ្ជាក់អំពីភាពខុសគ្នាជាច្រើនក្នុងអ្វីៗដែលព្រះបង្កើតដែលធ្វើឲ្យយើងសប្បាយរីករាយ។ បងការីនណាដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ពេលយើងដើរទៅខាងក្រៅ ម្ដាយខ្ញុំលើកទឹកចិត្តខ្ញុំឲ្យឈប់បន្តិចនិងសង្កេតមើលរបៀបដែលផ្កានីមួយៗគឺល្អឯក និងរបៀបដែលភាពស្រស់ស្អាតរបស់វាបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ច្រើនឆ្នាំក្រោយមក ខ្ញុំនៅតែមើលផ្កាដោយយកចិត្តទុកដាក់ ហើយខ្ញុំកត់សម្គាល់ពណ៌និងរបៀបដែលផ្កានីមួយៗបានត្រូវបង្កើតខុសៗគ្នា។ អ្វីទាំងនេះបន្តរំលឹកខ្ញុំអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះយេហូវ៉ាមានចំពោះយើង»។
១២. តើឪពុកម្ដាយអាចជួយកូនយ៉ាងណាឲ្យកត់សម្គាល់ប្រាជ្ញារបស់ព្រះ? (ចម្រៀងសរសើរព្រះ ១៣៩:១៤) (សូមមើលរូបភាពផងដែរ)
១២ ចូរជួយកូនរបស់អ្នកឲ្យកត់សម្គាល់ប្រាជ្ញារបស់ព្រះ។ ព្រះយេហូវ៉ាមានប្រាជ្ញាច្រើនជាងយើងឆ្ងាយណាស់។ (រ៉ូម ១១:៣៣) ជាឧទាហរណ៍ អ្នកអាចប្រាប់កូនរបស់អ្នកអំពីរបៀបដែលទឹកហួតឡើងទៅជាពពក ហើយបន្ទាប់មករបៀបដែលពពកដែលផ្ទុកទឹកទាំងនោះអាចហោះពីមួយកន្លែងទៅមួយកន្លែងយ៉ាងងាយស្រួល។ (យ៉ូប ៣៨:៣៦, ៣៧) អ្នកក៏អាចលើកឡើងអំពីការគ្រោងបង្កើតដ៏អស្ចារ្យនៃរូបកាយរបស់មនុស្សដែរ។ (សូមអាន ចម្រៀងសរសើរព្រះ ១៣៩:១៤) សូមគិតអំពីរបៀបដែលឪពុកម្នាក់ឈ្មោះប្លាដេមើបានធ្វើដូច្នេះ។ គាត់និយាយថា៖ «នៅថ្ងៃមួយ កូនប្រុសយើងបានជិះកង់ដួល ហើយរងរបួស។ ប៉ុន្មានថ្ងៃក្រោយមក របួសនោះបានជា។ ខ្ញុំនិងប្រពន្ធខ្ញុំបានពន្យល់ថាព្រះយេហូវ៉ាបានបង្កើតកោសិការបស់យើងឲ្យមានសមត្ថភាពព្យាបាលដោយខ្លួនឯង។ យើងបានលើកឡើងថាយើងមិនដែលឃើញអ្វីដែលមនុស្សបង្កើតគឺដូចនេះទេ។ ជាឧទាហរណ៍ ឡានមិនអាចជួសជុលខ្លួនវាក្រោយពីមានគ្រោះថ្នាក់ឡើយ។ បទពិសោធន៍នេះជួយកូនយើងឲ្យយល់អំពីប្រាជ្ញារបស់ព្រះយេហូវ៉ា»។
១៣. តើឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យកត់សម្គាល់អំពីឫទ្ធានុភាពរបស់ព្រះយ៉ាងដូចម្ដេច? (អេសាយ ៤០:២៦)
១៣ ព្រះយេហូវ៉ាអញ្ជើញយើងឲ្យងើយទៅលើមេឃ ហើយគិតអំពីរបៀបដែលលោកប្រើឫទ្ធានុភាពដ៏អស្ចារ្យរបស់លោកដើម្បីរក្សាដួងតារាទាំងអស់ឲ្យនៅតាមទីតាំងរបស់វា។ (សូមអាន អេសាយ ៤០:២៦) អ្នកអាចលើកទឹកចិត្តកូនរបស់អ្នកឲ្យមើលមេឃនិងរំពឹងគិតអំពីអ្វីទាំងនេះ។ សូមគិតអំពីអ្វីដែលបងស្រីម្នាក់ឈ្មោះស៊ីងស៊ីងពីប្រទេសតៃវ៉ាន់នឹកចាំពីកាលគាត់នៅក្មេង។ គាត់និយាយថា៖ «នៅពេលមួយ ម្ដាយរបស់ខ្ញុំបាននាំខ្ញុំទៅបោះតង់ ហើយយើងបានមើលទៅមេឃនាពេលយប់ដោយគ្មានពន្លឺពីទីក្រុងទេ។ នៅពេលនោះខ្ញុំកំពុងព្រួយបារម្ភ ដោយសារខ្ញុំជួបការបង្ខិតបង្ខំពីមនុស្សស្រករគ្នា អ៊ីចឹងខ្ញុំឆ្ងល់ថាតើខ្ញុំអាចនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ាបានឬអត់។ ម្ដាយរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យគិតអំពីរបៀបដែលព្រះយេហូវ៉ាប្រើឫទ្ធានុភាពរបស់លោកដើម្បីបង្កើតដួងតារាទាំងអស់នោះ ហើយឲ្យខ្ញុំចាំថាលោកប្រាកដជាអាចប្រើឫទ្ធានុភាពនោះដើម្បីជួយខ្ញុំឲ្យប្រឈមមុខនឹងការល្បងលណាក៏ដោយ។ ក្រោយពីខ្ញុំបានសង្កេតមើលអ្វីដែលលោកបានបង្កើតនៅដំណើរកម្សាន្តនោះ នេះជំរុញចិត្តខ្ញុំឲ្យកាន់តែចង់ស្គាល់ព្រះយេហូវ៉ា ហើយតាំងចិត្តកាន់តែខ្លាំងដើម្បីបម្រើលោក»។
១៤. តើឪពុកម្ដាយអាចប្រើអ្វីដែលព្រះយេហូវ៉ាបានបង្កើតតាមរបៀបណាដើម្បីជួយកូនឲ្យឃើញថាលោកជាព្រះដែលមានសេចក្ដីសប្បាយ?
១៤ អ្វីៗដែលព្រះយេហូវ៉ាបានបង្កើតបង្ហាញថាលោកជាព្រះដែលសប្បាយ ហើយចង់ឲ្យយើងសប្បាយដែរ។ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថាសត្វភាគច្រើនចេះប្រឡែង រួមមានបក្សីនិងត្រីផងដែរ។ (យ៉ូប ៤០:២០) តើកូនរបស់អ្នកធ្លាប់សើចកាលដែលពួកគេមើលសត្វប្រឡែងឬទេ? ប្រហែលពួកគេបានឃើញកូនឆ្មាដេញចាប់ដុំអំបោះឬកូនឆ្កែខាំគ្នាលេង។ លើកក្រោយ ពេលកូនរបស់អ្នកសើចកាលដែលពួកគេមើលភាពក្រមិចក្រមើមរបស់សត្វ អ្នកអាចរំលឹកពួកគេថាយើងបម្រើព្រះដែលមានសេចក្ដីសប្បាយ។—១ធី. ១:១១
ចូរអរសប្បាយនឹងការបង្កើតរបស់ព្រះយេហូវ៉ាជាក្រុមគ្រួសារ
១៥. តើអ្វីអាចជួយឪពុកម្ដាយឲ្យដឹងអំពីគំនិតកូន? (សុភាសិត ២០:៥) (សូមមើលរូបភាពផងដែរ)
១៥ ជួនកាល ឪពុកម្ដាយប្រហែលជាពិបាកជួយកូនរបស់ពួកគេឲ្យនិយាយអំពីបញ្ហាដែលពួកគេជួបប្រទះ។ បើអ្នកមានស្ថានភាពបែបនេះ អ្នកប្រហែលជាត្រូវនិយាយតាមរបៀបមួយដែលអាចជួយកូនឲ្យប្រាប់អំពីគំនិតរបស់ពួកគេ។ (សូម អាន សុភាសិត ២០:៥) ឪពុកម្ដាយខ្លះឃើញថាការធ្វើដូច្នេះគឺស្រួលជាងពេលដែលពួកគេនៅក្នុងបរិយាកាសដែលមានធម្មជាតិជាមួយកូនៗ។ ហេតុអ្វី? មូលហេតុមួយគឺថាមិនសូវមានអ្វីបង្វែរអារម្មណ៍កូននិងឪពុកម្ដាយ។ ឪពុកម្នាក់ឈ្មោះម៉ាសាហ៊ីកុនៅប្រទេសតៃវ៉ាន់បានរៀបរាប់អំពីមូលហេតុមួយទៀតគឺថា៖ «ពេលយើងចំណាយពេលនៅខាងក្រៅផ្ទះជាមួយកូនៗរបស់យើងដូចជា ដើរឡើងភ្នំឬដើរតាមឆ្នេរសមុទ្រ តាមធម្មតាពួកគេមានអារម្មណ៍កាន់តែស្រស់ស្រាយ។ ដូច្នេះ យើងស្រួលជួយពួកគេឲ្យប្រាប់អំពីអារម្មណ៍និងគំនិតរបស់ពួកគេជាង»។ បងខាធីយ៉ាដែលបានរៀបរាប់នៅខាងលើនិយាយថា៖ «ក្រោយចេញពីសាលា ម្ដាយខ្ញុំច្រើនតែនាំខ្ញុំទៅសួនដ៏ស្រស់ស្អាតមួយ។ នៅកន្លែងដ៏ស្រស់ស្រាយនោះ ខ្ញុំស្រួលប្រាប់គាត់ជាងអំពីអ្វីដែលបានកើតឡើងនៅសាលាឬអ្វីដែលខ្ញុំព្រួយបារម្ភ»។
១៦. តើក្រុមគ្រួសារអាចលំហែកាយ ព្រមទាំងសប្បាយនឹងការបង្កើតរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦ ពេលដែលក្រុមគ្រួសាររីករាយនឹងអ្វីដែលព្រះយេហូវ៉ាបានបង្កើត នេះអាចឲ្យពួកគេសម្រាកលំហែកាយនិងសប្បាយជាមួយគ្នា។ ការធ្វើដូច្នេះនឹងជួយពួកគេឲ្យស្រឡាញ់គ្នាកាន់តែខ្លាំង។ គម្ពីរចែងថា៖ «មានពេលសើច»និងមាន«ពេលលោតកញ្ឆេង»។ (អទ. ៣:១, ៤, កំ.ស.) ព្រះយេហូវ៉ាបានបង្កើតកន្លែងស្អាតៗនៅផែនដីដើម្បីឲ្យយើងអាចធ្វើអ្វីដែលយើងចូលចិត្ត។ ក្រុមគ្រួសារជាច្រើនចូលចិត្តចំណាយពេលជាមួយគ្នានៅជនបទ សួន ភ្នំ ឬឆ្នេរ។ កូនខ្លះចូលចិត្តរត់លេងនៅសួន សង្កេតមើលសត្វផ្សេងៗ ឬហែលទឹកនៅទន្លេ បឹង ឬសមុទ្រ។ យើងឃើញថាមានឱកាសជាច្រើនដែលយើងអាចរីករាយនឹងធម្មជាតិនិងអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។
១៧. ហេតុអ្វីឪពុកម្ដាយគួរជួយកូនឲ្យសប្បាយនឹងអ្វីដែលព្រះបានបង្កើត?
១៧ ក្នុងពិភពលោកថ្មីរបស់ព្រះ ឪពុកម្ដាយនិងកូននឹងអរសប្បាយចំពោះការបង្កើតរបស់ព្រះយេហូវ៉ាខ្លាំងជាងពេលមុនៗទៅទៀត។ នៅពេលនោះ យើងនឹងគ្មានហេតុឲ្យខ្លាចសត្វ ហើយពួកវានឹងមិនខ្លាចយើងដែរ។ (អេ. ១១:៦-៩) យើងនឹងមានពេលជារៀងរហូតដើម្បីសប្បាយនឹងអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។ (ចសព. ២២:២៦) ប៉ុន្តែឪពុកម្ដាយ សូមកុំរង់ចាំរហូតដល់ពេលនោះ ទើបជួយកូនរបស់អ្នកឲ្យចាប់ផ្ដើមសប្បាយនឹងអ្វីដែលព្រះបានបង្កើតឡើយ។ កាលដែលអ្នកប្រើអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតដើម្បីបង្រៀនកូនអំពីលោក ពួកគេនឹងទំនងជាយល់ស្របនឹងអ្វីដែលស្ដេចដាវីឌនិយាយ គឺថា៖ «ឱព្រះយេហូវ៉ា . . . គ្មានអ្នកណាអាចធ្វើកិច្ចការដូចដែលលោកបានធ្វើទេ»។—ចសព. ៨៦:៨
ចម្រៀងលេខ១៣៤ កូនៗជាអំណោយមកពីព្រះ
a បងប្អូនជាច្រើនមានអនុស្សាវរីយ៍ល្អៗអំពីការចំណាយពេលជាមួយឪពុកម្ដាយរបស់ពួកគេដែលជាគ្រិស្តសាសនិកដើម្បីសប្បាយនឹងអ្វីៗដែលព្រះបានបង្កើត។ ពួកគេនៅតែចាំអំពីរបៀបដែលឪពុកម្ដាយរបស់ពួកគេបានប្រើពេលវេលានោះដើម្បីបង្រៀនពួកគេអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ បើអ្នកមានកូន តើតាមរបៀបណាអ្នកអាចប្រើអ្វីដែលព្រះបានបង្កើតដើម្បីបង្រៀនពួកគេអំពីគុណសម្បត្តិរបស់លោក? យើងនឹងទទួលចម្លើយចំពោះសំណួរនេះក្នុងអត្ថបទនេះ។