លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២២

ចូរជួយសិស្សគម្ពីររបស់អ្នកឲ្យទៅជាអ្នកកាន់តាមដែលទទួលការជ្រមុជទឹក

ចូរជួយសិស្សគម្ពីររបស់អ្នកឲ្យទៅជាអ្នកកាន់តាមដែលទទួលការជ្រមុជទឹក

​«​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»។—សកម្ម. ២:៣៨

ចម្រៀង​លេខ​៧២ ចូរ​ផ្សាយ​ក្ដី​ពិត​អំពី​រាជ្យ​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ប្រាប់​បណ្ដា​ជន​មួយ​ក្រុម​ធំ​ឲ្យ​ធ្វើ​អ្វី?

បណ្ដា​ជន​មួយ​ក្រុម​ធំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​មក​ពី​ប្រទេស​ផ្សេង​ៗ​និង​និយាយ​ភាសា​ខុស​ៗ​គ្នា។ នៅ​ថ្ងៃ​នោះ មាន​អ្វី​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង។ ជន​ជាតិ​យូដា​ខ្លះ​ស្រាប់​តែ​អាច​និយាយ​ភាសា​របស់​បុគ្គល​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ​ទាំង​នោះ។ នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង! ប៉ុន្តែ អ្វី​ដែល​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត​គឺ អ្វី​ដែល​ជន​ជាតិ​យូដា​ទាំង​នោះ​និយាយ​ទៅ​កាន់​ពួក​គេ​និង​ពាក្យ​របស់​សាវ័ក​ពេត្រុស។ បណ្ដា​ជន​មួយ​ក្រុម​នោះ​បាន​រៀន​ថា ពួក​គេ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​ដោយ​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​គ្រិស្ត។ ដំណឹង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​គេ រហូត​ដល់​ពួក​គេ​សួរ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?​»។ ពេត្រុស​បាន​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»។—សកម្ម. ២:៣៧, ៣៨

បង​ប្រុស​ម្នាក់​នាំ​ប្រពន្ធ​គាត់​មក​ជា​មួយ ពេល​គាត់​បង្រៀន​គម្ពីរ​ដល់​បុរស​វ័យ​ក្មេង​ម្នាក់ ដោយ​ប្រើ​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! (​សូម​មើល​វគ្គ​២​)

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

អ្វី​ដែល​បាន​កើត​ឡើង​នៅ​បន្ទាប់​មក​គឺ​អស្ចារ្យ​ណាស់។ មនុស្ស​ប្រហែល​ជា​៣.០០០​នាក់ បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​នោះ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ នេះ​គឺ​ជា​ទី​ចាប់​ផ្ដើម​នៃ​កិច្ច​ការ​ដ៏​ធំ​ដែល​លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ ពោល​គឺ​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​កិច្ច​ការ​នេះ​បាន​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​នៅ​សម័យ​យើង យើង​មិន​អាច​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បាន​ទេ។ សិស្ស​គម្ពីរ​ប្រហែល​ជា​ត្រូវ​ការ​ពេល​ប៉ុន្មាន​ខែ ឬ​ថែម​ទាំង​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង ដើម្បី​សម្រេច​គោល​ដៅ​នោះ។ ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​គឺ​ត្រូវ​ការ​ការ​ខំ​ប្រឹង​ព្យាយាម ដូច​ដែល​អ្នក​ដឹង​បើ​អ្នក​កំពុង​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​ដែល​ទទួល​ការ​ជ្រមុជ​ទឹក។

ចូរ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​គាត់​កំពុង​រៀន

៣. ដូច​បាន​បង្ហាញ​នៅ​ម៉ាថាយ ២៨:១៩, ២០ តើ​សិស្ស​គម្ពីរ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក?

មុន​ទទួល​ការ​ជ្រមុជ​ទឹក សិស្ស​គម្ពីរ​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ (​សូម​អាន ម៉ាថាយ ២៨:១៩, ២០) ពេល​សិស្ស​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន គាត់​ប្រៀប​ដូច​ជា​«​មនុស្ស​ចេះ​ពិចារណា​»​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ដែល​ជីក​ដី​យ៉ាង​ជ្រៅ​ដើម្បី​សង់​ផ្ទះ​នៅ​លើ​ផ្ទាំង​ថ្ម។ (​ម៉ាថ. ៧:២៤, ២៥; លូក. ៦:៤៧, ៤៨​) តើ​យើង​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន​យ៉ាង​ដូច​ម្ដេច? សូម​យើង​គិត​អំពី​យោបល់​បី។

៤. តើ​យើង​អាច​ជួយ​សិស្ស​ឲ្យ​បន្ត​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​តាម​របៀប​ណា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​កំណត់​និង​សម្រេច​គោល​ដៅ​»​)

ចូរ​ជួយ​សិស្ស​ឲ្យ​កំណត់​គោល​ដៅ។ ហេតុ​អ្វី​អ្នក​គួរ​ធ្វើ​ដូច្នេះ? សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បើ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ អ្នក​ប្រហែល​ជា​ចង់​ឈប់​នៅ​កន្លែង​ស្អាត​ៗ​តាម​ផ្លូវ។ យ៉ាង​នេះ អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា ទី​ដៅ​របស់​អ្នក​គឺ​ឆ្ងាយ​ពេក​ឡើយ។ ស្រដៀង​គ្នា​ដែរ ពេល​សិស្ស​គម្ពីរ​កំណត់​និង​សម្រេច​គោល​ដៅ​រយៈ​ពេល​ខ្លី គាត់​ទំនង​ជា​នឹង​ទទួល​ស្គាល់​ថា គាត់​ក៏​អាច​សម្រេច​គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ដែរ។ នៅ​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! សូម​ប្រើ​ផ្នែក​«​គោល​ដៅ​»​ដើម្បី​ជួយ​សិស្ស​ឲ្យ​រីក​ចម្រើន។ នៅ​ចុង​បញ្ចប់​នៃ​មេ​រៀន​នីមួយ​ៗ សូម​ពិចារណា​អំពី​របៀប​ដែល​គោល​ដៅ​នោះ​ជាប់​ទាក់​ទង​នឹង​អ្វី​ដែល​សិស្ស​ទើប​តែ​រៀន។ បើ​អ្នក​ចង់​ឲ្យ​សិស្ស​សម្រេច​គោល​ដៅ​ផ្សេង សូម​សរសេរ​គោល​ដៅ​នោះ​នៅ​កន្លែង​«​គោល​ដៅ​ផ្សេង​ទៀត​»។ សូម​ប្រើ​ផ្នែក​នេះ​ជា​រឿយ​ៗ​ដើម្បី​សើរើ​ឡើង​វិញ​ជា​មួយ​សិស្ស​អំពី​គោល​ដៅ​រយៈ​ពេល​ខ្លី​និង​គោល​ដៅ​រយៈ​ពេល​វែង​របស់​គាត់។

៥. ដូច​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាកុស ១០:១៧​-​២២ តើ​លោក​យេស៊ូ​បាន​ប្រាប់​បុរស​អ្នក​មាន​ឲ្យ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

ចូរ​ជួយ​សិស្ស​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​គាត់។ (​សូម​អាន ម៉ាកុស ១០:១៧​-​២២) លោក​យេស៊ូ​ដឹង​ថា អ្នក​មាន​ពិបាក​លក់​របស់​របរ​ទាំង​អស់។ (​ម៉ាក. ១០:២៣​) ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រាប់​បុរស​ម្នាក់​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ​ក្នុង​ជីវិត​របស់​គាត់។ ហេតុ​អ្វី? ពីព្រោះ​លោក​យេស៊ូ​ស្រឡាញ់​គាត់។ ជួន​កាល យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​គាត់​កំពុង​រៀន ដោយ​សារ​យើង​គិត​ថា​គាត់​មិន​ទាន់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់។ ការ​លះចោល​ទម្លាប់​ចាស់​ៗ និង​ការ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​គឺ​ត្រូវ​ការ​ពេល​វេលា។ (​កូឡ. ៣:៩, ១០​) ប៉ុន្តែ ពេល​អ្នក​កាន់​តែ​ឆាប់​និយាយ​ជា​មួយ​សិស្ស​អំពី​រឿង​នេះ នោះ​គាត់​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កាន់​តែ​ឆាប់។ ការ​និយាយ​ជា​មួយ​គាត់​អំពី​រឿង​នេះ បង្ហាញ​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។—ទំនុក. ១៤១:៥; សុភ. ២៧:១៧

៦. ហេតុ​អ្វី​យើង​គួរ​សួរ​សិស្ស​អំពី​ទស្សនៈ​របស់​គាត់?

គឺ​សំខាន់​ណាស់​ដែល​យើង​សួរ​សិស្ស​គម្ពីរ​អំពី​ទស្សនៈ​របស់​គាត់​ចំពោះ​ប្រធានបទ​ដែល​គាត់​កំពុង​រៀន។ ការ​សួរ​សំណួរ​បែប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា​សិស្ស​ជឿ​និង​យល់​យ៉ាង​ណា។ បើ​អ្នក​ធ្វើ​ដូច្នេះ​ជា​រឿយ​ៗ អ្នក​នឹង​ឃើញ​ថា​នៅ​ពេល​ក្រោយ​មក​គឺ​ស្រួល​ជាង​ឲ្យ​អ្នក​និយាយ​ជា​មួយ​សិស្ស​អំពី​ប្រធានបទ ដែល​គាត់​មិន​ងាយ​ទទួល​យក។ សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! មាន​សំណួរ​ជា​ច្រើន​ដែល​សួរ​អំពី​ទស្សនៈ​របស់​សិស្ស។ ជា​ឧទាហរណ៍ មេ​រៀន​ទី​០៤​សួរ​ថា​៖ ​«​ពេល​អ្នក​ប្រើ​ឈ្មោះ​ព្រះ​យេហូវ៉ា តើ​អ្នក​គិត​ថា​លោក​មាន​អារម្មណ៍​យ៉ាង​ណា?​»។ មេ​រៀន​ទី​០៩​សួរ​ថា​៖ ​«​តើ​អ្នក​ចង់​អធិដ្ឋាន​អំពី​រឿង​អ្វី​ខ្លះ?​»។ ដំបូង សិស្ស​គម្ពីរ​ប្រហែល​ជា​ត្រូវ​ការ​ពេល​គិត មុន​គាត់​ឆ្លើយ​សំណួរ​បែប​នេះ។ អ្នក​អាច​ជួយ​គាត់​ដោយ​បង្រៀន​គាត់​ឲ្យ​វែក​ញែក​អំពី​បទ​គម្ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​នោះ ព្រម​ទាំង​អំពី​រូប​ភាព​ក្នុង​សៀវភៅ​នេះ​ដែរ។

៧. តើ​យើង​អាច​ប្រើ​បទ​ពិសោធន៍​ជីវិត​ពិត​ដោយ​មាន​ប្រសិទ្ធភាព​តាម​របៀប​ណា?

កាល​ដែល​សិស្ស​ដឹង​ថា​គាត់​ត្រូវ​ធ្វើ​អ្វី សូម​ប្រើ​បទ​ពិសោធន៍​ជីវិត​ពិត​ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​អ្វី​នោះ។ ជា​ឧទាហរណ៍ បើ​សិស្ស​គម្ពីរ​ពិបាក​មក​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ អ្នក​អាច​បង្ហាញ​គាត់​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ នៅ​មេ​រៀន​ទី​១៤​ក្រោម​ផ្នែក​«​ស្វែង​យល់​ថែម​ទៀត​»។ អ្នក​នឹង​ឃើញ​បទ​ពិសោធន៍​ផ្សេង​ៗ​នៅ​មេ​រៀន​ជា​ច្រើន​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ក្រោម​ផ្នែក​«​បង្កើន​ចំណេះ​»​ ឬ​«​ស្វែង​យល់​ថែម​ទៀត​»។ * សូម​ប្រុង​ប្រយ័ត្ន​មិន​ប្រៀប​ធៀប​សិស្ស​របស់​អ្នក​ទៅ​នឹង​បុគ្គល​ឯ​ទៀត ដោយ​និយាយ​ថា​៖ ​«​បើ​គាត់​អាច​ធ្វើ​បាន បង​ក៏​អាច​ធ្វើ​បាន​ដែរ​»។ ផ្ទុយ​ទៅ​វិញ សូម​ទុក​ឲ្យ​សិស្ស​ទាញ​មេ​រៀន​នេះ​ដោយ​ខ្លួន​ឯង។ សូម​លើក​ចំណុច​សំខាន់​ដែល​បាន​ជួយ​បុគ្គល​ក្នុង​វីដេអូ​នោះ​ឲ្យ​ធ្វើ​តាម​សេចក្ដី​បង្រៀន​ពី​គម្ពីរ។ ប្រហែល​ជា​អ្នក​អាច​លើក​បទ​គម្ពីរ​ដ៏​សំខាន់​មួយ ឬ​អ្វី​មួយ​ដែល​អ្នក​នោះ​បាន​ធ្វើ​ដែល​មាន​ប្រយោជន៍។ ពេល​ណា​ដែល​អាច​ធ្វើ​បាន សូម​លើក​បញ្ជាក់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​នោះ។

៨. តើ​យើង​អាច​ជួយ​សិស្ស​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ចូរ​ជួយ​សិស្ស​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? សូម​ស្វែង​រក​ឱកាស​ដើម្បី​លើក​ឡើង​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​សប្បាយ​ដែល​គាំទ្រ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ (​១ធី. ១:១១; ហេ. ១១:៦​) សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ថា គាត់​នឹង​ទទួល​ប្រយោជន៍​បើ​គាត់​ធ្វើ​តាម​ព័ត៌មាន​ដែល​គាត់​កំពុង​រៀន ហើយ​ពន្យល់​គាត់​ថា​ប្រយោជន៍​ទាំង​នោះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់។ (​អេ. ៤៨:១៧, ១៨​) កាល​ដែល​សិស្ស​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា នោះ​គាត់​នឹង​កាន់​តែ​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ណា​ដែល​ចាំ​បាច់។—១យ៉ូន. ៥:៣

ចូរ​ណែនាំ​សិស្ស​ឲ្យ​ស្គាល់​បង​ប្អូន​រួម​ជំនឿ

៩. ដូច​ម៉ាកុស ១០:២៩, ៣០​ចែង តើ​អ្វី​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ធ្វើ​ការ​លះបង់​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​ដែល​ទទួល​ការ​ជ្រមុជ​ទឹក?

ដើម្បី​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក សិស្ស​គម្ពីរ​ត្រូវ​ធ្វើ​ការ​លះបង់​ផ្សេង​ៗ។ ដូច​បុរស​អ្នក​មាន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ សិស្ស​គម្ពីរ​ខ្លះ​ប្រហែល​ជា​ត្រូវ​លះ​បង់​វត្ថុ​ទ្រព្យ។ បើ​ការ​ងារ​របស់​ពួក​គេ​ខុស​ពី​គោល​ការណ៍​គម្ពីរ ពួក​គេ​ប្រហែល​ជា​ត្រូវ​រក​ការ​ងារ​ថ្មី។ សិស្ស​គម្ពីរ​ជា​ច្រើន​ប្រហែល​ជា​ត្រូវ​ឈប់​ធ្វើ​ជា​មិត្ត​របស់​បុគ្គល​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ក្រុម​គ្រួសារ​របស់​អ្នក​ខ្លះ ប្រហែល​ជា​បោះ​បង់​ចោល​ពួក​គេ​ដោយ​សារ​មិន​ចូល​ចិត្ត​សាក្សី​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​ខ្លះ​ប្រហែល​ជា​ពិបាក​ធ្វើ​ការ​លះបង់​បែប​នេះ។ ប៉ុន្តែ​លោក​សន្យា​ថា ពួក​អ្នក​ដែល​កាន់​តាម​លោក​នឹង​មិន​ខក​ចិត្ត​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ឲ្យ​ពួក​គេ​មាន​ក្រុម​គ្រួសារ​រួម​ជំនឿ​មួយ​ដែល​ស្រឡាញ់​ពួក​គេ។ (​សូម​អាន ម៉ាកុស ១០:២៩, ៣០) តើ​អ្នក​អាច​ជួយ​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​អំណោយ​ដ៏​វិសេស​វិសាល​នេះ​យ៉ាង​ដូច​ម្ដេច?

១០. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​មេនវេល?

១០ សូម​បង្កើត​មិត្តភាព​ជា​មួយ​សិស្ស។ គឺ​សំខាន់​ដែល​អ្នក​បង្ហាញ​សិស្ស​ថា អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ ហេតុ​អ្វី? សូម​កត់​សម្គាល់​ពាក្យ​សម្ដី​របស់​បង​ប្រុស​មេនវេល​ដែល​រស់​នៅ​ប្រទេស​ម៉ិកស៊ិក។ គាត់​នឹក​ចាំ​អំពី​ពេល​ដែល​គាត់​នៅ​ជា​សិស្ស​គម្ពីរ​ថា​៖ ​«​រាល់​ដង​មុន​រៀន អ្នក​បង្រៀន​សួរ​សុខ​ទុក្ខ​ខ្ញុំ។ គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ស្រួល ហើយ​ឲ្យ​ខ្ញុំ​និយាយ​អំពី​រឿង​ផ្សេង​ៗ។ ខ្ញុំ​យល់​ថា​គាត់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​មែន​»។

១១. តើ​សិស្ស​គម្ពីរ​របស់​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​សេព​គប់​ជា​មួយ​យើង?

១១ សូម​ចំណាយ​ពេល​ជា​មួយ​សិស្ស​ដូច​ដែល​លោក​យេស៊ូ​ធ្វើ​ជា​មួយ​អ្នក​កាន់​តាម​លោក។ (​យ៉ូន. ៣:២២​) បើ​សិស្ស​គម្ពីរ​របស់​អ្នក​កំពុង​រីក​ចម្រើន អ្នក​ប្រហែល​ជា​អាច​អញ្ជើញ​គាត់​ឲ្យ​មក​ផ្ទះ​របស់​អ្នក​ដើម្បី​ផឹក​កាហ្វេ ឬ​បរិភោគ​អាហារ ឬ​ក៏​មើល​កម្ម​វិធី​JW​ទូរទស្សន៍​ប្រចាំ​ខែ។ គាត់​ប្រហែល​ជា​សប្បាយ​ចិត្ត​ទទួល​ការ​អញ្ជើញ​បែប​នេះ ជា​ពិសេស​នៅ​រដូវ​បុណ្យ​ទាន​ដែល​ប្រហែល​ជា​ពេល​គាត់​អផ្សុក។ បង​ប្រុស​ខាស៊ីបវេ​ដែល​រស់​នៅ​ប្រទេស​អ៊ូហ្គង់ដា​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា ការ​សេព​គប់​អ្នក​បង្រៀន​ខ្ញុំ​ជួយ​ខ្ញុំ​រៀន​ច្រើន​អំពី​ព្រះ​យេហូវ៉ា ស្មើ​នឹង​អ្វី​ដែល​ខ្ញុំ​រៀន​អំពី​លោក​ក្នុង​អំឡុង​ពេល​រៀន​គម្ពីរ។ ខ្ញុំ​ឃើញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​រាស្ត្រ​លោក ហើយ​ថា​ពួក​គេ​មាន​សុភមង្គល។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ក្នុង​ជីវិត​ខ្ញុំ​ដែរ​»។

ពេល​អ្នក​អញ្ជើញ​អ្នក​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ឲ្យ​ចូល​រួម​ការ​សិក្សា​គម្ពីរ​ជា​មួយ​អ្នក សិស្ស​គម្ពីរ​នឹង​កាន់​តែ​ចង់​ទៅ​កិច្ច​ប្រជុំ (​សូម​មើល​វគ្គ​១២​) *

១២. ហេតុ​អ្វី​យើង​គួរ​នាំ​អ្នក​ផ្សាយ​ផ្សេង​ៗ​ឲ្យ​ទៅ​ជា​មួយ​ពេល​បង្រៀន​គម្ពីរ?

១២ សូម​អញ្ជើញ​អ្នក​ផ្សាយ​ផ្សេង​ៗ​ឲ្យ​មក​ជា​មួយ​យើង​ពេល​បង្រៀន​គម្ពីរ។ ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គឺ​ស្រួល​ជាង​បើ​យើង​ទៅ​ម្នាក់​ឯង ឬ​នាំ​អ្នក​ផ្សាយ​ដដែល​ៗ​ទៅ​ជា​មួយ​យើង។ ទោះ​ជា​នេះ​ប្រហែល​ជា​ស្រួល​មែន​ក្ដី សិស្ស​គម្ពីរ​របស់​យើង​ទំនង​ជា​នឹង​ទទួល​ប្រយោជន៍ បើ​ម្ដង​ម្កាល​យើង​នាំ​អ្នក​ផ្សាយ​ផ្សេង​ៗ​ទៅ​ជា​មួយ។ បង​ប្រុស​ឌីមីទ្រី​ដែល​រស់​នៅ​ប្រទេស​ម៉ុលដាវី​និយាយ​ថា​៖ ​«​អ្នក​ផ្សាយ​ម្នាក់​ៗ​ដែល​មក​ជា​មួយ​អ្នក​បង្រៀន​ខ្ញុំ មាន​របៀប​ពន្យល់​តាម​របៀប​រៀង​ៗ​ខ្លួន។ នេះ​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​របៀប​ថ្មី​ដែល​ខ្ញុំ​អាច​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន។ ខ្ញុំ​ក៏​មិន​សូវ​អៀន ពេល​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង ដោយ​សារ​ខ្ញុំ​បាន​ជួប​បង​ប្អូន​ជា​ច្រើន​នាក់​រួច​ហើយ​»។

១៣. ហេតុ​អ្វី​យើង​ត្រូវ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ?

១៣ ចូរ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​បង្គាប់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ប្រជុំ​គ្នា នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ (​ហេ. ១០:២៤, ២៥​) ម្យ៉ាង​ទៀត បង​ប្អូន​ជា​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង។ ពេល​យើង​នៅ​កិច្ច​ប្រជុំ​ជា​មួយ​ពួក​គេ គឺ​ហាក់​ដូច​ជា​យើង​នៅ​ផ្ទះ​បរិភោគ​អាហារ​ឈ្ងុយ​ឆ្ងាញ់​ជា​មួយ​គ្នា។ ពេល​អ្នក​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ អ្នក​ជួយ​គាត់​ឲ្យ​ធ្វើ​តាម​ជំហាន​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ គាត់​ប្រហែល​ជា​ពិបាក​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ។ តើ​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! អាច​ជួយ​សិស្ស​របស់​អ្នក​យ៉ាង​ដូច​ម្ដេច​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​គាត់​ជួប​ប្រទះ?

១៤. តើ​តាម​របៀប​ណា​យើង​អាច​ជំរុញ​ចិត្ត​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ?

១៤ ចូរ​ប្រើ​មេ​រៀន​ទី​១០​ពី​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដើម្បី​ជួយ​អ្នក​ឲ្យ​ជំរុញ​ចិត្ត​សិស្ស​គម្ពីរ​របស់​អ្នក។ មុន​សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​រួច​រាល់ អ្នក​ផ្សាយ​ខ្លះ​បាន​ត្រូវ​សុំ​ឲ្យ​ប្រើ​មេ​រៀន​នេះ​ជា​មួយ​សិស្ស​គម្ពីរ។ ពួក​គេ​និយាយ​ថា​នោះ​ទទួល​ផល​បាន​ល្អ​ក្នុង​ការ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។ សូម​កុំ​រង់​ចាំ​រហូត​ដល់​មេ​រៀន​ទី​១០​ទើប​អញ្ជើញ​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ឡើយ។ សូម​ឆាប់​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង ហើយ​បន្ត​អញ្ជើញ​គាត់​ជា​រឿយ​ៗ។ សិស្ស​គម្ពីរ​ម្នាក់​ៗ​មាន​ការ​ពិបាក​ខុស​ៗ​គ្នា។ ដូច្នេះ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​សិស្ស​គម្ពីរ ហើយ​ព្យាយាម​ជួយ​គាត់​តាម​វិធី​ផ្សេង​ៗ។ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត បើ​គាត់​មិន​មក​កិច្ច​ប្រជុំ​ភ្លាម​ៗ។ ចូរ​មាន​ចិត្ត​អត់​ធ្មត់ តែ​បន្ត​ព្យាយាម។

ចូរ​ជួយ​សិស្ស​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច

១៥. តើ​សិស្ស​គម្ពីរ​របស់​យើង​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច​អ្វី​ខ្លះ?

១៥ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ភ័យ​ខ្លាច​បន្តិច​បន្តួច​ពេល​គិត​អំពី​ការ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​បាន​ទេ។ ឬ​ប្រហែល​ជា​អ្នក​ខ្លាច​ថា​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្ដិ​នឹង​ប្រឆាំង​អ្នក។ បើ​ដូច្នេះ អ្នក​អាច​យល់​អារម្មណ៍​របស់​សិស្ស​គម្ពីរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ខ្លះ​នឹង​មាន​ការ​ភ័យ​ខ្លាច​បែប​នេះ។ ប៉ុន្តែ លោក​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក​មិន​ឲ្យ​ការ​ភ័យ​ខ្លាច​បញ្ឈប់​ពួក​គេ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ (​ម៉ាថ. ១០:១៦, ១៧, ២៧, ២៨​) តើ​លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​លោក​តាម​របៀប​ណា?

១៦. តើ​យើង​អាច​បង្ហាត់​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៦ ចូរ​បង្ហាត់​បង្រៀន​សិស្ស​របស់​អ្នក​បន្តិច​ម្ដង​ៗ​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​គាត់។ ពេល​លោក​យេស៊ូ​ចាត់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្សព្វ​ផ្សាយ ពួក​គេ​ប្រហែល​ជា​ភ័យ។ ប៉ុន្តែ លោក​យេស៊ូ​បាន​ជួយ​ពួក​គេ​ដោយ​ប្រាប់​ពួក​គេ​ថា ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​និង​ត្រូវ​ផ្សព្វ​ផ្សាយ​អំពី​អ្វី។ (​ម៉ាថ. ១០:៥​-​៧​) តើ​អ្នក​អាច​យក​តម្រាប់​លោក​យេស៊ូ​តាម​របៀប​ណា? សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ថា គាត់​អាច​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​ខ្លះ។ ជា​ឧទាហរណ៍ សូម​សួរ​គាត់​ថា​តើ​គាត់​ស្គាល់​អ្នក​ណា​ដែល​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀន​សេចក្ដី​បង្រៀន​ណា​មួយ​ពី​គម្ពីរ​ឬ​ទេ។ បន្ទាប់​មក សូម​ជួយ​គាត់​ឲ្យ​រៀបចំ​ពាក្យ​ផ្សាយ ដោយ​បង្ហាញ​គាត់​អំពី​របៀប​និយាយ​សាមញ្ញ​ដើម្បី​ប្រាប់​សេចក្ដី​ពិត​នោះ។ ពេល​សមរម្យ អ្នក​អាច​ហាត់​ជា​មួយ​គាត់​ដោយ​ប្រើ​អ្វី​ដែល​បាន​ចែង​នៅ​ក្រោម​ចំណង​ជើង​«​មនុស្ស​ខ្លះ​និយាយ​ថា​»​ និង​«​មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​»​ ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​ប្រើ​គម្ពីរ ដើម្បី​ឆ្លើយ​យ៉ាង​សាមញ្ញ​និង​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទើស​ចិត្ត។

១៧. តើ​យើង​អាច​ប្រើ​ម៉ាថាយ ១០:១៩, ២០, ២៩​-​៣១​យ៉ាង​ដូច​ម្ដេច ដើម្បី​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

១៧ ចូរ​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​ពួក​គេ​ដោយ​សារ​លោក​ស្រឡាញ់​ពួក​គេ។ (​សូម​អាន ម៉ាថាយ ១០:១៩, ២០, ២៩​-​៣១) សូម​រំលឹក​សិស្ស​របស់​អ្នក​ថា ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​គាត់​ដែរ។ អ្នក​អាច​ជួយ​គាត់​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ដោយ​អធិដ្ឋាន​ជា​មួយ​គាត់​អំពី​គោល​ដៅ​របស់​គាត់។ បង​ប្រុស​ហ្វ្រានឈីសិក​ដែល​រស់​នៅ​ប្រទេស​ប៉ូឡូញ​និយាយ​ថា​៖ ​«​អ្នក​បង្រៀន​ខ្ញុំ​ច្រើន​តែ​និយាយ​អំពី​គោល​ដៅ​របស់​ខ្ញុំ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ ពេល​ខ្ញុំ​ឃើញ​ថា ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បង្រៀន​ខ្ញុំ ខ្ញុំ​ចាប់​ផ្ដើម​អធិដ្ឋាន​ភ្លាម​ៗ។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ ពេល​ខ្ញុំ​ត្រូវ​សុំ​ច្បាប់​ពី​ការ​ងារ​ថ្មី​របស់​ខ្ញុំ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​និង​មហា​សន្និបាត​»។

១៨. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​របស់​អ្នក​បង្រៀន​គម្ពីរ?

១៨ ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស​គម្ពីរ​របស់​យើង។ លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​អ្នក​បង្រៀន​គម្ពីរ ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចូល​កាន់​តែ​ជិត​លោក ហើយ​លោក​ស្រឡាញ់​ពួក​គេ​ដោយ​សារ​ការ​ខំ​ប្រឹង​នោះ។ (​អេ. ៥២:៧​) បើ​នៅ​ឥឡូវ​នេះ​អ្នក​មិន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ អ្នក​នៅ​តែ​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​ទៅ​ជា​មួយ​អ្នក​ផ្សាយ​ឯ​ទៀត​ពេល​ពួក​គេ​បង្រៀន​គម្ពីរ។

ចម្រៀង​លេខ​៦០ ចូរ​ខំ​ជួយ​គេ​ឲ្យ​បាន​រួច​ជីវិត

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក និង​របៀប​ដែល​យើង​អាច​យក​តម្រាប់​លោក។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រើ​សៀវភៅ​ថ្មី​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង ដើម្បី​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

^ វគ្គ 7 អ្នក​ក៏​អាច​ស្វែង​រក​បទ​ពិសោធន៍​ជីវិត​ពិត​នៅ​ក្នុង​(​១​) សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ក្រោម​ប្រធានបទ​«​គម្ពីរ​បរិសុទ្ធ​»​ និង​ចំណង​ជើង​តូច​«​ប្រយោជន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​»​ សូម​មើល​«​‹គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត› (​អត្ថបទ​ត​ភាគ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​)​»​ ឬ​នៅ​ក្នុង​(​២​) JW​បណ្ណាល័យ ក្រោម​ផ្នែក​«​ឯកសារ​»​ (​media​) សូម​ចុច​«​បទ​សម្ភាសន៍​និង​បទ​ពិសោធន៍​»។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​នាំ​ប្រពន្ធ​គាត់​មក​ជា​មួយ ពេល​បង្រៀន​គម្ពីរ​ដល់​បុរស​វ័យ​ក្មេង​ម្នាក់។ នៅ​ពេល​ផ្សេង​ទៀត បង​ប្រុស​ផ្សេង​ៗ​ទៅ​ជា​មួយ​គាត់​ពេល​គាត់​បង្រៀន​គម្ពីរ។