លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត!

ចូរបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត!

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​ទទួល​សំបុត្រ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មួយ​ពី​មិត្ត​ភក្ដិ​ល្អ? ធីម៉ូថេ​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​បាន​ទទួល​សំបុត្រ​បែប​នេះ​ពី​សាវ័ក​ប៉ូល។ សព្វ​ថ្ងៃ​នេះ យើង​ហៅ​សំបុត្រ​នោះ​ថា​ធីម៉ូថេ​ទី​២។ ធីម៉ូថេ​ច្បាស់​ជា​ចង់​រក​កន្លែង​ស្ងាត់​មួយ ដើម្បី​អាន​អ្វី​ដែល​មិត្ត​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​សរសេរ។ ធីម៉ូថេ​ប្រហែល​ជា​កំពុង​គិត​ថា ‹តើ​ប៉ូល​សុខ​ទុក្ខ​យ៉ាង​ណា​ដែរ? តើ​គាត់​មាន​យោបល់​អ្វី​ទេ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​បំពេញ​ភារកិច្ច​របស់​ខ្ញុំ? តើ​យោបល់​របស់​គាត់​អាច​ជួយ​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​បាន​ប្រសើរ​ជាង​ឬ​ទេ?›។ យើង​នឹង​ឃើញ​ក្នុង​អត្ថបទ​នេះ​ថា ធីម៉ូថេ​បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ និង​អ្វី​ៗ​ផ្សេង​ទៀត​ក្នុង​សំបុត្រ​ដ៏​មាន​តម្លៃ​នេះ។ ឥឡូវ​សូម​យើង​ពិចារណា​យោបល់​ខ្លះ​ៗ​ក្នុង​សំបុត្រ​នេះ។

​«​ខ្ញុំ​បន្ត​ស៊ូ​ទ្រាំ​គ្រប់​ការ​ទាំង​អស់​»​

ពេល​ធីម៉ូថេ​ចាប់​ផ្ដើម​អាន​ពាក្យ​ផ្ដើម​នៃ​សំបុត្រ​នោះ គាត់​អាច​យល់​ភ្លាម​ៗ​ថា​ប៉ូល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ ប៉ូល​បាន​ហៅ​គាត់​យ៉ាង​កក់​ក្ដៅ​ថា​៖ ​«​កូន​ជា​ទី​ស្រឡាញ់​»។ (​២ធី. ១:២​) ពេល​ធីម៉ូថេ​បាន​ទទួល​សំបុត្រ​នេះ​ប្រហែល​ជា​នៅ​ឆ្នាំ​៦៥ គ.ស. គាត់​ទំនង​ជា​មាន​អាយុ​៣០​ឆ្នាំ​ជាង ហើយ​ជា​អ្នក​ចាស់​ទុំ​រួច​ហើយ។ គាត់​ក៏​បាន​រួម​ការងារ​ជា​មួយ​នឹង​ប៉ូល​អស់​ជាង​១០​ឆ្នាំ ហើយ​បាន​រៀន​ច្រើន​ពី​ប៉ូល។

ធីម៉ូថេ​ច្បាស់​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​ប៉ូល​កំពុង​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​នឹង​ទុក្ខ​លំបាក​ដែល​គាត់​ជួប​ប្រទះ។ នៅ​ពេល​នោះ ប៉ូល​ជាប់​ច្រវាក់​នៅ​ក្រុង​រ៉ូម ហើយ​មិន​យូរ​ទៀត​នឹង​ត្រូវ​គេ​សម្លាប់។ (​២ធី. ១:១៥, ១៦; ៤:៦​-​៨​) ធីម៉ូថេ​ឃើញ​ថា​ប៉ូល​មាន​ចិត្ត​ក្លាហាន តាម​រយៈ​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​ខ្ញុំ​បន្ត​ស៊ូ​ទ្រាំ​គ្រប់​ការ​ទាំង​អស់​»។ (​២ធី. ២:៨​-​១៣​) ដូច​ធីម៉ូថេ ការ​ស៊ូ​ទ្រាំ​របស់​ប៉ូល​អាច​ពង្រឹង​កម្លាំង​ចិត្ត​យើង។

​«​ចូរ​ធ្វើ​ឲ្យ​អំណោយ​ដែល​អ្នក​បាន​ទទួល . . . មាន​សកម្មភាព​ជា​និច្ច ដូច​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​»​

ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ចាត់​ទុក​ភារកិច្ច​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ​ជា​អ្វី​ដ៏​មាន​តម្លៃ។ ប៉ូល​ចង់​ឲ្យ​ធីម៉ូថេ​‹ធ្វើ​ឲ្យ​អំណោយ​ដែល​គាត់​បាន​ទទួល​ពី​ព្រះ មាន​សកម្មភាព​ជា​និច្ច ដូច​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ›។ (​២ធី. ១:៦​) ក្នុង​ខ​នេះ ប៉ូល​បាន​ប្រើ​ពាក្យ​មួយ​ជា​ភាសា​ក្រិច​ថា​ខារិស្មា ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អំណោយ​»។ ពាក្យ​ភាសា​ក្រិច​នេះ សំដៅ​លើ​អំណោយ​ដែល​យើង​មិន​សម​នឹង​ទទួល ហើយ​ដែល​យើង​បាន​ទទួល​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់។ ធីម៉ូថេ​បាន​ទទួល​អំណោយ​នេះ ពេល​គាត់​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បម្រើ​ក្រុម​ជំនុំ​តាម​របៀប​ដ៏​ពិសេស​មួយ។—១ធី. ៤:១៤

តើ​ធីម៉ូថេ​គួរ​ធ្វើ​អ្វី​ចំពោះ​អំណោយ​ដែល​គាត់​បាន​ទទួល? កាល​ដែល​គាត់​អាន​ឃ្លា​ថា​៖ ​«​[ចូរ]មាន​សកម្មភាព​ជា​និច្ច ដូច​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​»​ គាត់​ប្រហែល​ជា​គិត​អំពី​ភ្លើង​ដែល​មនុស្ស​បង្កាត់​នៅ​ផ្ទះ ដែល​ជួន​កាល​ចាប់​ផ្ដើម​រលត់​ទៅ​ជា​រងើក​ភ្លើង។ គេ​ត្រូវ​កាយ​រងើក​ភ្លើង​ទាំង​នោះ ដើម្បី​ឲ្យ​មាន​អណ្ដាត​ភ្លើង​និង​ឲ្យ​វា​កាន់​តែ​ឆេះ​ឡើង។ វចនានុក្រម​មួយ​ចែង​ថា កិរិយាស័ព្ទ​ភាសា​ក្រិច​(​អាណាសូភីរីអូ​)​ដែល​ប៉ូល​បាន​ប្រើ​ក្នុង​ខ​នោះ​មាន​ន័យ​ថា​«​បង្កាត់​ភ្លើង​ឬ​បញ្ឆេះ​ឡើង​វិញ​»។ ដូច្នេះ​នេះ​អាច​មាន​អត្ថន័យ​ថា​«​រំភើប​ចិត្ត​និង​ខ្នះ​ខ្នែង​អំពី​កិច្ច​ការ​ណា​មួយ​»។ យ៉ាង​នេះ ប៉ូល​ប្រាប់​ធីម៉ូថេ​ថា​៖ ‹ចូរ​បំពេញ​ភារកិច្ច​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត!›។ សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​ធ្វើ​ដូច​គ្នា​ដែរ គឺ​ថា​យើង​ត្រូវ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​របស់​យើង។

​«​ចូរ​រក្សា​ការ​ពារ​បញ្ញើ​ដ៏​ល្អ​ប្រសើរ​»​

ពេល​ធីម៉ូថេ​បន្ត​អាន​សំបុត្រ​នេះ​ពី​មិត្ត​ជា​ទី​ស្រឡាញ់​របស់​គាត់ គាត់​ឃើញ​ឃ្លា​មួយ​ដែល​អាច​ជួយ​គាត់​ក្នុង​កិច្ច​បម្រើ។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​រក្សា​ការ​ពារ​បញ្ញើ​ដ៏​ល្អ​ប្រសើរ​នេះ​តាម​រយៈ​សកម្មពល​បរិសុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​យើង​»។ (​២ធី. ១:១៤​) តើ​ធីម៉ូថេ​បាន​ទទួល​បញ្ញើ​អ្វី? ក្នុង​ខ​មុន​នោះ ប៉ូល​បាន​លើក​ឡើង​អំពី​«​ពាក្យ​ដែល​មាន​ប្រយោជន៍​»​ ដែល​ជា​សេចក្ដី​ពិត​ក្នុង​បទ​គម្ពីរ។ (​២ធី. ១:១៣​) ដោយ​សារ​ធីម៉ូថេ​ជា​អ្នក​ផ្សព្វ​ផ្សាយ គាត់​ត្រូវ​បង្រៀន​សេចក្ដី​ពិត​ដល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​និង​មនុស្ស​ក្នុង​តំបន់​ផ្សាយ។ (​២ធី. ៤:១​-​៥​) ធីម៉ូថេ​ថែម​ទាំង​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ ដើម្បី​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ។ (​១ពេ. ៥:២​) ធីម៉ូថេ​អាច​រក្សា​ការ​ពារ​បញ្ញើ​ដ៏​មាន​តម្លៃ​ដែល​គាត់​បាន​ទទួល ពោល​គឺ​សេចក្ដី​ពិត​ដែល​គាត់​បង្រៀន ដោយ​ពឹង​ផ្អែក​លើ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក។—២ធី. ៣:១៤​-​១៧

សព្វ​ថ្ងៃ​នេះ យើង​ក៏​បាន​ទទួល​បញ្ញើ​មួយ គឺ​សេចក្ដី​ពិត​ដែល​យើង​ប្រកាស​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ (​ម៉ាថ. ២៨:១៩, ២០​) យើង​ចង់​ចាំ​ជា​និច្ច​ថា​សេចក្ដី​ពិត​ដែល​យើង​បង្រៀន​គឺ​មាន​តម្លៃ ដូច្នេះ​យើង​ត្រូវ​បន្ត​អធិដ្ឋាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់។ (​រ៉ូម ១២:១១, ១២; ១ធី. ៤:១៣, ១៥, ១៦​) យើង​ក៏​ប្រហែល​ជា​មាន​ភារកិច្ច​ជា​អ្នក​ចាស់​ទុំ ឬ​បម្រើ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ បើ​យើង​មាន​ឯកសិទ្ធិ​នេះ យើង​គួរ​មាន​ចិត្ត​រាប​ទាប។ យើង​ក៏​គួរ​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ព្រះ​ដើម្បី​បំពេញ​ភារកិច្ច​របស់​យើង។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​បង្ហាញ​ថា​យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​បញ្ញើ​ដែល​យើង​បាន​ទទួល​ពី​ព្រះ។

​‹ចូរ​ផ្ញើ​ទុក​អ្វី​ទាំង​នេះ​នឹង​បុរស​ស្មោះ​ត្រង់›

ផ្នែក​មួយ​នៃ​ភារកិច្ច​របស់​ធីម៉ូថេ​គឺ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​កិច្ច​ការ​ដែល​គាត់​កំពុង​ធ្វើ។ ហេតុ​នេះ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ថា​៖ ​«​សេចក្ដី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ . . . ចូរ​ផ្ញើ​ទុក​នឹង​បុរស​ស្មោះ​ត្រង់ រួច​ពួក​គាត់​នឹង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​សេចក្ដី​នោះ​ដល់​អ្នក​ឯ​ទៀត​»។ (​២ធី. ២:២​) ប៉ូល​រំលឹក​ធីម៉ូថេ​ថា គាត់​ត្រូវ​បង្រៀន​អ្វី​ទាំង​អស់​ដែល​គាត់​ធ្លាប់​រៀន​ដល់​អ្នក​ឯ​ទៀត។ នៅ​សព្វ​ថ្ងៃ​នេះ គឺ​សំខាន់​ដែល​អ្នក​ត្រួត​ពិនិត្យ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ព្យាយាម​ធ្វើ​ដូច​នោះ​ដែរ។ អ្នក​ត្រួត​ពិនិត្យ​ល្អ​មិន​លាក់​ចំណេះ​របស់​គាត់​អំពី​កិច្ច​ការ​ណា​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បង្រៀន​អ្នក​ឯ​ទៀត​ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​កិច្ច​ការ​នោះ​បាន​ដែរ។ គាត់​មិន​ខ្លាច​ថា ពួក​គេ​នឹង​បំពេញ​ភារកិច្ច​នោះ​ប្រសើរ​ជាង​គាត់ ដោយ​សារ​ពួក​គេ​មាន​ចំណេះ​ច្រើន​ជាង ឬ​មាន​សមត្ថភាព​ជាង​គាត់​នោះ​ទេ។ ដូច្នេះ អ្នក​ត្រួត​ពិនិត្យ​មិន​គ្រាន់​តែ​បង្រៀន​ចំណុច​បឋម​ៗ​អំពី​កិច្ច​ការ​ណា​មួយ​ទេ។ តែ​គាត់​ចង់​ជួយ​អ្នក​ដែល​គាត់​បង្រៀន បង្កើន​សមត្ថភាព​ថ្លឹង​ថ្លែង​និង​យល់​ធ្លុះ​ជ្រៅ ពោល​គឺ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ យ៉ាង​នេះ បុរស​ស្មោះ​ត្រង់​ដែល​គាត់​បង្រៀន​នឹង​ជួយ​ក្រុម​ជំនុំ​ឲ្យ​បាន​ច្រើន​ជាង។

ធីម៉ូថេ​ទំនង​ជា​ចាត់​ទុក​ថា​សំបុត្រ​ដ៏​កក់​ក្ដៅ​ដែល​គាត់​ទទួល​ពី​ប៉ូល​ជា​អ្វី​ដែល​មាន​តម្លៃ។ យើង​ស្រួល​ស្រមៃ​ឃើញ​ថា គាត់​អាន​យោបល់​នោះ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​រំពឹង​គិត​អំពី​របៀប​ដែល​គាត់​អាច​ធ្វើ​តាម​យោបល់​នោះ​ឲ្យ​បាន​ល្អ​បំផុត​ក្នុង​ភារកិច្ច​របស់​គាត់។

យើង​ក៏​ចង់​ធ្វើ​តាម​យោបល់​នេះ​ផង​ដែរ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ខំ​ធ្វើ​ឲ្យ​អំណោយ​ដែល​យើង​បាន​ទទួល​មាន​សកម្មភាព​ជា​និច្ច ដូច​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ហើយ​រក្សា​ការ​ពារ​បញ្ញើ​របស់​យើង និង​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​ឥត​លាក់​លៀម។ យ៉ាង​នេះ ដូច​ប៉ូល​បាន​ប្រាប់​ធីម៉ូថេ យើង​អាច​«​បំពេញ​កិច្ច​បម្រើ​របស់​[​យើង​]​គ្រប់​ជំពូក​»។—២ធី. ៤:៥