លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៣

សូមកុំឈប់ព្យាយាមឡើយ!

សូមកុំឈប់ព្យាយាមឡើយ!

​«​យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ​»។—កាឡ. ៦:៩

ចម្រៀង​លេខ​៦៨ ចូរ​សាប​ព្រោះ​គ្រាប់​ពូជ​រាជាណាចក្រ

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​យើង​សប្បាយ​ចិត្ត​និង​មាន​មោទនភាព​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា?

យើង​សប្បាយ​ចិត្ត​និង​មាន​មោទនភាព​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា! យើង​តំណាង​នាម​លោក​ដោយ​ផ្សព្វ​ផ្សាយ និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ យើង​អរ​សប្បាយ​ជួយ​បុគ្គល​«​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។ (​សកម្ម. ១៣:៤៨​) យើង​មាន​អារម្មណ៍​ដូច​លោក​យេស៊ូ​ដែល​«​ត្រេក​អរ​ពន់​ពេក​ដោយ​សារ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​»​ ក្រោយ​ពី​ពួក​អ្នក​កាន់​តាម​លោក​ត្រឡប់​មក​ពី​ផ្សព្វ​ផ្សាយ​វិញ។—លូក. ១០:១, ១៧, ២១

២. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ថា​សំខាន់?

យើង​ចាត់​ទុក​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ថា​សំខាន់​ណាស់។ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក​»។ ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»។ (​១ធី. ៤:១៦​) ដូច្នេះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​សង្គ្រោះ​ជីវិត​មនុស្ស។ ម្យ៉ាង​ទៀត យើង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​យើង ដោយ​សារ​យើង​ជា​ពលរដ្ឋ​នៃ​រាជាណាចក្រ​របស់​ព្រះ។ យើង​ចង់​មាន​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​និង​ដែល​ស្រប​តាម​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ។ (​ភី. ១:២៧​) យើង​‹ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​សេចក្ដី​បង្រៀន​របស់​យើង› ដោយ​រៀបចំ​ឲ្យ​បាន​ល្អ​និង​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​មុន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។

៣. តើ​មនុស្ស​ទាំង​អស់​នឹង​ចាប់​អារម្មណ៍​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​ឬ​ទេ? សូម​លើក​ឧទាហរណ៍។

ទោះ​ជា​យើង​ខំ​អស់​ពី​សមត្ថភាព​ក៏​ដោយ នេះ​មិន​មាន​ន័យ​ថា​មនុស្ស​នឹង​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ទេ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ហ្គេអ័រ លីនដាល ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​គត់​នៅ​ប្រទេស​អ៊ីស្លង់ ពី​ឆ្នាំ​១៩២៩​ដល់​ឆ្នាំ​១៩៤៧។ ទោះ​ជា​គាត់​បាន​ចែក​ចាយ​សៀវ​ភៅ​ផ្សេង​ៗ​របស់​យើង​អស់​រាប់​ពាន់​ក្បាល​ក្ដី គ្មាន​អ្នក​ណា​ទៅ​ជា​សាក្សី​ឡើយ។ គាត់​បាន​សរសេរ​ថា​៖ ​«​តាម​មើល​ទៅ មាន​អ្នក​ប្រឆាំង​ខ្លះ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​សេចក្ដី​ពិត​ទេ​»។ ទោះ​ជា​មាន​សាសនទូត​ពី​សាលា​គីលាត​មក​ជួយ​ក៏​ដោយ មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​ទេ។ នៅ​ទី​បំផុត ក្រោយ​ពី​៩​ឆ្នាំ បុគ្គល​ខ្លះ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។

៤. តើ​យើង​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មនុស្ស​មិន​ស្ដាប់​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ?

យើង​ខក​ចិត្ត​ពេល​មនុស្ស​មាន​ប្រតិកម្ម​មិន​ល្អ​ចំពោះ​ដំណឹង​ដែល​យើង​ផ្សាយ។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល។ គាត់​«​កើត​ទុក្ខ​យ៉ាង​ខ្លាំង ហើយ​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​និច្ច​»​ ដោយ​សារ​ពួក​យូដា​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី។ (​រ៉ូម ៩:១​-​៣​) ចុះ​បើ​យើង​ខំ​ប្រឹង​និង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​រួច​ហើយ ប៉ុន្តែ​សិស្ស​គម្ពីរ​របស់​យើង​មិន​រីក​ចម្រើន ហើយ​យើង​ត្រូវ​ឈប់​បង្រៀន​គាត់? ឬ​ចុះ​បើ​យើង​មិន​ដែល​បង្រៀន​អ្នក​ណា​ម្នាក់​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក? តើ​យើង​គួរ​តែ​មាន​អារម្មណ៍​ថា​យើង​ធ្វើ​មិន​បាន​ល្អ ឬ​ថា​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ឬ​ទេ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ពីរ​យ៉ាង​៖ (​១​)​តើ​កិច្ច​បម្រើ​ផ្សាយ​ដ៏​ជោគ​ជ័យ​គឺ​ជា​អ្វី? (​២​)​តើ​យើង​អាច​រំពឹង​ទុក​អ្វី​ខ្លះ​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

តើ​កិច្ច​បម្រើ​ផ្សាយ​ដ៏​ជោគ​ជ័យ​គឺ​ជា​អ្វី?

៥. ហេតុ​អ្វី​កិច្ច​ការ​ដែល​យើង​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា​មិន​តែង​តែ​កើត​ផល​ដូច​ដែល​យើង​ប៉ង?

គម្ពីរ​ចែង​អំពី​បុគ្គល​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​អ្វី​ៗ​ដែល​គាត់​ធ្វើ​នឹង​បាន​សម្រេច​»។ (​ចសព. ១:៣​) ប៉ុន្តែ តើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា​នឹង​កើត​ឡើង​ដូច​ដែល​យើង​ប៉ង​ឬ​ទេ? មិន​មែន​ទេ! ជីវិត​របស់​មនុស្ស​គឺ​«​មាន​ទុក្ខ​លំបាក​មិន​ចេះ​ចប់​»​ ដោយ​សារ​ទាំង​យើង​ទាំង​អ្នក​ឯ​ទៀត​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ (​យ៉ូប ១៤:១​) បន្ថែម​ទៅ​ទៀត ពួក​អ្នក​ប្រឆាំង​ព្យាយាម​បញ្ឈប់​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ (​១កូ. ១៦:៩; ១ថែ. ២:១៨​) ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ថា​ជោគ​ជ័យ​ដោយ​ផ្អែក​លើ​អ្វី? សូម​យើង​ពិចារណា​គោល​ការណ៍​គម្ពីរ​ខ្លះ ដែល​ជួយ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ។

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​យើង មិន​ថា​យើង​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ សរសេរ​សំបុត្រ ឬ​ទៅ​ជួប​មនុស្ស​ដោយ​ផ្ទាល់ (​សូម​មើល​វគ្គ​៦​)

៦. តើ​អ្វី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ថា​ជោគ​ជ័យ?

ព្រះ​យេហូវ៉ា​ឃើញ​ការ​ខំ​ប្រឹង​និង​ការ​ស៊ូ​ទ្រាំ​របស់​យើង។ ចំពោះ​ព្រះ​យេហូវ៉ា កិច្ច​ការ​របស់​យើង​ទទួល​ជោគ​ជ័យ បើ​យើង​បំពេញ​កិច្ច​ការ​នោះ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ដោយ​សេចក្ដី​ស្រឡាញ់ មិន​ថា​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ក្ដី។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​បម្រើ​ពួក​អ្នក​បរិសុទ្ធ ហើយ​នៅ​តែ​បម្រើ​ពួក​គាត់​ជា​និច្ច​»។ (​ហេ. ៦:១០​) ព្រះ​យេហូវ៉ា​នឹក​ចាំ​អំពី​ការ​ខំ​ប្រឹង​និង​សេចក្ដី​ស្រឡាញ់​របស់​យើង ទោះ​ជា​យើង​មិន​មាន​សិស្ស​គម្ពីរ​ដែល​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​ក្ដី។ ដូច្នេះ អ្វី​ដែល​ប៉ូល​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ជាប់​ទាក់​ទង​នឹង​អ្នក ពេល​គាត់​និយាយ​ថា​៖ ​«​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ទាំង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ​»​ មិន​ថា​ការ​ខំ​ប្រឹង​របស់​អ្នក​កើត​ផល​ដូច​ដែល​អ្នក​បាន​រំពឹង​ទុក​ឬ​មិន​បាន​ក្ដី។—១កូ. ១៥:៥៨

៧. តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​សាវ័ក​ប៉ូល​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់?

សាវ័ក​ប៉ូល​គឺ​ជា​សាសនទូត​ដ៏​ល្អ​ប្រសើរ។ គាត់​បាន​ជួយ​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន​នៅ​ក្រុង​ផ្សេង​ៗ។ ពេល​អ្នក​ខ្លះ​រិះ​គន់​ថា​ប៉ូល​មិន​មែន​ជា​អ្នក​បង្រៀន​ល្អ គាត់​មិន​បាន​ប្រកែក​ថា​គាត់​បាន​ជួយ​មនុស្ស​ច្រើន​ប៉ុណ្ណា​ឲ្យ​ទៅ​ជា​អ្នក​ជឿ​ទេ តែ​គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ធ្វើ​ការ​ច្រើន​ជាង​ពួក​គេ​»។ (​២កូ. ១១:២៣​) ដូច​ប៉ូល យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្លាំង​បំផុត​ទៅ​លើ​ការ​ខំ​ប្រឹង​ព្យាយាម​និង​ការ​ស៊ូ​ទ្រាំ។

៨. តើ​យើង​គួរ​ចាំ​អ្វី​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ លោក​យេស៊ូ​បាន​ចាត់​អ្នក​កាន់​តាម​លោក​៧០​នាក់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ពួក​គេ​«​បាន​វិល​មក​វិញ​ទាំង​មាន​អំណរ​»។ ហេតុ​អ្វី​ពួក​គេ​មាន​អំណរ? ពួក​គេ​និយាយ​ថា​៖ ​«​សូម្បី​តែ​ពួក​វិញ្ញាណ​កំណាច ក៏​ស្ដាប់​បង្គាប់​យើង​ដោយ​សារ​នាម​របស់​លោក​ដែរ​»។ ប៉ុន្តែ លោក​យេស៊ូ​បាន​កែ​តម្រង់​របៀប​គិត​គូរ​របស់​ពួក​គេ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ត្រេក​អរ​ដោយ​សារ​ពួក​វិញ្ញាណ​បាន​ត្រូវ​ចុះ​ចូល​ក្នុង​អំណាច​អ្នក​រាល់​គ្នា​ឡើយ តែ​ចូរ​ត្រេក​អរ​ពីព្រោះ​ឈ្មោះ​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ចារឹក​ទុក​នៅ​ឯ​ស្ថាន​សួគ៌​វិញ​»។ (​លូក. ១០:១៧​-​២០​) លោក​យេស៊ូ​ដឹង​ថា​ពួក​គេ​នឹង​មិន​តែង​តែ​ទទួល​លទ្ធផល​ល្អ​ប្រសើរ​បែប​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ​ទេ។ តាម​ពិត យើង​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ស្ដាប់​ពួក​អ្នក​កាន់​តាម​ទាំង​នោះ បាន​ទៅ​ជា​អ្នក​ជឿ​ឡើយ។ អ្នក​កាន់​តាម​ទាំង​នោះ​ត្រូវ​យល់​ថា អំណរ​របស់​ពួក​គេ​មិន​គ្រាន់​តែ​មក​ពី​លទ្ធផល​នៃ​កិច្ច​ការ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺមក​ពី​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​ខំ​ប្រឹង​ព្យាយាម​របស់​ពួក​គេ។

៩. យោង​ទៅ​តាម​កាឡាទី ៦:៧​-​៩ តើ​យើង​នឹង​ទទួល​លទ្ធផល​អ្វី​បើ​យើង​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

បើ​យើង​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ កាល​ដែល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត យើង​ក៏​«​សាប​ព្រោះ​ដោយ​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ​»​ ឬ​អនុញ្ញាត​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​ជីវិត​យើង។ បើ​យើង​មិន​«​ឈប់​ព្យាយាម​»​ឬ​«​មិន​រសាយ​ចិត្ត​»​ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឲ្យ​យើង មិន​ថា​យើង​បាន​ជួយ​បុគ្គល​ឯ​ទៀត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​មិន​បាន​ជួយ​នោះ​ទេ។—សូម​អាន កាឡាទី ៦:៧​-​៩

តើ​យើង​អាច​រំពឹង​ទុក​អ្វី​ខ្លះ​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

១០. តើ​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​អ្វី?

១០ ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​ចិត្ត​របស់​ពួក​គេ។ លោក​យេស៊ូ​បាន​ពន្យល់​អំពី​ចំណុច​នេះ​ក្នុង​ឧទាហរណ៍​របស់​លោក​ស្ដី​អំពី​អ្នក​សាប​ព្រោះ​ដែល​បាន​សាប​ព្រោះ​គ្រាប់​ពូជ​ទៅ​លើ​ដី​ប្រភេទ​ផ្សេង​ៗ។ មាន​ដី​មួយ​ប្រភេទ​ប៉ុណ្ណោះ​ដែល​បង្កើត​ផល។ (​លូក. ៨:៥​-​៨​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ប្រភេទ​ដី​ផ្សេង​ៗ​ជា​តំណាង​មនុស្ស​ដែល​មាន​ប្រតិកម្ម​ផ្សេង​ៗ​ចំពោះ​«​បណ្ដាំរបស់​ព្រះ​»។ (​លូក. ៨:១១​-​១៥​) ដូច​អ្នក​សាប​ព្រោះ យើង​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ដុះ​ឡើង​ក្នុង​ចិត្ត​របស់​មនុស្ស​ទេ នេះ​គឺ​អាស្រ័យ​ទៅ​លើ​ចិត្ត​របស់​ពួក​គេ​វិញ។ ភារកិច្ច​របស់​យើង​គឺ​បន្ត​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ គឺ​ដូច​សាវ័ក​ប៉ូល​បាន​និយាយ​ថា បុគ្គល​«​ម្នាក់​ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ខំ​ប្រឹង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»​ មិន​មែន​តាម​លទ្ធផល​ពី​កិច្ច​ការ​របស់​ពួក​គេ​នោះ​ទេ។—១កូ. ៣:៨

ទោះ​ជា​ណូអេ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី មាន​តែ​ប្រពន្ធ កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​គាត់​ប៉ុណ្ណោះ​បាន​ចូល​ក្នុង​ទូក​ធំ​ជា​មួយ​គាត់។ ប៉ុន្តែ​ណូអេ​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​បាន​សម្រេច​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​គាត់! (​សូម​មើល​វគ្គ​១១​)

១១. ហេតុ​អ្វី​ណូអេ​ទទួល​ជោគ​ជ័យ​«​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»​? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១១ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​នៅ​សម័យ​មុន បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មិន​ចង់​ស្ដាប់​ពួក​គេ។ ជា​ឧទាហរណ៍ ណូអេ​«​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»​ អស់​ប្រហែល​៤០​ឬ​៥០​ឆ្នាំ។ (​២ពេ. ២:៥​) ណូអេ​ច្បាស់​ជា​សង្ឃឹម​ថា​អ្នក​ឯ​ទៀត​នឹង​ស្ដាប់​ដំណឹង​ដែល​គាត់​ផ្សាយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​មាន​ប្រសាសន៍​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​ព្រះ​យេហូវ៉ា​ប្រាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ទូក​នោះ​ជា​មួយ​នឹង​ប្រពន្ធ​កូន​អ្នក ព្រម​ទាំង​កូន​ប្រសា​របស់​អ្នក​ដែរ​»។ (​ដក. ៦:១៨​) ម្យ៉ាង​ទៀត ដោយ​គិត​អំពី​ទំហំ​និង​ចំណុះ​នៃ​ទូក​ធំ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​សង់​នោះ ណូអេ​ប្រហែល​ជា​យល់​ថា​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​នឹង​ចូល​ក្នុង​ទូក​ធំ​នោះ​ទេ។ (​ដក. ៦:១៥​) តាម​ការ​ពិត គ្មាន​មនុស្ស​ណា​ម្នាក់​ពី​ពិភព​លោក​ដ៏​ឃោរ​ឃៅ​នោះ​ស្ដាប់​ដំណឹង​ដែល​ណូអេ​បាន​ផ្សព្វ​ផ្សាយ​ឡើយ។ (​ដក. ៧:៧​) តើ​ព្រះ​យេហូវ៉ា​គិត​ថា​ណូអេ​មិន​បាន​សម្រេច​កិច្ច​ការ​យ៉ាង​ល្អ​គ្រប់​គ្រាន់​ឬ​ទេ? មិន​មែន​ទេ! តាម​ទស្សនៈ​របស់​ព្រះ ណូអេ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ជោគ​ជ័យ ដោយ​សារ​គាត់​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​គាត់​ឲ្យ​ធ្វើ​យ៉ាង​ស្មោះ​ត្រង់។—ដក. ៦:២២

១២. តើ​យេរេមា​បាន​រក្សា​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​យ៉ាង​ដូច​ម្ដេច ទោះ​ជា​មនុស្ស​មិន​ស្ដាប់​និង​មាន​អ្នក​ប្រឆាំង​គាត់​ក្ដី?

១២ យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ បាន​ផ្សព្វ​ផ្សាយ​អស់​រយៈ​ពេល​៤០​ឆ្នាំ​ជាង ទោះ​ជា​មនុស្ស​មិន​ស្ដាប់​និង​មាន​អ្នក​ប្រឆាំង​គាត់​ក៏​ដោយ។ គាត់​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​«​ការ​ប្រមាថ​មើល​ងាយ​និង​ការ​ពេប​ជ្រាយ​»​ពី​អ្នក​ប្រឆាំង រហូត​ដល់​គាត់​គិត​ចង់​បោះ​បង់​ភារកិច្ច​របស់​គាត់។ (​យេ. ២០:៨, ៩​) ប៉ុន្តែ គាត់​មិន​បាន​ឈប់​ព្យាយាម​ទេ! ហេតុ​អ្វី​គាត់​នៅ​តែ​អាច​តស៊ូ​ព្យាយាម​និង​រក្សា​អំណរ​បាន? គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​សំខាន់​ពីរ​យ៉ាង។ ទី​១ ដំណឹង​ដែល​គាត់​ផ្សាយ ផ្ដល់​«​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ​»​ដល់​បណ្ដា​ជន។ (​យេ. ២៩:១១​) ទី​២ យេរេមា​ជា​តំណាង​នាម​ព្រះ​យេហូវ៉ា។ (​យេ. ១៥:១៦​) យើង​ក៏​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ឯ​ទៀត ហើយ​យើង​ក៏​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា​ដែរ។ ពេល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ទាំង​ពីរ​នេះ យើង​អាច​រក្សា​អំណរ មិន​ថា​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ក្ដី។

១៣. តើ​យើង​រៀន​អ្វី​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​នៅ​ម៉ាកុស ៤:២៦​-​២៩?

១៣ គឺ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ឲ្យ​បុគ្គល​ណា​ម្នាក់​មាន​ជំនឿ។ លោក​យេស៊ូ​បង្រៀន​ការ​ពិត​នេះ​ក្នុង​ឧទាហរណ៍​របស់​លោក​អំពី​អ្នក​សាប​ព្រោះ​ដែល​ដេក​លក់។ (​សូម​អាន ម៉ាកុស ៤:២៦​-​២៩) ក្រោយ​ពី​បុរស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​រួច​ហើយ គ្រាប់​ពូជ​នោះ​ដុះ​ឡើង​បន្តិច​ម្ដង​ៗ ហើយ​គាត់​មិន​អាច​ធ្វើ​អ្វី​សោះ​ដើម្បី​ឲ្យ​គ្រាប់​ពូជ​នោះ​ដុះ​លឿន​ជាង។ ស្រដៀង​គ្នា​ដែរ យើង​ប្រហែល​ជា​ត្រូវ​រង់​ចាំ​យូរ​ដើម្បី​ឲ្យ​សិស្ស​គម្ពីរ​របស់​យើង​រីក​ចម្រើន​និង​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន​ពី​គម្ពីរ។ ម្យ៉ាង​ទៀត ដូច​អ្នក​សាប​ព្រោះ​មិន​អាច​ធ្វើ​ឲ្យ​ដំណាំ​របស់​គាត់​ដុះ​លូត​លាស់​លឿន​តាម​ដែល​ចិត្ត​គាត់​ចង់ យើង​មិន​អាច​បង្ខំ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ឆាប់​មាន​ជំនឿ​ដូច​ដែល​ចិត្ត​យើង​ចង់​ដែរ។ ដូច្នេះ បើ​សិស្ស​គម្ពីរ​មិន​ឆាប់​រីក​ចម្រើន​ដូច​ដែល​យើង​រំពឹង​ទុក សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឬ​ឈប់​ព្យាយាម​ឡើយ! ដូច​អ្នក​សាប​ព្រោះ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ កាល​ដែល​យើង​រង់​ចាំ​ឲ្យ​សិស្ស​គម្ពីរ​រីក​ចម្រើន។—យ៉ា. ៥:៧, ៨

១៤. តើ​ឧទាហរណ៍​អ្វី​បង្ហាញ​ថា​ប្រហែល​ជា​ត្រូវ​ការ​ពេល​យូរ មុន​ទទួល​លទ្ធផល​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៤ នៅ​តំបន់​ផ្សាយ​ខ្លះ ត្រូវ​ការ​ពេល​យូរ​មុន​មាន​បុគ្គល​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ក្លាឌីស អាឡិន និង​បង​ស្រី​រូប៊ី អាឡិន​ដែល​ជា​បង​ប្អូន​បង្កើត។ នៅ​ឆ្នាំ​១៩៥៩ ពួក​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ក្រុង​តូច​មួយ​នា​ខេត្ត​កេបិក ប្រទេស​កាណាដា។ មនុស្ស​នៅ​តំបន់​នោះ មិន​ហ៊ាន​ស្ដាប់​ឬ​និយាយ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ទេ ដោយ​សារ​ពួក​គេ​ភ័យ​ខ្លាច​អំពី​ប្រតិកម្ម​របស់​អ្នក​ជិត​ខាង​និង​ពួក​បព្វជិត​សាសនា​កាតូលិក។ បង​ក្លាឌីស​និយាយ​ថា​៖ ​«​យើង​បាន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​រាល់​ថ្ងៃ​៨​ម៉ោង​អស់​ពីរ​ឆ្នាំ ហើយ​គ្មាន​អ្នក​ណា​បើក​ទ្វារ​ឲ្យ​សោះ។ ពេល​មនុស្ស​ដើរ​ទៅ​មាត់​ទ្វារ​ផ្ទះ​ហើយ​ឃើញ​ថា​ជា​ពួក​យើង ពួក​គេ​ដើរ​ចេញ។ ប៉ុន្តែ យើង​មិន​បាន​ឈប់​ព្យាយាម​ឡើយ!​»។ បន្តិច​ម្ដង​ៗ មនុស្ស​ចាប់​ផ្ដើម​មាន​ទស្សនៈ​ល្អ​ជាង ហើយ​មាន​អ្នក​ខ្លះ​ស្ដាប់​សេចក្ដី​ពិត​ពី​គម្ពីរ។ នៅ​សព្វ​ថ្ងៃ​នេះ មាន​ក្រុម​ជំនុំ​បី​នៅ​ក្រុង​តូច​នោះ។—អេ. ៦០:២២

១៥. តើ​កូរិនថូស​ទី​១ ៣:៦, ៧​បង្រៀន​យើង​អ្វី​អំពី​កិច្ច​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ?

១៥ គឺ​ត្រូវ​ការ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​បុគ្គល​ម្នាក់​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ គេ​ធ្លាប់​និយាយ​ថា​ត្រូវ​ការ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ (​សូម​អាន កូរិនថូស​ទី​១ ៣:៦, ៧) ឧបមា​ថា អ្នក​ផ្សាយ​ម្នាក់​បាន​ឲ្យ​ខិត្តប័ណ្ណ​ឬ​ទស្សនាវដ្ដី​មួយ​ច្បាប់​ដល់​អ្នក​ចាប់​អារម្មណ៍​ម្នាក់។ ប៉ុន្តែ កាល​វិភាគ​របស់​អ្នក​ផ្សាយ​និង​អ្នក​ចាប់​អារម្មណ៍​នោះ​មិន​ស៊ី​គ្នា ដូច្នេះ​អ្នក​ផ្សាយ​ផ្ទេរ​ឲ្យ​អ្នក​ផ្សាយ​ម្នាក់​ទៀត។ អ្នក​ផ្សាយ​ម្នាក់​ទៀត​នោះ បន្ត​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​នោះ ហើយ​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ។ អ្នក​ផ្សាយ​នោះ​អញ្ជើញ​បង​ប្អូន​ផ្សេង​ៗ​ឲ្យ​ចូល​រួម​ការ​សិក្សា​គម្ពីរ​ជា​មួយ​គាត់។ ដូច្នេះ សិស្ស​គម្ពីរ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ពួក​គេ​ម្នាក់​ៗ​តាម​របៀប​ផ្សេង​ៗ។ បង​ប្អូន​ម្នាក់​ៗ​ដែល​សិស្ស​គម្ពីរ​ជួប​នឹង​ជួយ​គាត់​ឲ្យ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​អាច​អរ​សប្បាយ​ជា​មួយ​គ្នា​ក្នុង​កិច្ច​ការ​ប្រមូល​ផល។—យ៉ូន. ៤:៣៥​-​៣៨

១៦. ហេតុ​អ្វី​អ្នក​អាច​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ទោះ​ជា​អ្នក​មាន​បញ្ហា​សុខភាព​ឬ​ខ្សោយ​កម្លាំង​ក្ដី?

១៦ ចុះ​យ៉ាង​ណា បើ​អ្នក​មិន​អាច​ធ្វើ​បាន​ច្រើន​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដូច​ដែល​អ្នក​ធ្លាប់​ធ្វើ​ពី​មុន ដោយ​សារ​អ្នក​មាន​កម្លាំង​ខ្សោយ​ឬ​មាន​បញ្ហា​សុខភាព? អ្នក​នៅ​តែ​អាច​មាន​អំណរ​ចំពោះ​អ្វី​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​កិច្ច​ការ​ទូទាំង​ពិភព​លោក។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​ស្ដេច​ដាវីឌ ពេល​ដែល​គាត់​និង​ពួក​បុរស​របស់​គាត់​ទៅ​រំដោះ​ក្រុម​គ្រួសារ​និង​យក​របស់​របរ​ពី​ជន​ជាតិ​អាម៉ាលេក​មក​វិញ។ ពេល​នោះ មាន​បុរស​២០០​នាក់​អស់​កម្លាំង​ខ្លាំង​រហូត​ដល់​ពួក​គេ​មិន​អាច​ទៅ​ច្បាំង​បាន​ទេ ដូច្នេះ​ពួក​គេ​នៅ​យាម​អីវ៉ាន់។ ក្រោយ​ពី​ច្បាំង​ឈ្នះ ដាវីឌ​បាន​បង្គាប់​គេ​ឲ្យ​ចែក​ជ័យភណ្ឌ​ទៅ​បុគ្គល​ម្នាក់​ៗ​ស្មើ​ៗ​គ្នា។ (​១សាំ. ៣០:២១​-​២៥​) កិច្ច​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ស្រដៀង​នឹង​នេះ​ដែរ។ អ្នក​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន។ ប៉ុន្តែ បើ​អ្នក​ខំ​អស់​ពី​សមត្ថភាព អ្នក​នៅ​តែ​អាច​មាន​អំណរ​ក្រៃ​លែង​រាល់​ដង​ដែល​បុគ្គល​ថ្មី​ស្គាល់​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។

១៧. តើ​យើង​គួរ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី?

១៧ ការ​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​កិច្ច​បម្រើ​របស់​យើង នាំ​ឲ្យ​យើង​មាន​អំណរ​គុណ​ចំពោះ​លោក។ លោក​ដឹង​ថា​យើង​មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ស្ដាប់​យើង ឬ​ឲ្យ​ចាប់​ផ្ដើម​បម្រើ​លោក​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​សង្កេត​ឃើញ​ការ​ខំ​ប្រឹង​ព្យាយាម​របស់​យើង និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​លោក ហើយ​លោក​ឲ្យ​ពរ​យើង។ ព្រះ​យេហូវ៉ា​ក៏​បង្រៀន​យើង​ឲ្យ​មាន​អំណរ​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​អាច​ធ្វើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​យ៉ូន. ១៤:១២​) យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង​ដរាប​ណា​យើង​មិន​ឈប់​ព្យាយាម!

ចម្រៀង​លេខ​៦៧ ចូរ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ​»​

^ វគ្គ 5 យើង​សប្បាយ​ពេល​មនុស្ស​ស្ដាប់​ដំណឹង​ល្អ​ដែល​យើង​ផ្សព្វ​ផ្សាយ តែ​ពេល​ដែល​ពួក​គេ​មិន​ស្ដាប់ យើង​ខក​ចិត្ត។ ចុះ​យ៉ាង​ណា​បើ​សិស្ស​គម្ពីរ​របស់​យើង​មិន​រីក​ចម្រើន ឬ​បើ​យើង​មិន​ដែល​មាន​សិស្ស​គម្ពីរ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក? តើ​នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ការ​របស់​យើង​ជា​អ្នក​ផ្សព្វ​ផ្សាយ​ឬ​ទេ? ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​មូលហេតុ​ដែល​យើង​អាច​ចាត់​ទុក​ថា​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ទទួល​ជោគ​ជ័យ ហើយ​របៀប​ដែល​យើង​អាច​មាន​អំណរ ទោះ​ជា​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ក៏​ដោយ។