អត្ថបទសិក្សា ៦
តើគម្ពីរបង្ហាញយ៉ាងណាអំពីអ្នកនិពន្ធផ្ទាល់?
«ចូរកត់ទុកពាក្យទាំងអស់ដែលខ្ញុំប្រាប់អ្នកក្នុងសៀវភៅ»។—យេ. ៣០:២
ចម្រៀងលេខ៩៦ សៀវភៅរបស់ព្រះជាសម្បត្តិវិសេស
សេចក្ដីសង្ខេប a
១. ហេតុអ្វីអ្នកឲ្យតម្លៃគម្ពីរ?
យើងមានចិត្តកតញ្ញូជាខ្លាំងចំពោះព្រះយេហូវ៉ាសម្រាប់គម្ពីរ! ក្នុងគម្ពីរ លោកផ្ដល់ឲ្យយើងនូវយោបល់ដែលប្រកបដោយប្រាជ្ញាដែលអាចជួយយើងឲ្យប្រឈមមុខនឹងបញ្ហាដែលយើងជួបប្រទះនៅសព្វថ្ងៃនេះដោយជោគជ័យ។ លោកក៏ឲ្យយើងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគតដែរ។ សំខាន់ជាងនេះទៅទៀត ព្រះយេហូវ៉ាបានប្រើគម្ពីរដើម្បីបង្ហាញអំពីគុណសម្បត្តិជាច្រើនរបស់លោក។ កាលយើងរំពឹងគិតអំពីគុណសម្បត្តិដ៏ល្អប្រសើររបស់លោកយើងរំជួលចិត្ត ហើយនោះជំរុញចិត្តយើងឲ្យចូលទៅជិតព្រះរបស់យើង ដោយបណ្ដុះឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយលោក។—ចសព. ២៥:១៤
២. តើព្រះយេហូវ៉ាបានបង្ហាញអំពីលោកតាមរបៀបណាខ្លះ?
២ ព្រះយេហូវ៉ាចង់ឲ្យមនុស្សស្គាល់លោក។ នៅអតីតកាល លោកបានបើកបង្ហាញឲ្យរាស្ត្ររបស់លោកស្គាល់លោកតាមរយៈសុបិន ការបើកបង្ហាញឲ្យឃើញក្នុងគំនិត និងដោយចាត់ទេវតាឲ្យនាំដំណឹងរបស់លោកដល់អ្នកឯទៀត។ (ជប. ១២:៦; សកម្ម. ១០:៣, ៤) ប៉ុន្តែ យើងមិនអាចសិក្សាអំពីសុបិន ការបើកបង្ហាញឲ្យឃើញក្នុងគំនិត ឬដំណឹងពីទេវតាបានទេ បើអ្វីទាំងនេះមិនបានត្រូវកត់ទុក។ ហេតុនេះ ព្រះយេហូវ៉ាបានឲ្យបុរសមួយចំនួន‹កត់ទុកក្នុងសៀវភៅ›នូវអ្វីដែលលោកចង់ឲ្យយើងដឹង។ (យេ. ៣០:២) ដោយសារ«ផ្លូវរបស់ព្រះពិតគឺល្អឥតខ្ចោះ» យើងអាចជឿជាក់ថាការប្រាស្រ័យទាក់ទងជាមួយយើងតាមវិធីនេះគឺល្អប្រសើរនិងមានប្រយោជន៍។—ចសព. ១៨:៣០
៣. តើតាមរបៀបណាព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាយើងមានគម្ពីររហូតដល់សព្វថ្ងៃនេះ? (អេសាយ ៤០:៨)
៣ សូមអាន អេសាយ ៤០:៨។ បណ្ដាំព្រះបានផ្ដល់ការណែនាំដែលប្រកបដោយប្រាជ្ញាដល់បុរសស្ត្រីដ៏ស្មោះត្រង់អស់រាប់ពាន់ឆ្នាំ។ តើនេះអាចកើតឡើងបានយ៉ាងដូចម្ដេច? នេះជាសំណួរល្អ ពីព្រោះគម្ពីរបានត្រូវសរសេរនៅដើមដំបូងអស់ជា ច្រើនឆ្នាំមុននៅលើវត្ថុដែលងាយខូច ដូច្នេះគ្មានឯកសារដើមណាដែលបានបន្សល់ទុកនៅសព្វថ្ងៃនេះឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាមនុស្សបានចម្លងដំណឹងដ៏ពិសិដ្ឋនេះ។ ទោះជាអ្នកចម្លងជាមនុស្សមិនល្អឥតខ្ចោះក្ដី ពួកគេប្រុងប្រយ័ត្នយ៉ាងខ្លាំង។ ជាឧទាហរណ៍ ស្ដីអំពីបទគម្ពីរភាសាហេប្រឺ បណ្ឌិតម្នាក់បានសរសេរថា៖ «យើងជឿជាក់ថាគ្មានសៀវភៅបុរាណឯទៀតណាបានចម្លងយ៉ាងត្រឹមត្រូវដូចគម្ពីរឡើយ»។ ដូច្នេះ ទោះជាគម្ពីរបានត្រូវសរសេរច្រើនឆ្នាំមុននៅលើវត្ថុដែលងាយខូច ហើយមនុស្សដែលចម្លងគម្ពីរជាបុគ្គលមិនល្អឥតខ្ចោះក្ដី យើងអាចជឿជាក់ថាពាក្យដែលយើងអានក្នុងគម្ពីររបស់យើងនៅសព្វថ្ងៃបង្ហាញអំពីគំនិតរបស់អ្នកនិពន្ធ ពោលគឺព្រះយេហូវ៉ា។
៤. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៤ ព្រះយេហូវ៉ាជាប្រភពនៃ«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»។ (យ៉ា. ១:១៧) គម្ពីរជាអំណោយដ៏ល្អបំផុតមួយដែលព្រះយេហូវ៉ាបានឲ្យយើង។ ពេលបុគ្គលណាម្នាក់ឲ្យអំណោយយើង យើងអាចដឹងថាគាត់ស្គាល់យើងនិងសេចក្ដីត្រូវការរបស់យើងច្រើនយ៉ាងណា។ នេះគឺដូចគ្នាចំពោះអ្នកដែលឲ្យគម្ពីរដល់យើងដែរ។ ពេលយើងពិចារណាអំពីអំណោយនេះ យើងរៀនច្រើនអំពីព្រះយេហូវ៉ា។ យើងរៀនថាលោកស្គាល់យើងយ៉ាងច្បាស់និងដឹងច្បាស់អំពីអ្វីដែលយើងត្រូវការ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលគម្ពីរបង្ហាញអំពីគុណសម្បត្តិបីរបស់ព្រះយេហូវ៉ាគឺប្រាជ្ញា យុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់លោក។ ដំបូង សូមយើងពិចារណាអំពីរបៀបដែលគម្ពីរបង្ហាញអំពីប្រាជ្ញារបស់ព្រះ។
គម្ពីរបង្ហាញអំពីប្រាជ្ញារបស់ព្រះ
៥. តើតាមរបៀបណាគម្ពីរបង្ហាញអំពីប្រាជ្ញារបស់ព្រះ?
៥ ព្រះយេហូវ៉ាដឹងថាយើងត្រូវការយោបល់ដែលប្រកបដោយប្រាជ្ញាពីលោក។ គម្ពីរដែលជាអំណោយពីលោកគឺពេញទៅដោយប្រាជ្ញារបស់លោក។ យោបល់ពីគម្ពីរមានឥទ្ធិពលលើមនុស្ស គឺថាគម្ពីរជួយមនុស្សឲ្យកែប្រែជីវិត។ ពេលម៉ូសេបានសរសេរសៀវភៅដំបូងនៃគម្ពីរ គាត់បានប្រាប់ជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់ព្រះថា៖ «ពាក្យទាំងនេះមិនមែនឥតប្រយោជន៍សម្រាប់អ្នករាល់គ្នាទេ តែជួយឲ្យអ្នករាល់គ្នាបានជីវិតវិញ»។ (បច. ៣២:៤៧) ពួកអ្នកដែលធ្វើតាមបទគម្ពីរអាចទទួលជោគជ័យនិងមានជីវិតសប្បាយ។ (ចសព. ១:២, ៣) ទោះជាបណ្ដាំព្រះបានត្រូវសរសេរអស់ជាយូរឆ្នាំមុនក្ដី បណ្ដាំនោះនៅតែមានឫទ្ធានុភាពជួយធ្វើឲ្យជីវិតមនុស្សល្អប្រសើរជាង។ ជាឧទាហរណ៍ នៅគេហទំព័រjw.org/kmក្នុងអត្ថបទតភាគ«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត» អ្នកនឹងឃើញបទពិសោធន៍ពិតរបស់បុគ្គលជាង៣០នាក់ដែលបង្ហាញថាគម្ពីរ‹កំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកជឿ›នៅសព្វថ្ងៃនេះ។—១ថែ. ២:១៣
៦. ហេតុអ្វីយើងអាចនិយាយថាគម្ពីរគឺខុសគ្នាពីសៀវភៅឯទៀត?
៦ គ្មានសៀវភៅឯទៀតដូចបណ្ដាំរបស់ព្រះឡើយ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាដែលជាអ្នកនិពន្ធសៀវភៅនេះមានឫទ្ធានុភាពខ្លាំងក្លា រស់ជារៀងរហូត និងមានប្រាជ្ញាជាងអ្នកណាទាំងអស់។ រីឯសៀវភៅជាច្រើនទៀត មនុស្សបន្តអានសៀវភៅទាំងនោះ ទោះជាអ្នកនិពន្ធបានស្លាប់ក្ដី តែយោបល់ក្នុងសៀវភៅទាំងនោះច្រើនតែលែងមានប្រយោជន៍។ ផ្ទុយទៅវិញ គោលការណ៍ដែលប្រកបដោយប្រាជ្ញាក្នុងគម្ពីរគឺស្ថិតស្ថេរ។ គោលការណ៍ទាំងនោះបានផ្ដល់ប្រយោជន៍ដល់មនុស្សដែលរស់នៅគ្រប់សម័យ។ កាលដែលយើងអានសៀវភៅដ៏ពិសិដ្ឋនេះនិងរំពឹងគិតអំពីអ្វីដែលយើងអាន លោកដែលជាអ្នកនិពន្ធគម្ពីរប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីជួយយើងឲ្យឃើញអំពីរបៀបដែលយើងអាចធ្វើតាមយោបល់ពីគម្ពីរក្នុងជីវិតយើង។ (ចសព. ១១៩:២៧; ម៉ាឡ. ៣:១៦; ហេ. ៤:១២) មែនហើយ អ្នកនិពន្ធគម្ពីរដែលមានជីវិតរស់នៅចង់ជួយអ្នក។ នេះគួរធ្វើឲ្យយើងចង់អានគម្ពីរជាទៀងទាត់!
៧. តើគម្ពីរបានជួយរាស្ត្ររបស់ព្រះឲ្យមានសាមគ្គីភាពនៅអតីតកាលយ៉ាងដូចម្ដេច?
៧ មានអ្វីមួយទៀតដែលបង្ហាញថាគម្ពីរមានប្រាជ្ញារបស់ព្រះ គឺគម្ពីរជួយរាស្ត្ររបស់ព្រះឲ្យមានសាមគ្គីភាព។ ពេល ជនជាតិអ៊ីស្រាអែលបានចូលស្រុកដែលព្រះបានសន្យា ពួកគេបានរស់នៅក្នុងតំបន់ផ្សេងៗ។ អ្នកខ្លះបានទៅជាអ្នកនេសាទ ខ្លះទៀតចិញ្ចឹមហ្វូងគោ ហ្វូងចៀម និងហ្វូងពពែ ហើយអ្នកឯទៀតបានធ្វើស្រែចម្ការ។ ជនជាតិអ៊ីស្រាអែលដែលរស់នៅក្នុងតំបន់មួយ អាចងាយមិននឹកដល់ជនជាតិអ៊ីស្រាអែលឯទៀតដែលរស់នៅក្នុងតំបន់ផ្សេងនៃប្រទេសរបស់ពួកគេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានរៀបចំឲ្យជនជាតិអ៊ីស្រាអែលជួបជុំគ្នានៅពេលផ្សេងៗ ដើម្បីស្ដាប់ការអាននិងការបកស្រាយអំពីបណ្ដាំរបស់លោកជាលាយលក្ខណ៍អក្សរ។ (បច. ៣១:១០-១៣; នេហ. ៨:២, ៨, ១៨) សូមស្រមៃគិតថាជនជាតិអ៊ីស្រាអែលដ៏ស្មោះត្រង់ម្នាក់ច្បាស់ជាមានអារម្មណ៍យ៉ាងណាកាលដែលគាត់មកដល់ក្រុងយេរូសាឡិម ហើយឃើញអ្នកគោរពប្រណិប័តន៍គ្នីគ្នាប្រហែលជារាប់លាននាក់ពីតំបន់ផ្សេងៗនៃប្រទេសរបស់គាត់! តាមរបៀបនេះ ព្រះយេហូវ៉ាបានជួយពួកគេឲ្យរក្សាសាមគ្គីភាព។ ក្រោយមក ពេលក្រុមជំនុំគ្រិស្តសាសនិកបានបង្កើតឡើង នោះមានបុរសស្ត្រីដែលនិយាយភាសាផ្សេងៗនិងដែលមានឋានៈនិងវណ្ណៈខុសៗគ្នាក្នុងសង្គម។ ប៉ុន្តែ ដោយសារពួកគេទាំងអស់គ្នាស្រឡាញ់បទគម្ពីរ ពួកគេមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ព្រះពិត។ ពួកអ្នកដែលបានទៅជាអ្នកជឿអាចយល់បណ្ដាំរបស់ព្រះបាន លុះត្រាតែមានជំនួយពីពួកអ្នកគោរពប្រណិប័តន៍គ្នីគ្នានិងពីការជួបជុំគ្នា។—សកម្ម. ២:៤២; ៨:៣០, ៣១
៨. តើគម្ពីរជួយរាស្ត្ររបស់ព្រះយេហូវ៉ាឲ្យមានសាមគ្គីភាពយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
៨ ព្រះរបស់យើងដែលប្រកបដោយប្រាជ្ញា បន្តបង្រៀននិងជួយធ្វើឲ្យរាស្ត្រលោកមានសាមគ្គីភាពតាមរយៈគម្ពីរ។ គម្ពីរគឺ ជាប្រភពនៃសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែលយើងចូលចិត្តខ្លាំងណាស់។ យើងជួបជុំគ្នាជាទៀងទាត់នៅកិច្ចប្រជុំក្នុងក្រុមជំនុំ សន្និបាត និងមហាសន្និបាតរបស់យើងដើម្បីស្ដាប់ការអាន ការបកស្រាយ និងការពិគ្រោះអំពីបទគម្ពីរ។ ដូច្នេះ គម្ពីរគឺជាឧបករណ៍សំខាន់ណាស់ដែលព្រះយេហូវ៉ាប្រើដើម្បីជួយរាស្ត្រលោកឲ្យ‹គោរពប្រណិប័តន៍លោកដោយសាមគ្គីភាព›។—សេផ. ៣:៩
៩. ដើម្បីយល់ដំណឹងក្នុងគម្ពីរ តើយើងត្រូវមានគុណសម្បត្តិអ្វី? (លូកា ១០:២១)
៩ សូមគិតអំពីទីសំអាងមួយទៀតដែលបង្ហាញអំពីប្រាជ្ញារបស់ព្រះយេហូវ៉ា។ លោកបានបណ្ដាលឲ្យផ្នែកជាច្រើននៃបទគម្ពីរបានត្រូវសរសេរតាមរបៀបដែលបុគ្គលដែលអានដោយចិត្តរាបទាបប៉ុណ្ណោះអាចយល់បាន។ (សូមអាន លូកា ១០:២១) យើងឃើញថាមនុស្សនៅគ្រប់ទីកន្លែងអានគម្ពីរ។ បណ្ឌិតម្នាក់និយាយថា៖ «គម្ពីរមិនគ្រាន់តែជាសៀវភៅដែលមនុស្សអានច្រើនជាងគេប៉ុណ្ណោះទេ តែក៏ជាសៀវភៅដែលគេអានយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុតដែរ»។ ប៉ុន្តែ មានតែមនុស្សដែលមានចិត្តរាបទាបប៉ុណ្ណោះអាចយល់ច្បាស់ ហើយធ្វើតាមអ្វីដែលគម្ពីរចែង។—២កូ. ៣:១៥, ១៦
១០. តើគម្ពីរបង្ហាញអំពីប្រាជ្ញារបស់ព្រះយេហូវ៉ាតាមរបៀបណាទៀត?
១០ យើងរៀនអំពីប្រាជ្ញារបស់ព្រះយេហូវ៉ាក្នុងគម្ពីរតាមរបៀបផ្សេងទៀត។ ព្រះយេហូវ៉ាប្រើបទគម្ពីរមិនគ្រាន់តែដើម្បីបង្រៀនយើងជាក្រុមប៉ុណ្ណោះទេ តែក៏ដើម្បីបង្រៀននិងសម្រាលទុក្ខដល់បុគ្គលម្នាក់ៗដែរ។ ពេលយើងអានបណ្ដាំព្រះ យើងអាចឃើញថាព្រះយេហូវ៉ាចាប់អារម្មណ៍ចំពោះយើងម្នាក់ៗ។ (អេ. ៣០:២១) តើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហា ហើយបានអានបទគម្ពីរមួយដែលមើលទៅបានត្រូវសរសេរសម្រាប់តែអ្នកឬទេ? ប៉ុន្តែ តាមពិតគម្ពីរជាសៀវភៅដែលទាក់ទាញចិត្តមនុស្សរាប់លាននាក់។ តើតាមរបៀបណាគម្ពីរអាចមានព័ត៌មានថ្មីៗដែលចំនឹងអ្វីដែលអ្នកត្រូវការ? នេះអាចកើតឡើងទៅបាន ដោយសារតែអ្នកនិពន្ធគម្ពីរគឺជាបុគ្គលដែលមានប្រាជ្ញាជាងគេបំផុតក្នុងសកលលោក។—២ធី. ៣:១៦, ១៧
គម្ពីរបង្ហាញអំពីយុត្តិធម៌របស់ព្រះ
១១. តើព្រះបានបង្ហាញថាលោកជាព្រះមិនរើសមុខយ៉ាងដូចម្ដេចពេលដែលគម្ពីរបានត្រូវសរសេរ?
១១ គុណសម្បត្តិមួយទៀតរបស់ព្រះយេហូវ៉ាគឺយុត្តិធម៌។ (បច. ៣២:៤) យុត្តិធម៌ជាប់ទាក់ទងយ៉ាងខ្លាំងនឹងការមិនរើសមុខ ហើយព្រះយេហូវ៉ាជាព្រះមិនរើសមុខ។ (សកម្ម. ១០:៣៤, ៣៥; រ៉ូម ២:១១) យើងអាចឃើញថាលោកមិនរើសមុខ ពេលគិតអំពីភាសាដែលបានត្រូវប្រើដើម្បីសរសេរគម្ពីរ។ សៀវភៅគម្ពីរ៣៩ក្បាលដំបូងបានត្រូវសរសេរភាគច្រើនជាភាសាហេប្រឺ ជាភាសាដែលរាស្ត្ររបស់ព្រះនៅសម័យនោះស្រួលយល់។ ប៉ុន្តែនៅសតវត្សរ៍ទី១ គ.ស. មនុស្សភាគច្រើននិយាយភាសាក្រិច ដូច្នេះសៀវភៅ២៧ក្បាលចុងក្រោយនៃគម្ពីរបានត្រូវសរសេរភាគច្រើនជាភាសានោះ។ ព្រះយេហូវ៉ាមិនសម្រេចចិត្តថាបណ្ដាំលោកត្រូវតែសរសេរជាភាសាតែមួយប៉ុណ្ណោះទេ។ សព្វថ្ងៃនេះ មនុស្សជិត៨.០០០លាននាក់នៅផែនដីនិយាយភាសាផ្សេងៗ។ ដូច្នេះ តើតាមរបៀបណាមនុស្សជាច្រើនអាចរៀនអំពីព្រះយេហូវ៉ា?
១២. តើដានីយ៉ែល ១២:៤បានត្រូវសម្រេចតាមរបៀបណាក្នុងគ្រាចុងក្រោយបង្អស់នេះ?
១២ តាមរយៈដានីយ៉ែលដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានសន្យាថានៅគ្រាចុងបញ្ចប់ «ចំណេះពិត»ក្នុងគម្ពីរនឹង«មានជាបរិបូរ»។ មនុស្សជាច្រើននឹងយល់គម្ពីរ។ (សូមអាន ដានីយ៉ែល ១២:៤) របៀបមួយដែលចំណេះនោះមានជាបរិបូរគឺដោយសារគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរបានត្រូវបកប្រែ បោះពុម្ពផ្សាយ និងចែកចាយដល់មនុស្សជាច្រើន។ គម្ពីរជាសៀវភៅដែលបានត្រូវបកប្រែនិងចែកចាយច្រើនជាងគេបំផុតក្នុងពិភពលោក។ ជួនកាល ការផលិតសេចក្ដីបកប្រែគម្ពីរតាមក្រុមហ៊ុនគឺថ្លៃណាស់។ តែរហូតដល់សព្វថ្ងៃ រាស្ត្រព្រះយេហូវ៉ាបានបកប្រែគម្ពីរទាំងមូលឬផ្នែកខ្លះនៃគម្ពីរក្នុងជាង២៤០ភាសា ហើយមនុស្សទាំងអស់អាចទទួលគម្ពីរដោយឥតគិតថ្លៃ។ ជាលទ្ធផល មនុស្សពីគ្រប់ប្រជាជាតិកំពុងរៀន‹ដំណឹងល្អអំពីរាជាណាចក្រ›មុនទីបញ្ចប់មកដល់។ (ម៉ាថ. ២៤:១៤) ព្រះ របស់យើងដែលយុត្តិធម៌ ចង់បើកឱកាសឲ្យមនុស្សច្រើនបំផុតស្គាល់លោកដោយអានបណ្ដាំរបស់លោក។ នេះគឺដោយសារលោកស្រឡាញ់យើងទាំងអស់គ្នាខ្លាំងណាស់។
គម្ពីរបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះ
១៣. ហេតុអ្វីយើងអាចនិយាយថាគម្ពីរបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? (យ៉ូហាន ២១:២៥)
១៣ គម្ពីរជួយយើងឲ្យយល់ថាគុណសម្បត្តិដ៏ធំបំផុតរបស់ព្រះយេហូវ៉ាគឺសេចក្ដីស្រឡាញ់។ (១យ៉ូន. ៤:៨) សូមគិតអំពីអ្វីដែលព្រះយេហូវ៉ាបានដាក់បញ្ចូលក្នុងគម្ពីរនិងអ្វីដែលលោកមិនបានដាក់បញ្ចូល។ លោកបានផ្ដល់ព័ត៌មានដែលយើងត្រូវការដើម្បីមានចំណងមិត្តភាពជាមួយលោក ដើម្បីណែនាំយើងឲ្យមានជីវិតសប្បាយនៅឥឡូវនេះ និងដើម្បីឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់។ ប៉ុន្តែ ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង លោកមិនឲ្យយើងព័ត៌មានល្អិតល្អន់ច្រើនពន់ពេកដែលហួសពីតម្រូវការរបស់យើងដើម្បីបម្រើលោកឡើយ។—សូមអាន យ៉ូហាន ២១:២៥
១៤. តើគម្ពីរបង្ហាញតាមរបៀបណាទៀតថាព្រះស្រឡាញ់យើង?
១៤ ព្រះយេហូវ៉ាក៏បានបង្ហាញសេចក្ដីស្រឡាញ់ដោយប្រាស្រ័យទាក់ទងជាមួយយើងតាមរបៀបដែលលើកកិត្តិយសយើង។ ក្នុងគម្ពីរ លោកមិនឲ្យយើងបញ្ជីមួយដែលមានច្បាប់មិនចេះអស់ដោយប្រាប់យើងយ៉ាងជាក់លាក់អំពីអ្វីដែលយើងអាចធ្វើ ឬមិនអាចធ្វើក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើងឡើយ។ ផ្ទុយទៅវិញ លោកប្រើបទពិសោធន៍ជីវិតពិត ទំនាយដ៏គួរឲ្យរំភើប និងយោបល់ដែលមានប្រយោជន៍ដើម្បីជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ។ តាមរបៀបទាំងនេះ បណ្ដាំព្រះជំរុញចិត្តយើងឲ្យស្រឡាញ់និងស្ដាប់បង្គាប់លោកស្មោះពីចិត្ត។
១៥. (ក) តើព្រះយេហូវ៉ាបានបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដែលអានបណ្ដាំលោកយ៉ាងដូចម្ដេច? (ខ) ក្នុងរូបភាព តើក្មេងស្រី បងប្រុស និងបងស្រីវ័យចាស់កំពុងរំពឹងគិតអំពីអ្វី? (ដក. ៣៩:១, ១០-១២; ២បស. ៥:១-៣; លូក. ២:២៥-៣៨)
១៥ គម្ពីរបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើងយ៉ាងខ្លាំង។ តើតាមរបៀបណា? បណ្ដាំព្រះពេញទៅដោយកំណត់ហេតុដែលបង្ហាញអំពីអារម្មណ៍របស់មនុស្ស។ យើងអាចយល់អំពីអារម្មណ៍របស់បុគ្គលផ្សេងៗក្នុងគម្ពីរ ដោយសារពួកគេ«ក៏ជាមនុស្សដែលមានអារម្មណ៍ដូចយើងដែរ»។ (យ៉ា. ៥:១៧, កំ.ស.) សំខាន់ជាងនេះទៅទៀត ដោយសង្កេតមើលរបៀបដែលលោកប្រព្រឹត្តចំពោះមនុស្សដូចយើង នោះយើងអាចយល់ច្បាស់ជាងថា«ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា»។—យ៉ា. ៥:១១
១៦. តើយើងរៀនអ្វីអំពីព្រះយេហូវ៉ាពេលយើងអានក្នុងគម្ពីរអំពីបុគ្គលដែលបានធ្វើខុស? (អេសាយ ៥៥:៧)
១៦ គម្ពីរបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើងតាមរបៀបផ្សេងទៀត។ បទគម្ពីរពង្រឹងទំនុកចិត្តយើងថា ព្រះរបស់យើងនឹងមិនបោះបង់ចោលយើងពេលដែលយើងធ្វើខុស។ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងព្រះយេហូវ៉ាម្ដងហើយម្ដងទៀត ប៉ុន្តែពេលពួកគេបានប្រែចិត្តយ៉ាងស្មោះ ព្រះបានអភ័យទោសឲ្យពួកគេ។ (សូមអាន អេសាយ ៥៥:៧) គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ក៏បានដឹងថាព្រះស្រឡាញ់ពួកគេខ្លាំងណាស់។ ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលបានដាស់តឿនពួកអ្នកជឿគ្នីគ្នាឲ្យ‹អភ័យទោស ហើយសម្រាលទុក្ខ›បុរសម្នាក់ដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរជាទម្លាប់ តែបានប្រែចិត្ត។ (២កូ. ២:៦, ៧; ១កូ. ៥:១-៥) គឺគួរឲ្យអស្ចារ្យណាស់ដែលព្រះយេហូវ៉ាមិនបដិសេធពួកអ្នកគោរពប្រណិប័តន៍លោក ដោយសារតែពួកគេបានធ្វើខុស! ផ្ទុយទៅវិញ ដោយសេចក្ដីស្រឡាញ់ លោកបានជួយពួកគេ កែតម្រង់ពួកគេ និងអញ្ជើញពួកគេឲ្យធ្វើជាមិត្តសម្លាញ់របស់លោកម្ដងទៀត។ លោកសន្យាថាលោកនឹងធ្វើដូចគ្នាចំពោះអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្តនៅសព្វថ្ងៃនេះ។—យ៉ា. ៤:៨-១០
ចូរឲ្យតម្លៃចំពោះបណ្ដាំរបស់ព្រះដែលជា«អំណោយដ៏ល្អឥតខ្ចោះ»
១៧. ហេតុអ្វីគម្ពីរគឺជាអំណោយដ៏អស្ចារ្យម្ល៉េះ?
១៧ ព្រះយេហូវ៉ាបានឲ្យយើងអំណោយដ៏វិសេសថ្លៃថ្លា។ ហេតុអ្វីបណ្ដាំលោកគឺអស្ចារ្យម្ល៉េះ? ដូចយើងបានរៀន គម្ពីរបង្ហាញអំពីប្រាជ្ញា យុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះ។ សៀវភៅនេះបង្ហាញថាព្រះយេហូវ៉ាចង់ឲ្យយើងស្គាល់លោក ហើយលោកចង់ឲ្យយើងទៅជាមិត្តសម្លាញ់របស់លោក។
១៨. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមានចិត្តកតញ្ញូចំពោះគម្ពីរដែលជា«អំណោយដ៏ល្អឥតខ្ចោះ»របស់ព្រះយេហូវ៉ា?
១៨ យើងមិនចង់ភ្លេចថាបណ្ដាំព្រះជា«អំណោយដ៏ល្អឥតខ្ចោះ»ទេ។ (យ៉ា. ១:១៧) ដូច្នេះ សូមយើងបន្តបង្ហាញចិត្តកតញ្ញូចំពោះអំណោយនេះ។ យើងអាចធ្វើដូច្នេះដោយអាននិងរំពឹងគិតអំពីបណ្ដាំដ៏ពិសិដ្ឋនេះ។ កាលដែលយើងធ្វើដូច្នេះ យើងអាចជឿជាក់ថាអ្នកនិពន្ធដ៏ឧត្តមនៃគម្ពីរនឹងឲ្យពរចំពោះការខំប្រឹងរបស់យើង ហើយថាយើង«នឹងរកឃើញចំណេះអំពីព្រះ»។—សុភ. ២:៥
ចម្រៀងលេខ៩៨ បទគម្ពីរគឺមកពីព្រះ
a គម្ពីរជួយយើងឲ្យចូលទៅជិតព្រះយេហូវ៉ា។ តើយើងអាចរៀនអ្វីពីសៀវភៅដ៏ពិសិដ្ឋនោះអំពីប្រាជ្ញា យុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់ព្រះ? អ្វីដែលយើងរៀនអាចជួយយើងឲ្យមានចិត្តកតញ្ញូកាន់តែជ្រាលជ្រៅចំពោះបណ្ដាំរបស់ព្រះ ហើយយល់ថាគម្ពីរពិតជាអំណោយពីបិតារបស់យើងនៅស្ថានសួគ៌។