លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៦

ចូរឲ្យតម្លៃប្អូនៗវ័យក្មេងក្នុងក្រុមជំនុំ

ចូរឲ្យតម្លៃប្អូនៗវ័យក្មេងក្នុងក្រុមជំនុំ

​«​កម្លាំង​ជា​ភាព​រុង​រឿង​របស់​មនុស្ស​វ័យ​ក្មេង​»។—សុភ. ២០:២៩

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

សេចក្ដី​សង្ខេប *

១. តើ​យើង​អាច​កំណត់​គោល​ដៅ​ល្អ​អ្វី​ពេល​ដែល​យើង​ចាស់​ទៅ?

កាល​ដែល​យើង​កាន់​តែ​ចាស់​ទៅ យើង​ប្រហែល​ជា​បារម្ភ​ថា​ព្រះ​យេហូវ៉ា​មិន​អាច​ប្រើ​យើង​ដូច​ពី​មុន​ទេ។ ទោះ​ជា​យើង​ប្រហែល​ជា​មាន​កម្លាំង​តិច​ជាង​មុន​ក្ដី យើង​អាច​ប្រើ​ប្រាជ្ញា​និង​បទ​ពិសោធន៍​របស់​យើង ដើម្បី​បង្រៀន​ប្អូន​ៗ​វ័យ​ក្មេង​ជាង​ឲ្យ​ទៅ​ជា​បុគ្គល​ដែល​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា​និង​អាច​ទទួល​ភារកិច្ច​ថែម​ទៀត។ បង​ប្រុស​ម្នាក់​ដែល​បម្រើ​ជា​អ្នក​ចាស់​ទុំ​យូរ​ហើយ ពន្យល់​ថា​៖ ​«​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ពិបាក​ធ្វើ​កិច្ច​ការ​ច្រើន​ដូច​ពី​មុន​ដោយ​សារ​ខ្ញុំ​ចាស់ ខ្ញុំសប្បាយ​ចិត្ត​ដោយ​សារ​មាន​ប្អូន​ប្រុស​ៗ​វ័យ​ក្មេង​ជាង​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​អាច​ធ្វើ​កិច្ច​ការទាំង​នោះ​»។

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​ប្រយោជន៍​ដែល​ប្អូន​ៗ​វ័យ​ក្មេង​ទទួល ពេល​ពួក​គេ​ចូល​ទៅ​ជិត​បង​ប្អូន​វ័យ​ចាស់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​ការ​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ដូច​ជា ចិត្ត​រាប​ទាប ចិត្ត​សុភាព ចិត្ត​កតញ្ញូ និង​ចិត្ត​ទូលាយ​អាច​ជួយ​បង​ប្អូន​វ័យ​ចាស់​ឲ្យ​រួម​កិច្ច​ការ​ជា​មួយ​ប្អូន​ៗ​វ័យ​ក្មេង ហើយ​អាច​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​ជំនុំ​ទាំង​មូល។

ចូរ​មាន​ចិត្ត​រាប​ទាប

៣. យោង​ទៅ​តាម​ភីលីព ២:៣, ៤ តើ​អ្វី​ជា​ចិត្ត​រាប​ទាប ហើយ​តើ​នេះ​អាច​ជួយ​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច?

បង​ប្អូន​វ័យ​ចាស់​ត្រូវ​មាន​ចិត្ត​រាប​ទាប បើ​ពួក​គេ​ចង់​ជួយ​បង​ប្អូន​វ័យ​ក្មេង​ជាង។ បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន។ (​សូម​អាន ភីលីព ២:៣, ៤) បង​ប្អូន​វ័យ​ចាស់​ដែល​មាន​គុណ​សម្បត្តិ​នេះ​យល់​ថា ក្នុង​ករណី​ជា​ច្រើន​មាន​របៀប​លើស​ពី​មួយ​ដែល​សម​ស្រប​តាម​បទ​គម្ពីរ និង​មាន​ប្រយោជន៍​ដើម្បី​បំពេញ​ភារកិច្ច​ណា​មួយ។ ដូច្នេះ ពួក​គេ​មិន​តម្រូវ​ឲ្យ​បុគ្គល​គ្រប់​រូប​បំពេញ​ភារកិច្ច​តាម​របៀប​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​នៅ​អតីតកាល​ទេ។ (​អទ. ៧:១០​) ពេល​ពួក​គេ​ប្រាប់​ប្អូន​ៗ​វ័យ​ក្មេង​អំពី​អ្វី​ៗ​ដែល​ពួក​គេ​បាន​រៀន​ក្នុង​ជីវិត នោះ​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង។ ប៉ុន្តែ ពួក​គេ​ក៏​យល់​ថា​«​ស្ថានភាព​ពិភព​លោក​នេះ​កំពុង​ប្រែ​ប្រួល​»​ ហើយ​ថា​ជួន​កាល​ពួក​គេ​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី។—១កូ. ៧:៣១

បង​ប្អូន​វ័យ​ចាស់​បង្ហាញ​ចិត្ត​ទូលាយ ដោយ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​៤​-​៥​) *

៤. តើ​ពួក​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បង្ហាញ​ចិត្ត​គំនិត​ស្រដៀង​នឹង​ចិត្ត​គំនិត​របស់​ពួក​លេវី​យ៉ាង​ដូច​ម្ដេច?

បង​ប្អូន​វ័យ​ចាស់​ដែល​មាន​ចិត្ត​រាប​ទាប​ទទួល​ស្គាល់​ថា​កាល​ដែល​ពួក​គេ​ចាស់​ទៅ ពួក​គេ​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន​ឡើយ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ពួក​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​របស់​យើង។ ពេល​ពួក​គេ​ដល់​អាយុ​៧០​ឆ្នាំ ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទទួល​ភារកិច្ច​ថ្មី។ នេះ​ប្រហែល​ជា​ពិបាក​ចំពោះ​ពួក​គេ ដោយ​សារ​ពួក​គេ​សប្បាយ​ចិត្ត​ជួយ​បង​ប្អូន​របស់​ពួក​គេ។ ពួក​គេ​ចូល​ចិត្ត​ភារកិច្ច​របស់​ពួក​គេ​ខ្លាំង​ណាស់ ហើយ​នៅ​តែ​ចង់​បន្ត​ធ្វើ។ ប៉ុន្តែ ពួក​គេ​យល់​ថា​គឺ​ល្អ​ប្រសើរ​ជាង​ឲ្យ​បង​ប្អូន​ដែល​មាន​វ័យ​ក្មេង​ជាង​ធ្វើ​កិច្ច​ការ​នោះ។ ពួក​គេ​បង្ហាញ​ចិត្ត​គំនិត​ស្រដៀង​នឹង​ពួក​លេវី​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ ដែល​ត្រូវ​ឈប់​បម្រើ​នៅ​ត្រសាល​របស់​ព្រះ​ពេល​ដល់​អាយុ​៥០​ឆ្នាំ។ អំណរ​របស់​ពួក​លេវី​វ័យ​ចាស់​ទាំង​នោះ មិន​អាស្រ័យ​ទៅ​លើ​ឯកសិទ្ធិ​ណា​មួយ​ដែល​ពួក​គេ​មាន​ទេ។ ពួក​គេ​បាន​ខំ​ធ្វើ​អ្វី​ទាំង​អស់​ដែល​ពួក​គេ​អាច​ធ្វើ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ហើយ​ជួយ​បង​ប្អូន​វ័យ​ក្មេង​ជាង។ (​ជប. ៨:២៥, ២៦​) សព្វ​ថ្ងៃ​នេះ ទោះ​ជា​អតីត​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​លែង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​ក្ដី ពួក​គេ​ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ក្រុម​ជំនុំ​ដែល​អង្គការ​របស់​យើង​បាន​ចាត់​ឲ្យ​ពួក​គេ​ទៅ។

៥. តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​ដាន​និង​បង​ខេធី?

សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ដាន​ដែល​ធ្លាប់​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​អស់​រយៈ​ពេល​២៣​ឆ្នាំ។ ពេល​បង​ដាន​ដល់​អាយុ​៧០​ឆ្នាំ គាត់​និង​ប្រពន្ធ​របស់​គាត់​ខេធី​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ តើ​ពួក​គាត់​បាន​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី​យ៉ាង​ដូច​ម្ដេច? បង​ដាន​និយាយ​ថា ឥឡូវ​គាត់​ជាប់​រវល់​ជាង​មុន​ៗ​ទៅ​ទៀត! គាត់​បំពេញ​ភារកិច្ច​របស់​គាត់​ក្នុង​ក្រុម​ជំនុំ ជួយ​បង​ប្អូន​ប្រុស​ឯ​ទៀត​ឲ្យមាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ និង​បង្ហាត់​បង្រៀន​បង​ប្អូន​ឲ្យ​ចូល​រួម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​ទី​ក្រុង​និង​ពន្ធនាគារ។ បង​ប្អូន​វ័យ​ចាស់ មិន​ថា​អ្នក​កំពុង​ចូលរួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ឬ​មិន​មែន​ក្ដី អ្នក​អាច​ជួយ​បង​ប្អូន​ឯ​ទៀត​យ៉ាង​ច្រើន។ តើ​តាម​របៀប​ណា? ចូរ​សម្រប​ខ្លួនទៅ​តាម​ស្ថានភាព​ថ្មី កំណត់​គោល​ដៅ​ថ្មី និង​ផ្ដោត​អារម្មណ៍​ទៅលើ​អ្វី​ដែល​អ្នក​អាច​ធ្វើ ជា​ជាង​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ។

ចូរ​មាន​ចិត្ត​សុភាព

៦. ហេតុ​អ្វី​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​មាន​ចិត្ត​សុភាព? សូម​លើក​ឧទាហរណ៍។

មនុស្ស​ដែល​មាន​ចិត្ត​សុភាព​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន។ (​សុភ. ១១:២​) ដោយ​សារ​គាត់​មាន​ចិត្ត​សុភាព គាត់​មិន​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ​ហួស​ពី​អ្វី​ដែល​គាត់​អាច​ធ្វើ​នោះ​ទេ។ ជា​លទ្ធផល គាត់​នឹង​បន្ត​ខំ​ព្យាយាម​និង​រក្សា​អំណរ។ យើង​អាច​ប្រដូច​បុគ្គល​ដែល​មាន​ចិត្ត​សុភាព​ទៅ​នឹង​អ្នក​បើក​រថយន្ត​ឡើង​ភ្នំ។ អ្នក​បើក​បរ​នោះ​ត្រូវ​ដក​លេខ​ដើម្បី​បន្ត​ឡើង​ភ្នំ។ ពិត​មែន​ថា​គាត់​ទំនង​ជា​នឹង​ធ្វើ​ដំណើរ​យឺត​ជាង ប៉ុន្តែ​គាត់​នឹង​បន្ត​បើក​ទៅ​មុខ។ ស្រដៀង​គ្នា​ដែរ មនុស្ស​សុភាព​ដឹង​ថា​ពេល​ណា​គាត់​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ ហើយ​កាត់​បន្ថយ​សកម្មភាព​ដើម្បី​គាត់​អាច​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត។—ភី. ៤:៥

៧. តើ​បាស៊ីលឡាយ​បាន​បង្ហាញ​ចិត្ត​សុភាព​តាម​របៀប​ណា?

សូម​កត់​សម្គាល់​អំពី​គំរូ​របស់​បាស៊ីលឡាយ​ដែល​មាន​អាយុ​៨០​ឆ្នាំ ពេល​ស្ដេច​ដាវីឌ​បាន​អញ្ជើញ​បាស៊ីលឡាយ​ឲ្យ​ធ្វើ​ជា​មន្ត្រី​ជំនិត​ម្នាក់​របស់​គាត់។ ដោយ​សារ​បាស៊ីលឡាយ​មាន​ចិត្ត​សុភាព គាត់​មិន​ព្រម​ទទួល​ការ​អញ្ជើញ​របស់​ស្ដេច​ទេ។ បាស៊ីលឡាយ​ទទួល​ស្គាល់​កម្រិត​របស់​ខ្លួន​ដែល​មក​ពី​វ័យ​ចំណាស់​របស់​គាត់ ដូច្នេះ​គាត់​បាន​លើក​ឈ្មោះ​បុរស​វ័យ​ក្មេង​ជាង​ម្នាក់​គឺ​គីមហាំ​ឲ្យ​ទៅ​ជំនួស​គាត់។ (​២សាំ. ១៩:៣៥​-​៣៧​) ដូច​បាស៊ីលឡាយ បង​ប្រុស​វ័យ​ចាស់​សប្បាយ​ផ្ដល់​ឱកាស​ដល់​បង​ប្អូន​ប្រុស​វ័យ​ក្មេង​ជាង​ឲ្យ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ។

ស្ដេច​ដាវីឌ​ព្រម​ស្ដាប់​តាម​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ថា កូន​ប្រុស​របស់​គាត់​នឹង​សាង​សង់​វិហារ (​សូម​មើល​វគ្គ​៨​)

៨. តើ​ស្ដេច​ដាវីឌ​បាន​បង្ហាញ​ចិត្ត​សុភាព​យ៉ាង​ដូច​ម្ដេច​ស្ដី​អំពី​ការ​សង់​វិហារ?

ស្ដេច​ដាវីឌ​ក៏​ទុក​គំរូ​ល្អ​ស្ដី​អំពី​ចិត្ត​សុភាព​ដែរ។ គាត់​ពិត​ជា​ចង់​សង់​វិហារ​ឲ្យ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា ឯកសិទ្ធិ​នេះ​នឹង​ប្រគល់​ទៅ​សាឡូម៉ូន​ដែល​ជា​បុរស​វ័យ​ក្មេង ដាវីឌ​ព្រម​ស្ដាប់​តាម​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា ហើយ​គាំទ្រ​គម្រោង​សាង​សង់​នោះ​ដោយ​អស់​ពី​សមត្ថភាព។ (​១ប្រ. ១៧:៤; ២២:៥​) ដាវីឌ​មិន​គិត​ថា គឺ​ប្រសើរ​ជាង​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​សាង​សង់​វិហារ ដោយ​សារ​សាឡូម៉ូន​មាន​«​វ័យ​ក្មេង​និង​ខ្វះ​បទ​ពិសោធន៍​»​នោះ​ទេ។ (​១ប្រ. ២៩:១​) ដាវីឌ​ដឹង​ថា​ការ​សម្រេច​គម្រោង​សាង​សង់​នោះ គឺ​អាស្រ័យ​ទៅ​លើ​ពរ​ពី​ព្រះ​យេហូវ៉ា មិន​មែន​អាយុ​ឬ​បទ​ពិសោធន៍​របស់​ពួក​អ្នក​នាំ​មុខ​ទេ។ ដោយ​យក​តម្រាប់​ដាវីឌ បង​ប្អូន​វ័យ​ចាស់​នៅ​សព្វ​ថ្ងៃ​នេះ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ពេល​ដែល​ភារកិច្ច​របស់​ពួក​គេ​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ក្ដី។ ម្យ៉ាង​ទៀត ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ទៅ​លើ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​កំពុង​ធ្វើ​កិច្ច​ការដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​មុន។

៩. តើ​បង​ប្រុស​ម្នាក់​ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​បាន​បង្ហាញ​ចិត្ត​សុភាព​តាម​របៀប​ណា?

បង​ប្រុស​ស៊ីកេអូ​ជា​គំរូ​ល្អ​អំពី​បុគ្គល​ដែល​មាន​ចិត្ត​សុភាព​នៅ​សព្វ​ថ្ងៃ​នេះ។ នៅ​ឆ្នាំ​១៩៧៦ ពេល​គាត់​អាយុ​៣០​ឆ្នាំ គាត់​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​មួយ។ នៅ​ឆ្នាំ​២០០៤ គាត់​បាន​ទៅ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ ក្រោយ​មក គាត់​យល់​ថា​គាត់​មិន​មាន​កម្លាំង​ដូច​ពី​មុន ហើយ​ត្រូវ​ការ​ពេល​យូរ​ជាង​មុន​ដើម្បី​សម្រេច​កិច្ច​ការ​របស់​គាត់។ គាត់​បាន​អធិដ្ឋាន​អំពី​រឿង​នោះ ហើយ​គិត​អំពី​មូលហេតុ​ដែល​ល្អ​ប្រសើរ​ជាង ឲ្យ​បង​ប្រុស​វ័យ​ក្មេង​ជាង​ណា​ម្នាក់​បំពេញ​ភារកិច្ច​នោះ​ជំនួស​គាត់​វិញ។ ទោះ​ជា​បង​ស៊ីកេអូ​លែង​ធ្វើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ទៀត​ក៏​ដោយ គាត់​បន្ត​សហការ​ជា​មួយ​សមាជិក​ឯ​ទៀត​នៃ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។ ដូច​ដែល​យើង​បាន​ឃើញ​ពី​គំរូ​របស់​បាស៊ីលឡាយ ស្ដេច​ដាវីឌ និង​បង​ស៊ីកេអូ បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​សុភាព​នឹង​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ខ្វះ​បទ​ពិសោធន៍​របស់​បង​ប្អូន​វ័យ​ក្មេង​ទេ តែ​គាត់​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សមត្ថភាព​របស់​ពួក​គេ​វិញ។ គាត់​នឹង​មិន​ចាត់​ទុក​ពួក​គេ​ជា​គូ​ប្រជែង​ទេ តែ​ជា​អ្នក​រួម​ការ​ងារ​វិញ។—សុភ. ២០:២៩

ចូរ​មាន​ចិត្ត​កតញ្ញូ

១០. តើ​បង​ប្អូន​វ័យ​ចាស់​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​វ័យ​ក្មេង​ជាង​ក្នុង​ក្រុម​ជំនុំ?

១០ បង​ប្អូន​វ័យ​ចាស់​ចាត់​ទុក​បង​ប្អូន​វ័យ​ក្មេង​ជាង​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​អំណោយ​នោះ។ កាល​ដែល​កម្លាំង​របស់​បង​ប្អូន​វ័យ​ចាស់​ចុះ​ខ្សោយ​ទៅ ពួក​គេ​សប្បាយ​ចិត្ត​ដែល​បង​ប្អូន​វ័យ​ក្មេង​ជាង​មាន​បំណង​ចិត្ត​និង​សមត្ថភាព​បំពេញ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​បម្រើ​បង​ប្អូន។

១១. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​រូថ ៤:១៣​-​១៦ ស្ដី​អំពី​ប្រយោជន៍​ដែល​បុគ្គល​វ័យ​ចាស់​អាច​ទទួល ពេល​ពួក​គេ​ព្រម​ទទួល​ជំនួយ​ពី​បុគ្គល​វ័យ​ក្មេង​ជាង?

១១ នៅ​ក្នុង​គម្ពីរ ណាអូមី​ជា​គំរូ​ល្អ​ស្ដី​អំពី​បុគ្គល​វ័យ​ចាស់​ដែល​ទទួល​ជំនួយ​ពី​បុគ្គល​វ័យ​ក្មេង​ជាង​ដោយ​ចេះ​បង្ហាញ​ចិត្ត​កតញ្ញូ។ ដំបូង ណាអូមី​បាន​ប្រាប់​រូថ​ដែល​ជា​កូន​ប្រសា​ស្រី​មេម៉ាយ​ឲ្យ​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​របស់​នាង​វិញ។ ប៉ុន្តែ ពេល​រូថ​ទទូច​ចង់​ទៅ​ក្រុង​បេថ្លេហិម​ជា​មួយ​ណាអូមី ណាអូមី​បាន​ព្រម​ទទួល​ការ​គាំទ្រ​ដ៏​ស្មោះ​ភក្ដី​ពី​រូថ។ (​រូថ ១:៧, ៨, ១៨​) នេះ​នាំ​ឲ្យ​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ទទួល​ប្រយោជន៍! (​សូម​អាន រូថ ៤:១៣​-​១៦) ចិត្ត​រាប​ទាប​នឹង​ជំរុញ​បង​ប្អូន​វ័យ​ចាស់​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ណាអូមី។

១២. តើ​សាវ័ក​ប៉ូល​បាន​បង្ហាញ​ចិត្ត​កតញ្ញូ​យ៉ាង​ដូច​ម្ដេច?

១២ សាវ័ក​ប៉ូល​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ជំនួយ​ដែល​គាត់​បាន​ទទួល។ ជា​ឧទាហរណ៍ គាត់​បាន​អរគុណ​គ្រិស្ត​សាសនិកនៅ​ក្រុង​ភីលីព​ចំពោះ​អំណោយ​ដែល​ពួក​គេ​បាន​ផ្ញើ​ឲ្យ​គាត់។ (​ភី. ៤:១៦​) គាត់​ក៏​បាន​បង្ហាញ​អំណរ​គុណ​ចំពោះ​ជំនួយ​ពី​ធីម៉ូថេ​ដែរ។ (​ភី. ២:១៩​-​២២​) ម្យ៉ាង​ទៀត ប៉ូល​បាន​អរគុណ​ព្រះ​ចំពោះ​បង​ប្អូន​ដែល​មក​លើក​ទឹក​ចិត្ត​គាត់ កាល​ដែល​គាត់​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រុង​រ៉ូម​ក្នុង​នាម​ជា​អ្នក​ទោស។ (​សកម្ម. ២៨:១៥​) ប៉ូល​ជា​មនុស្ស​ខ្នះ​ខ្នែង​ដែល​បាន​ធ្វើ​ដំណើរ​អស់​រាប់​ពាន់​គីឡូ​ម៉ែត្រ ដើម្បី​ផ្សព្វ​ផ្សាយ​និង​ពង្រឹង​កម្លាំង​ក្រុម​ជំនុំ​នានា។ ប៉ុន្តែ គាត់​មាន​ចិត្ត​រាប​ទាប​និង​ព្រម​ទទួល​ជំនួយ​ពី​បង​ប្អូន។

១៣. តើ​បង​ប្អូន​វ័យ​ចាស់​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​បង​ប្អូន​វ័យ​ក្មេង​ជាង​យ៉ាង​ដូច​ម្ដេច?

១៣ បង​ប្អូន​វ័យ​ចាស់ អ្នក​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​អ្នក​ចំពោះ​បង​ប្អូន​វ័យ​ក្មេង​ជាង​ក្នុង​ក្រុម​ជំនុំ​តាម​របៀប​ផ្សេង​ៗ។ បើ​ពួក​គេ​ចង់​ជួយ​អ្នក​ទិញ​អីវ៉ាន់ ធ្វើ​ដំណើរ ឬ​ផ្ដល់​ជំនួយ​សំខាន់​ចាំ​បាច់​ផ្សេង​ទៀត ចូរ​ព្រម​ទទួល​ជំនួយ​ពី​ពួក​គេ​ដោយ​ចិត្ត​សប្បាយ។ សូម​ចាត់​ទុក​ថា​ជំនួយ​ទាំង​អស់​នោះ​ជា​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក។ អ្នក​ប្រហែល​ជា​នឹង​ទៅ​ជា​មិត្ត​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ដែល​ជួយ​អ្នក។ សូម​ជួយ​មិត្ត​ភក្ដិ​វ័យ​ក្មេង​ទាំង​នេះ​ជា​និច្ច​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​តែង​តែ​ប្រាប់​ពួក​គេ​ថា​អ្នក​សប្បាយ​ចិត្ត​ឃើញ​បង​ប្អូន​វ័យ​ក្មេង​ឈាន​ទៅ​មុខ​ដើម្បី​ជួយ​ក្រុម​ជំនុំ​ច្រើន​ជាង។ សូម​ចំណាយ​ពេល​ជា​មួយ​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​អំពី​បទ​ពិសោធន៍​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​អ្នក។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​«​បង្ហាញ​អំណរ​គុណ​»​ដល់​ព្រះ​យេហូវ៉ា​ចំពោះ​បង​ប្អូន​វ័យ​ក្មេង​ដែល​លោក​បាន​ទាញ​នាំ​មក​ក្រុម​ជំនុំ។—កូឡ. ៣:១៥; យ៉ូន. ៦:៤៤; ១ថែ. ៥:១៨

ចូរ​មាន​ចិត្ត​ទូលាយ

១៤. តើ​ស្ដេច​ដាវីឌ​បាន​បង្ហាញ​ចិត្ត​ទូលាយ​របស់​គាត់​តាម​របៀប​ណា?

១៤ យើង​អាច​ឃើញ​ពី​គំរូ​របស់​ដាវីឌ​នូវ​គុណ​សម្បត្តិ​ដ៏​សំខាន់​ចាំ​បាច់​ដែល​មនុស្ស​វ័យ​ចាស់​ត្រូវ​បង្ហាញ គឺ​ចិត្ត​ទូលាយ។ គាត់​បាន​ឲ្យ​វិភាគទាន​ជា​ច្រើន​ដើម្បី​គាំទ្រ​ការ​សង់​វិហារ។ (​១ប្រ. ២២:១១​-​១៦; ២៩:៣, ៤​) គាត់​បាន​ធ្វើ​ដូច្នេះ ទោះ​ជា​មនុស្ស​នឹង​ហៅ​វិហារ​នោះ​ថា វិហារ​ដែល​សាឡូម៉ូន​បាន​សាង​សង់​ក្ដី។ ពេល​យើង​លែង​មាន​កម្លាំង​ដើម្បី​ចូល​រួម​ក្នុង​ការ​សាង​សង់​អគារ​របស់​ព្រះ យើង​អាច​បន្ត​គាំទ្រ​កិច្ច​ការ​នោះ​ដោយ​ជូន​វិភាគទាន​តាម​លទ្ធភាព​របស់​យើង។ ម្យ៉ាង​ទៀត យើង​អាច​ជួយ​បង​ប្អូន​វ័យ​ក្មេង​ជាង​ឲ្យ​ទទួល​ប្រយោជន៍​ពី​បទ​ពិសោធន៍​ដែល​យើង​មាន​អស់​ជា​ច្រើន​ឆ្នាំ។

១៥. តើ​សាវ័ក​ប៉ូល​បាន​ចែក​រំលែក​អ្វី​ដល់​ធីម៉ូថេ?

១៥ សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល​ស្ដី​អំពី​ចិត្ត​ទូលាយ។ ជា​ឧទាហរណ៍ គាត់​បាន​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ចូល​រួម​ជា​មួយ​គាត់​ក្នុង​កិច្ច​ការ​ជា​សាសនទូត ហើយ​គាត់​មិន​សំចៃ​ប្រាប់​ប្អូន​ប្រុស​វ័យក្មេង​នោះ​អំពី​វិធី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ផ្សេង​ៗ​ដែល​គាត់​ប្រើ​ឡើយ។ (​សកម្ម. ១៦:១​-​៣​) ការ​បង្ហាត់​បង្រៀន​របស់​ប៉ូល​បាន​ជួយ​ធីម៉ូថេ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​១កូ. ៤:១៧​) បន្ទាប់​មក ធីម៉ូថេ​បាន​ប្រើ​អ្វី​ដែល​ប៉ូល​បាន​បង្រៀន​គាត់​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។

១៦. ហេតុ​អ្វី​បង​ស៊ីកេអូ​បាន​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត?

១៦ បង​ប្អូន​វ័យ​ចាស់​សព្វ​ថ្ងៃ​នេះ​មិន​ខ្លាច​ថា​ពួក​គេ​នឹង​លែង​មាន​ប្រយោជន៍ បើ​ពួក​គេ​បង្ហាត់​បង្រៀន​បង​ប្អូន​វ័យ​ក្មេង​ជាង​ឲ្យ​ធ្វើ​កិច្ច​ការដែល​ពួក​គេ​ធ្លាប់​ធ្វើ​ក្នុង​ក្រុម​ជំនុំ​ឡើយ។ ជា​ឧទាហរណ៍ អស់​ជា​ច្រើន​ឆ្នាំ បង​ស៊ីកេអូ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ បាន​បង្ហាត់​បង្រៀន​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា ដែល​មាន​វ័យ​ក្មេង​ជាង​គាត់។ គាត់​បាន​ធ្វើ​ដូច្នេះ ដើម្បី​ជួយ​កិច្ច​ការ​រាជាណាចក្រ​ឲ្យ​រីក​ចម្រើន​នៅ​ប្រទេស​ដែល​គាត់​បាន​បម្រើ។ ជា​លទ្ធផល ពេល​គាត់​លែង​អាច​ធ្វើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ទៀត មាន​បង​ប្រុស​ម្នាក់​ទៀត​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន អាច​បំពេញ​ភារកិច្ច​នោះ​ជំនួស​គាត់។ បង​ស៊ីកេអូ​បាន​ធ្វើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​មួយ​អស់​ជាង​៤៥​ឆ្នាំ ហើយ​គាត់​បន្ត​ប្រើ​អ្វី​ដែល​គាត់​បាន​រៀន​ដើម្បី​ជួយ​បង​ប្អូន​ប្រុស​វ័យ​ក្មេង​ជាង។ បង​ប្រុស​ដូច​បង​ស៊ីកេអូ​ពិត​ជា​ជួយ​រាស្ត្រ​របស់​ព្រះ!

១៧. យោង​ទៅ​តាម​លូកា ៦:៣៨ តើ​បង​ប្អូន​វ័យ​ចាស់​អាច​ឲ្យ​អ្វី​ដល់​អ្នក​ឯ​ទៀត?

១៧ បង​ប្អូន​វ័យ​ចាស់​អើយ អ្នក​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​ជំនឿ​និង​ចិត្ត​ស្មោះ​ឥត​ងាក​រេ គឺ​ជា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ តាម​គំរូ​របស់​អ្នក អ្នក​បង្ហាញ​ថា​គឺ​ជា​ការ​ល្អ​ឲ្យ​យើង​រៀន​គោល​ការណ៍​គម្ពីរ និង​អនុវត្ត​គោល​ការណ៍​ទាំង​នោះ​ក្នុង​ជីវិត​របស់​យើង។ អ្នក​ដឹង​អំពី​របៀប​ដែល​យើង​ធ្លាប់​ធ្វើ​អ្វី​ផ្សេង​ៗ​នៅ​អតីតកាល ប៉ុន្តែ​អ្នក​ក៏​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​កាលៈទេសៈ​ថ្មី​ផង​ដែរ។ បង​ប្អូន​វ័យ​ចាស់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ថ្មី​ៗ​នេះ ក៏​អាច​ជួយ​បង​ប្អូន​តាម​របៀប​ច្រើន​យ៉ាង​ដែរ ដូច​ជា​អ្នក​អាច​ប្រាប់​អំពី​អំណរដែល​អ្នក​មាន​ពី​ការ​ស្គាល់​ព្រះ​យេហូវ៉ា​ពេល​មាន​វ័យ​ចាស់។ បង​ប្អូន​វ័យ​ក្មេង​ជាង​នឹង​សប្បាយ​ចិត្ត​ស្ដាប់​អំពី​បទ​ពិសោធន៍​របស់​អ្នក និង​មេ​រៀន​ដែល​អ្នក​បាន​រៀន​ក្នុង​ជីវិត។ បើ​អ្នក​មាន​«​ទម្លាប់​ឲ្យ​គេ​»​ ដោយ​ប្រើ​អ្វី​ទាំង​នេះ​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​ជា​បរិបូរ។—សូម​អាន លូកា ៦:៣៨

១៨. តើ​បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​វ័យ​ក្មេង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

១៨ បង​ប្អូន​វ័យ​ចាស់​ជា​ទី​ស្រឡាញ់ កាល​ដែល​អ្នក​ចូល​ទៅ​ជិត​បង​ប្អូន​វ័យ​ក្មេង​ជាង អ្នក​ទាំង​ពីរ​អាច​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។ (​រ៉ូម ១:១២​) បង​ប្អូន​វ័យ​ចាស់​មាន​អ្វី​ដែល​បង​ប្អូន​វ័យ​ក្មេង​មិន​មាន ពោល​គឺ​ប្រាជ្ញា​និង​បទ​ពិសោធន៍​ផ្សេង​ៗ​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ជីវិត។ បង​ប្អូន​វ័យ​ក្មេង​មាន​អ្វី​ដែល​បង​ប្អូនវ័យ​ចាស់​មិន​មាន ពោល​គឺ​កម្លាំង។ ពេល​បង​ប្អូន​ទាំង​វ័យ​ចាស់ ទាំង​វ័យ​ក្មេង​សហការ​គ្នា​ជា​មិត្ត​សម្លាញ់ ពួក​គេ​នាំ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទទួល​ការ​សរសើរ ហើយ​ពួក​គេ​ក៏​ជា​ពរ​មួយ​ចំពោះ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ដែរ។

ចម្រៀង​លេខ​៩០ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

^ វគ្គ 5 យើង​សប្បាយ​ចិត្ត​ដោយ​សារ​យើង​មាន​ប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​របស់​យើង ដែល​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​គាំទ្រ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ មិន​ថា​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ​មាន​វប្បធម៌​ឬ​មាន​ជីវប្រវត្តិ​បែប​ណា​ក៏​ដោយ ពួក​គេ​អាច​ជួយ​លើក​ទឹក​ចិត្ត​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​ប្រើ​កម្លាំង​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: ពេល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​ដល់​អាយុ​៧០​ឆ្នាំ គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​ទទួល​ភារកិច្ច​ថ្មី​មួយ។ ដោយ​សារ​ពួក​គេ​មាន​បទ​ពិសោធន៍​អស់​ជា​ច្រើន​ឆ្នាំ ពួក​គេ​បង្ហាត់​បង្រៀន​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គេ។