លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

អ្វីដែលខ្ញុំបានធ្វើ ជាអ្វីដែលខ្ញុំគួរតែធ្វើ

អ្វីដែលខ្ញុំបានធ្វើ ជាអ្វីដែលខ្ញុំគួរតែធ្វើ

អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ បង​ដាណឺល រីដឡេ​ជា​មេធាវី​ដែល​និយាយ​ការ​ពារ​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​រឿង​ក្ដី​នៅ​តុលាការ។ គាត់​មាន​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ថា​អ្នក​ជំងឺ​មាន​សិទ្ធិ​បដិសេធ​ការ​ចាក់​បញ្ចូល​ឈាម។ គាត់​បាន​ជួយ​សាក្សី​ព្រះ​យេហូវ៉ា​ឲ្យ​ឈ្នះ​រឿង​ក្ដី​ជា​ច្រើន​នៅ​តុលាការ​កំពូល​នា​សហរដ្ឋ​អាម៉េរិក។ មិត្ត​ភក្ដិ​របស់​គាត់​ហៅ​គាត់​ថា​ដន។ គាត់​ជា​មនុស្ស​ដែល​ខ្នះ​ខ្នែង មាន​ចិត្ត​រាប​ទាប និង​លះ​បង់​ប្រយោជន៍​ខ្លួន។

នៅ​ឆ្នាំ​២០១៩ បង​ដន​បាន​កើត​ជំងឺ​មួយ​ដែល​មនុស្ស​កម្រ​មាន ហើយ​ដែល​មិន​អាច​ព្យាបាល​បាន។ ជំងឺ​នេះ​ធ្វើ​ឲ្យ​រូប​កាយ​របស់​គាត់​ចុះ​ខ្សោយ​លឿន​ណាស់ ហើយ​គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩។ នេះ​គឺ​ជា​ជីវប្រវត្ដិ​របស់​គាត់។

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៥៤ នា​ក្រុង​សាំង​ផល រដ្ឋ​មីណេសូតា សហរដ្ឋ​អាម៉េរិក នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម ហើយ​កាន់​សាសនា​កាតូលិក​រ៉ូម។ ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់ ហើយ​ខ្ញុំ​ជា​កូន​ទី​២។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ទៅ​សាលា​សាសនា​កាតូលិក ហើយ​ខ្ញុំ​បាន​ជួយ​បូជា​ចារ្យ​ពេល​មាន​កម្ម​វិធី​នៅ​វិហារ​ម្ដង​ៗ។ ប៉ុន្តែ ខ្ញុំ​មិន​សូវ​ស្គាល់​គម្ពីរ​ទេ។ ទោះ​ជា​ខ្ញុំ​ជឿ​ថា​ត្រូវ​តែ​មាន​ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ក្ដី ខ្ញុំ​មិន​ជឿ​ថា​សាសនា​កាតូលិក​អាច​ជួយ​ខ្ញុំ​ឲ្យ​គោរព​ប្រណិប័តន៍​លោក​ទេ។

ការ​រៀន​សេចក្ដី​ពិត

កាល​ដែល​ខ្ញុំ​រៀន​ឆ្នាំ​ទី​១​នៅ​សកល​វិទ្យាល័យ​ផ្នែក​ច្បាប់ វីល្លាម មីសែល ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ផ្ទះ​របស់​ខ្ញុំ។ នៅ​ពេល​នោះ ខ្ញុំ​កំពុង​បោក​ខោ​អាវ ដូច្នេះ​ខ្ញុំ​បាន​សុំ​ពួក​គាត់​ឲ្យ​មក​ជួប​ខ្ញុំ​នៅ​ថ្ងៃ​ក្រោយ ពួក​គាត់​ក៏​ព្រម។ ពេល​ពួក​គាត់​ត្រឡប់​មក​វិញ ខ្ញុំ​បាន​សួរ​ពួក​គាត់​ពីរ​សំណួរ​៖ ​«​ហេតុ​អ្វី​មនុស្ស​អាក្រក់​ទទួល​ជោគ​ជ័យ​ក្នុង​ជីវិត​ជាង​មនុស្ស​ល្អ?​»​ ហើយ​«​តើ​មនុស្ស​អាច​មាន​សុភមង្គល​ពិត​ប្រាកដ​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច?​»។ ក្រោយ​មក ខ្ញុំ​បាន​ទទួល​យក​សៀវភៅ​សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ (The Truth That Leads to Eternal Life) និង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ (New World Translation of the Holy Scriptures) ដែល​មាន​ក្រប​ពណ៌​បៃតង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ភ្នែក។ ខ្ញុំ​ក៏​យល់​ព្រម​សិក្សា​គម្ពីរ​ដែរ។ នេះ​ពិត​ជា​ជួយ​ខ្ញុំ​ឲ្យ​ភ្លឺ​ភ្នែក​មែន។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដោយ​រៀន​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​ជា​រដ្ឋាភិបាល​ដែល​នឹង​គ្រប់​គ្រង​លើ​ផែនដី។ ខ្ញុំ​អាច​ឃើញ​ថា​ការ​គ្រប់​គ្រង​របស់​មនុស្ស​គឺ​បរាជ័យ​ទាំង​ស្រុង ហើយ​បន្សល់​ទុក​នូវ​ភាព​ឈឺ​ចាប់ ទុក្ខ​វេទនា ភាព​អយុត្តិធម៌ និង​រឿង​ខ្លោច​ផ្សា​ដល់​ពិភព​លោក។

ខ្ញុំ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​នៅ​ដើម​ឆ្នាំ​១៩៨២ ហើយ​នៅ​ឆ្នាំ​នោះ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឯ​មហា​សន្និបាត​ដែល​មាន​ប្រធាន​ថា​«​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​»​ ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សាំង​ផល។ នៅ​សប្ដាហ៍​បន្ទាប់ ខ្ញុំ​បាន​ត្រឡប់​ទៅ​មជ្ឈមណ្ឌល​នោះ​ដើម្បី​ប្រឡង​ជា​មេធាវី​ប្រចាំ​រដ្ឋ​មីណេសូតា។ នៅ​ដើម​ខែ​តុលា ខ្ញុំ​បាន​ឮ​ថា​ខ្ញុំ​បាន​ប្រឡង​ជាប់ នោះ​មាន​ន័យ​ថា​ខ្ញុំ​អាច​ធ្វើ​ជា​មេធាវី​បាន។

នៅ​មហា​សន្និបាត​«​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​»​នោះ ខ្ញុំ​បាន​ជួប​បង​ប្រុស​ម៉ៃក៍ រីឆឺដ​សិន​ដែល​ជា​សមាជិក​បេតអែល​ប៊្រុគ្លីន។ គាត់​បាន​ប្រាប់​ដំណឹង​ថា​មន្ទីរ​ចាត់​ការ​បាន​បង្កើត​ផ្នែក​ច្បាប់។ ពេល​ខ្ញុំ​ឮ​ដូច្នេះ ខ្ញុំ​បាន​នឹក​ឃើញ​ពាក្យ​របស់​មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេចូពី ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សកម្មភាព ៨:៣៦ រួច​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ‹តើ​មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​សុំ​ធ្វើ​ការ​នៅ​ផ្នែក​ខាង​ច្បាប់​នោះ?›។ ដូច្នេះ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​បម្រើ​នៅ​បេតអែល។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ដែល​ខ្ញុំ​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ឪពុក​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា តើ​ការ​ធ្វើ​ការ​ឲ្យ​ប៉មយាម​នឹង​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អាជីព​របស់​ខ្ញុំ​ជា​មេធាវី។ ខ្ញុំ​ពន្យល់​គាត់​ថា ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​ស្ម័គ្រ​ចិត្ត ហើយ​នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​បន្តិច​បន្តួច​ក្នុង​មួយ​ខែ​ដូច​សមាជិក​បេតអែល​ឯ​ទៀត​ដែរ។

ដោយ​សារ​ខ្ញុំ​ព្រម​ទទួល​ការងារ​នៅ​តុលាការ​រួច​ហើយ ខ្ញុំ​មិន​អាច​ទៅ​បេតអែល​ភ្លាម​ៗ​ទេ។ ដូច្នេះ​ខ្ញុំ​ចាប់​ផ្ដើម​បម្រើ​នៅ​បេតអែល​នា​តំបន់​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក នៅ​ឆ្នាំ​១៩៨៤។ ខ្ញុំ​ទទួល​ភារកិច្ច​នៅ​ផ្នែក​ច្បាប់។ បទ​ពិសោធន៍​របស់​ខ្ញុំ​នៅ​តុលាការ​បាន​ជួយ​ខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន ចំពោះ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ក្រោយ​មក។

ការ​ជួស​ជុល​មហា​ស្រព​ស្ទេនលី

មហា​ស្រព​ស្ទេនលី ពេល​ដែល​យើង​ទិញ

យើង​បាន​ទិញ​មហា​ស្រព​ស្ទេនលី​នៅ​ក្រុង​ជើហ្ស៊ី រដ្ឋ​នូជើហ្ស៊ី នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៨៣។ បង​ប្អូន​យើង​បាន​សុំ​លិខិត​អនុញ្ញាត​ដើម្បី​ជួស​ជុល​ប្រព័ន្ធ​អគ្គិសនី​និង​ប្រព័ន្ធ​ទឹក​របស់​មហា​ស្រព​នោះ។ ពេល​បង​ប្រុស​យើង​ជួប​ពួក​អាជ្ញាធរ​នៅ​តំបន់​នោះ បង​ប្រុស​ទាំង​នោះ​ពន្យល់​ថា​យើង​ចង់​ប្រើ​មហា​ស្រព​ស្ទេនលី​នោះ​ជា​សាល​សន្និបាត​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ប៉ុន្តែ​មាន​បញ្ហា​មួយ។ ច្បាប់​ក្រុង​ជើហ្ស៊ី​អំពី​របៀប​ប្រើ​ប្រាស់​អគារ​ផ្សេង​ៗ ចែង​ថា​អគារ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ខាង​សាសនា​គួរ​តែ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ធម្មតា។ ប៉ុន្តែ មហា​ស្រព​ស្ទេនលី​ស្ថិត​នៅ​តំបន់​រក​ស៊ី។ ដូច្នេះ ពួក​អាជ្ញាធរ​នៅ​ក្រុង​នោះ មិន​ព្រម​ឲ្យ​លិខិត​អនុញ្ញាត​ទេ។ បង​ប្រុស​យើង​បាន​ស្នើ​សុំ​លិខិត​អនុញ្ញាត​នោះ​ពី​ពួក​អាជ្ញាធរ​ម្ដង​ទៀត ប៉ុន្តែ​ការ​ស្នើ​សុំ​នោះ​បាន​ត្រូវ​គេ​ច្រាន​ចោល។

នៅ​សប្ដាហ៍​ដំបូង​ដែល​ខ្ញុំ​បម្រើ​នៅ​បេតអែល អង្គការ​របស់​យើង​បាន​លើក​រឿង​ក្ដី​អំពី​បញ្ហា​នោះ​ទៅ​តុលាការ។ ដោយ​សារ​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​តុលាការ​មួយ​អស់​ពីរ​ឆ្នាំ នា​ក្រុង​សាំង​ផល រដ្ឋ​មីណេសូតា ខ្ញុំ​យល់​ច្បាស់​អំពី​រឿង​ក្ដី​បែប​នោះ។ មេធាវី​ម្នាក់​របស់​យើង​បាន​និយាយ​ថា មហា​ស្រព​ស្ទេនលី​ធ្លាប់​ប្រើ​សម្រាប់​កម្ម​វិធី​ផ្សេង​ៗ​ដូច​ជា​ភាពយន្ត និង​ការ​ប្រគំ​តន្ត្រី​ជា​ដើម។ ដូច្នេះ គឺ​មិន​សម​ហេតុ​សម​ផល​ទេ​ដែល​កម្ម​វិធី​សាសនា​គឺ​ខុស​ច្បាប់។ តុលាការ​ជាន់​ទាប​ស្ដាប់​រឿង​នោះ ហើយ​ចេញ​សេចក្ដី​សម្រេច​ថា ពួក​អាជ្ញាធរ​នៅ​ក្រុង​ជើហ្ស៊ី បាន​បំពាន​សិទ្ធិ​សេរី​ភាព​ខាង​សាសនា​របស់​យើង។ តុលាការ​នោះ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រុង​ផ្ដល់​លិខិត​អនុញ្ញាត​ដែល​សំខាន់​ចាំ​បាច់ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​របៀប​ដែល​អង្គការ​ប្រើ​ផ្លូវ​ច្បាប់​ដើម្បី​បញ្ជឿន​កិច្ចការ​លោក។ ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ខ្ញុំ​អាច​ចូល​រួម​ក្នុង​កិច្ចការ​នោះ។

បង​ប្អូន​របស់​យើង​ចាប់​ផ្ដើម​កិច្ចការ​ជួស​ជុល​ដ៏​ធំ ហើយ​មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​ជួស​ជុល​បាន​ចាប់​ផ្ដើម វគ្គ​បញ្ចប់​នៃ​សាលា​គីលាត​ជំនាន់​ទី​៧៩​បាន​ធ្វើ​ឡើង​នៅ​សាល​សន្និបាត​នោះ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​១៩៨៥។ ខ្ញុំ​មាន​អារម្មណ៍​ថា គឺ​ជា​ឯកសិទ្ធិ​ដើម្បី​ជួយ​ជា​សមាជិក​ខាង​ច្បាប់​ឲ្យ​កិច្ចការ​រាជាណាចក្រ​ជឿន​ទៅ​មុខ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ស្កប់​ចិត្ត​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ពិសោធន៍ ពេល​ធ្វើ​ជា​មេធាវី​មុន​ចូល​បេតអែល។ ខ្ញុំ​ស្មាន​មិន​ដល់​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ខ្ញុំ​ក្នុង​រឿង​ក្ដី​ជា​ច្រើន​ទៀត។

ការ​ការ​ពារ​សិទ្ធិ​ទទួល​ការ​ព្យាបាល​ដោយ​មិន​ប្រើ​ឈាម

ក្រោយ​ពី​ឆ្នាំ​១៩៨០ គ្រូ​ពេទ្យ​និង​មន្ទីរ​ពេទ្យ​ច្រើន​តែ​មិន​ធ្វើ​តាម​សំណូម​ពរ​របស់​សាក្សី​ពេញ​វ័យ​ដែល​ចង់​ប្រើ​វិធី​ព្យាបាល​និង​ផលិតផល​ដែល​មិន​រួម​បញ្ចូល​ឈាម។ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​មាន​ការ​ពិបាក​ខ្លាំង​ជាង ដោយ​សារ​ចៅ​ក្រម​ច្រើន​តែ​គិត​ថា​ពួក​គេ​គ្មាន​សិទ្ធិ​បដិសេធ​ការ​បញ្ចូល​ឈាម​ទេ។ ចៅ​ក្រម​វែក​ញែក​ថា បើ​ស្ត្រី​នោះ​មិន​ព្រម​ទទួល​ការ​បញ្ចូល​ឈាម​ទេ គាត់​អាច​ស្លាប់ ហើយ​ទារក​នឹង​ធំ​ឡើង​ដោយ​កំព្រា​ម្ដាយ។

នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៨៨ បង​ស្រី​ដឺនីស នីកូឡូ​បាន​បាត់​បង់​ឈាម​យ៉ាង​ច្រើន​ក្រោយ​ពី​គាត់​សម្រាល​បាន​កូន​ប្រុស​ម្នាក់។ អេម៉ូក្លូប៊ីន​ក្នុង​គ្រាប់​ឈាម​ក្រហម​របស់​គាត់​បាន​ធ្លាក់​ចុះ​ក្រោម​៥.០។ ដោយ​សារ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ គ្រូ​ពេទ្យ​ចង់​ឲ្យ​គាត់​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈាម។ តែ​បង​នីកូឡូ​មិន​យល់​ព្រម​ទេ។ នៅ​ព្រឹក​ស្អែក ខាង​មន្ទីរ​ពេទ្យ​បាន​សុំ​ការ​អនុញ្ញាត​ពី​ចៅ​ក្រម​ដើម្បី​បញ្ចូល​ឈាម​ឲ្យ​គាត់។ ចៅ​ក្រម​មិន​បាន​ផ្ដល់​ឱកាស​ដល់​បង​នីកូឡូ​ឬ​ប្ដី​របស់​គាត់​ដើម្បី​ពន្យល់​អំពី​ទស្សនៈ​របស់​ពួក​គាត់​ឡើយ ហើយ​ចៅ​ក្រម​នោះ​ថែម​ទាំង​មិន​បាន​ប្រាប់​ពួក​គាត់​ថា គាត់​បាន​អនុញ្ញាត​ឲ្យ​មន្ទីរ​ពេទ្យ​បញ្ចូល​ឈាម​ឲ្យ​បង​នីកូឡូ។

នៅ​ថ្ងៃ​សុក្រ​ទី​៣០ ខែ​ធ្នូ ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ចូល​ឈាម​ឲ្យ​បង​នីកូឡូ ទោះ​ជា​ប្ដី​និង​សាច់​ញាតិ​ដែល​នៅ​ជា​មួយ​គាត់​បាន​បដិសេធ​យ៉ាង​ណា​ក៏​ដោយ។ នៅ​ល្ងាច​នោះ សាច់​ញាតិ​ប៉ុន្មាន​នាក់​និង​អ្នក​ចាស់​ទុំ​ខ្លះ​បាន​ត្រូវ​ចាប់​ខ្លួន ដោយ​សារ​ពួក​គេ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​រា​រាំង​គ្រូ​ពេទ្យ​មិន​ឲ្យ​បញ្ចូល​ឈាម​បង​នីកូឡូ។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី៣១ ខែ​ធ្នូ ក្រុម​អ្នក​កាសែត ទូរទស្សន៍ និង​វិទ្យុ ពី​កន្លែង​ផ្សេង​ៗ​នៅ​ក្រុង​ញូវយ៉ក បាន​ផ្សាយ​ព័ត៌មាន​អំពី​ការ​ចាប់​ខ្លួន​នេះ។

ខ្ញុំ​និង​បង​ហ្វីលីព ប្រុមឡេយ​ពេល​យើង​នៅ​ក្មេង​ជាង

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ខ្ញុំ​បាន​និយាយ​ជា​មួយ​នឹង​ចៅ​ក្រម​នៃ​តុលាការ​ជាន់​ខ្ពស់​ជាង​ម្នាក់​ឈ្មោះ​មីលថុន ម៉ូឡិន។ ខ្ញុំ​បាន​រៀប​រាប់​អំពី​រឿង​ក្ដី​នោះ​ដោយ​លើក​បញ្ជាក់​ថា ចៅ​ក្រម​ម្នាក់​ទៀត​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ឲ្យ​គេ​បញ្ចូល​ឈាម​ដល់​បង​ស្រី​យើង​ដោយ​មិន​បាន​ស៊ើប​អង្កេត។ ចៅ​ក្រម​ម៉ូឡិន​បាន​សុំ​ខ្ញុំ​ឲ្យ​មក​បន្ទប់​ការិយាល័យ​របស់​គាត់​នៅ​រសៀល​ថ្ងៃ​នោះ ដើម្បី​និយាយ​អំពី​ហេតុ​ការណ៍​និង​ច្បាប់​ដែល​ទាក់​ទង​នឹង​រឿង​ក្ដី​នោះ។ នៅ​ល្ងាច​នោះ បង​ហ្វីលីព ប្រុមឡេយ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​របស់​ខ្ញុំ​បាន​ទៅ​ជា​មួយ​ខ្ញុំ​ដើម្បី​ជួប​ចៅ​ក្រម​ម៉ូឡិន។ ចៅ​ក្រម​នោះ​ក៏​បាន​កោះ​ហៅ​មេធាវី​របស់​មន្ទីរ​ពេទ្យ​ឲ្យ​ចូល​រួម​ជា​មួយ​យើង។ យើង​បាន​ជជែក​តវ៉ា​គ្នា​យ៉ាង​ខ្លាំង​ៗ។ ក្នុង​អំឡុង​ពេល​សន្ទនា​នោះ បង​ប្រុមឡេយ​បាន​សរសេរ​នៅ​លើ​កំណត់​របស់​គាត់​ប្រាប់​ខ្ញុំ​ថា​៖ ​«​សូម​ស្ងប់​អារម្មណ៍​បន្តិច​»។ នោះ​គឺ​ជា​យោបល់​ល្អ​មែន ដោយ​សារ​នៅ​ពេល​នោះ ខ្ញុំ​ចង់​និយាយ​យក​ឈ្នះ​មេធាវី​របស់​មន្ទីរ​ពេទ្យ​ដើម្បី​បើក​បង្ហាញ​ថា​ពួក​គេ​គឺ​ខុស។

ចាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​៖ រីឆឺដ មុក, ហ្គ្រេហ្គោរី អូល, ផល ផូលីដូរ៉ូ, ហ្វីលីព ប្រុមឡេយ, ខ្ញុំ និង​ម៉ារីអូ ម៉ូរ៉េណូ។ ពួក​យើង​ជា​មេធាវី​នៅ​ថ្ងៃ​ដែល​យើង​និយាយ​ការ​ពារ​រឿង​ក្ដី​មួយ​នៅ​តុលាការ​កំពូល​នា​សហរដ្ឋ​អាម៉េរិក ក្នុង​រឿង​ក្ដី​រវាង​ប៉ម​យាម​និង​ភូមិ​ស្ត្រាថន (​សូម​មើល​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ! នៅ​ទំព័រ​១៦៥​)។

ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​មក ចៅ​ក្រម​ម៉ូឡិន​បាន​និយាយ​ថា រឿង​ក្ដី​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​មុន​គេ​នៅ​ព្រឹក​ស្អែក។ កាល​ដែល​យើង​ចេញ​ពី​បន្ទប់​គាត់ ចៅ​ក្រម​ម៉ូឡិន​បាន​និយាយ​ថា មេធាវី​របស់​មន្ទីរ​ពេទ្យ​នឹង​ត្រូវ​ព្យាយាម​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ស្អែក។ នោះ​មាន​ន័យ​ថា មេធាវី​មិន​ស្រួល​បង្ហាញ​ថា​មន្ទីរ​ពេទ្យ​មាន​សិទ្ធិ​ដើម្បី​បង្ខំ​បង​នីកូឡូ​ឲ្យ​ទទួល​យក​ការ​បញ្ចូល​ឈាម​ទេ។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា​យើង​មាន​ឱកាស​ឈ្នះ​រឿង​ក្ដី​នេះ។ គឺ​អស្ចារ្យ​មែន​ពេល​ខ្ញុំ​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​យើង​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។

យើង​បាន​ធ្វើ​ការ​រហូត​ដល់​យប់​ជ្រៅ​ដើម្បី​ត្រៀម​ពាក្យ​ដែល​ត្រូវ​និយាយ​នៅ​ព្រឹក​ស្អែក។ សាលា​កាត់​ក្ដី​នោះ​គឺ​នៅ​ជិត​បេតអែល​ប៊្រុគ្លីន ដូច្នេះ​បង​ប្អូន​ភាគ​ច្រើន​ដែល​បម្រើ​នៅ​ផ្នែក​ច្បាប់​បាន​ដើរ​ទៅ​ទី​នោះ។ ក្រោយ​ពី​ចៅ​ក្រម​បួន​នាក់​បាន​ឮ​អំពី​ការ​ជជែក​របស់​យើង ពួក​គេ​បាន​ច្រាន​ចោល​ការ​បង្គាប់​ឲ្យ​ចាក់​បញ្ចូល​ឈាម។ តុលាការ​ជាន់​ខ្ពស់​បាន​ធ្វើ​តាម​សំណើ​របស់​បង​នីកូឡូ ហើយ​បាន​ចេញ​សេចក្ដី​សម្រេច​ថា​ការ​ចុះ​ហត្ថលេខា​លើ​បង្គាប់ ដោយ​មិន​បាន​ស្ដាប់​ទស្សនៈ​របស់​អ្នក​ជំងឺ​ជា​មុន​សិន គឺ​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស។

មិន​យូរ​ក្រោយ​មក​តុលាការ​កំពូល​នៅ​រដ្ឋ​ញូវយ៉ក បាន​បញ្ជាក់​ថា​បង​នីកូឡូ​មាន​សិទ្ធិ​ទទួល​ការ​ព្យាបាល​ដោយ​មិន​បញ្ចូល​ឈាម។ នេះ​គឺ​ជា​រឿង​ក្ដី​ទី​១​ដែល​ខ្ញុំ​មាន​ឯកសិទ្ធិ​ចូល​រួម​ក្នុង​ចំណោម​រឿង​ក្ដី​បួន ដែល​ជាប់​ទាក់​ទង​នឹង​ការ​បញ្ចូល​ឈាម​ដែល​បាន​ត្រូវ​សម្រេច​ដោយ​តុលាការ​ជាន់​ខ្ពស់​នៅ​សហរដ្ឋអាម៉េរិក។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ការ​ឈ្នះ​រឿង​ក្ដី​នៅ​តុលា​កំពូល​របស់​រដ្ឋ​ផ្សេង​ៗ​»​) ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​មួយ​នឹង​មេធាវី​ឯ​ទៀត​នៅ​បេតអែល ក្នុង​រឿង​ក្ដី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ចិញ្ចឹម​អប់រំ​កូន ការ​លែង​លះ ព្រម​ទាំង​ច្បាប់​ស្ដី​អំពី​ការ​ប្រើ​ប្រាស់​ដី​ធ្លី​និង​អគារ។

អាពាហ៍​ពិពាហ៍​និង​ជីវិត​ក្រុម​គ្រួសារ​របស់​ខ្ញុំ

ខ្ញុំ​និង​ដូន ប្រពន្ធ​ខ្ញុំ

ពេល​ដែល​ខ្ញុំ​បាន​ជួប​ដូន​ដែល​ជា​ប្រពន្ធ​របស់​ខ្ញុំ​ជា​លើក​ដំបូង គាត់​គឺ​ជា​ស្ត្រី​មេ​ម៉ាយ​ដែល​មាន​កូន​បី​នាក់។ គាត់​ធ្វើ​ការ​ផង និង​ត្រួស​ត្រាយ​ផង។ គាត់​ឆ្លង​កាត់​ជីវិត​ដ៏​លំបាក ហើយ​ខ្ញុំ​ពិត​ជា​កោត​ស្ងើច​ចំពោះ​ការ​តាំង​ចិត្ត​របស់​គាត់​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩៩២ យើង​បាន​ចូល​រួម​មហា​សន្និបាត​ប្រចាំ​តំបន់​ដែល​មាន​ប្រធាន​ថា ​«​អ្នក​បញ្ចាំង​ពន្លឺ​»​នៅ​ក្រុង​ញូវយ៉ក ហើយ​ខ្ញុំ​បាន​សុំ​គាត់​ស្វែង​យល់​ចិត្ត​គ្នា។ យើង​បាន​រៀប​ការ​មួយ​ឆ្នាំ​ក្រោយ​មក។ ប្រពន្ធ​ខ្ញុំ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ជា​និច្ច ហើយ​ចូល​ចិត្ត​សើច​សប្បាយ។ នេះ​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា​សម្រាប់​ខ្ញុំ។ ប្រពន្ធ​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សេចក្ដី​ល្អ​អស់​មួយ​ជីវិត។—សុភ. ៣១:១២

ពេល​យើង​រៀប​ការ កូន​ៗ​មាន​អាយុ​១១​ឆ្នាំ ១៣​ឆ្នាំ និង​១៦​ឆ្នាំ។ ខ្ញុំ​ចង់​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​ចំពោះ​ពួក​គេ ដូច្នេះ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​អាន​និង​ធ្វើ​តាម​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​អាច​រក​ឃើញ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​អំពី​ការ​ណែនាំ​ដើម្បី​ធ្វើ​ជា​ឪពុក​ចុង។ មាន​ការ​ពិបាក​ផ្សេង​ៗ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​កូន​ៗ​បាន​ចាត់​ទុក​ខ្ញុំ​ជា​មិត្ត​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​ពួក​គេ​និង​ជា​ឪពុក​ដែល​ស្រឡាញ់​ពួក​គេ។ យើង​តែង​តែ​ស្វាគមន៍​មិត្ត​ភក្ដិ​របស់​កូន​ៗ​យើង​ឲ្យ​មក​ផ្ទះ​របស់​យើង ហើយ​យើង​ចូល​ចិត្ត​សេព​គប់​ជា​មួយ​នឹង​មនុស្ស​វ័យ​ក្មេង​ដ៏​ពេញ​កម្លាំង​ទាំង​នោះ។

នៅ​ឆ្នាំ​២០១៣ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​រើ​ទៅ​រដ្ឋ​វិស្កុនស៊ិន ដើម្បី​ជួយ​ថែ​រក្សា​ឪពុក​ម្ដាយ​របស់​យើង​ដែល​មាន​វ័យ​ចាស់។ ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់​ដែល​កិច្ច​បម្រើ​របស់​ខ្ញុំ​នៅ​បេតអែល​នៅ​តែ​បន្ត។ ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បន្ត​ជួយ​កិច្ចការ​ខាង​ច្បាប់​សម្រាប់​អង្គការ​របស់​យើង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​បណ្ដោះ​អាសន្ន។

ការ​ផ្លាស់​ប្ដូរ​ក្នុង​មួយ​រំពេច

នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ខ្ញុំ​ច្រើន​តែ​មាន​ស្លេស្ម​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​គ្រហែម។ គ្រូ​ពេទ្យ​បាន​ពិនិត្យ​មើល​ខ្ញុំ ប៉ុន្តែ​គាត់​មិន​អាច​រក​ឃើញ​ថា​បញ្ហា​នោះ​បណ្ដាល​មក​ពី​អ្វី​ទេ។ ក្រោយ​មក​គ្រូ​ពេទ្យ​ម្នាក់​ទៀត​បាន​ឲ្យ​យោបល់​ខ្ញុំ​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្នែក​សរសៃ។ ក្រោយ​មក​ខ្ញុំ​បាន​ជួប​គ្រូ​ពេទ្យ​ផ្នែក​សរសៃ នៅ​ខែ​មករា ឆ្នាំ​២០១៩ ហើយ​គ្រូ​ពេទ្យ​នោះ​បាន​រក​ឃើញ​ថា​ខ្ញុំ​ទំនង​ជា​មាន​ជំងឺ​ដ៏​កម្រ​មួយ ដែល​ក្រោយ​មក​នឹង​មាន​ឥទ្ធិពល​ធ្ងន់​ធ្ងរ​លើ​រូប​កាយ​របស់​ខ្ញុំ​ទាំង​មូល។

បី​ថ្ងៃ​ក្រោយ​មក កាល​ដែល​ខ្ញុំ​កំពុង​ជិះ​ស្គី ខ្ញុំ​បាន​ដួល ហើយ​បាក់​ក​ដៃ​ស្ដាំ​របស់​ខ្ញុំ។ ខ្ញុំ​ជិះ​ស្គី​តាំង​ពី​តូច ដូច្នេះ​ខ្ញុំ​អាច​ជិះ​វា​បាន​យ៉ាង​ស្ទាត់។ ហេតុ​នេះ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចាប់​ផ្ដើម​លែង​អាច​បញ្ជា​សរសៃ​សាច់​ដុំ​ទៀត​ហើយ។ ខ្ញុំ​មិន​នឹក​ស្មានថា​ជំងឺ​របស់​ខ្ញុំ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​យ៉ាង​លឿន​បែប​នោះ​ទេ ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ពិបាក​និយាយ ធ្វើ​ចលនា និង​ពិបាក​លេប។

ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​រួម​ចំណែក​ក្នុង​ការ​ជួយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​ជា​មេធាវី។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​សរសេរ​អត្ថបទ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​ដែល​បាន​ត្រូវ​បោះ​ពុម្ព​សម្រាប់​គ្រូ​ពេទ្យ មេធាវី និង​ចៅ​ក្រម។ ខ្ញុំ​ក៏​ថ្លែង​សុន្ទរកថា​នៅ​ទូ​ទាំង​ពិភព​លោក នៅ​ចំពោះ​មុខ​គ្រូ​ពេទ្យ​និង​មេធាវី ដើម្បី​និយាយ​ការ​ពារ​សិទ្ធិ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​ក្នុង​ការ​ជ្រើស​រើស​វិធី​ព្យាបាល​ដោយ​មិន​បញ្ចូល​ឈាម។ ប៉ុន្តែ ខ្ញុំ​មាន​ទស្សនៈ​ដូច​លូកា ១៧:១០​ដែល​ថា​៖ ‹ខ្ញុំ​ជា​ខ្ញុំ​បម្រើ​ឥត​ប្រយោជន៍។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ជា​អ្វី​ដែល​ខ្ញុំ​គួរ​តែ​ធ្វើ›។