តើមានការណែនាំដែលគួរឲ្យទុកចិត្តដើម្បីមានអនាគតដ៏ល្អឬទេ?
ដូចដែលបានពិគ្រោះនៅអត្ថបទមុនៗ មនុស្សជាច្រើនពឹងផ្អែកទៅលើព្រេងវាសនា ការអប់រំ ទ្រព្យសម្បត្តិ និងការធ្វើជាមនុស្សល្អដើម្បីមានអនាគតល្អ។ ប៉ុន្តែ ការធ្វើដូច្នេះគឺប្រៀបដូចជាការប្រើផែនទីខុសដើម្បីទៅដល់កន្លែងណាមួយ។ តើនេះមានន័យថាយើងគ្មានការណែនាំដែលគួរឲ្យទុកចិត្តសម្រាប់អនាគតទេឬ? អត់ទេ!
ការណែនាំដ៏ល្អបំផុត
ពេលធ្វើការសម្រេចចិត្ត ធម្មតាយើងពិភាក្សាជាមួយនឹងអ្នកណាដែលមានវ័យចាស់ជាង ហើយមានប្រាជ្ញាជាងយើង។ ស្រដៀងគ្នាដែរ យើងអាចរកការណែនាំដ៏គួរឲ្យទុកចិត្តអំពីអនាគតរបស់យើង ពីបុគ្គលដែលចាស់ជាង ហើយមានប្រាជ្ញាច្រើនជាងយើងឆ្ងាយណាស់។ យើងអាចអានការណែនាំរបស់លោកក្នុងសៀវភៅមួយដែលបានត្រូវសរសេរជាង៣.៥០០ឆ្នាំមុន។ សៀវភៅនោះគឺហៅថាគម្ពីរបរិសុទ្ធ។
ហេតុអ្វីអ្នកអាចទុកចិត្តគម្ពីរ? ពីព្រោះអ្នកដែលនិពន្ធគម្ពីរគឺជាបុគ្គលម្នាក់ដែលចាស់ជាងគេ ហើយមានប្រាជ្ញាច្រើនជាងគេបំផុតក្នុងសកលលោក។ គម្ពីររៀបរាប់ថាលោកជា«ព្រះដែលមានជីវិតតាំងពីបុរាណ»ដែល«គ្មានទីចាប់ផ្ដើម និងគ្មានទីបញ្ចប់»។ (ដានីយ៉ែល ៧:៩; ចម្រៀងសរសើរព្រះ ៩០:២) លោក«ជាព្រះដ៏ពិត និងជាអ្នកបង្កើតមេឃ លោកបានសូនផែនដី»។ (អេសាយ ៤៥:១៨) លោកប្រាប់យើងថាឈ្មោះលោកគឺយេហូវ៉ា។—ចម្រៀងសរសើរព្រះ ៨៣:១៨
ដោយសារគម្ពីរគឺមកពីអ្នកបង្កើតមនុស្សជាតិទាំងអស់ ដូច្នេះគម្ពីរមិនបានលើកតម្កើងថាសាសន៍ណាល្អជាងសាសន៍ណានោះឡើយ។ ការណែនាំពីគម្ពីរគឺតែងតែមានប្រយោជន៍ ហើយបានជួយមនុស្សគ្រប់ជាតិសាសន៍។ គម្ពីរបានត្រូវបកប្រែជាច្រើនភាសា ហើយបានត្រូវចែកចាយច្រើនជាងសៀវភៅផ្សេងៗទៀតទាំងអស់។ * នេះមានន័យថាមនុស្សដែលមកពីគ្រប់ទីកន្លែងអាចអាន និងទទួលការណែនាំពីគម្ពីរ។ នេះគាំទ្រអ្វីដែលបានចែងនៅក្នុងគម្ពីរដែលថា៖
«ព្រះមិនរើសមុខទេ។ ប៉ុន្តែ នៅគ្រប់ប្រជាជាតិ អ្នកណាដែលកោតខ្លាចលោក ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ លោកពេញចិត្តអ្នកនោះ»។—សកម្មភាព ១០:៣៤, ៣៥
ដូចឪពុកម្ដាយដែលស្រឡាញ់និងជួយកូនៗរបស់ពួកគេ ព្រះយេហូវ៉ាគឺជាបិតាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដែលជួយយើងតាមរយៈបណ្ដាំរបស់លោកគឺគម្ពីរ។ (ធីម៉ូថេទី២ ៣:១៦) អ្នកអាចទុកចិត្តបណ្ដាំរបស់លោក ដោយសារលោកបានបង្កើតយើង ហើយលោកដឹងថាអ្វីដែលអាចនាំឲ្យយើងមានសុភមង្គលបំផុតក្នុងជីវិត។
តើអ្នកត្រូវធ្វើអ្វីដើម្បីប្រាកដថាអ្នកនឹងទទួលបានអនាគតដ៏ល្អប្រសើរបែបនេះ? សូមពិចារណាអត្ថបទបន្ទាប់។
^ វគ្គ 6 ដើម្បីបានព័ត៌មានបន្ថែមអំពីការបកប្រែនិងការចែកចាយនៃគម្ពីរបរិសុទ្ធ សូមចូលគេហទំព័រ www.jw.org/km ហើយចុច«សេចក្ដីបង្រៀនក្នុងគម្ពីរ» > «ប្រវត្តិសាស្ត្រនិងគម្ពីរបរិសុទ្ធ»។