តើអ្នកណាជាអ្នកបណ្ដាលឲ្យមានទុក្ខវេទនា?
បើទុក្ខវេទនាមិនមែនមកពីព្រះ តើភាពអត់ឃ្លានជាខ្លាំង ភាពក្រីក្រដែលគ្មានទីបញ្ចប់ សង្គ្រាមយ៉ាងព្រៃផ្សៃ ជំងឺផ្សេងៗ និងមហន្តរាយធម្មជាតិមកពីមូលហេតុអ្វី? គម្ពីរដែលជាបណ្ដាំរបស់ព្រះបង្ហាញអំពីមូលហេតុសំខាន់បីយ៉ាង ដែលនាំឲ្យមនុស្សជាតិរងទុក្ខវេទនា:
១. ការគិតតែប្រយោជន៍ផ្ទាល់ខ្លួន ការលោភលន់ និងការស្អប់គ្នា។ «មនុស្សបានត្រួតត្រាលើមនុស្ស នោះនាំឲ្យមានទុក្ខវេទនា»។ (អ្នកទូន្មាន ៨:៩) មូលហេតុសំខាន់មួយ មនុស្សរងទុក្ខព្រោះមនុស្សមិនល្អឥតខ្ចោះ ឃោរឃៅ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួន។
២. ពេលវេលា និងព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក។ មូលហេតុសំខាន់មួយទៀត មនុស្សរងទុក្ខដោយសារ«ហេតុការណ៍ដែលមិនបានរំពឹងទុក នៅពេលដែលពួកគេមិននឹកស្មានដល់»។ (អ្នកទូន្មាន ៩:១១) ហេតុនេះ មនុស្សជួបគ្រោះថ្នាក់ដោយសារទីកន្លែងនិងពេលវេលាដែលមិនសមត្រឹមត្រូវ ការធ្វេសប្រហែស ឬក៏ការធ្វើខុស។
៣. អ្នកគ្រប់គ្រងដ៏កំណាចនៃពិភពលោកនេះ។ គម្ពីរបានប្រាប់យ៉ាងច្បាស់អំពីមូលហេតុចម្បងដែលមនុស្សរងទុក្ខ។ គម្ពីរចែងថា៖ «ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។ (យ៉ូហានទី១ ៥:១៩) «មេកំណាច»នោះគឺជាសាថាន ពោលគឺបុគ្គលវិញ្ញាណដ៏ខ្លាំងក្លាដែលពីដំបូងធ្លាប់ជាទេវតារបស់ព្រះ ប៉ុន្តែ«មិនបាននៅជាប់នឹងសេចក្ដីពិតឡើយ»។ (យ៉ូហាន ៨:៤៤) បុគ្គលវិញ្ញាណឯទៀតបានរួមចំណែកជាមួយសាថាន ហើយបះបោរប្រឆាំងព្រះ ដើម្បីបំពេញបំណងប្រាថ្នាខុសឆ្គងរបស់ខ្លួន ដូច្នេះពួកវាទៅជាមេកំណាច។ (ដើមកំណើត ៦:១-៥) ចាប់តាំងពីសាថាននិងពួកវិញ្ញាណកំណាចរបស់វាបានបះបោរ ពួកវាមានឫទ្ធានុភាព និងឥទ្ធិពលដ៏អាក្រក់មកលើពិភពលោកនេះ។ នេះបានកើតឡើងតាំងពីយូរហើយរហូតមកដល់សម័យយើង។ សព្វថ្ងៃនេះ មេកំណាចមានកំហឹងយ៉ាងខ្លាំង ហើយ«កំពុងបំភាន់ពិភពលោកទាំងមូល» ដែលជាហេតុនាំឲ្យ«វេទនាដល់ផែនដី»។ (ការបើកបង្ហាញ ១២:៩, ១២) បន្ថែមទៅទៀត សាថានគឺជាអ្នកគ្រប់គ្រងដ៏សាហាវឃោរឃៅ។ វាសប្បាយចិត្តពេលឃើញមនុស្សរងទុក្ខវេទនា។ ដូច្នេះគឺសាថានដែលបណ្ដាលឲ្យមនុស្សរងទុក្ខ មិនមែនព្រះទេ។
សូមពិចារណា: មានតែមនុស្សអាក្រក់ និងកាចសាហាវប៉ុណ្ណោះដែលធ្វើឲ្យមនុស្សគ្មានកំហុសរងទុក្ខវេទនា។ ផ្ទុយទៅវិញ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ដោយសារសេចក្ដីស្រឡាញ់គឺជាបុគ្គលិកលក្ខណៈរបស់លោក ដូច្នេះ«គឺមិនអាចទៅរួចឡើយដែលព្រះដ៏ពិតប្រព្រឹត្តអំពើទុច្ចរិត។ ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនធ្វើខុសជាដាច់ខាត!»។—យ៉ូប ៣៤:១០
ទោះជាយ៉ាងណាក៏ដោយ ជាការធម្មតាទេដែលអ្នកប្រហែលជាឆ្ងល់ថា ‹តើព្រះដ៏មានឫទ្ធានុភាពនឹងអនុញ្ញាតឲ្យសាថានបន្តការគ្រប់គ្រងដ៏អាក្រក់របស់វាដល់ពេលណា?›។ ដូចយើងបានឃើញហើយ ព្រះស្អប់អំពើអាក្រក់ ហើយលោកឈឺចិត្តខ្លាំងណាស់ ពេលឃើញយើងរងទុក្ខវេទនា។ មួយវិញទៀត បណ្ដាំរបស់ព្រះដាស់តឿនថា៖ «[ចូរ]ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) ព្រះស្រឡាញ់យើង និងមានឫទ្ធានុភាពដើម្បីបំបាត់ចោលទុក្ខវេទនានិងអំពើអយុត្តិធម៌គ្រប់បែបយ៉ាង។ ចំណុចនេះនឹងត្រូវពន្យល់នៅអត្ថបទបន្ទាប់។ *
^ វគ្គ 7 ដើម្បីទទួលព័ត៌មានថែមទៀតអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា សូមមើលមេរៀនទី២៦ ក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដែលបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ហើយអាចថតចម្លងដោយឥតគិតថ្លៃនៅwww.jw.org/km។