លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ហួស​សម័យ​ឬ​ក៏​ជឿន​លឿន​ជាង​សម័យ?

តើ​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ហួស​សម័យ​ឬ​ក៏​ជឿន​លឿន​ជាង​សម័យ?

វិទ្យា​សាស្ដ្រ

គម្ពីរ​មិន​មែន​ជា​សៀវភៅ​វិទ្យា​សាស្ដ្រ​ទេ ប៉ុន្ដែ​គម្ពីរ​រៀប​រាប់​អំពី​ព័ត៌មាន​ដែល​ជឿន​លឿន​ជាង​សម័យ​វិទ្យា​សាស្ដ្រ​ទៅ​ទៀត។ សូម​ពិចារណា​ឧទាហរណ៍​មួយ​ចំនួន​នេះ។

តើ​សកល​លោក​មាន​ទី​ចាប់​ផ្ដើម​ឬ​ទេ?

អ្នក​វិទ្យា​សាស្ដ្រ​មុន​ៗ​បាន​បដិសេធ​យ៉ាង​ដាច់​ខាត​ថា​សកល​លោក​គ្មាន​ទី​ចាប់​ផ្ដើម​ទេ។ ឥឡូវ ជា​ទូ​ទៅ​ពួក​គេ​ទទួល​ស្គាល់​ថា​សកល​លោក​មាន​ទី​ចាប់​ផ្ដើម។ ប៉ុន្ដែ គម្ពីរ​បាន​ប្រាប់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​ជា​យូរ​មុន។—លោកុប្បត្ដិ ១:១

តើ​ផែន​ដី​មាន​រាង​បែប​ណា?

នៅ​សម័យ​បុរាណ មនុស្ស​ជា​ច្រើន​គិត​ថា​ផែន​ដី​មាន​រាង​សំប៉ែត។ នៅ​សតវត្សរ៍​ទី​៥​មុន គ.ស. អ្នក​វិទ្យា​សាស្ដ្រ​ជន​ជាតិ​ក្រិច​បាន​និយាយ​ថា​ផែន​ដី​មាន​រាង​មូល។ ប៉ុន្ដែ​ជា​យូរ​មុន​នោះ នៅ​សតវត្សរ៍​ទី​៨​មុន គ.ស. អេសាយ​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​បាន​សំដៅ​ទៅ​លើ​«​រង្វង់​ផែន​ដី​»។ ពាក្យ​ដែល​គាត់​ប្រើ​អាច​មាន​ន័យ​ថា​«​រាង​មូល​»​ដែរ។—អេសាយ ៤០:២២

តើ​អ្វី​ៗ​នៅ​លើ​មេឃ​អាច​ខូច​ទៅ​ឬ​ទេ?

ទស្សនវិជ្ជា​របស់​អារីស្តូត​ដែល​ជា​ជន​ជាតិ​ក្រិច​នៅ​សតវត្សរ៍​ទី​៤​មុន គ.ស. បាន​បង្រៀន​ថា​មាន​តែ​ផែន​ដី​ប៉ុណ្ណោះ​អាច​ខូច​ទៅ​បាន រីឯ​អ្វី​ៗ​ដែល​នៅ​លើ​មេឃ​មិន​អាច​ប្រែ​ប្រួល​ឬ​ខូច​ទៅ​ឡើយ។ ទស្សនៈ​នោះ​បាន​បន្ដ​អស់​ជា​ច្រើន​សតវត្សរ៍។ ប៉ុន្ដែ នៅ​សតវត្សរ៍​ទី​១៩ អ្នក​វិទ្យា​សាស្ដ្រ​មាន​ទស្សនៈ​ថា​អ្វី​ក៏​ដោយ ទោះ​ជា​នៅ​ផ្ទៃ​មេឃ​ឬ​ផែន​ដី អាច​ខូច​ទៅ។ អ្នក​វិទ្យា​សាស្ដ្រ​ម្នាក់​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ទស្សនៈ​នោះ​កាន់​តែ​រីក​ដុះ​ដាល មាន​ឈ្មោះ​ថា​វីល្លាម ថមសាន់ គាត់​បាន​កត់​សម្គាល់​ថា​គម្ពីរ​បាន​រៀប​រាប់​អំពី​ផ្ទៃ​មេឃ​និង​ផែន​ដី​ថា​៖ ​«​របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀក​បំពាក់​»។ (​ទំនុក​តម្កើង ១០២:២៥, ២៦​) ម្យ៉ាង​ទៀត លោក​វីល្លាម​បាន​ជឿ​ដូច​អ្វី​ដែល​គម្ពីរ​បង្រៀន ដែល​ថា​ព្រះ​អាច​ការពារ​មិន​ឲ្យ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត ខូច​ទៅ​ឡើយ។—សាស្តា ១:៤

តើ​ភព​ផ្សេង​ៗ ដូច​ជា​ផែន​ដី មាន​អ្វី​ព្យួរ​ឬ​ទេ?

ទស្សនវិជ្ជា​របស់​អារីស្តូត បាន​បង្រៀន​ថា​សកល​លោក​ទាំង​មូល​មាន​ស្រទាប់​ជា​រង្វង់ ហើយ​ស្រទាប់​នីមួយ​ៗ​ធ្វើ​ពី​គ្រិស្តាល់។ ភព​នីមួយ​ៗ​នៅ​ក្នុង​រង្វង់​ផ្សេង​គ្នា ហើយ​ផែន​ដី​ជា​ចំណុច​កណ្ដាល។ នៅ​សតវត្សរ៍​ទី​១៨ អ្នក​វិទ្យា​សាស្ដ្រ​បាន​ទទួល​យក​ទស្សនៈ​ដែល​ថា​តារា​និង​ភព​ឯ​ទៀត​គឺ​នៅ​ក្នុង​លំហ​ដែល​គ្មាន​អ្វី​សោះ។ នៅ​ក្នុង​សៀវភៅ​យ៉ូប​ដែល​បាន​ត្រូវ​សរសេរ​នា​សតវត្សរ៍​ទី​១៥​មុន គ.ស. បាន​រៀប​រាប់​ថា​ព្រះ​ដែល​ជា​អ្នក​បង្កើត បាន​«​ព្យួរ​ផែន​ដី​នៅ​ទទេ​ធេង​»។—យ៉ូប ២៦:៧

វេជ្ជសាស្ដ្រ

ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​វេជ្ជ​សាស្ដ្រ​ក៏​ដោយ តែ​គម្ពីរ​មាន​គោល​ការណ៍​ខ្លះ​ៗ​អំពី​ចំណេះ​ដឹង​ខាង​សុខភាព​ដែល​ជឿន​លឿន​ជាង​សម័យ។

ការ​នៅ​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដែល​ឈឺ

ក្នុង​គម្ពីរ ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​ទុក​មនុស្ស​ដែល​កើត​ជំងឺ​ឃ្លង់​នៅ​ដាច់​ឆ្ងាយ​ពី​អ្នក​ឯ​ទៀត។ គ្រូ​ពេទ្យ​មិន​យល់​អំពី​រឿង​នេះ​រហូត​មក​ដល់​យុគ​សម័យ​កណ្ដាល ទើប​ពួក​គេ​ធ្វើ​តាម​គោល​ការណ៍​នេះ​ដែល​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព​នៅ​សព្វ​ថ្ងៃ​នេះ។—លេវីវិន័យ ជំពូក​១៣​និង១៤

ការ​លាង​សម្អាត​ក្រោយ​ប៉ះ​ពាល់​សាក​សព

រហូត​មក​ដល់​សតវត្សរ៍​ទី​១៩ គ្រូ​ពេទ្យ​ច្រើន​តែ​ប៉ះ​ពាល់​សាក​សព ហើយ​ក្រោយ​មក​ពិនិត្យ​អ្នក​ជំងឺ​ឯ​ទៀត​ដោយ​មិន​លាង​សម្អាត​ដៃ​របស់​ពួក​គេ​ទេ។ ការ​ធ្វើ​ដូច្នេះ​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់។ ប៉ុន្ដែ ច្បាប់​របស់​ម៉ូសេ​បាន​ប្រាប់​ថា​អ្នក​ណា​ដែល​ប៉ះ​ពាល់​សាក​សព​បាន​ត្រូវ​ចាត់​ទុក​ថា​មិន​ស្អាត។ ច្បាប់​នោះ​ក៏​បាន​ប្រាប់​ថា​ត្រូវ​លាង​សម្អាត​ជា​មួយ​ទឹក​ក្នុង​ករណី​ដូច​នេះ។ ទោះ​ជា​ការ​ប្រព្រឹត្ដ​ទាំង​នេះ​ទាក់​ទង​នឹង​សាសនា​ក្ដី តែ​ក៏​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព​ដែរ។—ជន​គណនា ១៩:១១, ១៩

ការ​បន្ទោ​បង់

រាល់​ឆ្នាំ កុមារ​ជាង​៥​សែន​នាក់​បាន​បាត់​បង់​ជីវិត​ព្រោះ​ជំងឺ​រាក មូលហេតុ​ភាគ​ច្រើន​គឺ​ដោយ​សារ​ការ​ខ្វះ​អនាម័យ​ស្ដី​អំពី​ការ​បន្ទោ​បង់។ ច្បាប់​ម៉ូសេ​បាន​ចែង​ថា​ត្រូវ​បន្ទោ​បង់​នៅ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ ហើយ​ត្រូវ​តែ​កប់​លាមក​នោះ។—ចោទិយកថា ២៣:១៣

ពេល​វេលា​នៃ​ការ​កាត់​ចុង​ស្បែក

ច្បាប់​របស់​ព្រះ​តម្រូវ​ឲ្យ​កាត់​ចុង​ស្បែក​អវយវៈ​ភេទ​របស់​កូន​ង៉ែត​ប្រុស​ក្រោយ​កើត​បាន​៨​ថ្ងៃ។ (​លេវីវិន័យ ១២:៣​) ឈាម​របស់​កូន​ង៉ែត​ដែល​កើត​បាន​មួយ​សប្ដាហ៍ មាន​សមត្ថភាព​អាច​កក​បាន។ នៅ​សម័យ​គម្ពីរ មុន​មាន​វិធី​ការពារ​ផ្សេង​ៗ ការ​រង់​ចាំ​មួយ​សប្ដាហ៍​សិន​ដើម្បី​កាត់​ចុង​ស្បែក​គឺ​ជា​វិធី​ការពារ​ដ៏​ល្អ។

អារម្មណ៍​ទាក់​ទង​នឹង​សុខភាព

អ្នក​ស្រាវ​ជ្រាវ​ខាង​វេជ្ជសាស្ដ្រ​និង​អ្នក​វិទ្យា​សាស្ដ្រ​បាន​និយាយ​ថា​អារម្មណ៍​វិជ្ជមាន​ដូច​ជា អំណរ សេចក្ដី​សង្ឃឹម ចិត្ដ​ដឹង​គុណ និង​ការ​សុខ​ចិត្ដ​អភ័យ​ទោស មាន​ប្រយោជន៍​ដល់​សុខភាព។ គម្ពីរ​ចែង​ថា​៖ ​«​ចិត្ដ​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ​»។—សុភាសិត ១៧:២២