លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ការ​ណែនាំ​ពី​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​ដល់​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

តើ​ការ​ណែនាំ​ពី​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​ដល់​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

មនុស្ស​ខ្លះ​ថា​ទេ។ គ្រូ​ពេទ្យ​ម្នាក់​បាន​និយាយ​ថា ការ​យក​គម្ពីរ​មក​ប្រើ​សម្រាប់​ណែនាំ គឺ​ដូច​ជា​ការ​យក​សៀវភៅ​សិក្សា​ឆ្នាំ​១៩២០​មក​ប្រើ​ដើម្បី​បង្រៀន​ថ្នាក់​គីមី​វិទ្យា។ អ្នក​ដែល​មិន​ឲ្យ​តម្លៃ​គម្ពីរ​ថែម​ទាំង​និយាយ​ថា​ការ​យក​គម្ពីរ​មក​ប្រើ​សម្រាប់​ណែនាំ គឺ​ដូច​ជា​ការ​យក​សៀវភៅ​ណែនាំ​សម្រាប់​កុំព្យូទ័រ​ចាស់​មក​ប្រើ​ទៅ​លើ​កុំព្យូទ័រ​ថ្មី។ និយាយ​ឲ្យ​ចំ មនុស្ស​ខ្លះ​ចាត់​ទុក​គម្ពីរ​ថា​ជា​សៀវភៅ​ហួស​សម័យ​ដែល​គ្មាន​ប្រយោជន៍។

ច្បាស់​ជា​គ្មាន​អ្នក​ណា​ប្រើ​ការ​ណែនាំ​ដែល​ចាស់​ដូច​នេះ​នៅ​ក្នុង​សម័យ​ទំនើប​ដែល​មាន​បច្ចេកវិទ្យា​ថ្មី​ៗ​ទេ មែន​ទេ? យ៉ាង​ណា​មិញ គេហទំព័រ​ផ្សេង​ៗ មាន​ឱវាទ​និង​ការ​ណែនាំ​ថ្មី​ៗ​ជា​ច្រើន។ កម្ម​វិធី​វិភាគ​តាម​ទូរទស្សន៍​និង​កម្ម​វិធី​សម្ភាសន៍​បង្ហាញ​អំពី​ចំណេះ​ដឹង​ផ្សេង​ៗ​ពី​បុគ្គល​មួយ​ចំនួន​ដូច​ជា អ្នក​ចិត្ដ​វិទ្យា អ្នក​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត និង​អ្នក​និពន្ធ​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត បណ្ណាគារ​ជា​ច្រើន​មាន​លក់​យ៉ាង​ហៀរ​ហូរ​នូវ​សៀវភៅ​សម្រាប់​អប់រំ​ចិត្ដ ដែល​ធ្វើ​ឲ្យ​អ្នក​និពន្ធ​ទទួល​បាន​ប្រាក់​កម្រៃ​រាប់​លាន​ដុល្លារ។

ដោយ​សារ​មាន​ព័ត៌មាន​ថ្មី​ៗ​ជា​ច្រើន​ហើយ ហេតុ​អ្វី​ចាំ​បាច់​រក​ការ​ណែនាំ​ពី​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ចប់​ជិត​២.០០០​ឆ្នាំ​មុន? បើ​ធ្វើ​ដូច្នេះ គឺ​ដូច​ជា​ការ​ប្រើ​សៀវភៅ​គីមី​ហួស​សម័យ​ឬ​សៀវភៅ​ណែនាំ​សម្រាប់​កុំព្យូទ័រ​ចាស់ ដូច​អ្នក​ដែល​មិន​ឲ្យ​តម្លៃ​គម្ពីរ​បាន​និយាយ មែន​ទេ? តាម​ពិត ការ​វែក​ញែក​ទាំង​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ វិទ្យា​សាស្ដ្រ​និង​បច្ចេកវិទ្យា​តែង​តែ​ផ្លាស់​ប្ដូរ ប៉ុន្ដែ​តើ​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​របស់​មនុស្ស​ផ្លាស់​ប្ដូរ​ឬ​ទេ? ជា​ឧទាហរណ៍ មនុស្ស​នៅ​តែ​ចង់​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ សុភមង្គល​និង​សេចក្ដី​សុខ ទំនាក់​ទំនង​ល្អ​ក្នុង​ក្រុម​គ្រួសារ និង​មិត្ដភាព​គង់​វង្ស។

គម្ពីរ​បញ្ជាក់​អំពី​សេចក្ដី​ត្រូវ​ការ​ទាំង​នេះ​និង​ជា​ច្រើន​ទៀត។ គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។ គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដល់​យើង​នៅ​គ្រប់​ស្ថានភាព​ក្នុង​ជីវិត ហើយ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ។ (​ធីម៉ូថេ​ទី២ ៣:១៦, ១៧​) លើស​ពី​នេះ​ទៀត គម្ពីរ​មាន​ការ​ណែនាំ​ដែល​មិន​ចេះ​ហួស​សម័យ ពោល​គឺ​តែង​តែ​មាន​ប្រយោជន៍​រហូត។ គម្ពីរ​បាន​ចែង​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ​»។—ហេប្រឺ ៤:១២

តើ​អ្វី​ដែល​គម្ពីរ​អះអាង​គឺ​ជា​កាពិ​ត​ឬ​ទេ? តើ​គម្ពីរ​ជា​សៀវភៅ​ដែល​ហួស​សម័យ ឬ​គម្ពីរ​ជា​សៀវភៅ​ដែល​នៅ​តែ​មាន​ប្រយោជន៍​ច្រើន​បំផុត​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ? ទស្សនាវដ្ដី​ប៉ម​យាម​លេខ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ជា​ពិសេស​ដើម្បី​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ។ ទស្សនាវដ្ដី​លេខ​បន្ដ​បន្ទាប់​នឹង​បញ្ជាក់​អំពី​ប្រធានបទ​សំខាន់​ៗ​ឯ​ទៀត។