របៀបជួយអស់អ្នកដែលមានជំងឺផ្លូវចិត្ត
គម្ពីរចែងថា៖ «មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
នេះមានន័យថា
នៅពេលមិត្តណាម្នាក់របស់យើងមានបញ្ហាផ្លូវចិត្ត យើងអាចមានអារម្មណ៍ថាយើងមិនអាចធ្វើអ្វីទាំងអស់ដើម្បីពួកគេ។ ប៉ុន្តែ យើងអាចបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះមិត្តរបស់យើងដោយព្យាយាមជួយពួកគេឲ្យស៊ូទ្រាំនឹងជំងឺផ្លូវចិត្ត។ តើតាមរបៀបណា?
របៀបដែលនេះអាចជួយយើង
«ត្រូវរហ័សស្ដាប់»។—យ៉ាកុប ១:១៩
វិធីមួយដ៏ល្អបំផុតដើម្បីជួយមិត្តរបស់អ្នកគឺដោយស្ដាប់ពេលគាត់និយាយ។ កុំមានអារម្មណ៍ថាអ្នកត្រូវតបឆ្លើយចំពោះអ្វីៗទាំងអស់ដែលគាត់បាននិយាយឡើយ។ ធ្វើឲ្យគាត់ដឹងថាអ្នកយល់អ្វីដែលគាត់និយាយ ហើយព្យាយាមយល់អារម្មណ៍គាត់។ កុំឆាប់សន្និដ្ឋានឬវិនិច្ឆ័យគាត់ សូមចាំថាគាត់ប្រហែលជានិយាយដោយមិនបានគិត ហើយគាត់អាចស្ដាយអំពីរឿងនេះនៅពេលក្រោយ។—យ៉ូប ៦:២, ៣
«[ចូរ]និយាយសម្រាលទុក្ខ»។—ថែស្សាឡូនិចទី១ ៥:១៤។
មិត្តរបស់អ្នកប្រហែលជាមានអារម្មណ៍តានតឹងចិត្តឬប្រហែលជាមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ដូច្នេះសូមជួយឲ្យគាត់យល់ថាអ្នកយកចិត្តទុកដាក់ចំពោះគាត់។ អ្នកអាចសម្រាលទុក្ខនិងលើកទឹកចិត្តគាត់ ទោះបីជាអ្នកមិនដឹងថាគួរនិយាយអ្វីក៏ដោយ។
«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា»។—សុភាសិត ១៧:១៧
ចូរផ្ដល់ជំនួយឲ្យគាត់។ ជាជាងសន្និដ្ឋានអំពីរបៀបដែលអ្នកអាចជួយគាត់ សូមសួរគាត់អំពីអ្វីដែលអ្នកអាចជួយបាន។ បើមិត្តរបស់អ្នកពិបាកពន្យល់អំពីសេចក្ដីត្រូវការកាឡាទី ៦:២
របស់គាត់ សូមប្រាប់គាត់យោបល់ខ្លះៗពីអ្វីដែលអ្នកទាំងពីរអាចធ្វើជាមួយគ្នាបាន ដូចជាទៅដើរហាត់ប្រាណជាដើម។ ឬអ្នកអាចជូនគាត់ទៅផ្សារ ជួយសម្អាត ឬធ្វើការផ្សេងទៀត។—«[ចូរ]មានចិត្តអត់ធ្មត់»។—ថែស្សាឡូនិចទី១ ៥:១៤
មិត្តរបស់អ្នកប្រហែលជាមិនតែងតែចង់និយាយប្រាប់អ្នកអំពីជំងឺរបស់គាត់នោះទេ។ សូមជួយគាត់ឲ្យដឹងថាអ្នកចង់ស្ដាប់គាត់ នៅពេលដែលគាត់ចង់និយាយអំពីអារម្មណ៍។ ដោយសារតែជំងឺរបស់គាត់ មិត្តរបស់អ្នកអាចនិយាយឬធ្វើអ្វីដែលនាំឲ្យអ្នកឈឺចិត្ត។ គាត់អាចលុបចោលគម្រោងជាមួយអ្នកឬឆាប់ខឹង។ ចូរមានចិត្តអត់ធ្មត់ និងយោគយល់ចំពោះគាត់ ពេលអ្នកផ្ដល់ការគាំទ្រដែលគាត់ត្រូវការ។—សុភាសិត ១៨:២៤
ការគាំទ្ររបស់អ្នកអាចជួយមិត្ត
«ខ្ញុំធ្វើឲ្យប្រាកដថាខ្ញុំជាមិត្តដែលនាងអាចពឹងពាក់បាន។ ទោះបីជាខ្ញុំមិនមានដំណោះស្រាយចំពោះបញ្ហាទាំងអស់របស់នាងក៏ដោយ ក៏ខ្ញុំព្យាយាមស្ដាប់អ្វីដែលនាងនិយាយដែរ។ ពេលខ្លះ ដើម្បីធ្វើឲ្យនាងមានអារម្មណ៍ធូរស្រាលជាង នាងត្រូវការតែអ្នកស្ដាប់អារម្មណ៍របស់នាងប៉ុណ្ណោះ»។—ហ្វារ៉ា a មានមិត្តភក្ដិដែលមានជំងឺបរិភោគមិនប្រក្រតី ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។
«មិត្តរបស់ខ្ញុំម្នាក់មានចិត្តសប្បុរសនិងចិត្តគំនិតវិជ្ជមានណាស់។ នាងបានអញ្ជើញខ្ញុំទៅផ្ទះនាងដើម្បីញ៉ាំអាហារឆ្ងាញ់ៗ។ នៅក្នុងបរិយាកាសដ៏កក់ក្ដៅនិងពេញទៅដោយសេចក្ដីស្រឡាញ់នេះ ខ្ញុំអាចប្រាប់អំពីអារម្មណ៍របស់ខ្ញុំ។ នោះពិតជាលើកទឹកចិត្តខ្ញុំណាស់!»។—ហាអិន ដែលមានជំងឺធ្លាក់ទឹកចិត្ត។
«ចិត្តអត់ធ្មត់មានសារៈសំខាន់ណាស់។ ពេលប្រពន្ធខ្ញុំធ្វើអ្វីដែលធ្វើឲ្យខ្ញុំទើសចិត្ត ខ្ញុំរំឮកខ្លួនឯងថា នេះមកពីជំងឺរបស់នាង មិនមែនជានាងទេ។ នេះជួយខ្ញុំមិនឲ្យខឹង ហើយគិតអំពីនាងច្រើនជាង»។—យ៉ាកុប មានប្រពន្ធដែលមានជំងឺធ្លាក់ទឹកចិត្ត។
«ប្រពន្ធរបស់ខ្ញុំគាំទ្រនិងសម្រាលទុក្ខខ្ញុំខ្លាំងណាស់។ ពេលខ្ញុំមានអារម្មណ៍ថប់បារម្ភ នាងមិនដែលបង្ខំខ្ញុំឲ្យធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើនោះទេ។ ពេលខ្លះ នេះមានន័យថានាងមិនអាចធ្វើអ្វីដែលនាងពិតជាចង់ធ្វើ។ នាងពិតជាវិសេសណាស់សម្រាប់ខ្ញុំដោយសារនាងមានចិត្តសប្បុរស ហើយតែងតែលះបង់ប្រយោជន៍ផ្ទាល់ខ្លួន»។—អេនរីខូ ដែលមានជំងឺថប់បារម្ភ។
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។