ជំងឺផ្លូវចិត្តគឺជាបញ្ហាដ៏ធំមួយនៅទូទាំងពិភពលោក
«ខ្ញុំថប់បារម្ភជានិច្ច សូម្បីតែពេលដែលខ្ញុំអង្គុយក្នុងបន្ទប់តែម្នាក់ឯងក្ដី»។
«ពេលខ្ញុំសប្បាយចិត្ត ខ្ញុំចាប់ផ្ដើមព្រួយដោយសារខ្ញុំដឹងថា ក្រោយមកខ្ញុំនឹងមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំងជាមិនខាន»។
«ខ្ញុំព្យាយាមគិតមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែពេលខ្លះកង្វល់ពីរបីថ្ងៃមកញាំញីខ្ញុំក្នុងពេលតែមួយតែម្ដង»។
នេះគឺជាអារម្មណ៍របស់មនុស្សដែលមានជំងឺផ្លូវចិត្ត។ តើអ្នកឬមនុស្សជាទីស្រឡាញ់របស់អ្នក ធ្លាប់មានអារម្មណ៍បែបនេះឬទេ?
សូមចាំថា មិនមែនមានតែអ្នកទេដែលមានអារម្មណ៍បែបនេះ។ សព្វថ្ងៃនេះ មនុស្សជាច្រើនមានបញ្ហាផ្លូវចិត្ត មិនថាពួកគេផ្ទាល់ ឬមនុស្សជាទីស្រឡាញ់របស់ពួកគេទេ។
យើងច្បាស់ជាកំពុងរស់នៅក្នុង‹គ្រាដ៏លំបាកខ្លាំងណាស់› ហើយនេះនាំឲ្យមានទុក្ខវេទនាជាច្រើន។ (ធីម៉ូថេទី២ ៣:១) ការស្រាវជ្រាវមួយបានរកឃើញថា នៅជុំវិញពិភពលោកមនុស្សម្នាក់ក្នុងចំណោមមនុស្ស៨នាក់ ប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត។ នៅឆ្នាំ២០២០ រោគរាតត្បាតកូវីដ-១៩បានបណ្ដាលឲ្យមានការកើនឡើង២៦ភាគរយនៃជំងឺថប់បារម្ភ និង២៨ភាគរយនៃជំងឺធ្លាក់ទឹកចិត្ត។
ទោះជាការដឹងអំពីចំនួនមនុស្សដែលមានជំងឺបែបនេះគឺជាការសំខាន់ក្ដី តែគឺជាការសំខាន់ជាងដែលអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នក ដឹងអំពីរបៀបដែលធ្វើឲ្យសុខភាពផ្លូវចិត្តល្អឡើងវិញ។
តើអ្វីជាសុខភាពផ្លូវចិត្ត?
ពេលអ្នកមានសុខភាពផ្លូវចិត្តល្អ ធម្មតាអ្នកមានអារម្មណ៍ស្រួល ហើយអាចធ្វើអ្វីធម្មតា។ អ្នកអាចប្រឈមមុខនឹងការតានតឹងចិត្ត សម្រេចកិច្ចការផ្សេងៗ និងស្កប់ចិត្តនឹងជីវិតរបស់អ្នក។
ជំងឺផ្លូវចិត្ត . . .
-
គឺមិនកើតឡើងដោយសារភាពទន់ខ្សោយរបស់យើងទេ។
-
គឺជាជំងឺដែលបង្កឲ្យមានទុក្ខលំបាកយ៉ាងខ្លាំង និងប៉ះពាល់ដល់ការគិតគូរ សមត្ថភាពគ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយារបស់យើង។
-
អាចធ្វើឲ្យយើងពិបាកយល់អារម្មណ៍របស់អ្នកឯទៀត និងពិបាកបំពេញកិច្ចការប្រចាំថ្ងៃ។
-
អាចកើតឡើងចំពោះមនុស្សគ្រប់វ័យ វប្បធម៌ ជាតិសាសន៍ កុលសម្ព័ន្ធ សាសនា មិនថាមានការអប់រំបែបណា ជាអ្នកមានឬក្រក្ដី។
ការទទួលជំនួយសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត
ប្រសិនបើអ្នកឬមនុស្សជាទីស្រឡាញរបស់អ្នកមានការផ្លាស់ប្ដូរផ្សេងៗដែលគួរឲ្យកត់សម្គាល់ ដូចជាបុគ្គលិកលក្ខណៈ ការគេង ការញ៉ាំ មានការតានតឹងចិត្តយូរ ថប់បារម្ភ ឬពិបាកចិត្ត អ្នកប្រហែលជាត្រូវការជំនួយពីគ្រូពេទ្យជំនាញដើម្បីស្វែងយល់អំពីមូលហេតុនិងព្យាបាលជំងឺនេះ។ ប៉ុន្តែ តើអ្នកអាចរកជំនួយនៅឯណា?
លោកយេស៊ូគ្រិស្តដែលជាបុរសដែលមានប្រាជ្ញាបំផុត បានមានប្រសាសន៍ថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ»។ (ម៉ាថាយ ៩:១២) អ្នកដែលជួបបញ្ហាផ្លូវចិត្តដែលបានទទួលការព្យាបាលដោយគ្រូពេទ្យខាងវេជ្ជសាស្ត្រ និងទទួលថ្នាំត្រឹមត្រូវ អាចធ្វើអ្វីផ្សេងៗដើម្បីកាត់បន្ថយអាការរបស់ពួកគេ ហើយនេះអាចជួយពួកគេឲ្យមានជីវិតសប្បាយ។ គឺជាការល្អឲ្យពួកគេទទួលការព្យាបាលភ្លាមៗប្រសិនបើពួកគេមានអាការធ្ងន់ធ្ងរ ឬមានរោគសញ្ញាទាំងនេះ អស់រយៈពេលយូរហើយ។ a
ទោះជាគម្ពីរមិនមែនជាសៀវភៅណែនាំខាងវេជ្ជសាស្ត្រក៏ដោយ ប៉ុន្តែយោបល់ដែលមានក្នុងគម្ពីរអាចផ្ដល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់យើង។ យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅ ឲ្យពិចារណាអត្ថបទបន្តបន្ទាប់នេះដែលពិគ្រោះអំពីរបៀបដែលគម្ពីរអាចជួយយើងពេលយើងមានបញ្ហាសុខភាពផ្លូវចិត្ត។
a ទស្សនាវដ្ដីប៉មយាមមិនគាំទ្រវិធីព្យាបាលសុខភាពណាមួយទេ។ បុគ្គលម្នាក់ៗគួរពិចារណាឲ្យបានហ្មត់ចត់អំពីជម្រើសរបស់ខ្លួនមុនធ្វើការសម្រេចចិត្ត។