លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ជីវិតដ៏សប្បាយរបស់ខ្ញុំក្នុងកិច្ចបម្រើព្រះយេហូវ៉ា

ជីវិតដ៏សប្បាយរបស់ខ្ញុំក្នុងកិច្ចបម្រើព្រះយេហូវ៉ា

កិច្ច​ការ​ដំបូង​របស់​ខ្ញុំ​នៅ​បេតអែល​កាណាដា​គឺ​បោស​សម្អាត​រោង​បោះ​ពុម្ព។ ពេល​នោះ​គឺ​ឆ្នាំ​១៩៥៨ ហើយ​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ជីវិត​ខ្ញុំ។ មិន​យូរ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​ប្រើ​ម៉ាស៊ីន​កាត់​ទស្សនាវដ្ដី​ក្រោយ​ពី​វា​ចេញ​ពី​ម៉ាស៊ីន​បោះ​ពុម្ព។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​បម្រើ​នៅ​បេតអែល!

នៅ​ឆ្នាំ​បន្ទាប់ មាន​សេចក្ដី​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​បេតអែល​ថា ការិយាល័យ​សាខា​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​ឲ្យ​ទៅ​បម្រើ​នៅ​ទី​នោះ ដោយ​សារ​ពួក​គេ​នឹង​ទទួល​ម៉ាស៊ីន​បោះ​ពុម្ព​ថ្មី។ ខ្ញុំ​បាន​ចុះ​ឈ្មោះ ហើយ​រំភើប​ចិត្ត​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ទៅ។ បង​ប្រុស​បី​នាក់​ទៀត​ពី​បេតអែល​កាណាដា​ក៏​បាន​ត្រូវ​ជ្រើស​រើស​ដែរ គឺ​បង​ឌែននីស លីច បង​បៀល ម៉ាក់ក្លិល្លិន និង​បង​ខេណ ន័រដិន។ យើង​ទទួល​ដំណឹង​ថា​យើង​នឹង​នៅ​ទី​នោះ​អស់​រយៈ​ពេល​យូរ!

ខ្ញុំ​ទូរស័ព្ទ​ទៅ​ម្ដាយ​ខ្ញុំ ហើយ​និយាយ​ថា​៖ ​«​ម៉ាក់ ខ្ញុំ​មាន​ដំណឹង​ចង់​ប្រាប់​ម៉ាក់។ ខ្ញុំ​នឹង​ទៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង!​»។ ម្ដាយ​ខ្ញុំ​ជា​មនុស្ស​មិន​សូវ​មាត់​ក តែ​មាន​ជំនឿ​រឹង​មាំ ហើយ​ក៏​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ គាត់​មិន​បាន​និយាយ​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​គាត់​គាំទ្រ​ខ្ញុំ។ ទាំង​ម្ដាយ​ទាំង​ឪពុក​ខ្ញុំ​មិន​ដែល​ត្អូញត្អែរ​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ ទោះ​ជា​ពួក​គាត់​នឹង​នឹក​ខ្ញុំ​ពេល​ខ្ញុំ​ទៅ​ឆ្ងាយ​ក៏​ដោយ។

ខ្ញុំ​ទៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង!

ខ្ញុំ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​ពី​ក្រុង​ខេបថោន​ទៅ​ក្រុង​ជោហានេសបួ ជា​មួយ​បង​ឌែននីស លីច បង​ខេណ ន័រដិន និង​បង​បៀល ម៉ាក់ក្លិល្លិន ឆ្នាំ​១៩៥៩

យើង​ទាំង​បួន​នាក់​នៅ​ខួប​៦០​ឆ្នាំ​តាំង​ពី​យើង​មក​ដល់​ទ្វីប​អាហ្វ្រិក។ យើង​ថត​រូប​នេះ​នា​ការិយាល័យ​សាខា​អាហ្វ្រិក​ខាង​ត្បូង ឆ្នាំ​២០១៩

នៅ​ដើម​ដំបូង យើង​ទាំង​បួន​នាក់​បាន​ទៅ​បេតអែល​ប៊្រុគ្លីន​ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន​អស់​បី​ខែ​ឲ្យ​ចេះ​ប្រើ​ម៉ាស៊ីន​បោះ​ពុម្ព​ម្យ៉ាង។ ក្រោយ​មក យើង​បាន​ជិះ​កប៉ាល់​ដឹក​ទំនិញ​ទៅ​ក្រុង​ខេបថោន ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ នៅ​ពេល​នោះ ខ្ញុំ​ទើប​តែ​មាន​អាយុ​២០​ឆ្នាំ។ គឺ​ពេល​ល្ងាច​ហើយ កាល​ដែល​យើង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​តាម​រថ​ភ្លើង​ពី​ក្រុង​ខេបថោន​ទៅ​ក្រុង​ជោហានេសបួ។ ចំណត​ទី​១​នៅ​ព្រឹក​ព្រលឹម គឺ​នៅ​ក្រុង​តូច​មួយ​ក្នុង​តំបន់​ទី​រហោស្ថាន​ឈ្មោះ​ខារូ។ ក្រុង​តូច​នោះ​គឺ​ក្ដៅ មាន​ដី​ហុយ និង​ផ្សែង​ច្រើន។ យើង​ទាំង​បួន​នាក់​មើល​ពី​បង្អួច​រថ​ភ្លើង ហើយ​នោះ​គឺ​ខុស​ពី​អ្វី​ដែល​យើង​ធ្លាប់​ឃើញ​ពី​មុន​មក​ឆ្ងាយ​ណាស់។ ប៉ុន្តែ​តាម​ពិត តំបន់​នោះ​សុខ​សាន្ត​និង​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត។

អស់​ប៉ុន្មាន​ឆ្នាំ ខ្ញុំ​មាន​ភារកិច្ច​ប្រើ​ម៉ាស៊ីន​ម្យ៉ាង ដែល​រៀប​រៀង​អក្សរ​សម្រាប់​បោះ​ពុម្ព​ទស្សនាវដ្ដី​ភ្ញាក់​រឭក!និង​ទស្សនាវដ្ដី​ប៉ម​យាម។ ការិយាល័យ​សាខា​បាន​បោះ​ពុម្ព​ទស្សនាវដ្ដី​ជា​ច្រើន​ភាសា​របស់​ជន​ជាតិ​អាហ្វ្រិក មិន​គ្រាន់​តែ​សម្រាប់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ដែរ។ គឺ​ដោយ​សារ​ម៉ាស៊ីន​បោះ​ពុម្ព​ថ្មី​នោះ ដែល​យើង​បាន​មក​ពី​ប្រទេស​កាណាដា ហើយ​យើង​សប្បាយ​ចិត្ត​ដែល​វា​បាន​ត្រូវ​ប្រើ​ប្រាស់​ច្រើន!

ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ការិយាល័យ​រោង​ចក្រ​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ផ្នែក​ផ្សេង​ៗ​នៃ​ការ​បោះពុម្ព ការ​ដឹក​ជញ្ជូន និង​ការ​បក​ប្រែ។ ជីវិត​ខ្ញុំ​គឺ​រវល់ តែ​មាន​ន័យ​ខ្លឹម​សារ​និង​នាំ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត។

អាពាហ៍ពិពាហ៍​និង​ភារកិច្ច​ថ្មី

ខ្ញុំ​និង​ឡរ៉ា​ពេល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ឆ្នាំ​១៩៦៨

នៅ​ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ស្រី​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​ឡរ៉ា បូអាន​ដែល​រស់​នៅ​ជិត​បេតអែល។ គាត់​ក៏​ជា​អ្នក​វាយ​អត្ថបទ​នៅ​ផ្នែក​បក​ប្រែ​ដែរ។ នៅ​សម័យ​នោះ គ្មាន​ការ​រៀបចំ​ឲ្យ​គូ​អាពាហ៍ពិពាហ៍​ថ្មី​ថ្មោង​បន្ត​បម្រើ​នៅ​បេតអែល​ទេ។ ដូច្នេះ យើង​បាន​ទទួល​ភារកិច្ច​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ ខ្ញុំ​ព្រួយ​បារម្ភ​បន្តិច ព្រោះ​នៅ​បេតអែល ខ្ញុំ​ទទួល​អាហារ​និង​កន្លែង​ស្នាក់​នៅ។ តើ​យើង​នឹង​ប្រើ​ប្រាក់​ឧបត្ថម្ភ​បន្តិច​បន្តួច​ដែល​យើង​ទទួល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ដើម្បី​បង់​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ការ​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ​(​នៅ​ពេល​នោះ​ស្មើ​នឹង​តម្លៃ​៣៥​ដុល្លារ​អាម៉េរិក​) តែ​នោះ​លុះ​ត្រា​តែ​យើង​បំពេញ​ម៉ោង ការ​ត្រឡប់​ទៅ​ជួប និង​ចែក​ចាយ​សៀវភៅ​តាម​កំណត់​ដែល​អង្គការ​តម្រូវ​ឲ្យ។ យើង​ត្រូវ​ប្រើ​លុយ​នោះ​ដើម្បី​ចំណាយ​លើ​ថ្លៃ​ជួល​កន្លែង​ស្នាក់​នៅ ម្ហូប និង​ធ្វើ​ដំណើរ ព្រម​ទាំង​សម្រាប់​ថ្នាំ​ពេទ្យ និង​ចំណាយ​ផ្សេង​ទៀត។

យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុម​តូច​មួយ​ជិត​ក្រុង​ដឺបេន នា​មហា​សមុទ្រ​ឥណ្ឌា។ នៅ​ទី​នោះ​មាន​ជន​ជាតិ​ឥណ្ឌា​ច្រើន​ណាស់ ពួក​គេ​ជា​ច្រើន​នាក់​ជា​កូន​ចៅ​របស់​ពួក​អ្នក​ដែល​មក​ធ្វើ​ការ​ខាង​សិប្បកម្ម​ផលិត​ស្ករ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ប្រហែល​ជា​នៅ​ឆ្នាំ​១៨៧៥។ ឥឡូវ​ពួក​គេ​ធ្វើ​ការ​ងារ​ផ្សេង​ៗ ប៉ុន្តែ​ពួក​គេ​នៅ​តែ​រក្សា​វប្បធម៌​និង​អាហារ​ប្រចាំ​ប្រទេស​របស់​ពួក​គេ រួម​មាន​សម្ល​ការី​ដ៏​ឈ្ងុយ​ឆ្ងាញ់។ ម្យ៉ាង​ទៀត ពួក​គេ​និយាយ​ភាសា​អង់គ្លេស ដូច្នេះ​យើង​មិន​ចាំ​បាច់​រៀន​ភាសា​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​ទេ។

អ្នក​ត្រួស​ត្រាយ​ពិសេស​ត្រូវ​ផ្សព្វ​ផ្សាយ​១៥០​ម៉ោង​រាល់​ខែ ដូច្នេះ​ខ្ញុំ​និង​ឡរ៉ា​រៀបចំ​កាល​វិភាគ​ផ្សព្វ​ផ្សាយ​៦​ម៉ោង​នៅ​ថ្ងៃ​ដំបូង។ អាកាសធាតុ​ក្ដៅ ហើយ​ស្អុះស្អាប់។ យើង​គ្មាន​ការ​ត្រឡប់​ទៅ​ជួប​និង​ការ​សិក្សា​គម្ពីរ​ទេ ដូច្នេះ​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​អស់​៦​ម៉ោង។ ក្រោយ​ផ្សព្វ​ផ្សាយ​មួយ​សន្ទុះ ខ្ញុំ​មើល​ម៉ោង ទើប​តែ​បាន​៤០​នាទី​ប៉ុណ្ណោះ! ដូច្នេះ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​យ៉ាង​ម៉េច​បាន?

មិន​យូរ​ក្រោយ​មក យើង​ចាប់​ផ្ដើម​ចេះ​មាន​ទម្លាប់​ល្អ។ រាល់​ថ្ងៃ យើង​រៀបចំ​នំ​ប៉័ង និង​ដាក់​ស៊ុប​ឬ​កាហ្វេ​ក្នុង​បំពង់​ទឹក​ក្ដៅ។ ពេល​យើង​ត្រូវ​ការ​សម្រាក យើង​ចត​ឡាន​តូច​របស់​យើង​នៅ​ក្រោម​ម្លប់​ក្បែរ​ដើម​ឈើ​មួយ។ ជួន​កាល មាន​កូន​ក្មេង​ឥណ្ឌា​តូច​ៗ​ស្អាត​ៗ​មក​ចោម​រោម​មើល​យើង​ទាំង​ឆ្ងល់​ថា​យើង​មក​ពី​ណា។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យើង​យល់​ថា​បន្ទាប់​ពី​យើង​ផ្សព្វ​ផ្សាយ​បាន​ពីរ​ឬ​បី​ម៉ោង ពេល​វេលា​នៅ​ថ្ងៃ​នោះ​គឺ​ដើរ​លឿន​ណាស់។

ការ​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​មនុស្ស​ដែល​រួស​រាយ​រាក់​ទាក់​នៅ​តំបន់​នោះ​នាំ​ឲ្យ​មាន​អំណរ! យើង​បាន​ជួប​ជន​ជាតិ​ឥណ្ឌា​ដែល​គួរ​ឲ្យ​គោរព មាន​ចិត្ត​សប្បុរស និង​ជា​មនុស្ស​កោត​ខ្លាច​ព្រះ។ អ្នក​កាន់​សាសនា​ហិណ្ឌូ​ជា​ច្រើន​នាក់ ព្រម​ទទួល​យក​ដំណឹង​ដែល​យើង​ផ្សាយ។ ពួក​គេ​ចូល​ចិត្ត​រៀន​អំពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ គម្ពីរ សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ស្លាប់ និង​ពិភព​លោក​ថ្មី​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ត​នៅ​ថ្ងៃ​អនាគត។ មួយ​ឆ្នាំ​ក្រោយ​មក យើង​មាន​សិស្ស​គម្ពីរ​២០​នាក់។ រាល់​ថ្ងៃ ក្រុម​គ្រួសារ​ណា​មួយ​ដែល​យើង​សិក្សា​គម្ពីរ​ជា​មួយ រៀបចំ​ម្ហូប​អាហារ​ថ្ងៃ​ត្រង់​ដើម្បី​បរិភោគ​ជា​មួយ​គ្នា។ យើង​សប្បាយ​ចិត្ត​ណាស់!

មិន​យូរ​ក្រោយ​មក យើង​បាន​ទទួល​ភារកិច្ច​ផ្សេង​ទៀត។ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​តាម​ឈូង​សមុទ្រ​នៃ​មហា​សមុទ្រ​ឥណ្ឌា​ដ៏​ស្រស់​ស្អាត។ ជា​រៀង​រាល់​សប្ដាហ៍ យើង​ស្នាក់​នៅ​ផ្ទះ​បង​ប្អូន​មួយ​គ្រួសារ កាល​ដែល​យើង​ធ្វើ​ទស្សនកិច្ច​និង​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​ផ្សាយ​នៅ​ក្រុម​ជំនុំ​នោះ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​មក​លើ​យើង​ហាក់​ដូច​ជា​ក្រុម​គ្រួសារ ហើយ​យើង​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ពួក​គេ កូន​ៗ និង​សត្វ​ចិញ្ចឹម​របស់​ពួក​គេ។ ពីរ​ឆ្នាំ​ដ៏​សប្បាយ​បាន​កន្លង​ទៅ​លឿន​ណាស់! ស្រាប់​តែ​បង​ប្រុស​ម្នាក់​ពី​ការិយាល័យ​សាខា​ទូរស័ព្ទ​មក​យើង ហើយ​និយាយ​ថា​៖ ​«​យើង​ចង់​ឲ្យ​បង​ត្រឡប់​មក​បេតអែល​វិញ​»។ ខ្ញុំ​តប​ឆ្លើយ​ថា​៖ ​«​តាម​ពិត យើង​សប្បាយ​ណាស់​នៅ​ទី​នេះ​»។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​សុខ​ចិត្ត​ទៅ​កន្លែង​ណា​ក៏​ដោយ​ដែល​អង្គការ​ចាត់​ឲ្យ​ទៅ។

យើង​ត្រឡប់​ទៅ​បេតអែល​វិញ

ភារកិច្ច​របស់​ខ្ញុំ​នៅ​បេតអែល​គឺ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ ជា​កន្លែង​ដែល​ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​កិច្ច​ការ​ជា​មួយ​បង​ប្រុស​ៗ​ជា​ច្រើន​ដែល​មាន​ភាព​ចាស់​ទុំ​និង​បទ​ពិសោធន៍។ នៅ​សម័យ​នោះ ក្រោយ​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​មួយ គាត់​ផ្ញើ​សេចក្ដី​រាយ​ការណ៍​ទៅ​ការិយាល័យ​សាខា។ បន្ទាប់​មក ផ្នែក​កិច្ច​បម្រើ​នឹង​ផ្ញើ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​នោះ​ដែល​មាន​មូលដ្ឋាន​លើ​របាយការណ៍​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ សំបុត្រ​នោះ​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​និង​ផ្ដល់​ការ​ណែនាំ​ដែល​សំខាន់​ចាំ​បាច់។ ហេតុ​នេះ លេខាធិការ​មាន​កិច្ច​ការ​ជា​ច្រើន​ដើម្បី​បក​ប្រែ​សេចក្ដី​រាយ​ការណ៍​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជា​ភាសា​ហូសា ហ្សូលូ និង​ភាសា​ឯ​ទៀត ទៅ​ភាសា​អង់គ្លេស ហើយ​ក្រោយ​មក​បក​ប្រែ​សំបុត្រ​ពី​ការិយាល័យ​សាខា​ជា​ភាសា​អង់គ្លេស​ទៅ​ភាសា​ផ្សេង​ៗ​ដែល​គេ​និយាយ​នៅ​ទ្វីប​អាហ្វ្រិក។ ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ដែល​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​បក​ប្រែ​នោះ។ ពួក​គេ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​ការ​ពិបាក​របស់​បង​ប្អូន​ជន​ជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ។

នៅ​គ្រា​នោះ ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​រស់​នៅ​តាម​ពូជ​សាសន៍ ហើយ​ពូជ​សាសន៍​ខុស​ៗ​គ្នា​មិន​អាច​សេព​គប់​ជា​មួយ​គ្នា​ទេ។ បង​ប្អូន​អាហ្វ្រិក​ស្បែក​ខ្មៅ​និយាយ​ភាសា​របស់​ខ្លួន ហើយ​ក៏​ផ្សព្វ​ផ្សាយ និង​ចូល​រួម​ក្រុម​ជំនុំ​ជា​ភាសា​របស់​ខ្លួន​ដែរ។

ខ្ញុំ​មិន​សូវ​ស្គាល់​ជន​ជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​ប៉ុន្មាន​ទេ ដោយ​សារ​ខ្ញុំ​តែង​តែ​ទទួល​ភារកិច្ច​នៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​អង់គ្លេស។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​មាន​ឱកាស​ស្គាល់​អំពី​ជន​ជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ ទំនៀម​ទម្លាប់ និង​វប្បធម៌​របស់​ពួក​គេ។ ខ្ញុំ​បាន​ឮ​អំពី​ការ​ពិបាក​ដែល​បង​ប្អូន​ជួប​ប្រទះ ដោយ​សារ​ទំនៀម​ទម្លាប់​និង​ជំនឿ​សាសនា។ ពួក​គេ​ពិត​ជា​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​លះចោល​ទំនៀម​ទម្លាប់​ដែល​ខុស​ពី​គោល​ការណ៍​គម្ពីរ ហើយ​រង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ ពេល​ពួក​គេ​មិន​ព្រម​ធ្វើ​តាម​អ្វី​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច។ នៅ​ជនបទ មាន​អ្នក​ក្រ​ច្រើន។ មនុស្ស​ជា​ច្រើន​រៀន​សូត្រ​បាន​តិច ប៉ុន្តែ​ពួក​គេ​គោរព​គម្ពីរ។

ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ការ​ខាង​រឿង​ក្ដី​ខ្លះ ដែល​ជាប់​ទាក់​ទង​នឹង​អព្យាក្រឹតភាព​និង​សេរី​ភាព​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ពេល​ខ្ញុំ​ឃើញ​សាក្សី​ក្មេង​ៗ​ដែល​បង្ហាញ​ភក្ដី​ភាព​និង​ចិត្ត​ក្លាហាន ដោយ​មិន​ព្រម​ចូល​រួម​ក្នុង​ការ​អធិដ្ឋាន​និង​ច្រៀង​ចម្រៀង​សាសនា ហើយ​ក្រោយ​មក​បាន​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាលា នោះ​បាន​ពង្រឹង​ជំនឿ​ខ្ញុំ​ខ្លាំង​ណាស់។

បង​ប្អូន​មាន​ការ​ពិបាក​មួយ​ទៀត​នៅ​ប្រទេស​អាហ្វ្រិក​តូច​មួយ ដែល​នៅ​ពេល​នោះ​ហៅ​ថា​ស្វាស៊ីឡង់។ ពេល​ស្ដេច​សូប៊ូសា​ទី​២​បាន​ស្លាប់ គេ​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កាន់​ទុក្ខ។ បុរស​ត្រូវ​កោរ​សក់ ស្ត្រី​ត្រូវ​កាត់​សក់​ឲ្យ​ខ្លី។ បង​ប្អូន​ជា​ច្រើន​បាន​ត្រូវ​គេ​បៀត​បៀន ដោយ​សារ​មិន​ព្រម​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​បូជា​ជីដូន​ជីតា។ យើង​សប្បាយ​ចិត្ត​ឃើញ​ភក្ដី​ភាព​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា! យើង​រៀន​ច្រើន​ពី​គំរូ​របស់​បង​ប្អូន​ជន​ជាតិ​អាហ្វ្រិក​ទាំង​នោះ អំពី​ចិត្ត​ស្មោះ​ត្រង់ ភក្ដី​ភាព និង​ចិត្ត​អត់​ធ្មត់ ហើយ​នេះ​ពិត​ជា​បាន​ពង្រឹង​ជំនឿ​របស់​យើង​ខ្លាំង​មែន!

ខ្ញុំ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ផ្នែក​បោះ​ពុម្ព​វិញ

នៅ​ឆ្នាំ​១៩៨១ ខ្ញុំ​បាន​ទទួល​ភារកិច្ច​ឲ្យ​ជួយ​បង្កើត​វិធី​បោះ​ពុម្ព​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ។ ដូច្នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្នែក​បោះ​ពុម្ព​វិញ។ នោះ​ជា​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មែន! របៀប​បោះ​ពុម្ព​នៅ​ទូទាំង​ពិភព​លោក​បាន​ផ្លាស់​ប្ដូរ​ច្រើន។ បុរស​ម្នាក់​ដែល​ជា​អ្នក​លក់​បាន​ឲ្យ​ការិយាល័យ​សាខា​ម៉ាស៊ីន​ថ្មី​មួយ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​សាក​ល្បង។ ហេតុ​នេះ យើង​ជំនួស​ម៉ាស៊ីន​រៀប​រៀង​អក្សរ​ប្រភេទ​ចាស់​ចំនួន​៩​ទៅ​នឹង​ម៉ាស៊ីន​ថ្មី​ចំនួន​៥។ យើង​ក៏​បាន​ដំឡើង​ម៉ាស៊ីន​បោះ​ពុម្ព​ថ្មី​ដែរ។ យ៉ាង​នេះ យើង​អាច​បោះ​ពុម្ព​បាន​ច្រើន​ជាង​មុន។

ការ​មាន​កុំព្យូទ័រ​បាន​ជួយ​យើង​ឲ្យ​បង្កើត​របៀប​ថ្មី​ដើម្បី​រៀបចំ​អក្សរ តាម​រយៈ​កម្ម​វិធី​ម៉េប្ស​(​MEPS​) ដែល​ជា​អក្សរ​កាត់​សម្រាប់​កម្ម​វិធី​អេឡិចត្រូនិក​ដើម្បី​បោះ​ពុម្ព​ជា​ភាសា​ផ្សេង​ៗ។ បច្ចេកវិទ្យា​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់ តាំង​ពី​ពេល​ដែល​យើង​ទាំង​បួន​នាក់​បាន​ទៅ​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ (​អេ. ៦០:១៧​) យើង​ទាំង​បួន​នាក់​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ជា​អ្នក​ត្រួស​ត្រាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។ ខ្ញុំ​និង​បង​បៀល​នៅ​តែ​បន្ត​បម្រើ​នៅ​បេតអែល។ ក្រោយ​បង​ខេណ​និង​បង​ឌែននីស​បាន​រៀប​ការ ពួក​គេ​មាន​កូន ហើយ​រស់​នៅ​ជិត​បេតអែល។

ការិយាល័យ​សាខា​យើង​មាន​កិច្ច​ការ​កាន់​តែ​ច្រើន​ឡើង​ៗ។ សៀវភៅ​ផ្សេង​ៗ​អំពី​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​និង​បោះ​ពុម្ព​ជា​ច្រើន​ភាសា ហើយ​បាន​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ការិយាល័យ​សាខា​ឯ​ទៀត។ ហេតុ​នេះ យើង​ត្រូវ​ការ​អគារ​បេតអែល​ថ្មី។ បង​ប្អូន​បាន​សាង​សង់​បេតអែល​ថ្មី​នៅ​តំបន់​ដ៏​ស្រស់​ស្អាត​មួយ​នា​ភាគ​ខាង​លិច​នៃ​ក្រុង​ជោហានេសបួ ហើយ​នោះ​បាន​ត្រូវ​សម្ពោធ​នៅ​ឆ្នាំ​១៩៨៧។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​មាន​ចំណែក​ក្នុង​ការ​រីក​ចម្រើន​ទាំង​អស់​នោះ ហើយ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​អាហ្វ្រិក​ខាង​ត្បូង​អស់​ជា​ច្រើន​ឆ្នាំ។

ភារកិច្ច​ថ្មី​មួយ​ទៀត!

នៅ​ឆ្នាំ​២០០១ យើង​ពិត​ជា​ភ្ញាក់​ផ្អើល​ពេល​ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក​ដែល​ទើប​តែ​បាន​ត្រូវ​បង្កើត​ឡើង។ ទោះ​ជា​យើង​ស្ដាយ​លា​ចេញ​ពី​កិច្ច​ការ​និង​មិត្ត​ភក្ដិ​របស់​យើង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្ដី យើង​រំភើប​ចិត្ត​ចាប់​ផ្ដើម​ជីវិត​ថ្មី​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​សហរដ្ឋ​អាម៉េរិក។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​ព្រួយ​បារម្ភ​ថា​ពេល​យើង​រើ​ទៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក យើង​នឹង​រស់​នៅ​ឆ្ងាយ​ពី​ម្ដាយ​វ័យ​ចាស់​របស់​ឡរ៉ា ហើយ​មិន​អាច​ជួយ​គាត់​ច្រើន​បាន​ទេ។ ប៉ុន្តែ​ប្អូន​ស្រី​បី​នាក់​របស់​ឡរ៉ា​សប្បាយ​ចិត្ត​ជួយ​មើល​ថែ​ទាំ​ម្ដាយ​របស់​ពួក​គេ។ ពួក​គេ​និយាយ​៖ ​«​យើង​មិន​អាច​បម្រើ​ពេញ​ពេល​បាន​ទេ ប៉ុន្តែ​បើ​យើង​មើល​ថែ​ម្ដាយ យើង​អាច​ជួយ​បង​ទាំង​ពីរ​ឲ្យ​បន្ត​បំពេញ​ភារកិច្ច​របស់​ពួក​បង​»។ យើង​ដឹង​គុណ​ពួក​គេ​ខ្លាំង​ណាស់​ដែល​ពួក​គេ​ព្រម​ធ្វើ​ដូច្នេះ។

បង​ប្រុស​ខ្ញុំ​និង​បង​ថ្លៃ​ខ្ញុំ​ដែល​រស់​នៅ​ក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា មាន​ចិត្ត​គំនិត​ដូច​ប្អូន​ស្រី​ៗ​របស់​ឡរ៉ា​ដែរ។ ពួក​គេ​ជួយ​មើល​ថែ​ម្ដាយ​របស់​ខ្ញុំ​ដែល​មេម៉ាយ។ គាត់​បាន​រស់​នៅ​ជា​មួយ​ពួក​គេ​អស់​ជាង​២០​ឆ្នាំ។ យើង​ពិត​ជា​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ពួក​គេ​បាន​បង្ហាញ​ចំពោះ​គាត់​រហូត​ដល់​គាត់​ស្លាប់​មិន​យូរ​ក្រោយ​ពី​យើង​ទៅ​ដល់​ក្រុង​ញូវយ៉ក។ គឺ​ជា​ពរ​មួយ​ដែល​យើង​មាន​ក្រុម​គ្រួសារ​ដែល​ចេះ​គាំទ្រ​យើង និង​សុខ​ចិត្ត​កែ​ប្រែ​របៀប​រស់​នៅ​របស់​ពួក​គេ​ដើម្បី​មើល​ថែ​ឪពុក​ម្ដាយ​វ័យ​ចាស់ ពីព្រោះ​នេះ​មិន​តែង​តែ​ស្រួល​ទេ!

អស់​ប៉ុន្មាន​ឆ្នាំ ភារកិច្ច​របស់​ខ្ញុំ​នៅ​សហរដ្ឋ​អាម៉េរិក​គឺ​ខាង​ផ្នែក​ផលិត​សៀវភៅ​ផ្សេង​ៗ ហើយ​ការ​ផលិត​នោះ​កាន់​តែ​ទំនើប​ទៅ​ៗ និង​សាមញ្ញ​ជាង។ ថ្មី​ៗ​នេះ ខ្ញុំ​ធ្វើ​ការ​នៅ​ផ្នែក​ទិញ​និង​លក់។ ខ្ញុំ​សប្បាយ​ចិត្ត​ធ្វើ​ជា​សមាជិក​ការិយាល័យ​សាខា​ដ៏​ធំ​នេះ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ។ ឥឡូវ​មាន​សមាជិក​ក្រុម​គ្រួសារ​បេតអែល​ប្រហែល​ជា​៥.០០០​នាក់ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​បេតអែល​ប្រហែល​ជា​២.០០០​នាក់។

ហុកសិប​ឆ្នាំ​មុន ខ្ញុំ​ស្មាន​មិន​ដល់​ថា​ខ្ញុំ​នឹង​មាន​ជីវិត​បែប​នេះ​ទេ។ ឡរ៉ា​គាំទ្រ​ខ្ញុំ​អស់​ពី​ចិត្ត​ក្នុង​អំឡុង​ជា​ច្រើន​ឆ្នាំ​មក​នេះ។ យើង​មាន​ជីវិត​ដ៏​អស្ចារ្យ​ណាស់! យើង​ឲ្យ​តម្លៃ​ចំពោះ​ភារកិច្ច​ផ្សេង​ៗ​ដែល​យើង​បាន​ទទួល និង​បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​ការ​ជា​មួយ រួម​ទាំង​បង​ប្អូន​នៅ​ការិយាល័យ​សាខា​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទូទាំង​ពិភព​លោក។ ឥឡូវ​ខ្ញុំ​មាន​អាយុ​ជាង​៨០​ឆ្នាំ ដូច្នេះ​ភារកិច្ច​របស់​ខ្ញុំ​បាន​ត្រូវ​កាត់​បន្ថយ ដោយ​សារ​ប្អូន​ប្រុស​ៗ​វ័យ​ក្មេង​ជា​ច្រើន​ដែល​មាន​អាយុ​តិច​ជាង​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។

អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​សរសេរ​ថា​៖ ​«​ជន​ជាតិ​ណា​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ជន​ជាតិ​នោះ​មាន​សុភមង្គល​ហើយ​»។ (​ចសព. ៣៣:១២​) នេះ​គឺ​ពិត​មែន! ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ខ្ញុំ​អាច​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​រាស្ត្រ​ដ៏​សប្បាយ​រីករាយ​របស់​លោក។