លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ

រទេះរុញដាក់តាំងសៀវភៅ«ដើម្បីផ្សព្វផ្សាយដល់ប្រជាជាតិទាំងឡាយ»

រទេះរុញដាក់តាំងសៀវភៅ«ដើម្បីផ្សព្វផ្សាយដល់ប្រជាជាតិទាំងឡាយ»

ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៣

 អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ រទេះ​សម្រាប់​ដាក់​តាំង​សៀវភៅ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង ហើយ​រទេះ​នោះ​ពិត​ជា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស។ នៅ​ទូ​ទាំង​ពិភព​លោក ពេល​ដែល​មនុស្ស​ឃើញ​រទេះ​នោះ គេ​ដឹង​ភ្លាម​ថា​ជា​របស់​សាក្សី​ព្រះ​យេហូវ៉ា។ រទេះ​នោះ​មិន​គ្រាន់​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​ស្រួល​ប្រើ​ដែរ។ អ្នក​ប្រហែល​ជា​យល់​ស្រប​នឹង​ពាក្យ​សម្ដី​របស់​បង​ស្រី​ម្នាក់​នៅ​ប្រទេស​ប៉ូឡូញ ឈ្មោះ​អាសឺណាតា ដែល​បាន​រៀប​រាប់​ថា​៖​«​រទេះ​នោះ​មើល​ទៅ​សាមញ្ញ​មែន តែ​ទាក់​ទាញ​ចិត្ត​មនុស្ស។ រទេះ​នោះ​ស្រួល​ដំឡើង ហើយ​ក៏​ស្រួល​យក​ទៅ​កន្លែង​ផ្សេង​ៗ​ដែរ​»។

 តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​រទេះ​នោះ​បាន​ត្រូវ​រចនា​ឡើង​និង​ផលិត​យ៉ាង​ដូច​ម្ដេច?

ការ​រចនា​រទេះ​កាន់​តែ​ប្រសើរ​ឡើង

 នៅ​ឆ្នាំ​២០០១ គណៈ​អភិបាល​បាន​អនុញ្ញាត​ឲ្យ​បង​ប្អូន​នៅ​ប្រទេស​បារាំង​សាក​ល្បង​ផ្សព្វ​ផ្សាយ​សាធារណៈ​ដោយ​ប្រើ​វិធី​ផ្សេង​ៗ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ប្រើ​រទេះ​រុញ​ផង​ដែរ។ ដូច្នេះ បង​ប្អូន​ទាំង​នោះ​បាន​សាក​ល្បង​វិធី​មួយ​ចំនួន។ ជា​ឧទាហរណ៍ ពួក​គាត់​បាន​កែ​ច្នៃ​វ៉ាលី​និង​រទេះ​ដាក់​ទំនិញ ដើម្បី​ដាក់​តាំង​បង្ហាញ​សៀវភៅ​របស់​យើង។ នៅ​ទី​បំផុត ការិយាល័យ​សាខា​បារាំង​បាន​សម្រេច​ជ្រើស​រើស​ទម្រង់​រទេះ​មួយ ហើយ​ក្រោយ​មក​អ្នក​ផ្សាយ​បាន​ប្រើ​រទេះ​នោះ​អស់​ជា​ច្រើន​ឆ្នាំ។

រទេះ​ផ្សព្វ​ផ្សាយ​កាល​ពី​មុន​នៅ​ប្រទេស​បារាំង នា​ឆ្នាំ​២០០៥

 បង​ប្អូន​នៅ​ប្រទេស​បារាំង​ពិត​ជា​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ពី​ការ​សាក​ល្បង​ផ្សព្វ​ផ្សាយ​សាធារណៈ​នេះ។ ដូច្នេះ​ហើយ នៅ​ឆ្នាំ​២០១១ គណៈ​អភិបាល​បាន​សម្រេច​ឲ្យ​មាន​កម្ម​វិធី​ថ្មី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​សាធារណៈ​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក ដោយ​ប្រើ​រទេះ​រុញ​និង​តុ​ដាក់​តាំង​បង្ហាញ​សៀវភៅ​ផ្សេង​ៗ។ មិន​យូរ​ក្រោយ​មក អ្នក​ត្រួស​ត្រាយ​ដែល​ចូល​រួម​កម្ម​វិធី​នេះ បាន​ទទួល​ស្គាល់​ថា​រទេះ​នោះ​មាន​ប្រយោជន៍​ជា​ច្រើន ហើយ​ក៏​ស្រួល​យក​ទៅ​កន្លែង​ផ្សេង​ៗ​ដែរ។ អ្នក​ត្រួស​ត្រាយ​បាន​ឲ្យ​យោបល់​ខ្លះ​ៗ​អំពី​របៀប​កែ​លម្អ​រទេះ​រុញ​នោះ​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។ ព្រោះ​ដំបូង​រទេះ​នោះ​ធ្វើ​ពី​ឈើ ដូច្នេះ​រាង​ធ្ងន់​បន្តិច ហើយ​ពិបាក​យក​ចុះ​ឡើង​ជណ្ដើរ។ ម្ល៉ោះ​ហើយ​បាន​ជា​មាន​ការ​កែ​លម្អ​រទេះ​នោះ​ឲ្យ​ស្រាល​ជាង​មុន តែ​មិន​មែន​ស្រាល​ពេក​រហូត​ដល់​ងាយ​ប៉ីង​តាម​ខ្យល់​ទេ។ លក្ខណៈ​រទេះ​នោះ​ក៏​មាន​សណ្ឋាន​ធំ​ជាង កង់​រឹង​មាំ​ជាង​ដែល​អាច​រុញ​នៅ​លើ​ផ្លូវ​រដិប​រដុប​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រទេះ​ថ្មី​នេះ​ក៏​មាន​ប្រអប់​មួយ​សម្រាប់​ទុក​ដាក់​សៀវភៅ​បន្ថែម​ទៀត​ដែរ។

 ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​រទេះ​បាន​ទទួល​លទ្ធផល​ល្អ នោះ​នៅ​ឆ្នាំ​២០១២ គណៈ​អភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​រទេះ​រុញ​នៅ​ទូ​ទាំង​ពិភព​លោក។ បង​ប្អូន​បាន​កែ​លម្អ​រទេះ​នោះ ឲ្យ​មាន​លក្ខណៈ​ស្រាល​ជាង​មុន ដាក់​បាន​សៀវភៅ​ច្រើន​ជាង ហើយ​អាច​ប្រើ​បាន​យូរ​ជាង។

 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក មាន​ការ​កែ​លម្អ​ខ្លះ​ៗ​ទៀត។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១៥ រទេះ​រុញ​នោះ​មាន​ប្លាស្ទិក​គ្រប​ពី​លើ​ដើម្បី​ការ​ពារ​ពេល​មាន​ភ្លៀង។ បង​ស្រី​ម្នាក់​ឈ្មោះ​ឌីណា ដែល​រស់​នៅ​ប្រទេស​ហ្សកហ្ស៊ី ចូល​ចិត្ត​ការ​រៀប​ចំ​នេះ​ណាស់ គាត់​បាន​និយាយ​ថា​៖​«​រទេះ​នេះ​ឡូយ​ណាស់​មាន​អាវ​ភ្លៀង​ការ​ពារ​សៀវភៅ​ផ្សេង​ៗ​របស់​យើង​បាន​ទៀត​»។ នៅ​ឆ្នាំ​២០១៧ អង្គការ​យើង​បាន​រៀប​ចំ​ឲ្យ​មាន​ស្លាក​ផ្សព្វ​ផ្សាយ​ដែល​អាច​ឆក់​ជាប់​នឹង​រទេះ​តែ​ម្ដង ហើយ​ស្លាក​នោះ​មាន​ជា​ភាសា​ផ្សេង​ៗ។ បង​ថូម៉ាស​ដែល​រស់​នៅ​ប្រទេស​ប៉ូឡូញ បាន​រៀប​រាប់​ថា​៖​«​ពី​មុន​យើង​ប្រើ​ស្លាក​ដែល​បិទ​ស្កុត ហើយ​ពេល​ដូរ​ម្ដង​ៗ​រាង​ពិបាក​បន្តិច។ ដូច្នេះ ស្លាក​ដែល​ឆក់​ជាប់​រទេះ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ណាស់​»។ នៅ​ឆ្នាំ​២០១៩ មាន​ការ​កែ​លម្អ​ថែម​ទៀត គឺ​កែ​លម្អ​ទាំង​វត្ថុ​ធាតុ​ដើម ទាំង​ការ​ផលិត ដើម្បី​ឲ្យ​រទេះ​នោះ​ប្រើ​ប្រាស់​បាន​យូរ​ជាង។

ការ​ផលិត​រទេះ​ផ្សព្វ​ផ្សាយ

 អង្គការ​យើង​បាន​ផលិត​រទេះ​នោះ ហើយ​បាន​ចែក​ចាយ​ទៅ​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក។ ដើម្បី​ផលិត​រទេះ​មួយ​ត្រូវ​ចំណាយ​ថវិកា​អស់​៤៣​ដុល្លារ​អាម៉េរិក ហើយ​នេះ​មិន​រួម​បញ្ចូល​តម្លៃ​ផ្ញើ​និង​តម្លៃ​ផ្សេង​ទៀត​ទេ។ រហូត​មក​ដល់​ឥឡូវ អង្គការ​របស់​យើង​បាន​ចំណាយ​ជាង​១៦​លាន​ដុល្លារ​អាម៉េរិក ក្នុង​ការ​ផលិត​រទេះ​ផ្សព្វ​ផ្សាយ​នោះ ហើយ​រទេះ​ផ្សព្វ​ផ្សាយ​នោះ​បាន​ត្រូវ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​នៅ​ទូ​ទាំង​ពិភព​លោក​ជាង​៤២០.០០០​គ្រឿង។

 ដើម្បី​ប្រើ​ប្រាក់​វិភាគទាន​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត អង្គការ​របស់​យើង​បាន​ផលិត​រទេះ​នោះ​ក្នុង​បរិមាណ​ច្រើន។ បន្ថែម​ទៅ​ទៀត ឥឡូវ​ជា​ជាង​កុម្ម៉ង់​រទេះ​ថ្មី​តែ​ម្ដង ក្រុម​ជំនុំ​ក៏​អាច​កុម្ម៉ង់​គ្រឿង​បន្លាស់​សម្រាប់​ផ្លាស់​ប្ដូរ​ពេល​ផ្នែក​ខ្លះ​ខូច​ដែរ។

រទេះ​ផ្សព្វ​ផ្សាយ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ល្អ

 អ្នក​ផ្សាយ​ទូ​ទាំង​ពិភព​លោក​ចូល​ចិត្ត​ប្រើ​រទេះ​នេះ។ បង​ស្រី​ម៉ាទីណា​ដែល​រស់​នៅ​ប្រទេស​ហ្គាណា បាន​រៀប​រាប់​ថា​៖​«​តាម​ធម្មតា ក្នុង​កិច្ច​បម្រើ​ផ្សាយ​យើង​ច្រើន​តែ​ទៅ​ជួប​មនុស្ស តែ​អ្វី​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​អំពី​ការ​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​រទេះ​នេះ គឺ​មនុស្ស​មក​ជួប​យើង ហើយ​សូម្បី​តែ​អ្នក​ដែល​ដើរ​កាត់​រទេះ​នេះ ក៏​អាច​ទទួល​ដំណឹង​ល្អ​ដែរ​»។

 នៅ​ប្រទេស​មួយ​ទៀត​ក្នុង​ទ្វីប​អាហ្វ្រិក បុរស​ម្នាក់​បាន​ដើរ​មក​ឯ​រទេះ​ផ្សព្វ​ផ្សាយ​របស់​យើង ហើយ​យក​សៀវភៅ​ខ្លះ​ៗ​ជា​ភាសា​របស់​គាត់។ មួយ​សប្តាហ៍​ក្រោយ​មក គាត់​បាន​ត្រឡប់​មក​វិញ ហើយ​បាន​និយាយ​ថា​៖​«​សៀវភៅ​ដែល​ខ្ញុំ​បាន​យក​ទៅ ខ្ញុំ​បាន​អាន​ទាំង​អស់​ហើយ។ ព័ត៌មាន​នៅ​ក្នុង​នោះ​ពិត​ជា​សំខាន់​ណាស់។ ពេល​ខ្ញុំ​ទៅ​លេង​ភូមិ​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ដែរ​»។ ភូមិ​នោះ​មាន​ចម្ងាយ​ប្រមាណ​៥០០​គីឡូ​ម៉ែត្រ​ពី​កន្លែង​ដែល​គាត់​រស់​នៅ។ ពីរ​ខែ​ក្រោយ​មក គាត់​បាន​ត្រឡប់​មក​វិញ ហើយ​ប្រាប់​ថា​៖​«​អ្នក​ភូមិ​របស់​ខ្ញុំ​បាន​អាន​សៀវភៅ​ទាំង​អស់ ហើយ​ពួក​គេ​ចូល​ចិត្ត​ព័ត៌មាន​នៅ​ក្នុង​នោះ​ណាស់។ ពួក​គេ​ចង់​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា តែ​ពួក​គេ​ក៏​មាន​ចម្ងល់​ខ្លះ​ៗ​ដែរ។ ជា​ឧទាហរណ៍ ពួក​គេ​យល់​ថា​ដើម្បី​ជ្រមុជ​ទឹក ពួក​គេ​ត្រូវ​ពន្លិច​ខ្លួន​ទៅ​ក្នុង​ទឹក។ ប៉ុន្តែ នៅ​ក្បែរ​ភូមិ​យើង​អត់​មាន​ទន្លេ​ទេ។ តើ​យើង​ត្រូវ​មក​ទី​នេះ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ទេ?​»។ ឮ​ដូច្នោះ អ្នក​ផ្សាយ​បាន​រៀប​ចំ​ឲ្យ​បុរស​នោះ​ជួប​ជា​មួយ​អ្នក​ត្រួស​ត្រាយ​ម្នាក់​ដែល​ចេះ​និយាយ​ភាសា​របស់​គាត់។ ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ទាំង​ពីរ​នាក់​បាន​ពិភាក្សា​អំពី​គម្ពីរ​ជា​ទៀង​ទាត់។

 ពិត​ជា​រំភើប​ចិត្ត​ណាស់ ដែល​ឃើញ​រទេះ​នេះ​បាន​ត្រូវ​ប្រើ​ដើម្បី​ផ្សព្វ​ផ្សាយ​«​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»។ (​ម៉ាថាយ ២៤:១៤​) តើ​ការ​ចំណាយ​ក្នុង​ការ​ផលិត​រទេះ​ទាំង​នេះ​បាន​មក​ពី​ណា? គឺ​បាន​មក​ពី​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ហើយ​វិភាគទាន​ជា​ច្រើន​បាន​ទទួល​តាម​រយៈ​គេហទំព័រ​donate.jw.org។ សូម​អរគុណ​ចំពោះ​វិភាគទាន​ដែល​លោក​អ្នក​បាន​ជូន​ដោយ​ចិត្ត​ទូលាយ។