ចូរចាំយាម!
វិបត្តិជនភៀសខ្លួន មនុស្សរាប់លាននាក់រត់គេចចេញពីអ៊ុយក្រែន
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានវាយលុកចូលប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យមានស្ថានភាពយ៉ាងធ្ងន់ធ្ងរ។ នេះនាំឲ្យមនុស្សរាប់លាននាក់ស្ថិតក្នុងគ្រោះថ្នាក់ ហើយធ្វើឲ្យពួកគេត្រូវបង្ខំចិត្តចាកចេញពីប្រទេសអ៊ុយក្រែនយ៉ាងលឿន។ a
ណាថាលីយ៉ា ពីក្រុងខាគីវ អ៊ុយក្រែន បានប្រាប់ថា៖«មានការផ្ទុះគ្រាប់បែកនិងសំឡេងផ្ទុះផ្សេងៗ។ ខ្ញុំភ័យខ្លាំងណាស់ រហូតដល់រកពាក្យរៀបរាប់មិនបាន។ ពេលយើងឮថាមានការជម្លៀសខ្លួនតាមរទេះភ្លើង យើងក៏សម្រេចចិត្តចាកចេញ។ យើងត្រូវចោលអ្វីៗទាំងអស់ ដោយសារគេឲ្យយើងយកតែកាតាបតូចមួយប៉ុណ្ណោះ។ យើងអាចយកតែឯកសារសំខាន់ៗ ថ្នាំពេទ្យ ទឹក និងអាហារតិចតួច។ យើងចេញទៅស្ថានីយរថភ្លើងភ្លាមៗ កាលដែលគ្រាប់បែកផ្ទុះឡើងនៅជុំវិញយើង»។
ណាឌីយ៉ា ពីក្រុងខាគីវ អ៊ុយក្រែន បាននិយាយថា៖«យើងមិនជឿថានឹងមានផ្ទុះសង្គ្រាមទេ រហូតដល់ហៀបនឹងកើតឡើង។ ខ្ញុំឮសំឡេងផ្ទុះនៅកន្លែងផ្សេងៗក្នុងក្រុងខ្ញុំ ហើយឃើញបង្អួចកំពុងញ័រ នោះខ្ញុំក៏សម្រេចចិត្តចាកចេញ។ ខ្ញុំយកតែអ្វីដែលសំខាន់ចាំបាច់ប៉ុណ្ណោះ។ ខ្ញុំចេញពីផ្ទះម៉ោង៨ព្រឹក ហើយជិះរទេះភ្លើងទៅក្រុងល្វីវ រួចជិះឡានក្រុងទៅប្រទេសប៉ូឡូញ»។
នៅក្នុងអត្ថបទនេះ មានចម្លើយចំពោះសំណួរ៖
តើអ្វីជាដើមហេតុដែលនាំឲ្យមានវិបត្តិជនភៀសខ្លួននេះ?
វិបត្តិជនភៀសខ្លួននៅអ៊ុយក្រែន ចាប់ផ្ដើមកើតឡើងដោយសារការវាយលុកពីប្រទេសរុស្ស៊ី។ ប៉ុន្តែ គម្ពីរបង្ហាញអំពីដើមហេតុដែលនាំឲ្យមានវិបត្តិជនភៀសខ្លួនទាំងអស់៖
រដ្ឋាភិបាលមនុស្សនៅទូទាំងពិភពលោក មិនអាចផ្ដល់នូវអ្វីដែលមនុស្សពិតជាត្រូវការទេ។ រដ្ឋាភិបាលច្រើនតែប្រើអំណាចដើម្បីកាន់កាប់និងសង្កត់សង្កិនបណ្ដាជន។—អ្នកទូន្មាន ៤:១; ៨:៩
មេកំណាចសាថានជា«អ្នកគ្រប់គ្រងពិភពលោក»។ គម្ពីរចែងអំពីឥទ្ធិពលដ៏អាក្រក់របស់វាទៅលើមនុស្ស ដោយថា៖«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។—យ៉ូហាន ១៤:៣០; យ៉ូហានទី១ ៥:១៩
ក្រៅពីបញ្ហាផ្សេងៗដែលនាំឲ្យមនុស្សរងទុក្ខអស់រាប់រយឆ្នាំ សព្វថ្ងៃនេះយើងរស់នៅក្នុងគ្រាមួយដែលគម្ពីរបានប្រកាសទុកជាមុនថាជា«គ្រាចុងក្រោយបង្អស់» ហើយថាគ្រានោះ«នឹងលំបាកខ្លាំងណាស់»។ (ធីម៉ូថេទី២ ៣:១) គ្រានោះនឹងមានសង្គ្រាម មហន្តរាយធម្មជាតិ ការអត់ឃ្លាន និងរោគរាតត្បាត ដែលជាព្រឹត្តិការណ៍បណ្ដាលឲ្យមនុស្សរត់ភៀសខ្លួន។—លូកា ២១:១០, ១១
តើជនភៀសខ្លួនអាចរកឃើញសេចក្ដីសង្ឃឹមនៅឯណា?
គម្ពីរបង្ហាញថាព្រះយេហូវ៉ា bដែលជាអ្នកបង្កើតរបស់យើង ជាព្រះដែលស្រឡាញ់និងអាណិតមេត្តាចំពោះជនភៀសខ្លួន ព្រមទាំងជនដែលត្រូវចាកចេញពីទីលំនៅ។ (ការបំភ្លឺច្បាប់ ១០:១៨) ព្រះសន្យាថាលោកនឹងដោះស្រាយបញ្ហារបស់ជនភៀសខ្លួនតាមរយៈរដ្ឋាភិបាលរបស់លោកនៅស្ថានសួគ៌ ដែលហៅថារាជាណាចក្រព្រះ។ រដ្ឋាភិបាលនោះនឹងជំនួសរដ្ឋាភិបាលរបស់មនុស្ស។ (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:១០) ព្រះយេហូវ៉ានឹងប្រើរាជាណាចក្ររបស់លោកដើម្បីបំផ្លាញមេកំណាចសាថាន។ (រ៉ូម ១៦:២០) រាជាណាចក្រនោះគឺជារដ្ឋាភិបាលមួយដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល ហើយរដ្ឋាភិបាលនោះនឹងបំបាត់ចោលការបែកបាក់គ្នាដែលមកពីព្រំប្រទល់ទឹកដី។ មនុស្សទាំងអស់នឹងទៅជាក្រុមគ្រួសារមួយដែលមានសាមគ្គីភាព។ គ្មានអ្នកណានឹងត្រូវរត់ចោលផ្ទះសម្បែងទៀត ព្រោះគម្ពីរសន្យាថា៖«ពួកគេនឹងអង្គុយនៅក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួន ហើយនឹងគ្មានអ្នកណាមកបំភ័យពួកគេឡើយ។ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ហើយ»។—មីកា ៤:៤
មានតែរាជាណាចក្រព្រះប៉ុណ្ណោះអាចដោះស្រាយវិបត្តិជនភៀសខ្លួនដែលមាននៅសព្វថ្ងៃនេះ។ ព្រះយេហូវ៉ានឹងប្រើរាជាណាចក្ររបស់លោកដើម្បីបំបាត់ចោលបញ្ហាដែលបង្ខំឲ្យមនុស្សរត់ភៀសខ្លួន។ សូមគិតអំពីឧទាហរណ៍ខ្លះៗ៖
សង្គ្រាម៖ «[ព្រះយេហូវ៉ា]នឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត»។ (ចម្រៀងសរសើរព្រះ ៤៦:៩) ដើម្បីដឹងអំពីរបៀបដែលព្រះនឹងបញ្ចប់ជម្លោះទាំងអស់ សូមអានអត្ថបទដែលមានចំណងជើងថា «សន្តិភាពនៅផែនដី តើនេះនឹងកើតឡើងយ៉ាងដូចម្ដេច?»។
ការសង្កត់សង្កិននិងអំពើឃោរឃៅ៖ «[ព្រះយេហូវ៉ា]នឹងរំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិននិងអំពើឃោរឃៅ»។ (ចម្រៀងសរសើរព្រះ ៧២:១៤) ដើម្បីស្វែងយល់អំពីរបៀបដែលមនុស្សអាចកែប្រែចិត្តគំនិតនិងចរិតលក្ខណៈដែលចាក់ឫសជ្រៅ សូមអានអត្ថបទតភាគដែលមានចំណងជើងថា «ការបំបាត់ចោលការស្អប់គ្នា»។
ភាពក្រីក្រ៖ «[ព្រះយេហូវ៉ា]នឹងស្រោចស្រង់ជនក្រីក្រដែលស្រែករកជំនួយ»។ (ចម្រៀងសរសើរព្រះ ៧២:១២) ដើម្បីឃើញអំពីរបៀបដែលព្រះនឹងដោះស្រាយដើមហេតុដែលនាំឲ្យមានភាពក្រីក្រ សូមអានអត្ថបទដែលមានចំណងជើងថា «តើអាចមានប្រព័ន្ធសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តដោយមិនលម្អៀងឬទេ?»។
ភាពអត់ឃ្លាន៖ «ផែនដីនឹងមានស្រូវជាបរិបូរ»។ (ចម្រៀងសរសើរព្រះ ៧២:១៦) ដើម្បីដឹងអំពីរបៀបដែលព្រះនឹងបំបាត់ការអត់ឃ្លាន សូមអានអត្ថបទដែលមានចំណងជើងថា «ពិភពលោកមួយដែលគ្មានភាពអត់ឃ្លាន តើអាចមានឬទេ?»។
តើគម្ពីរអាចជួយជនភៀសខ្លួននៅសព្វថ្ងៃនេះឬទេ?
គម្ពីរអាចជួយមែន។ គម្ពីរមិនគ្រាន់តែផ្ដល់សេចក្ដីសង្ឃឹមដែលគួរឲ្យទុកចិត្តចំពោះជនភៀសខ្លួនប៉ុណ្ណោះទេ តែក៏អាចជួយពួកគេឲ្យយកឈ្នះការពិបាកដែលពួកគេមាននៅសព្វថ្ងៃនេះដែរ។
គោលការណ៍គម្ពីរ៖ «មនុស្សឆោតជឿគ្រប់ពាក្យទាំងអស់ តែមនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។—សុភាសិត ១៤:១៥
អត្ថន័យ៖ សូមគិតទុកជាមុនអំពីគ្រោះថ្នាក់ផ្សេងៗដែលប្រហែលជានឹងកើតឡើង និងរបៀបការពារខ្លួន។ សូមប្រុងប្រយ័ត្នចំពោះពួកឆ្លៀតឱកាសដែលចង់ឆបោកជនភៀសខ្លួននៅតំបន់ថ្មី ដោយសារពួកគេដឹងថាជនភៀសខ្លួនទាំងនោះគ្មានបទពិសោធន៍និងមានអារម្មណ៍ភ័យខ្លាច។
គោលការណ៍គម្ពីរ៖ «យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់ និងជម្រក»។—ធីម៉ូថេទី១ ៦:៨
អត្ថន័យ៖ សូមកុំផ្ដោតអារម្មណ៍ទៅលើវត្ថុទ្រព្យ។ ពេលអ្នកស្កប់ចិត្តនឹងជីវិតសាមញ្ញ អ្នកនឹងសប្បាយជាង។
គោលការណ៍គម្ពីរ៖ «អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថាយ ៧:១២
អត្ថន័យ៖ សូមមានចិត្តអត់ធ្មត់និងសប្បុរស។ បើអ្នកមានគុណសម្បត្តិទាំងនេះ មនុស្សនៅតំបន់ថ្មីនឹងស្រួលទទួលស្វាគមន៍អ្នក ហើយគោរពរាប់អានអ្នក។
គោលការណ៍គម្ពីរ៖ «កុំតបស្នងការអាក្រក់ដល់អ្នកណាដែលធ្វើអាក្រក់ចំពោះអ្នក»។—រ៉ូម ១២:១៧
អត្ថន័យ៖ សូមកុំឲ្យកំហឹងនាំឲ្យអ្នកសងសឹកពួកអ្នកដែលប្រព្រឹត្តមិនល្អមកលើអ្នកឡើយ។ នោះនឹងធ្វើឲ្យរឿងកាន់តែអាក្រក់ទៅ។
គោលការណ៍គម្ពីរ៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។—ភីលីព ៤:១៣
អត្ថន័យ៖ សូមចាត់ទុកព្រះថាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់អ្នក ហើយអធិដ្ឋានទៅលោក។ លោកអាចផ្ដល់កម្លាំងឲ្យអ្នកស៊ូទ្រាំ។
គោលការណ៍គម្ពីរ៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ និងថ្លែងអំណរគុណ។ យ៉ាងនេះ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា»។—ភីលីព ៤:៦, ៧
អត្ថន័យ៖ សូមសុំព្រះផ្ដល់ឲ្យអ្នកនូវសេចក្ដីសុខសាន្តក្នុងចិត្ត ទោះជាអ្នកស្ថិតក្នុងស្ថានភាពណាក៏ដោយ។ សូមមើលអត្ថបទដែលមានចំណងជើងថា «ភីលីព ៤:៦, ៧ ‹កុំខ្វល់ចិត្តអំពីអ្វីឡើយ›»។
a មួយថ្ងៃបន្ទាប់ពីការវាយលុកនោះ ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានចាត់ទុកថាបញ្ហានោះជារឿងអាសន្នដ៏ធ្ងន់ធ្ងរបំផុត។ ក្នុងរយៈពេលត្រឹមតែ១២ថ្ងៃ មានជនភៀសខ្លួនជាងពីរលាននាក់បានរត់ចេញពីប្រទេសអ៊ុយក្រែនទៅប្រទេសជិតខាង ខណៈដែលមនុស្សមួយលាននាក់ទៀតត្រូវរត់ចោលផ្ទះសម្បែងទៅតំបន់ផ្សេងនៅប្រទេសអ៊ុយក្រែន។
b យេហូវ៉ាជាឈ្មោះរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា «តើព្រះយេហូវ៉ាជានរណា?»។