ចូរចាំយាម!
ហេតុអ្វីមនុស្សសព្វថ្ងៃមិនសូវមានសុជីវធម៌? តើគម្ពីរចែងយ៉ាងណា?
មនុស្សកាន់តែច្រើនឡើងប្រព្រឹត្តចំពោះគ្នាដោយគ្មានសុជីវធម៌។ ជាឧទាហរណ៍ នៅមន្ទីរពេទ្យ អ្នកជំងឺស្រែកដាក់គ្រូពេទ្យ នៅភោជនីយដ្ឋាន ភ្ញៀវនិយាយគំរោះគំរើយទៅកាន់អ្នករត់តុ នៅលើយន្តហោះ អ្នកធ្វើដំណើរកេងចំណេញលើអ្នកបម្រើលើយន្តហោះ នៅសាលារៀន សិស្សគំរាមធ្វើបាបឬប្រមាថមើលងាយគ្រូ។ រីឯក្នុងជួររដ្ឋាភិបាលវិញ ពួកអ្នកនយោបាយបានប្រព្រឹត្តអ្វីដ៏គួរឲ្យអាម៉ាស់ខ្មាស។
គម្ពីរមានការណែនាំដ៏គួរឲ្យទុកចិត្តដែលអាចជួយយើងឲ្យដឹងថាការមានសុជីវធម៌ពិតគឺបែបណា។ គម្ពីរក៏ប្រាប់មូលហេតុដែលមនុស្សសព្វថ្ងៃនេះមិនសូវមានសុជីវធម៌ដែរ។
សុជីវធម៌កាន់តែអន់ថយទៅ
ក្នុងពិភពលោកសព្វថ្ងៃ យើងឃើញថាមនុស្សមិនសូវចេះគួរសម គ្មានការប្រព្រឹត្តល្អ និងគ្មានសុជីវធម៌តែម្ដង។
យោងទៅតាមការស្ទង់មតិថ្មីៗនេះ នៅសហរដ្ឋអាម៉េរិកបានឃើញច្បាស់ថា ក្នុងអំឡុង២២ឆ្នាំកន្លងទៅនេះប្រជាជននៅទីនោះកាន់តែលែងមានសុជីវធម៌ខ្លាំងឡើងៗ។
យោងទៅតាមការស្ទង់មតិប្រជាជនជាង៣២.០០០នាក់ក្នុង២៨ប្រទេស គេឃើញថា៦៥ភាគរយនៃប្រជាជនទាំងនោះបានប្រាប់ថា នៅសព្វថ្ងៃនេះសូម្បីតែសុជីវធម៌ធម្មតាដែលមនុស្សគួរមាន ក៏គេលែងឃើញទៀតដែរ។
គម្ពីរបានប្រាប់ទុកជាមុនអំពីការប្រព្រឹត្តដែលយើងឃើញសព្វថ្ងៃ។
គម្ពីរចែងថា៖«នៅគ្រាចុងក្រោយបង្អស់នឹងលំបាកខ្លាំងណាស់។ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ . . . កាចសាហាវ [និង]មិនស្រឡាញ់គុណធម៌»។—ធីម៉ូថេទី២ ៣:១-៣
ដើម្បីស្វែងយល់ថែមទៀតពីរបៀបដែលទំនាយនេះកំពុងសម្រេច សូមអានអត្ថបទដែលមានចំណងជើងថា«តើគម្ពីរបានប្រាប់ទុកជាមុនអំពីរបៀបគិតគូរនិងការប្រព្រឹត្តរបស់មនុស្សសព្វថ្ងៃនេះឬ?»។
ការណែនាំដ៏គួរឲ្យទុកចិត្តអំពីរបៀបប្រព្រឹត្តដោយសុជីវធម៌
ទោះជាមនុស្សក្នុងពិភពលោកមិនសូវមានសុជីវធម៌ក្ដី តែមានមនុស្សរាប់លាននាក់បានរកឃើញការណែនាំពីគម្ពីរដើម្បីជួយពួកគេមានការប្រព្រឹត្តល្អ។ យោបល់ក្នុងគម្ពីរអំពីសីលធម៌គឺ«រមែងទុកចិត្តបាននៅពេលឥឡូវនិងជារៀងរហូត»។ (ចម្រៀងសរសើរព្រះ ១១១:៨) សូមពិចារណាឧទាហរណ៍ខ្លះ៖
គម្ពីរចែងថា៖«អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថាយ ៧:១២
អត្ថន័យ៖ យើងគួរប្រព្រឹត្តដោយសប្បុរសនិងដោយគោរពចំពោះអ្នកឯទៀត ដូចដែលយើងចង់ឲ្យគេប្រព្រឹត្តបែបនោះមកលើយើងដែរ។
គម្ពីរចែងថា៖«ដោយសារអ្នករាល់គ្នាបានបោះបង់ចោលពាក្យមិនពិតរួចហើយ ចូរអ្នករាល់គ្នាម្នាក់ៗនិយាយសេចក្ដីពិតទៅអ្នកជិតខាងខ្លួន»។—អេភេសូរ ៤:២៥
អត្ថន័យ៖ យើងគួរនិយាយនិងប្រព្រឹត្តដោយទៀងត្រង់ជានិច្ច។
ដើម្បីស្វែងយល់ព័ត៌មានថែមទៀតអំពីរឿងនេះ សូមអានអត្ថបទដូចតទៅ៖
អត្ថបទពីទស្សនាវដ្ដីប៉មយាម ដែលមានចំណងជើងថា«ការណែនាំដែលអ្នកអាចទុកចិត្តបានអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ»។
អត្ថបទដែលមានចំណងជើងថា«របៀបដែលគម្ពីរជួយយើងឲ្យចេះអត់ឱន»។