អេសេគាល ៣៧:១-២៨

  • ការ​ឃើញ​ក្នុង​គំនិត​អំពី​ជ្រលង​នៃ​ឆ្អឹង​ស្ងួត (​១​-​១៤)

  • ឈើ​ពីរ​បាន​ត្រូវ​ភ្ជាប់​គ្នា (​១៥​-​២៨)

    • ប្រជា​ជាតិ​មួយ​នៅ​ក្រោម​ស្ដេច​មួយ​រូប (​២២)

    • កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ (​២៦)

៣៧  បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​មក​សណ្ឋិត​លើ​ខ្ញុំ។ រួច​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​យក​ខ្ញុំ​ទៅ​ដាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ​មួយ+ ដែល​មាន​ពេញ​ទៅ​ដោយ​ឆ្អឹង​សាក​សព។ ២  លោក​បាន​ឲ្យ​ខ្ញុំ​ដើរ​កាត់​ឆ្អឹង​ទាំង​នោះ។ នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ខ្ញុំ​ឃើញ​មាន​ឆ្អឹង​សាក​សព​ជា​ច្រើន​ដែល​ស្ងួត​ហែង។+ ៣  លោក​បាន​សួរ​ខ្ញុំ​ថា​៖ ​«​កូន​មនុស្ស​អើយ! តើ​ឆ្អឹង​ទាំង​នោះ​អាច​មាន​ជីវិត​ឡើង​វិញ​បាន​ទេ?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! មាន​តែ​លោក​ទេ​ដែល​ជ្រាប​»។+ ៤  ដូច្នេះ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ចូរ​ប្រកាស​ទំនាយ​អំពី​ឆ្អឹង​ទាំង​នេះ រួច​និយាយ​ទៅ​កាន់​ឆ្អឹង​ទាំង​នេះ​ថា​៖ ‹ឱ​ឆ្អឹង​ស្ងួត​ហែង​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ ៥  ​«​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ទៅ​កាន់​ឆ្អឹង​ទាំង​នោះ​ថា​៖ ​«​ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ខ្យល់​ដង្ហើម​ចូល​ទៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​ឡើង​វិញ។+ ៦  ខ្ញុំ​នឹង​ដាក់​សរសៃ និង​ធ្វើ​ឲ្យ​សាច់​ដុះ​ឡើង ហើយ​គ្រប​ដណ្ដប់​ដោយ​ស្បែក។ រួច​ខ្ញុំ​នឹង​ដាក់​ខ្យល់​ដង្ហើម​ចូល​ទៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»​›​»។ ៧  បន្ទាប់​មក ខ្ញុំ​បាន​ប្រកាស​ទំនាយ​តាម​បង្គាប់​លោក។ ក្រោយ​ពី​ប្រកាស​រួច ភ្លាម​នោះ​ខ្ញុំ​ឮ​សូរ​សំឡេង​គ្រឹក​ៗ ហើយ​ឆ្អឹង​ចាប់​ផ្ដើម​ផ្គុំ​គ្នា គឺ​ឆ្អឹង​មួយ​ភ្ជាប់​នឹង​ឆ្អឹង​មួយ។ ៨  រួច​មក ខ្ញុំ​ឃើញ​មាន​សរសៃ​និង​សាច់​ដុះ​ឡើង ហើយ​ក៏​មាន​ស្បែក​គ្រប​ពី​លើ​ដែរ។ ប៉ុន្តែ មិន​ទាន់​មាន​ខ្យល់​ដង្ហើម​ក្នុង​នោះ​ទេ។ ៩  ក្រោយ​នោះ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​កូន​មនុស្ស​អើយ! ចូរ​ប្រកាស​ប្រាប់​ខ្យល់​ទៅ! ចូរ​ប្រកាស​ទំនាយ ហើយ​និយាយ​ទៅ​កាន់​ខ្យល់​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​ឱ​ខ្យល់​អើយ! ចូរ​បក់​មក​ពី​ទិស​ទាំង​បួន​ទៅ​លើ​សាក​សព​មនុស្ស​ដែល​គេ​បាន​សម្លាប់ ដើម្បី​ឲ្យ​សាក​សព​ទាំង​នេះ​មាន​ជីវិត​ឡើង​វិញ​»​›​»។ ១០  ដូច្នេះ ខ្ញុំ​បាន​ប្រកាស​ទំនាយ​តាម​បង្គាប់​លោក។ រួច​ខ្យល់​ដង្ហើម​បាន​ចូល​ក្នុង​សាក​សព​ទាំង​នោះ ហើយ​ពួក​គេ​ក៏​មាន​ជីវិត រួច​ក្រោក​ឈរ​ឡើង+ ទៅ​ជា​កងទ័ពដ៏​ធំ​មួយ។ ១១  បន្ទាប់​មក លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​នេះ​គឺ​ជា​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​មូល។+ មើល! ពួក​គេ​និយាយ​គ្នា​ថា​៖ ‹ឆ្អឹង​របស់​យើង​ស្ងួត​ហែង ហើយ​យើង​ក៏​គ្មាន​សេចក្ដី​សង្ឃឹម​ដែរ+ គឺ​យើង​វិនាស​ទាំង​ស្រុង​ហើយ›។ ១២  ដូច្នេះ ចូរ​ប្រកាស​ទំនាយ ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជាម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​រាស្ត្រ​ខ្ញុំ​អើយ! ខ្ញុំ​នឹង​បើក​ផ្នូរ​អ្នក​រាល់​គ្នា+ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្នូរ​មក។ រួច​ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អ៊ីស្រាអែល។+ ១៣  ឱ​រាស្ត្រ​ខ្ញុំ​អើយ! ពេល​ដែល​ខ្ញុំ​បើក​ផ្នូរ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»​›។+ ១៤  ‹ខ្ញុំ​នឹង​ដាក់​ឫទ្ធានុភាព​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត។+ រួច​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹងដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ គឺ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​មែន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។ ១៥  ក្រោយ​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ១៦  ​«​កូន​មនុស្ស​អើយ! ចូរ​យក​ឈើ​មួយ​មក រួច​ចារ​លើ​នោះ​ថា​៖ ‹ឈើ​នៃ​យូដា​និង​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​នៅ​ជា​មួយ​គាត់›។+ បន្ទាប់​មក ចូរ​យក​ឈើ​មួយ​ទៀត ហើយ​ចារ​លើ​នោះ​ថា​៖ ‹ឈើ​នៃ​យ៉ូសែប​ដែល​ជា​តំណាង​អេប្រាអ៊ីម និង​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​មូល​ដែល​នៅ​ជា​មួយ​គាត់›។+ ១៧  រួច​មក ចូរ​ភ្ជាប់​ឈើ​ទាំង​ពីរ​នោះ ឲ្យ​ទៅ​ជា​ឈើ​តែ​មួយ​ក្នុង​ដៃ​អ្នក។+ ១៨  ពេល​ជន​រួម​ជាតិ​អ្នក​សួរ​ថា​៖ ‹សូម​ប្រាប់​យើង​មក តើ​ការ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា?› ១៩  អ្នក​ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​យក​ឈើ​នៃ​យ៉ូសែប ដែល​នៅ​ក្នុង​ដៃ​អេប្រាអ៊ីម និង​កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល​ដែល​នៅ​ជា​មួយ​គាត់ ទៅ​ភ្ជាប់​នឹង​ឈើ​នៃ​យូដា ហើយ​ឈើ​ទាំង​ពីរ​នោះ​នឹង​ទៅ​ជា​ឈើ​តែ​មួយ​ក្នុង​ដៃ​ខ្ញុំ​»​›។+ ២០  អ្នក​ត្រូវ​កាន់​ឈើ​ទាំង​ពីរ​ដែល​មាន​អក្សរ​លើ​នោះ ដើម្បី​ឲ្យ​ពួក​គេ​មើល​ឃើញ។ ២១  ​«​បន្ទាប់​មក ចូរ​ប្រាប់​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​ខ្ញុំ​នឹង​យក​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​នា​នា​ដែល​ពួក​គេ​បាន​ទៅ​រស់​នៅ ហើយ​ខ្ញុំ​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទិស​ទី រួច​នាំ​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ​វិញ។+ ២២  ខ្ញុំ​នឹង​បង្រួប​បង្រួម​ពួក​គេ​ឲ្យ​ទៅ​ជា​ប្រជា​ជាតិ​តែ​មួយ​នៅ​ក្នុង​ស្រុក+លើ​តំបន់​ភ្នំ​អ៊ីស្រាអែល ហើយ​នឹង​មាន​ស្ដេច​មួយ​រូប​គ្រប់​គ្រង​លើ​ពួក​គេ។+ ពួក​គេ​នឹង​លែង​ជា​ប្រជា​ជាតិ​ពីរ​ទៀត ហើយ​ក៏​លែង​បែក​ជា​រាជាណាចក្រ​ពីរ​ទៀត​ដែរ។+ ២៣  ពួក​គេ​នឹង​លែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ដោយ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ព្រម​ទាំង​ដោយ​ទោស​កំហុស​និង​អំពើ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​របស់​ពួក​គេ​ទៀត​ហើយ។+ ខ្ញុំ​នឹង​ជួយ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​គ្រប់​យ៉ាង​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​ខុស​ឆ្គង រួច​ខ្ញុំ​នឹង​ជម្រះ​ពួក​គេ​ឲ្យ​ស្អាត​បរិសុទ្ធ។ ក្រោយ​នោះ ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​ខ្ញុំ ហើយ​ខ្ញុំ​ផ្ទាល់​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ២៤  ​«​‹​«​ពេល​នោះ ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​នឹង​ទៅ​ជា​ស្ដេច​របស់​ពួក​គេ+ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​ម្នាក់​ប៉ុណ្ណោះ។+ ពួក​គេ​នឹង​កាន់​តាម​ច្បាប់​និង​ក្រឹត្យ​ក្រម​របស់​ខ្ញុំ​យ៉ាង​ដិត​ដល់។+ ២៥  ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​យ៉ាកុប​ជា​អ្នក​បម្រើ​ខ្ញុំ ជា​ស្រុក​ដែល​បុព្វ​បុរស​ពួក​គេ​បាន​រស់​នៅ។+ ពួក​គេ​នឹង​អាស្រ័យ​នៅ​ទី​នោះ​ជា​រៀង​រហូត+ គឺ​ទាំង​ពួក​គេ ទាំង​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​+ ហើយ​មាន​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ​ធ្វើ​ជា​មេ​ដឹក​នាំ​ពួក​គេ​ជា​ដរាប​ត​ទៅ។+ ២៦  ​«​‹​«​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​នឹង​ពួក​គេ+ ជា​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ។ ខ្ញុំ​នឹង​តាំង​ពួក​គេ​ឡើង ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​គ្នា​ជា​ច្រើន+ រួច​ខ្ញុំ​ដាក់​ទី​បរិសុទ្ធ​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ចំណោម​ពួក​គេ​ជា​ដរាប។ ២៧  ត្រសាល​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ២៨  កាល​ដែល​ខ្ញុំ​យេហូវ៉ា​ដាក់​ទី​បរិសុទ្ធ​របស់​ខ្ញុំ​ឲ្យ​នៅ​ស្ថិត​ស្ថេរ​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ នោះ​ប្រជា​ជាតិ​នា​នា​នឹង​ដឹង​ថា​ខ្ញុំ​កំពុង​ញែក​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​បរិសុទ្ធ​»​›​»។+

កំណត់សម្គាល់