អេសេគាល ២៦:១-២១
២៦ នៅថ្ងៃទី១ដើមខែ ក្នុងឆ្នាំទី១១* ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖
២ «កូនមនុស្សអើយ! ក្រុងទីរ៉ុសបាននិយាយទាស់នឹងក្រុងយេរូសាឡិមថា៖+ ‹ជយោ! ក្រុងដែលទាក់ទាញប្រជាជាតិនានាបានរលំហើយ!+ ដូច្នេះ អ្វីៗទាំងអស់នឹងបានមកខ្ញុំ រួចខ្ញុំនឹងក្លាយទៅជាអ្នកមាន ព្រោះនាងបានត្រូវបំផ្លាញខ្ទេចខ្ទីហើយ!›។
៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ឱក្រុងទីរ៉ុសអើយ! ខ្ញុំនឹងនាំប្រជាជាតិនានាមកទាស់នឹងអ្នក ដូចជារលកសមុទ្របក់បោក។
៤ ពួកគេនឹងកម្ទេចកំពែងក្រុងទីរ៉ុសនិងប៉មទាំងប៉ុន្មាន+ ហើយខ្ញុំនឹងយកដីចេញ រួចធ្វើឲ្យក្រុងនោះនៅសល់តែដុំថ្មរលោងប៉ុណ្ណោះ។
៥ ក្រុងនោះនឹងទៅជាកន្លែងហាលអួននៅកណ្ដាលសមុទ្រ›។+
«‹ព្រោះខ្ញុំផ្ទាល់បានចេញវាចាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ‹ប្រជាជាតិនានានឹងទៅប្លន់ក្រុងនោះ។
៦ ឯអ្នកភូមិ*ដែលនៅលើដីគោកក្បែរក្រុងនោះ នឹងត្រូវគេសម្លាប់ដោយដាវ។ ពេលនោះ ប្រជាជាតិនានានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
៧ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងនាំនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ដែលជាស្ដេចលើអស់ទាំងស្ដេច+ ឲ្យមកទាស់នឹងក្រុងទីរ៉ុស។ គាត់នឹងមកពីទិសខាងជើង+ ដោយមានទ័ពសេះ+ ទ័ពរទេះចម្បាំង+ និងទាហានយ៉ាងច្រើន។
៨ គាត់នឹងកម្ទេចភូមិនានាដែលនៅក្បែរអ្នក។ គាត់នឹងដំឡើងបង្គោលដើម្បីឡោមព័ទ្ធ ហើយលើកដីដើម្បីវាយលុក ព្រមទាំងដាក់របាំងដ៏ធំដើម្បីការពារ។
៩ គាត់នឹងប្រើគ្រឿងយន្តបុកទម្លាយកំពែងអ្នក ហើយគាត់នឹងផ្ដួលរំលំប៉មនានាដោយពូថៅ។*
១០ សេះគាត់មានច្រើនដល់ម្ល៉េះបានជាធ្វើឲ្យដីហុយទ្រលោមគ្របលើអ្នក។ ពេលគាត់ចូលខ្លោងទ្វារក្រុងរបស់អ្នក សូរសន្ធឹកទាហានសេះ និងរទេះចម្បាំង ធ្វើឲ្យកំពែងក្រុងអ្នកញ័ររញ្ជួយ ដូចជាពេលគេសម្រុកចូលក្រុងដែលមានកំពែងបាក់បែក។
១១ សេះរបស់គាត់នឹងផាយនៅលើផ្លូវនានា+ ហើយគាត់នឹងសម្លាប់បណ្ដាជនដោយដាវ។ សូម្បីតែបង្គោលថ្មមាំៗ ក៏គាត់បំបាក់បំបែកអស់ដែរ។
១២ ពួកគេនឹងរឹបអូសយកទ្រព្យសម្បត្តិ ហើយប្លន់យកទំនិញទាំងប៉ុន្មានរបស់អ្នក+ និងរំលំកំពែងក្រុង ព្រមទាំងបំផ្លាញផ្ទះស្អាតៗរបស់អ្នកទៀតផង។ បន្ទាប់មក ពួកគេយកថ្ម ឈើ និងដីរបស់អ្នក ទៅបោះនៅក្នុងទឹក›។
១៣ «‹ខ្ញុំនឹងធ្វើឲ្យសំឡេងច្រៀងនិងសំឡេងពិណដែលនៅក្នុងអ្នកលែងមានទៀត។+
១៤ ខ្ញុំនឹងធ្វើឲ្យអ្នកនៅសល់តែដុំថ្មរលោងៗប៉ុណ្ណោះ ហើយអ្នកនឹងទៅជាកន្លែងហាលអួន។+ អ្នកនឹងមិនត្រូវសង់ឡើងវិញឡើយ ព្រោះខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅក្រុងទីរ៉ុសថា៖ ‹ពេលឮសំឡេងអ្នកដួលរលំ គឺពេលពួកអ្នកដែលហៀបនឹងស្លាប់ស្រែកថ្ងូរ និងពេលមានការកាប់សម្លាប់ក្នុងចំណោមអ្នក តើបណ្ដាកោះនឹងមិនភ័យរន្ធត់ទេឬ?+
១៦ ពួកអ្នកគ្រប់គ្រង*ទាំងអស់នៅសមុទ្រ នឹងចុះពីបល្ល័ង្កខ្លួន ហើយដោះអាវវែងនិងអាវប៉ាក់របស់ខ្លួនចេញ ហើយពួកគេភ័យរន្ធត់។ ពួកគេនឹងអង្គុយនៅលើដី ហើយភ័យញាប់ញ័រ រួចមើលមកអ្នកដោយនឹកហួសចិត្ត។+
១៧ ពួកគេនឹងច្រៀងបទទំនួញ+អំពីអ្នក ហើយនិយាយមកកាន់អ្នកថា៖
«ឱក្រុងដ៏ល្បីល្បាញអើយ! អ្នកហើយជាទីអាស្រ័យរបស់ពួកអ្នកដែលមកពីសមុទ្រ។ មិនគួរណាអ្នកត្រូវវិនាសទៅបែបនេះសោះ!+
អ្នកនិងពួកអ្នកជ្រកកោនក្នុងអ្នក ខ្លាំងក្លាណាស់នៅសមុទ្រ+ថែមទាំងបានធ្វើឲ្យប្រជាជាតិនៅផែនដីភ័យតក់ស្លុតទៀតផង។
១៨ នៅថ្ងៃដែលអ្នកដួលរលំ បណ្ដាកោះនឹងភ័យរន្ធត់នៅពេលអ្នកសាបសូន្យទៅ បណ្ដាកោះនៅសមុទ្រនឹងថប់បារម្ភ»›។+
១៩ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពេលដែលខ្ញុំធ្វើឲ្យអ្នកវិនាសដូចបណ្ដាក្រុងដែលគ្មានមនុស្សរស់នៅ និងពេលដែលខ្ញុំបំផ្លាញអ្នកដោយធ្វើឲ្យទឹកកញ្ជ្រោលបក់បោកយ៉ាងខ្លាំងមកគ្របសង្កត់លើអ្នក+
២០ នោះខ្ញុំនឹងទម្លាក់អ្នកទៅក្នុងរណ្ដៅ* ជាមួយនឹងពួកអ្នកដែលធ្លាក់ទៅមុនអ្នក ដូចខ្ញុំទម្លាក់អ្នកឯទៀតដែរ។ ខ្ញុំនឹងឲ្យអ្នករស់នៅកន្លែងទាបបំផុត ដូចកន្លែងបុរាណដែលគេបានបំផ្លាញខ្ទេចខ្ទី។ ខ្ញុំនឹងឲ្យអ្នកនៅជាមួយនឹងពួកអ្នកដែលធ្លាក់ទៅក្នុងរណ្ដៅ+ ដើម្បីកុំឲ្យអ្នកណាអាស្រ័យនៅក្នុងអ្នកតទៅទៀត។ បន្ទាប់មក ខ្ញុំនឹងលើកតម្កើង*ស្រុករបស់មនុស្សរស់វិញ។
២១ «‹ខ្ញុំនឹងធ្វើឲ្យអ្នកភ័យរន្ធត់ ហើយអ្នកនឹងលែងមានទៀត។+ គេនឹងស្វែងរកអ្នក តែរកមិនឃើញឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
កំណត់សម្គាល់
^ នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
^ ន័យត្រង់«កូនស្រីៗ»
^ ឬ«ដាវ»
^ ឬ«មេកុលសម្ព័ន្ធ»
^ ឬ«ផ្នូរ»
^ ឬ«តុបតែង»