អេសាយ ៧:១-២៥

  • ដំណឹង​ជូន​ចំពោះ​ស្ដេច​អេហាស (​១​-​៩)

    • សេអាយ៉ាសិប (​)

  • សញ្ញា​សម្គាល់​អំពី​អេម៉ាញូអែល (​១០​-​១៧)

  • លទ្ធផល​នៃ​ការ​មិន​ស្មោះ​ត្រង់ (​១៨​-​២៥)

 នៅ​គ្រា​ស្ដេច​អេហាស+ជា​កូន​យ៉ូថាម ដែល​ត្រូវ​ជា​ចៅ​របស់​អូសៀស គ្រប់​គ្រង​លើ​ស្រុក​យូដា រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី​និង​ភេកា+ជា​កូន​រេម៉ាលៀ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​នាំ​គ្នា​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម តែ​ពួក​គាត់*មិន​អាច​ដណ្ដើម​យក​ក្រុង​នោះ​បាន​ទេ។+ ២  ពេល​នោះ មាន​គេ​មក​រាយ​ការណ៍​ប្រាប់​ពូជ​ពង្ស​ដាវីឌ​ថា​៖ ​«​ពួក​ស៊ីរី​បាន​ចូល​ដៃ​ជា​មួយ​នឹង​ពួក​អេប្រាអ៊ីម​ហើយ​»។ ឮ​ដូច្នេះ ក្នុង​ចិត្ត​អេហាស​និង​ចិត្ត​រាស្ត្រ​គាត់​ចាប់​ផ្ដើម​ភ័យ​រន្ធត់ ប្រៀប​ដូច​ជា​ដើម​ឈើ​ក្នុង​ព្រៃ​ញ័រ​រញ្ជួយ​ពេល​ត្រូវ​ខ្យល់​បក់​បោក។ ៣  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អេសាយ​ថា​៖ ​«​សូម​អ្នក​និង​សេអាយ៉ាសិប*+ជា​កូន ទៅ​ជួប​អេហាស​នៅ​ក្បែរ​ប្រឡាយ​ចេញ​ពី​អាង​ទឹក​ខាង​លើ+ ដែល​នៅ​តាម​ផ្លូវ​ទៅ​វាល​អ្នក​បោក​គក់។ ៤  រួច​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ចូរ​តាំង​ស្មារតី​រឹង​មាំ​ឡើង កុំ​ភ័យ​ខ្លាច​ឬ​ស្រយុត​ចិត្ត​ដោយ​សារ​តែ​កំហឹង​របស់​រេសិន​ស្ដេច​ស្រុក​ស៊ីរី និង​កូន​រេម៉ាលៀ+នោះ​ឡើយ ព្រោះ​ពួក​គេ​ប្រៀប​ដូច​ជា​កន្ទុយ​អុស​ពីរ​ប៉ុណ្ណោះ។ ៥  ព្រោះ​ពួក​ស៊ីរី​និង​កូន​រេម៉ាលៀ រួម​ទាំង​ពួក​អេប្រាអ៊ីម បាន​ឃុប​ឃិត​គ្នា​ទាស់​នឹង​អ្នក ដោយ​និយាយ​ថា​៖ ៦  ​«​ចូរ​យើង​នាំ​គ្នា​ទៅ​កម្ទេច*ស្រុក​យូដា ហើយ​ដណ្ដើម​យក*ស្រុក​នោះ​ទុក​ជា​របស់​យើង​ទៅ។ រួច​យើង​នឹង​តែង​តាំង​កូន​របស់​តាបបៀល​ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​វិញ​»។+ ៧  ​«​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​គម្រោង​ការ​ពួក​គេ​នឹង​មិន​សម្រេច​ទេហើយ​ក៏​មិន​អាច​ទទួល​ជោគ​ជ័យ​ដែរ។  ៨  ព្រោះ​ក្រុង​ដាម៉ាស់​ជា​រាជធានី​ស្រុក​ស៊ីរីហើយ​រេសិន​គ្រប់​គ្រង​ពី​ក្រុង​ដាម៉ាស់។ ក្នុង​អំឡុង​ពេល​៦៥​ឆ្នាំ​ប៉ុណ្ណោះពួក​អេប្រាអ៊ីម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​លែង​ជា​ប្រជា​ជាតិ​ត​ទៅ​ទៀត។+  ៩  ក្រុង​សាម៉ារី+គឺ​ជា​រាជធានី​របស់​ពួក​អេប្រាអ៊ីមហើយ​កូន​រេម៉ាលៀ​គ្រប់​គ្រង​ពី​ក្រុង​សាម៉ារី។+បើ​អ្នក​គ្មាន​ជំនឿ​មុត​មាំ នោះ​រាជ្យ​អ្នក​នឹង​មិន​រឹង​មាំ​ឡើយ​»​›​»។ ១០  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អេហាស​ថែម​ទៀត​ថា​៖ ១១  ​«​ចូរ​សុំ​សញ្ញា​សម្គាល់​មួយ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចុះ។+ សញ្ញា​សម្គាល់​នោះ​អាច​ជ្រៅ​រហូត​ដល់​ក្រោម​ដី ឬ​អាច​ខ្ពស់​រហូត​ដល់​មេឃ​»។ ១២  ប៉ុន្តែ អេហាស​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​សុំ​ទេ ហើយ​ក៏​មិន​ចង់​ល្បង​ល​ព្រះ​យេហូវ៉ា​ដែរ​»។ ១៣  រួច​មក អេសាយ​បាន​និយាយ​ថា​៖ ​«​ឱ​កូន​ចៅ​ដាវីឌ​អើយ! សូម​ស្ដាប់​ចុះ! តើ​អ្នក​សាកល្បង​ចិត្ត​អត់​ធ្មត់​របស់​មនុស្ស​មិន​គ្រប់​គ្រាន់​ឬ បាន​ជា​ចង់​សាកល្បង​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​ថែម​ទៀត?+ ១៤  ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​សញ្ញា​សម្គាល់​មួយ​ដល់​អ្នក​៖ មើល! ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​នឹង​ពពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ+ រួច​នាង​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​អេម៉ាញូអែល។*+ ១៥  មុន​កូន​នោះ​ដឹង​ក្ដី ហើយ​ចេះ​បដិសេធ​អ្វី​ដែល​អាក្រក់​និង​ចេះ​ជ្រើស​រើស​អ្វី​ដែល​ល្អ នោះ​គាត់​នឹង​គ្មាន​អ្វី​បរិភោគ​ក្រៅ​ពី​ខ្លាញ់​ទឹក​ដោះ*និង​ទឹក​ឃ្មុំ​ទេ។ ១៦  ព្រោះ​មុន​កូន​នោះ​ដឹង​ក្ដី ហើយ​ចេះ​បដិសេធ​អ្វី​ដែល​អាក្រក់​និង​ចេះ​ជ្រើស​រើស​អ្វី​ដែល​ល្អ ស្រុក​របស់​ស្ដេច​ពីរ​រូប​ដែល​អ្នក​ខ្លាច​នោះ នឹង​ត្រូវ​បោះ​បង់​ចោល។+ ១៧  ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​អ្នក​និង​រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ពូជ​ពង្ស​ឪពុក​អ្នក ជួប​គ្រា​លំបាក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក តាំង​ពី​គ្រា​ដែល​អេប្រាអ៊ីម​បែក​ចេញ​ពី​យូដា។+ ព្រោះ​លោក​នឹង​នាំ​ស្ដេច​ស្រុក​អាស៊ីរី​មក​វាយ​ប្រហារ​អ្នក។+ ១៨  ​«​នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ហួច​ហៅ​ហ្វូង​រុយ​ពី​អូរ​ឆ្ងាយ​ៗ​ដែល​បែក​ចេញ​ពី​ទន្លេ​នីល​ក្នុង​ស្រុក​អេហ្ស៊ីប និង​ហៅ​ហ្វូង​ឃ្មុំ​ពី​ស្រុក​អាស៊ីរី។ ១៩  ពួក​វា​ទាំង​អស់​ក៏​មក​ទំ​នៅ​ជ្រលង​នា​នា ក្រហែង​ថ្ម គុម្ព​បន្លា និង​វាល​ស្មៅ*ទាំង​ឡាយ។ ២០  ​«​នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ស្ដេច​ស្រុក​អាស៊ីរី+ដែល​ប្រៀប​ដូច​ជា​កាំបិត​កោរ​ដែល​គេ​ជួល​ពី​តំបន់​ទន្លេ​អឺប្រាត ដើម្បី​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​អ្នក។ ២១  ​«​នៅ​គ្រា​នោះ មនុស្ស​នឹង​ទុក​ជីវិត​ឲ្យ​គោ​ញី​មួយ​ក្បាល និង​ចៀម​ពីរ​ក្បាល ២២  ហើយ​ដោយ​សារ​សម្បូរ​ទឹក​ដោះ គាត់​នឹង​បាន​ខ្លាញ់​ទឹក​ដោះ​បរិភោគ។ ព្រោះ​មនុស្ស​ទាំង​អស់​ដែល​នៅ​សល់​ក្នុង​ស្រុក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិភោគ។ ២៣  ​«​នៅ​គ្រា​នោះ គ្រប់​កន្លែង​ដែល​ធ្លាប់​មាន​ដើម​ទំពាំង​បាយ​ជូរ​១.០០០​ដើម តម្លៃ​ជា​ប្រាក់​១.០០០​ដុំ នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ​វិញ។ ២៤  មនុស្ស​នឹង​ទៅ​ទី​នោះ​ដោយ​យក​ព្រួញ​និង​ធ្នូ​ទៅ​ជា​មួយ ព្រោះ​ស្រុក​នោះ​មាន​ពេញ​ទៅ​ដោយ​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ។ ២៥  ឯ​ភ្នំ​ទាំង​ឡាយ​ដែល​គេ​ធ្លាប់​ភ្ជួរ​រាស់​ដាំ​ដុះ អ្នក​នឹង​មិន​ហ៊ាន​ទៅ​ក្បែរ​ទេ ព្រោះ​ខ្លាច​គុម្ព​បន្លា​និង​ស្មៅ​ចង្រៃ។ ទី​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​សម្រាប់​គោ​ស៊ី​ស្មៅ និង​ចៀម​ដើរ​ជាន់​វិញ​»។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​»​
មាន​ន័យ​ថា​«​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នឹង​ត្រឡប់​មក​វិញ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​»​
ឬ​«​ទម្លាយ​កំពែង​»​
មាន​ន័យ​ថា​«​ព្រះ​នៅ​ជា​មួយ​យើង​»​
ឬ​«​បឺរ​»​
ឬ​«​កន្លែង​ឲ្យ​ទឹក​សត្វ​»​