អេសាយ ៦៣:១-១៩
៦៣ តើអ្នកណាកំពុងមកពីស្រុកអេដំ+ ទាំងមានឫទ្ធានុភាពដ៏ខ្លាំងក្លា
គឺមកពីក្រុងបូសរ៉ា+ ទាំងមានសម្លៀកបំពាក់ភ្លឺចិញ្ចាច*ជាសម្លៀកបំពាក់ដ៏រុងរឿងអស្ចារ្យ?
«គឺខ្ញុំ ជាអ្នកដែលនិយាយដោយសុចរិតនិងជាអ្នកដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាដើម្បីសង្គ្រោះ»។
២ ហេតុអ្វីបានជាសម្លៀកបំពាក់របស់លោកពណ៌ក្រហមដូចជាសម្លៀកបំពាក់របស់អ្នកជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រាដូច្នេះ?+
៣ «គឺខ្ញុំបានជាន់ផ្លែទំពាំងបាយជូរតែម្នាក់ឯងឥតមានអ្នកណាជួយខ្ញុំឡើយគឺខ្ញុំជាន់ពួកគេដោយកំហឹង ខ្ញុំជាន់ពួកគេដោយសេចក្ដីក្រោធរបស់ខ្ញុំ។+
ហេតុនេះ ឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់ខ្ញុំហើយប្រឡាក់ពេញទាំងអស់។
៤ ព្រោះខ្ញុំបានកំណត់ថ្ងៃដែលខ្ញុំនឹងសងសឹកហើយ+ឯឆ្នាំដែលខ្ញុំនឹងសង្គ្រោះពួកគេក៏បានមកដល់ដែរ។
៥ ខ្ញុំខំរកមើល ប៉ុន្តែគ្មានអ្នកណាម្នាក់ជួយខ្ញុំទេ។
ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះគ្មានអ្នកណាគាំទ្រខ្ញុំសោះ។
ដូច្នេះ ដៃខ្ញុំផ្ទាល់បានជួយខ្ញុំឲ្យមានជ័យជម្នះ+ហើយសេចក្ដីក្រោធរបស់ខ្ញុំបានគាំទ្រខ្ញុំ។
៦ ខ្ញុំជាន់កម្ទេចជនជាតិនានាដោយកំហឹងខ្ញុំបានធ្វើឲ្យពួកគេស្រវឹងដោយសេចក្ដីក្រោធរបស់ខ្ញុំ+ហើយខ្ញុំបានបង្ហូរឈាមពួកគេទៅលើដី»។
៧ ខ្ញុំនឹងថ្លែងប្រាប់អំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់គឺការប្រព្រឹត្តដ៏គួរឲ្យសរសើរតម្កើងរបស់លោកព្រោះព្រះយេហូវ៉ាបានធ្វើអ្វីល្អៗជាច្រើនដើម្បីយើង។+
លោកបានធ្វើកិច្ចការដ៏ល្អគ្រប់យ៉ាងដើម្បីពូជពង្សអ៊ីស្រាអែលដោយសារលោកមានចិត្តមេត្តាករុណានិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។
៨ ព្រោះលោកមានប្រសាសន៍ថា៖ «ពួកគេពិតជារាស្ត្ររបស់ខ្ញុំ ជាកូនចៅដែលនៅស្មោះត្រង់នឹងខ្ញុំជានិច្ច»។+
ដូច្នេះ លោកបានធ្វើជាអ្នកសង្គ្រោះពួកគេ។+
៩ រាល់វេលាដែលពួកគេរងទុក្ខ លោកក៏រងទុក្ខដែរ+ហើយលោកបានចាត់អ្នកនាំសារ*របស់លោកផ្ទាល់ឲ្យសង្គ្រោះពួកគេ។+
ដោយសេចក្ដីស្រឡាញ់និងចិត្តអាណិតមេត្តា លោកបានលោះពួកគេ។+
លោកតែងតែលើកបីពួកគេជានិច្ចនៅសម័យនោះ។+
១០ ប៉ុន្តែ ពួកគេបានបះបោរនឹងលោក+ ហើយធ្វើឲ្យលោកកើតទុក្ខដោយប្រឆាំងនឹងឫទ្ធានុភាពបរិសុទ្ធរបស់លោក។*+
ហេតុនេះ លោកបានទៅជាសត្រូវរបស់ពួកគេ+ហើយលោកប្រឆាំងនឹងពួកគេ។+
១១ ពេលនោះ ពួកគេបាននឹកដល់គ្រាមុនគឺគ្រារបស់ម៉ូសេដែលជាអ្នកបម្រើរបស់លោក។ ពួកគេសួរថា៖
«តើព្រះដែលបាននាំយើងចេញពីសមុទ្រ+ដោយមានពួកគង្វាលរបស់លោកនាំមុខនៅឯណា?+
តើព្រះដែលឲ្យឫទ្ធានុភាពបរិសុទ្ធរបស់លោក មកសណ្ឋិតលើគាត់ទៅណាបាត់ហើយ?+
១២ តើព្រះដែលបានគាំទ្រម៉ូសេ*ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា*នៅឯណា?+
តើព្រះដែលបានញែកទឹកសមុទ្រនៅមុខពួកគេ+ដើម្បីធ្វើឲ្យនាមរបស់លោកល្បីរន្ទឺជារៀងរហូតនៅឯណា?+
១៣ ព្រះដែលបានធ្វើឲ្យពួកគេដើរឆ្លងកាត់ទឹកកញ្ជ្រោលបក់បោក*ដោយមិនជំពប់ដួលដូចជាសេះដែលដើរកាត់តំបន់ស្ងាត់ជ្រងំ តើលោកនៅឯណា?
១៤ ដូចហ្វូងសត្វដែលចុះទៅសម្រាកនៅក្នុងជ្រលងភ្នំនោះឫទ្ធានុភាពរបស់ព្រះយេហូវ៉ាក៏ធ្វើឲ្យពួកគេសម្រាកដែរ»។+
នេះហើយជារបៀបដែលលោកដឹកនាំរាស្ដ្រលោកដើម្បីឲ្យនាមរបស់លោកបានរុងរឿងអស្ចារ្យ។+
១៥ សូមលោកសម្លឹងមើលពីស្ថានសួគ៌មកផងគឺពីលំនៅដ៏បរិសុទ្ធនិងរុងរឿងឧត្ដមរបស់លោក។
តើចិត្តខ្នះខ្នែងនិងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកនៅឯណា?
ហេតុអ្វីក៏លោកលែងមានចិត្តអាណិតអាសូរ+និងចិត្តមេត្តាករុណាចំពោះយើងដូច្នេះ?+
១៦ ឱព្រះយេហូវ៉ាអើយ! គឺលោកហើយជាបិតារបស់យើង+ទោះជាអាប្រាហាំមិនស្គាល់យើងហើយអ៊ីស្រាអែលមិនទទួលស្គាល់យើងក្ដីក៏លោកនៅតែជាបិតារបស់យើងជានិច្ច។
លោកជាអ្នកលោះយើងតាំងពីយូរមកហើយ។+
១៧ ឱព្រះយេហូវ៉ាអើយ! ហេតុអ្វីក៏លោកបណ្ដោយឲ្យយើងវង្វេងចេញពីផ្លូវរបស់លោកបែបនេះ?
ហេតុអ្វីក៏លោកបណ្ដោយឲ្យចិត្តយើងរឹងចចេស ហើយលែងគោរពកោតខ្លាចលោកដូច្នេះ?+
ដោយយល់ដល់ពួកអ្នកបម្រើរបស់លោក និងកុលសម្ព័ន្ធទាំងប៉ុន្មានដែលជាមត៌ករបស់លោក សូមមេត្តាត្រឡប់មកយើងវិញផង។+
១៨ រាស្ត្របរិសុទ្ធរបស់លោកបានគ្រប់គ្រងស្រុកនោះ តែមួយរយៈពេលខ្លីទេហើយពួកសត្រូវក៏មកជាន់ឈ្លីកន្លែងបរិសុទ្ធរបស់លោក។+
១៩ អស់រយៈពេលជាយូរមកហើយ យើងប្រៀបដូចជាប្រជាជាតិមួយដែលលោកមិនបានគ្រប់គ្រងនិងប្រៀបដូចជាអស់អ្នកដែលមិនបានហៅតាមនាមលោក។
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«ក្រហមឆ្អិនឆ្អៅ»
^ ឬ«ទេវតាដែលនៅចំពោះលោក»
^ ឬ«ធ្វើឲ្យឫទ្ធានុភាពរបស់ព្រះកើតទុក្ខ»
^ ន័យត្រង់«ដៃដ៏រុងរឿង»
^ ន័យត្រង់«ដៃស្ដាំរបស់ម៉ូសេ»
^ ឬ«ទឹកដ៏ជ្រៅ»