អេសាយ ២១:១-១៧
២១ នេះជាសេចក្ដីប្រកាសទាស់នឹងតំបន់ស្ងាត់ជ្រងំដែលប្រៀបដូចជាសមុទ្រ៖*+
សេចក្ដីវេទនាកំពុងមកដូចជាខ្យល់ព្យុះបក់បោកនៅភាគខាងត្បូងពីតំបន់ស្ងាត់ជ្រងំ ពីទឹកដីដែលគួរឲ្យស្ញែងខ្លាច។+
២ ព្រះបានបើកបង្ហាញឲ្យខ្ញុំឃើញក្នុងគំនិតនូវព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ដូចតទៅ៖
ពួកអ្នកក្បត់កំពុងប្រព្រឹត្តអំពើក្បត់ហើយឯពួកអ្នកបំផ្លាញក៏កំពុងបំផ្លាញដែរ។
ឱអេឡាំអើយ ចូរឡើងទៅ! ឱមេឌីអើយ+ ចូរឡោមព័ទ្ធទៅ!
ខ្ញុំនឹងបំបាត់នូវការឈឺចាប់ដែលនាង*បានបង្កឡើង។+
៣ ហេតុនេះហើយបានជាខ្ញុំកើតទុក្ខយ៉ាងខ្លាំង។+
ខ្ញុំឈឺចុកចាប់ពើតផ្សា ដូចស្ត្រីកំពុងសម្រាលកូនខ្ញុំពិបាកចិត្តយ៉ាងខ្លាំងរហូតដល់លែងចង់ស្ដាប់ខ្ញុំថប់បារម្ភដល់ម្ល៉េះបានជាលែងចង់ឃើញទៀត។
៤ ខ្ញុំភ័យតក់ស្លុត ហើយចិត្តក៏ខ្សោយទៅ។
សូម្បីតែពន្លឺពេលល្ងាចដែលខ្ញុំចង់ឃើញក៏ធ្វើឲ្យខ្ញុំញាប់ញ័រដែរ។
៥ ចូររៀបចំតុនិងកៅអី! ហើយបរិភោគអាហារនិងផឹកស្រាចុះ!+ឱពួកអ្នកគ្រប់គ្រងអើយ! ចូរក្រោកឡើងចាក់ប្រេងលើខែលទៅ!
៦ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំដូច្នេះថា៖
«ចូរដាក់អ្នកយាមម្នាក់ឲ្យយាមល្បាត ហើយឲ្យគាត់រាយការណ៍អំពីអ្វីដែលគាត់ឃើញ»។
៧ គាត់បានឃើញរទេះចម្បាំងទឹមដោយសេះរទេះចម្បាំងទឹមដោយសត្វលា និងរទេះចម្បាំងទឹមដោយសត្វអូដ្ឋ។
គាត់ខំសម្លឹងមើលយ៉ាងប្រុងប្រយ័ត្ននិងដោយយកចិត្តទុកដាក់។
៨ បន្ទាប់មក គាត់ស្រែកឡើងដូចជាសត្វតោថា៖
«ឱព្រះយេហូវ៉ាអើយ! ពេលថ្ងៃ ខ្ញុំឈរនៅលើប៉មយាមជានិច្ចហើយរាល់យប់ក៏ខ្ញុំឈរនៅត្រង់កន្លែងយាមដែរ។+
៩ មើល! ពួកគេកំពុងមកហើយគឺពួកទាហានជិះលើរទេះចម្បាំងទឹមដោយសេះ!»។+
រួចមក គាត់ស្រែកឡើងថា៖
«ក្រុងបាប៊ីឡូនបានរលំហើយ! ក្រុងបាប៊ីឡូនបានរលំហើយ!+
ឯរូបព្រះទាំងប៉ុន្មានក្នុងក្រុងនោះ បានត្រូវវាយកម្ទេចឲ្យធ្លាក់រាត់រាយលើដីហើយ!»។+
១០ ឱជនរួមជាតិខ្ញុំដែលត្រូវគេជាន់ឈ្លី*អើយ!
អ្នករាល់គ្នាប្រៀបដូចជាផលពីទីលានបញ្ជាន់ស្រូវ+ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីអ្វីដែលខ្ញុំបានឮពីព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃអ៊ីស្រាអែល។
១១ នេះជាសេចក្ដីប្រកាសទាស់នឹងតំបន់ឌូម៉ា។*
មានបុគ្គលម្នាក់កំពុងស្រែកហៅខ្ញុំពីតំបន់ភ្នំសៀថា៖+
«អ្នកយាមអើយ ដល់កាលណាទើបភ្លឺ? អ្នកយាម ដល់ពេលណាទើបភ្លឺ?»។
១២ អ្នកយាមឆ្លើយថា៖ «ទៀបភ្លឺហើយ តែយប់ក៏ខិតមកដល់ដែរ។
បើអ្នកចង់ដឹង ចូរមកសួរចុះ។ ចូរមកម្ដងទៀត!»។
១៣ នេះជាសេចក្ដីប្រកាសទាស់នឹងតំបន់ស្ងាត់ជ្រងំ៖
ឱក្បួនរទេះដេដាន់អើយ!+នៅពេលយប់ អ្នករាល់គ្នានឹងស្នាក់នៅក្នុងព្រៃនៃតំបន់ស្ងាត់ជ្រងំ។
១៤ ឱអ្នកតំបន់តេម៉ាអើយ!+ ចូរយកទឹកទៅឲ្យអ្នកដែលកំពុងស្រេកចុះហើយយកនំប៉័ងទៅឲ្យអ្នកដែលកំពុងរត់គេចផង។
១៥ ព្រោះពួកគេបានរត់គេចពីដាវ គឺពីដាវដែលគេហូតចេញពីស្រោមហើយរត់គេចពីធ្នូដែលគេយឹតបម្រុងបាញ់ និងពីសង្គ្រាមដ៏ឃោរឃៅ។
១៦ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំដូច្នេះថា៖ «ក្នុងអំឡុងមួយឆ្នាំដែលប្រៀបដូចជាឆ្នាំនៃកម្មករស៊ីឈ្នួល* ភាពរុងរឿងរបស់កេដា+នឹងរលាយសាបសូន្យទៅ។
១៧ ពលធ្នូដ៏ខ្លាំងពូកែរបស់ស្រុកកេដានឹងនៅសេសសល់តែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលបានមានប្រសាសន៍ហើយ»។
កំណត់សម្គាល់
^ តាមមើលទៅនេះសំដៅលើតំបន់ក្នុងស្រុកបាប៊ីឡូនពីបុរាណ
^ តាមមើលទៅនេះសំដៅលើស្រុកបាប៊ីឡូន
^ ឬ«ត្រូវគេជាន់ឈ្លីដូចបញ្ជាន់ស្រូវ»
^ មានន័យថា«នៅស្ងៀម»
^ ឬ«បានរាប់ដោយហ្មត់ចត់ដូចកម្មករស៊ីឈ្នួលរាប់ដែរ»។ នោះសំដៅលើមួយឆ្នាំគត់