អេសាយ ២០:១-៦
-
សញ្ញាសម្គាល់ទាស់នឹងអេហ្ស៊ីបនិងអេត្យូពី (១-៦)
២០ នៅឆ្នាំដែលស្ដេចសាកនជាស្ដេចស្រុកអាស៊ីរីបានចាត់ថើថាន*ឲ្យទៅក្រុងអាសូត+ ថើថានក៏បានច្បាំងឈ្នះ ហើយដណ្ដើមយកបានក្រុងនោះ។+
២ នៅគ្រានោះ ព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអេសាយ+ជាកូនអាម៉ុសថា៖ «ចូរដោះបាវចេញពីចង្កេះអ្នក ព្រមទាំងដោះស្បែកជើងចេញដែរ»។ អេសាយក៏ធ្វើតាមបង្គាប់លោក ដោយស្លៀកតែសម្លៀកបំពាក់ក្នុង ហើយដើរជើងទទេ។
៣ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «មើល! ដូចអេសាយជាអ្នកបម្រើខ្ញុំបានដើរដោយមានតែសម្លៀកបំពាក់ក្នុង និងដើរដោយជើងទទេអស់រយៈពេលបីឆ្នាំ ទុកជាសញ្ញាសម្គាល់+និងជាការព្រមានអំពីអ្វីដែលនឹងកើតឡើងចំពោះស្រុកអេហ្ស៊ីប+និងស្រុកអេត្យូពី+
៤ នោះស្ដេចស្រុកអាស៊ីរីនឹងចាប់ជនជាតិអេហ្ស៊ីប+និងជនជាតិអេត្យូពីទាំងក្មេងទាំងចាស់យកទៅធ្វើជាឈ្លើយ ហើយនាំពួកគេទៅទាំងជើងទទេ និងខ្លួនអាក្រាតលេចគូទ។ យ៉ាងនោះ ពួកអេហ្ស៊ីបនឹងអាម៉ាស់មុខជាខ្លាំង
៥ ហើយពួកអ្នកដែលយកស្រុកអេត្យូពីជាទីសង្ឃឹម និងយកស្រុកអេហ្ស៊ីបជាទីអួតអាង នឹងត្រូវខ្មាស ហើយភ័យតក់ស្លុត។
៦ នៅគ្រានោះ ពួកអ្នករស់នៅតាមតំបន់ឆ្នេរនឹងនិយាយថា៖ ‹មើល! ស្រុកដែលជាទីសង្ឃឹមរបស់យើង ដែលយើងរត់ទៅពឹងឲ្យរួចពីស្ដេចស្រុកអាស៊ីរី បានធ្លាក់ដល់កម្រិតនេះទៅហើយ! តើធ្វើដូចម្ដេចឲ្យយើងរួចខ្លួនបានទៅ?›»។
កំណត់សម្គាល់
^ ឬ«មេបញ្ជាការ»