សៀវភៅសាំយូអែលទី២ ៣:១-៣៩

  • ក្រុម​គ្រួសារ​របស់​ដាវីឌ​កាន់​តែ​ខ្លាំង​ឡើង (​)

  • កូន​ប្រុស​ៗ​របស់​ដាវីឌ (​២​-​៥)

  • អាប់ណឺ​ចូល​ដៃ​ជា​មួយ​នឹង​ដាវីឌ (​៦​-​២១)

  • យ៉ូអាប់​សម្លាប់​អាប់ណឺ (​២២​-​៣០)

  • ដាវីឌ​យំ​កាន់​ទុក្ខ​អាប់ណឺ (​៣១​-​៣៩)

 ក្រុម​គ្រួសារ​របស់​សុល​និង​ក្រុម​គ្រួសារ​របស់​ដាវីឌ ច្បាំង​គ្នា​ឥត​ស្រាក​ស្រាន្ត។ ដាវីឌ​កាន់​តែ​ខ្លាំង​ឡើង​ឥត​ឈប់+ ចំណែក​ក្រុម​គ្រួសារ​របស់​សុល​កាន់​តែ​ចុះ​ខ្សោយ។+ ២  នៅ​អំឡុង​ពេល​នោះ ដាវីឌ​មាន​កូន​ប្រុស​ជា​ច្រើន​នៅ​ក្រុង​ហេប្រុន។+ កូន​ប្រុស​ទី​១​ឈ្មោះ​អាំណូន+ មាន​ម្ដាយ​ឈ្មោះ​អាហ៊ីណោម+ជា​អ្នក​ក្រុង​យេសរៀល។ ៣  កូន​ប្រុស​ទី​២​ឈ្មោះ​គីលាប មាន​ម្ដាយ​ឈ្មោះ​អាប៊ីកែល+ជា​អ្នក​ក្រុង​កើមែល​ដែល​ធ្លាប់​ជា​ប្រពន្ធ​របស់​ណាបាល។ កូន​ប្រុស​ទី​៣​ឈ្មោះ​អាប់សាឡំ+ មាន​ម្ដាយ​ឈ្មោះ​ម៉ាអាកា​ជា​កូន​ស្រី​របស់​តាល់ម៉ាយ+ស្ដេច​ស្រុក​កេសឺ។ ៤  កូន​ប្រុស​ទី​៤​ឈ្មោះ​អាដូនីយ៉ា+ មាន​ម្ដាយ​ឈ្មោះ​ហាគីត និង​កូន​ប្រុស​ទី​៥​ឈ្មោះ​សេផាធា មាន​ម្ដាយ​ឈ្មោះ​អាប៊ីថុល។ ៥  កូន​ប្រុស​ទី​៦​ឈ្មោះ​អ៊ីតរៀម មាន​ម្ដាយ​ឈ្មោះ​អេកឡា។ កូន​ប្រុស​ទាំង​នេះ​របស់​ដាវីឌ​កើត​នៅ​ក្រុង​ហេប្រុន។ ៦  ក្នុង​អំឡុង​សង្គ្រាម​ឥត​ឈប់​រវាង​ក្រុម​គ្រួសារ​របស់​សុល​និង​ក្រុម​គ្រួសារ​របស់​ដាវីឌ នោះ​អាប់ណឺ+មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ក្រុម​គ្រួសារ​របស់​សុល។ ៧  សុល​មាន​ប្រពន្ធ​បន្ទាប់​ឈ្មោះ​រីសផា+ ជា​កូន​ស្រី​របស់​អេយ៉ា។ ក្រោយ​មក អ៊ីសបូសែត+និយាយ​ទៅ​អាប់ណឺ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​ឪពុក​ខ្ញុំ?​»។+ ៨  ពេល​អាប់ណឺ​ឮ​ដូច្នោះ គាត់​ក្ដៅ​ឆួល​ជា​ខ្លាំង ហើយ​និយាយ​ទៅ​អ៊ីសបូសែត​ថា​៖ ​«​តើ​ខ្ញុំ​ជា​ឆ្កែ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ក្រុម​គ្រួសារ​សុល​ដែល​ជា​ឪ​ពុក​របស់​អ្នក និង​បង​ប្អូន​ញាតិ​មិត្ត​របស់​សុល។ ខ្ញុំ​មិន​បាន​ក្បត់​អ្នក ដោយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ដាវីឌ​ទេ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ អ្នក​បែរ​ជា​ហៅ​ខ្ញុំ​មក​ចោទ​សួរ ព្រោះ​តែ​រឿង​ស្ត្រី​ទៅ​វិញ។ ៩  សូម​ព្រះ​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ បើ​ខ្ញុំ​មិន​គាំទ្រ​ដាវីឌ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​គាត់​ថា+ ១០  លោក​នឹង​ផ្ទេរ​រាជាណាចក្រ​ពី​ក្រុម​គ្រួសារ​របស់​សុល​ទៅ​ឲ្យ​ដាវីឌ ដើម្បី​ឲ្យ​គាត់​ធ្វើ​ជា​ស្ដេច​ច​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា​»។+ ១១  ពេល​អ៊ីសបូសែត​ឮ​ដូច្នោះ គាត់​មិន​ហ៊ាន​និយាយ​ត​ទៅ​ទៀត​ទេ ព្រោះ​គាត់​ខ្លាច​អាប់ណឺ។+ ១២  អាប់ណឺ​ប្រញាប់​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ប្រាប់​ដាវីឌ​ថា​៖ ​«​តើ​ទឹក​ដី​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ណា?​»។ គាត់​ឲ្យ​អ្នក​នាំ​ពាក្យ​នោះ​ប្រាប់​ថែម​ទៀត​ថា​៖ ​«​សូម​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​គាំទ្រ​លោក ហើយ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ប្រគល់​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​ឲ្យ​ទៅ​លោក​»។+ ១៣  ដាវីឌ​តប​ទៅ​វិញ​ថា​៖ ​«​ល្អ! ខ្ញុំ​យល់​ព្រម​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក លុះ​ត្រា​តែ​អ្នក​នាំ​មីកាល+កូន​ស្រី​របស់​សុល​មក​ឲ្យ​ខ្ញុំ​សិន។ បើ​មិន​ដូច្នេះ​ទេ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ​»។ ១៤  រួច​មក ដាវីឌ​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ប្រាប់​អ៊ីសបូសែត+កូន​ប្រុស​របស់​សុល​ថា​៖ ​«​ចូរ​ឲ្យ​មីកាល​មក​ខ្ញុំ​វិញ គឺ​ប្រពន្ធ​ដែល​ខ្ញុំ​បាន​ភ្ជាប់​ពាក្យ​ដោយ​ជំនូន​ចុង​ស្បែក​របស់​ពួក​ភីលីស្ទីន​ចំនួន​១០០​»។+ ១៥  ដូច្នេះ អ៊ីសបូសែត​បាន​ចាត់​គេ​ឲ្យ​ទៅ​យក​មីកាល​ពី​ផាលធាល​ដែល​ជា​ប្ដី។ ផាលធាល+ជា​កូន​ប្រុស​របស់​ឡាអ៊ីស។ ១៦  ប្ដី​របស់​នាង​ដើរ​តាម​ក្រោយ​នាង​បណ្ដើរ យំ​បណ្ដើរ​រហូត​ដល់​ភូមិ​បាហ៊ូរីម។+ ពេល​នោះ​អាប់ណឺ​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​វិញ​ទៅ!​»។ គាត់​ក៏​ត្រឡប់​ទៅ​វិញ។ ១៧  ដំណាល​គ្នា​នោះ​ដែរ អាប់ណឺ​បាន​ឲ្យ​គេ​ទៅ​ប្រាប់​បុរស​ចាស់​ទុំ​នៃ​ពួក​អ៊ីស្រាអែល​ថា​៖ ​«​អស់​មួយ​រយៈ​ហើយ​ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ដាវីឌ​ធ្វើ​ជា​ស្ដេច​របស់​អ្នក​រាល់​គ្នា។ ១៨  ឥឡូវ​សូម​ធ្វើ​តាម​បំណង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ចុះ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ដាវីឌ​ថា​៖ ‹ខ្ញុំ​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន និង​ពី​កណ្ដាប់​ដៃ​សត្រូវ​ទាំង​អស់ តាម​រយៈ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ›​»។+ ១៩  បន្ទាប់​មក អាប់ណឺ​បាន​ទៅ​និយាយ​ជា​មួយ​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន។+ រួច​មក អាប់ណឺ​បាន​ទៅ​ក្រុង​ហេប្រុន​ដើម្បី​និយាយ​ជា​មួយ​នឹង​ដាវីឌ​តែ​ពីរ​នាក់ អំពី​អ្វី​ដែល​ពួក​អ៊ីស្រាអែល​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ទាំង​មូល​បាន​យល់​ព្រម។ ២០  ពេល​អាប់ណឺ​និង​បុរស​២០​នាក់​ទៅ​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន ដាវីឌ​បាន​ធ្វើ​ពិធី​ជប់​លៀង​ទទួល​ពួក​គេ។ ២១  រួច​មក អាប់ណឺ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ទៅ​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​មក​ឯ​លោក​ម្ចាស់​ដែល​ជា​ស្ដេច​របស់​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​លោក។ រួច​លោក​នឹង​ទៅ​ជា​ស្ដេច​គ្រប់​គ្រង​លើ​អ្វី​ទាំង​អស់​ដែល​លោក​ចង់​បាន​»។ ដូច្នេះ ដាវីឌ​បាន​ជូន​ដំណើរ​អាប់ណឺ ហើយ​គាត់​បាន​ចេញ​ទៅ​ដោយ​សុខ​សាន្ត។ ២២  ពេល​នោះ​យ៉ូអាប់​និង​អ្នក​បម្រើ​ជា​ច្រើន​របស់​ដាវីឌ​ត្រឡប់​មក​ពី​វាយលុក​សត្រូវ​វិញ។ ពួក​គេ​បាន​នាំ​យក​ជ័យ​ភណ្ឌ​ច្រើន​សន្ធឹក​មក​ជា​មួយ។ ប៉ុន្តែ ពេល​នោះ​អាប់ណឺ​មិន​បាន​នៅ​ជា​មួយ​នឹង​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ព្រោះ​ដាវីឌ​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​ដោយ​សុខ​សាន្ត។ ២៣  ពេល​យ៉ូអាប់+និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​ត្រឡប់​មក​វិញ មាន​គេ​ប្រាប់​យ៉ូអាប់​ថា​៖ ​«​អាប់ណឺ+កូន​ប្រុស​របស់​ណឺ+បាន​មក​ជួប​ស្ដេច ហើយ​លោក​បាន​ឲ្យ​គាត់​ទៅ​វិញ​ដោយ​សុខ​សាន្ត​»។ ២៤  ដូច្នេះ យ៉ូអាប់​ចូល​ទៅ​ជួប​ស្ដេច ហើយ​សួរ​ថា​៖ ​«​ម្ដេច​ក៏​លោក​ធ្វើ​យ៉ាង​នេះ? ខ្ញុំ​ឮ​ថា​អាប់ណឺ​បាន​មក​ជួប​លោក។ ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​គាត់​ចេញ​ទៅ​ដោយ​សុវត្ថិភាព? ២៥  លោក​ស្គាល់​អាប់ណឺ​កូន​ប្រុស​របស់​ណឺ​ស្រាប់​ហើយ! គាត់​មក​ទី​នេះ​ដើម្បី​បញ្ឆោត​លោក និង​ដើម្បី​សង្កេត​អំពី​សកម្មភាព​និង​កិច្ចការ​ទាំង​អស់​របស់​លោក​តែ​ប៉ុណ្ណោះ​»។ ២៦  លុះ​យ៉ូអាប់​ចេញ​ពី​ដាវីឌ​ហើយ យ៉ូអាប់​ក៏​ចាត់​ពួក​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​តាម​អាប់ណឺ។ ពួក​អ្នក​នាំ​ពាក្យ​បាន​នាំ​អាប់ណឺ​ពី​កន្លែង​អណ្ដូង​ស៊ីរ៉ា​ត្រឡប់​មក​វិញ។ ប៉ុន្តែ ដាវីឌ​មិន​បាន​ដឹង​ថា​យ៉ូអាប់​ធ្វើ​ដូច្នោះ​ទេ។ ២៧  ពេល​អាប់ណឺ​ត្រឡប់​មក​ក្រុង​ហេប្រុន​វិញ+ យ៉ូអាប់​បាន​នាំ​គាត់​ទៅ​និយាយ​គ្នា​តែ​ពីរ​នាក់​នៅ​ខាង​ក្នុង​កំពែង​ក្រុង។ ពេល​នោះ​យ៉ូអាប់​ចាក់​ពោះ​អាប់ណឺ ហើយ​គាត់​ក៏​ស្លាប់​ទៅ។+ យ៉ូអាប់​សម្លាប់​អាប់ណឺ​ដើម្បី​សង​សឹក​ឲ្យ​អាសាអែល​ដែល​ជា​ប្អូន។+ ២៨  ក្រោយ​ពី​ដាវីឌ​ឮ​អំពី​រឿង​នោះ គាត់​និយាយ​ថា​៖ ​«​ស្ដី​អំពី​ការ​ស្លាប់​របស់​អាប់ណឺ​កូន​ប្រុស​របស់​ណឺ ខ្ញុំ​និង​រាជាណាចក្រ​របស់​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។+ ២៩  សូម​ឲ្យ​ទោស​កំហុស​នោះ​ធ្លាក់​ទៅ​លើ​យ៉ូអាប់+ និង​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ឪពុក​គាត់។ សូម​ឲ្យ​ក្រុម​គ្រួសារ​យ៉ូអាប់​តែង​តែ​មាន​មនុស្ស​ដែល​កើត​ជំងឺ​ហូរ​ខ្ទុះ​តាម​ប្រដាប់​ភេទ+ ឬ​កើត​ឃ្លង់+ ឬ​ពិការ* ឬ​ស្លាប់​ដោយ​ដាវ ឬ​គ្មាន​អាហារ​បរិភោគ!​»។+ ៣០  យ៉ូអាប់​និង​អាប៊ីសាយ+ជា​បង ពួក​គេ​បាន​សម្លាប់​អាប់ណឺ+ ដោយ​សារ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​នៅ​ទឹក​ដី​ក្រុង​គីបៀន អាប់ណឺ​បាន​សម្លាប់​អាសាអែល​ជា​ប្អូន​របស់​ពួក​គេ។+ ៣១  រួច​មក ដាវីឌ​និយាយ​ទៅ​យ៉ូអាប់​និង​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​ថា​៖ ​«​ចូរ​ហែក​អាវ រួច​ស្លៀក​បាវ ហើយ​យំ​សោក​នឹង​អាប់ណឺ​»។ ស្ដេច​ដាវីឌ​ដើរ​ពី​ក្រោយ​ក្ដារ​មឈូស​របស់​អាប់ណឺ។ ៣២  រួច​គេ​បាន​បញ្ចុះ​សព​អាប់ណឺ​នៅ​ក្រុង​ហេប្រុន។ ស្ដេច​ទ្រហោ​យំ​នៅ​ទី​បញ្ចុះ​សព​អាប់ណឺ ហើយ​បណ្ដា​ជន​ទាំង​អស់​ក៏​យំ​ដែរ។ ៣៣  ស្ដេច​ទួញ​ទំនួញ​អំពី​អាប់ណឺ​ដូច​ត​ទៅ​៖ ​«​ហេតុ​អ្វី​អាប់ណឺ​ស្លាប់​ដោយ​គ្មាន​កិត្តិយស​ដូច្នេះ? ៣៤  ដៃ​របស់​អ្នក​មិន​ជាប់​ចំណងហើយ​ជើង​របស់​អ្នក​ក៏​មិន​ជាប់​ខ្នោះ​ដែរ។ អ្នក​ស្លាប់​ដូច​មនុស្ស​ដែល​ឧក្រិដ្ឋជន​បាន​សម្លាប់​»។+ ពេល​បណ្ដា​ជន​ទាំង​អស់​ឮ​ដូច្នោះ ពួក​គេ​យំ​សោក​ម្ដង​ទៀត។ ៣៥  ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​បាន​យក​អាហារ*មក​ឲ្យ​ដាវីឌ​បរិភោគ កាល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ។ ប៉ុន្តែ ដាវីឌ​បាន​ស្បថ​ថា​៖ ​«​បើ​ខ្ញុំ​បរិភោគ​អាហារ​សូម្បី​តែ​បន្តិច​មុន​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ!​»។+ ៣៦  ពេល​បណ្ដា​ជន​ទាំង​អស់​ឃើញ​ទង្វើ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ដាវីឌ ពួក​គេ​ពេញ​ចិត្ត​គាត់ ដូច​ដែល​ពួក​គេ​ពេញ​ចិត្ត​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​កន្លង​មក។ ៣៧  ដូច្នេះ នៅ​ថ្ងៃ​នោះ បណ្ដា​ជន​ទាំង​នោះ​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ជឿ​ជាក់​ថា ស្ដេច​មិន​បាន​បញ្ជា​គេ​ឲ្យ​សម្លាប់​អាប់ណឺ​កូន​ប្រុស​របស់​ណឺ​ទេ។+ ៣៨  ស្ដេច​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា នៅ​ថ្ងៃ​នេះ​យើង​បាន​បាត់​បង់​មេ​ទ័ព​ដែល​ជា​មនុស្ស​សំខាន់​មួយ​រូប​ក្នុង​ស្រុក​អ៊ីស្រាអែល។+ ៣៩  ទោះ​ជា​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​ក៏​ដោយ+ តែ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​មិន​សូវ​មាន​អំណាច​ទេ* ហើយ​កូន​ប្រុស​ៗ​របស់​សេរូយ៉ា+ ពួក​គេ​សាហាវ​ឃោរ​ឃៅ​ណាស់។+ ដូច្នេះ សូម​ព្រះ​យេហូវ៉ា​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​របស់​ពួក​គេ​ចុះ​»។+

កំណត់សម្គាល់

បុរស​ដែល​អាច​ធ្វើ​តែ​កិច្ចការ​មនុស្ស​ស្រី​ប៉ុណ្ណោះ។ គាត់​មិន​អាច​ចូល​រួម​ក្នុង​សង្គ្រាម ឬ​ធ្វើ​កិច្ចការ​ដែល​មនុស្ស​ប្រុស​ធ្វើ​បាន​ទេ
ន័យ​ត្រង់​«​នំ​ប៉័ង​នៃ​ការ​សម្រាល​ទុក្ខ​»​
ឬ​«​ខ្ញុំ​ខ្សោយ​»​