សៀវភៅសាំយូអែលទី២ ២៤:១-២៥

  • ដាវីឌ​ធ្វើ​ខុស​ដោយ​រាប់​ចំនួន​បណ្ដា​ជន (​១​-​១៤)

  • រោគ​រាត​ត្បាត​សម្លាប់​អស់​៧០.០០០​នាក់ (​១៥​-​១៧)

  • ដាវីឌ​សង់​ទី​បូជា (​១៨​-​២៥)

    • គ្មាន​គ្រឿង​បូជា​ដែល​មិន​ចំណាយ​ប្រាក់​ទេ (​២៤)

២៤  ជា​ថ្មី​ម្ដង​ទៀត ព្រះ​យេហូវ៉ា​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល+ ពេល​បុគ្គល​ម្នាក់​ប្រាប់​ដាវីឌ​ថា​៖ ​«​ចូរ​ទៅ​រាប់​ចំនួន​បណ្ដា​ជន+អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា​»។+ ២  ដូច្នេះ ស្ដេច​និយាយ​ទៅ​យ៉ូអាប់+ជា​មេ​ទ័ព​ថា​៖ ​«​សូម​ទៅ​រាប់​ចំនួន​បណ្ដា​ជន*នៃ​កុលសម្ព័ន្ធ​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា+ ព្រោះ​ខ្ញុំ​ចង់​ដឹង​ចំនួន​បណ្ដា​ជន​»។ ៣  ប៉ុន្តែ យ៉ូអាប់​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ម្ចាស់​បង្កើន​ចំនួន​បណ្ដា​ជន​១០០​ដង ហើយ​សូម​ឲ្យ​ស្ដេច​ជា​ម្ចាស់​ឃើញ​ការ​កើន​ឡើង​នោះ​ផង​ចុះ។ តែ​ខ្ញុំ​សុំ​សួរ​ស្ដេច​ជា​ម្ចាស់​ថា ហេតុ​អ្វី​លោក​ចង់​ដឹង​ចំនួន​ដូច្នេះ?​»។ ៤  ប៉ុន្តែ ទោះ​ជា​យ៉ូអាប់​និង​ពួក​មេ​ទ័ព​និយាយ​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ដេច​មិន​ព្រម​ស្ដាប់​ពួក​គេ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​រាប់​ចំនួន​បណ្ដា​ជន​អ៊ីស្រាអែល។+ ៥  ពួក​គេ​ឆ្លង​ទន្លេយ៉ូដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង*ក្រុង​អារ៉ូអ៊ើរ+ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ រួច​ពួក​គេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​របស់​កុលសម្ព័ន្ធ​កាដ និង​ក្រុង​យ៉ាសឺ។+ ៦  បន្ទាប់​មក ពួក​គេ​ទៅ​ស្រុក​គីលាត+និង​ស្រុក​ថាធីមហ៊ុដស៊ី រួច​បន្ត​ទៅ​ដាន់យ៉ាន​និង​តំបន់​ស៊ីដូន។+ ៧  ក្រោយ​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​បន្ទាយ​ក្រុង​ទីរ៉ុស+ និង​ក្រុង​ទាំង​អស់​របស់​ជន​ជាតិ​ហេវី+និង​ជន​ជាតិ​កាណាន ហើយ​ចុង​ក្រោយ​ពួក​គេ​ទៅ​ក្រុង​បៀរសេបា+ក្នុង​តំបន់​ណេកេប+ដែល​ជា​ទឹក​ដី​យូដា។ ៨  ក្រោយ​ពី​ពួក​គេ​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ទាំង​នោះ​អស់​ចំនួន​៩​ខែ​២០​ថ្ងៃ​ហើយ ពួក​គេ​ក៏​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ។ ៩  យ៉ូអាប់​បាន​ប្រាប់​ស្ដេច​អំពី​ចំនួន​បណ្ដា​ជន។ ពួក​អ៊ីស្រាអែល​ដែល​អាច​ចេញ​ច្បាំង​បាន មាន​ចំនួន​៨០០.០០០​នាក់ និង​បុរស​យូដា​មាន​ចំនួន​៥០០.០០០​នាក់។+ ១០  ប៉ុន្តែ ក្រោយ​ពី​ដាវីឌ​បាន​ឲ្យ​គេ​រាប់​ចំនួន​បណ្ដា​ជន​ហើយ គាត់​មាន​ការ​ស្ដាយ​ក្រោយ​ជា​ខ្លាំង។+ គាត់​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​ខុស​ធ្ងន់​ណាស់+ដែល​បាន​ធ្វើ​បែប​នេះ សូម​ព្រះ​យេហូវ៉ា​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ផង+ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​មិន​គិត​ពិចារណា​សោះ​»។+ ១១  កាល​ដែល​ដាវីឌ​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក នោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​កាដ+ដែល​ជា​អ្នក​ប្រកាស​ទំនាយ និង​ជា​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដើម្បី​ជួយ​ណែនាំ​ដាវីឌ​ថា​៖ ១២  ​«​ចូរ​ទៅ​ប្រាប់​ដាវីឌ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​ឲ្យ​ជម្រើស​បី​ដល់​អ្នក។ ចូរ​ជ្រើស​យក​មួយ ហើយ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​តាម​ជម្រើស​នោះ​»​›​»។+ ១៣  ដូច្នេះ កាដ​បាន​ចូល​ទៅ​ជួប​ដាវីឌ ហើយ​ប្រាប់​ថា​៖ ​«​តើ​អ្នក​ចង់​ឲ្យ​ស្រុក​កើត​មាន​ការ​អត់​ឃ្លាន​អស់​៧​ឆ្នាំ+ ឬ​អ្នក​ចង់​រត់​គេច​ពី​សត្រូវ​ដែល​ដេញ​សម្លាប់​អស់​៣​ខែ+ ឬ​មួយ​ក៏​ចង់​ឲ្យ​មាន​រោគ​រាត​ត្បាត​ក្នុង​ស្រុក​អស់​៣​ថ្ងៃ?+ សូម​អ្នក​ពិចារណា​ឲ្យ​បានដិត​ដល់ ហើយ​ប្រាប់​ខ្ញុំ​ជម្រើស​មួយ ដើម្បី​ខ្ញុំ​អាច​ជម្រាប​ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ ១៤  ដាវីឌ​និយាយ​ទៅ​កាដ​ថា​៖ ​«​ខ្ញុំ​ពិបាក​ជ្រើស​រើស​ខ្លាំង​ណាស់។ សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា​ចុះ+ ព្រោះ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង+ តែ​សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​ឡើយ​»។+ ១៥  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​រោគ​រាត​ត្បាត+ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់។ ហេតុ​នេះ បណ្ដា​ជន​ចំនួន​៧០.០០០​នាក់​បាន​ស្លាប់+ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា។+ ១៦  ពេល​ទេវតា​របស់​ព្រះ​កំពុង​សន្ធឹង​ដៃ​ហៀបនឹង​បំផ្លាញ​បណ្ដា​ជន​ក្នុង​ក្រុង​យេរូសាឡិម ព្រះ​យេហូវ៉ា​ក៏​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ។+ លោក​មាន​ប្រសាសន៍​ទៅ​ទេវតា​នោះ​ថា​៖ ​«​ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៀត​ទៅ!​»។ នៅ​ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​កំពុង​នៅ​ជិត​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អារ៉ោណា+ជា​ជន​ជាតិ​យេប៊ូស។+ ១៧  ពេល​ដាវីឌ​ឃើញ​ទេវតា​ដែល​សម្លាប់​បណ្ដា​ជន គាត់​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​គឺ​ខ្ញុំ​ទេ​ជា​អ្នក​ធ្វើ​ខុស។ ខ្ញុំ​គឺ​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ចំណែក​បណ្ដា​ជន​ទាំង​នេះ*+ ពួក​គេ​មិន​បាន​ធ្វើ​ខុស​ទេ។ សូម​លោក​ដាក់​ទោស​ខ្ញុំ និង​ពូជ​ពង្ស​របស់​ឪពុក​ខ្ញុំ​ចុះ​»។+ ១៨  ដូច្នេះ នៅ​ថ្ងៃ​នោះ​កាដ​បាន​មក​ជួប​ដាវីឌ។ គាត់​ប្រាប់​ដាវីឌ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​ទៅ​ដំឡើង​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អារ៉ោណា​ជន​ជាតិ​យេប៊ូស​»។+ ១៩  ដូច្នេះ ដាវីឌ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​ប្រាប់​តាម​រយៈ​កាដ។ ២០  ពេល​អារ៉ោណា​ក្រឡេក​ទៅ​ឃើញ​ស្ដេច​និង​ពួក​អ្នក​បម្រើ​ស្ដេច​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​រក​គាត់ នោះ​គាត់​ប្រញាប់​ប្រញាល់​ចេញ​ទៅ​ក្រាប​គោរព​ស្ដេច​ដល់​ដី។ ២១  អារ៉ោណា​សួរ​ថា​៖ ​«​តើ​ស្ដេច​ជា​ម្ចាស់​មក​ជួប​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​មាន​ការ​អ្វី​ដែរ?​»។ ដាវីឌ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មក​ទិញ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អ្នក ដើម្បី​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ ទុក្ខ​វេទនា​របស់​បណ្ដា​ជន​នឹង​លែង​មាន​ទៀត​»។+ ២២  ប៉ុន្តែ អារ៉ោណា​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ខ្ញុំ​សូម​ប្រគល់​ទី​លាន​នេះ​ជូន​ស្ដេច​ជា​ម្ចាស់ ហើយ​សូម​លោក​ធ្វើ​តាម​បំណង​ចិត្ត​លោក​ចុះ។ នេះ​ជា​សត្វ​គោ​សម្រាប់​ធ្វើ​ជា​គ្រឿង​បូជា​ដុត និង​ក្ដារ​បញ្ជាន់​ស្រូវ ព្រម​ទាំង​នឹម​គោ​សម្រាប់​ធ្វើ​ជា​អុស។ ២៣  ឱ​ស្ដេច​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រគល់​របស់​ទាំង​អស់​នេះ​ជូន​ស្ដេច​»។ រួច​អារ៉ោណា​និយាយ​ថែម​ទៀត​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឲ្យ​ពរ​លោក​»។ ២៤  ប៉ុន្តែ ស្ដេច​ដាវីឌ​បាន​បដិសេធ​ថា​៖ ​«​ទេ ខ្ញុំ​នឹង​ទិញ​ពី​អ្នក​ពេញ​តម្លៃ ព្រោះ​ខ្ញុំ​មិន​ព្រម​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ ដោយ​មិន​ចំណាយ​អ្វី​ឡើយ​»។ ដូច្នេះ ដាវីឌ​បាន​ទិញ​ទី​លាន​បញ្ជាន់​ស្រូវ​និង​សត្វ​គោ​ក្នុង​តម្លៃ​ប្រាក់​៥០​ហ្សេគិល។*+ ២៥  បន្ទាប់​មក ដាវីឌ​បាន​សង់​ទី​បូជា​មួយ+ជូន​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ ហើយ​បាន​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​លោក។ រួច​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​ពួក​គេ+ ហើយ​ដក​ទុក្ខ​វេទនា​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។

កំណត់សម្គាល់

ទំនង​ជា​សំដៅ​លើ​បុរស​ដែល​គ្រប់​អាយុ​ចូល​បម្រើ​កង​ទ័ព
ន័យ​ត្រង់​«​ខាង​ស្ដាំ​»​
ន័យ​ត្រង់​«​ចៀម​ទាំង​នេះ​»​
មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤