សៀវភៅសាំយូអែលទី២ ១:១-២៧

  • ដាវីឌ​ឮ​អំពី​មរណភាព​របស់​សុល (​១​-​១៦)

  • ដាវីឌ​ទួញ​ទំនួញ​អំពី​សុល​និង​យ៉ូណាថាន (​១៧​-​២៧)

 ក្រោយ​ពី​ដាវីឌ​បាន​ច្បាំង​ឈ្នះ*ជន​ជាតិ​អាម៉ាលេក គាត់​ក៏​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ដំណាល​គ្នា​នោះ​សុល​បាន​ទទួល​មរណភាព។ ដាវីឌ​អាស្រ័យ​នៅ​ក្រុង​ស៊ីកឡាក់+អស់​រយៈ​ពេល​ពីរ​ថ្ងៃ។ ២  នៅ​ថ្ងៃ​ទី​៣ មាន​យុវជន​ម្នាក់​មក​ពី​ជំរំ​ទ័ព​របស់​សុល។ គាត់​បាន​ហែក​សម្លៀក​បំពាក់ ហើយ​ដាក់​ដី​លើ​ក្បាល។ ពេល​គាត់​មក​ជួប​ដាវីឌ គាត់​ក្រាប​ក្បាល​គោរព​ដាវីឌ។ ៣  ដាវីឌ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​មក​ពី​ណា?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​រត់​គេច​ខ្លួន​ចេញ​ពី​ជំរំ​ទ័ព​អ៊ីស្រាអែល​»។ ៤  ដាវីឌ​ក៏​សួរ​ទៀត​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ តើ​មាន​អ្វី​កើត​ឡើង​នៅ​សមរភូមិ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ពួក​ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព​រត់​ចេញ​ពី​សមរភូមិ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាត់​បង់​ជីវិត សូម្បី​តែ​សុល​និង​យ៉ូណាថាន​ជា​កូន​ប្រុស​គាត់​ក៏​ស្លាប់​ដែរ​»។+ ៥  រួច​ដាវីឌ​បន្ត​សួរ​យុវជន​ដែល​នាំ​ដំណឹង​នោះ​ថា​៖ ​«​តើ​អ្នក​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​សុល​និង​យ៉ូណាថាន​ស្លាប់?​»។ ៦  យុវជន​នោះ​ឆ្លើយ​ថា​៖ ​«​ចៃដន្យ​ពេល​នោះ​ខ្ញុំ​នៅ​លើ​ភ្នំ​គីលបោ។+ ខ្ញុំ​ឃើញ​សុល​កំពុង​ទប់​ខ្លួន​នឹង​លំពែង ហើយ​ពួក​អ្នក​បរ​រទេះ​ចម្បាំង និង​ពួក​ទាហាន​សេះ​បាន​ដេញ​តាម​គាត់​ជិត​ទាន់។+ ៧  ពេល​សុល​ងាក​មក​ឃើញ​ខ្ញុំ គាត់​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ឆ្លើយ​ថា​៖ ‹បាទ លោក​ម្ចាស់!›។ ៨  គាត់​សួរ​ខ្ញុំ​ថា​៖ ‹តើ​អ្នក​ជា​នរណា?›។ ខ្ញុំ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ជា​ជន​ជាតិ​អាម៉ាលេក›។+ ៩  រួច​គាត់​និយាយ​ថា​៖ ‹សូម​មក​ជិត​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ឈឺ​ចុក​ចាប់​ពើត​ផ្សា​ខ្លាំង​ណាស់។ ខ្ញុំ​ជិត​ស្លាប់​ហើយ›។ ១០  ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ហើយ​សម្លាប់​គាត់+ ដោយ​សារ​គាត់​ត្រូវ​របួស​ធ្ងន់​ធ្ងរ ហើយ​ខ្ញុំ​ដឹង​ថា​គាត់​ច្បាស់​ជា​មិន​រស់​ទេ។ បន្ទាប់​មក ខ្ញុំ​ដោះ​មកុដ​និង​កង​ដៃ​របស់​គាត់ រួច​យក​មក​ជូន​លោក​ម្ចាស់​»។ ១១  ពេល​ដាវីឌ​ឮ​ដូច្នោះ គាត់​ហែក​សម្លៀក​បំពាក់​របស់​គាត់។ ឯ​ពួក​បុរស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​ក៏​ធ្វើ​ដូច​គាត់​ដែរ។ ១២  ពួក​គេ​ស្រែក​យំ ហើយ​តម​អាហារ+រហូត​ដល់​ល្ងាច ដោយ​សារ​សុល យ៉ូណាថាន រាស្ត្រ​របស់​ព្រះ​យេហូវ៉ា និង​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន+បាន​ត្រូវ​គេ​សម្លាប់។ ១៣  ដាវីឌ​សួរ​យុវជន​នោះ​ថា​៖ ​«​តើ​អ្នក​ជា​នរណា ហើយ​មក​ពី​ណា?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​ជន​ជាតិ​អាម៉ាលេក ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​»។ ១៤  ដាវីឌ​សួរ​គាត់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​សម្លាប់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង?​»។+ ១៥  រួច​ដាវីឌ​ហៅ​បុរស​វ័យ​ក្មេង​ម្នាក់​មក ហើយ​បញ្ជា​ថា​៖ ​«​ចូរ​សម្លាប់​គាត់​ចោល​ភ្លាម!​»។ បុរស​នោះ​ក៏​សម្លាប់​គាត់​ចោល។+ ១៦  ដាវីឌ​និយាយ​ថា​៖ ​«​អ្នក​ស្លាប់​ដោយ​សារ​តែ​កំហុស​ខ្លួន​ឯង* ព្រោះ​អ្នក​បាន​បញ្ជាក់​ដោយ​ផ្ទាល់​មាត់​ថា អ្នក​បាន​សម្លាប់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។+ ១៧  ក្រោយ​មក ដាវីឌ​ទួញ​ទំនួញ​ថ្ងួច​ថ្ងូរ*អំពី​សុល និង​អំពី​យ៉ូណាថាន​ដែល​ជា​កូន​ប្រុស​របស់​សុល។+ ១៨  ដាវីឌ​ថែម​ទាំង​បញ្ជា​ឲ្យ​គេ​បង្រៀន​បណ្ដា​ជន​យូដា​ឲ្យ​ចេះ​ទួញ​ទំនួញ​ថ្ងួច​ថ្ងូរ​នេះ ហៅ​ថា​«​កំណាព្យ​នៃ​ធ្នូ​»។ ទំនួញ​នេះ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​យ៉ាសា ដូច​ត​ទៅ​៖+ ១៩  ​«​ឱ​អ៊ីស្រាអែល​អើយ មនុស្ស​ដ៏​រុង​រឿង​បាន​ត្រូវ​គេ​សម្លាប់​នៅ​លើ​ទី​ខ្ពស់​របស់​អ្នក។+ បុរស​អង់អាច​ក្លាហាន​បាន​ស្លាប់​ទៅ​ហើយ! ២០  កុំ​ប្រាប់​រឿង​នេះ​ដល់​ក្រុង​កាថ+កុំ​ប្រកាស​ប្រាប់​ដល់​ក្រុង​អាសកាឡូនក្រែង​លោ​កូន​ស្រី​ពួក​ភីលីស្ទីន​នាំ​គ្នា​អរ​សប្បាយក្រែង​លោ​កូន​ស្រី​ជន​ជាតិ​ដទៃ*នាំ​គ្នា​ត្រេក​អរ។ ២១  ឱ​ភ្នំ​គីលបោ​អើយ!+ សូម​កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​លើ​អ្នក​ឲ្យ​សោះហើយ​កុំ​ឲ្យ​ស្រែ​ចម្ការ​នៅ​ភ្នំ​នោះ​បង្កើត​ភោគ​ផល​ដែល​អាច​ជូន​ព្រះ​បាន​ឡើយ+ព្រោះ​នៅ​ទី​នោះ​ខែល​របស់​មនុស្ស​ខ្លាំង​ក្លា​បាន​ត្រូវ​ធ្វើ​ឲ្យ​ស្មោក​គ្រោកហើយ​ខែល​របស់​សុល​លែង​បាន​ត្រូវ​ចាក់​ប្រេង​ទៀត។ ២២  ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម ហើយ​ចាក់​ខ្លាញ់​របស់​ពួក​សត្រូវ​ខ្លាំង​ពូកែ​ទេដរាប​នោះ​ធ្នូ​របស់​យ៉ូណាថាន​និង​ដាវ​របស់​សុលមិន​ត្រឡប់​មក​វិញ​ដោយ​គ្មាន​ជ័យ​ជម្នះ​ឡើយ។+ ២៣  កាល​ដែល​នៅ​រស់ សុល​និង​យ៉ូណាថាន+ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​រាប់​អានកាល​ដែល​ពួក​គាត់​ស្លាប់ ក៏​ស្លាប់​ជា​មួយ​គ្នា​ដែរ។+ ពួក​គាត់​រហ័ស​ជាង​សត្វ​ឥន្ទ្រី+ហើយ​មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​សត្វ​តោ។+ ២៤  ឱ​ពួក​កូន​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​យំ​ស្ដាយ​ស្រណោះ​សុល​ចុះព្រោះ​លោក​ផ្ដល់​ឲ្យ​នាង​នូវ​សម្លៀក​បំពាក់​ក្រហម​ឆ្អៅ​និង​គ្រឿង​លម្អ​យ៉ាង​ប្រណីតថែម​ទាំង​បំពាក់​គ្រឿង​អលង្ការ​មាស​លើ​សម្លៀក​បំពាក់​របស់​នាង​ផង។ ២៥  ឱ​បុរស​ដ៏​ក្លាហាន​អើយ អ្នក​ស្លាប់​ក្នុង​ចម្បាំង​ហើយ! យ៉ូណាថាន​ស្លាប់​នៅ​លើ​ទី​ខ្ពស់​របស់​នាង!+ ២៦  ឱ​យ៉ូណាថាន​បង​ប្រុស​របស់​ខ្ញុំ​អើយ! ខ្ញុំ​កើត​ទុក្ខ​ក្រៀម​ក្រំ​អាល័យ​បងខ្ញុំ​ស្រឡាញ់​បង​ខ្លាំង​ណាស់។+ សេចក្ដី​ស្រឡាញ់​របស់​បង វិសេស​ជាង​សេចក្ដី​ស្រឡាញ់​របស់​ស្ត្រី​ទៅ​ទៀត។+ ២៧  បុរស​អង់អាច​ក្លាហាន​បាន​ស្លាប់​ទៅ​ហើយឯ​គ្រឿង​ចម្បាំង​ក៏​បាន​វិនាស​ទៅ​ដែរ!​»។

កំណត់សម្គាល់

ឬ​«​បានសម្លាប់​»​
ន័យ​ត្រង់​«​ឈាម​របស់​អ្នក​ធ្លាក់​មក​លើ​ក្បាល​អ្នក​វិញ​»​
ឬ​«​ចម្រៀង​សោកសៅ​»​
ន័យ​ត្រង់​«​កូន​ស្រី​របស់​ពួក​អ្នក​មិន​កាត់​ចុង​ស្បែក​»។ មើល​និយម​ន័យ​ពាក្យ​«ការ​កាត់​ចុង​ស្បែក​»​