សៀវភៅសាំយូអែលទី១ ៣១:១-១៣
-
សុលនិងកូនប្រុសបីនាក់ស្លាប់ (១-១៣)
៣១ ទាហានភីលីស្ទីនកំពុងប្រយុទ្ធនឹងទាហានអ៊ីស្រាអែល។+ ទាហានអ៊ីស្រាអែលរត់បាក់ទ័ពនៅមុខទាហានភីលីស្ទីន ហើយទាហានអ៊ីស្រាអែលជាច្រើននាក់បានត្រូវសម្លាប់នៅលើភ្នំគីលបោ។+
២ ទាហានភីលីស្ទីនបន្តដេញតាមសុលនិងកូនប្រុសៗរបស់គាត់យ៉ាងប្រកិត ហើយពួកគេបានសម្លាប់យ៉ូណាថាន+ អាប៊ីណាដាប និងម៉ាលខាយស៊ូអា ដែលជាកូនប្រុសៗរបស់សុល។+
៣ ការប្រយុទ្ធគ្នានោះកាន់តែក្ដៅគគុក ធ្វើឲ្យសុលពិបាកទប់ទល់។ ពួកខ្មាន់ធ្នូឃើញសុល រួចបាញ់គាត់របួសយ៉ាងធ្ងន់ធ្ងរ។+
៤ សុលប្រាប់អ្នកកាន់គ្រឿងចម្បាំងឲ្យគាត់ថា៖ «ចូរដកដាវសម្លាប់ខ្ញុំមក ដើម្បីកុំឲ្យជនជាតិដទៃ*+ធ្វើទារុណកម្មខ្ញុំ ហើយសម្លាប់ខ្ញុំ»។ ប៉ុន្តែ អ្នកកាន់គ្រឿងចម្បាំងមិនហ៊ានលើកដៃសម្លាប់សុលទេ ព្រោះគាត់ភ័យខ្លាចជាខ្លាំង។ ម្ល៉ោះហើយ សុលដកដាវ ហើយផ្ដួលខ្លួនពីលើដាវនោះ។+
៥ ពេលអ្នកកាន់គ្រឿងចម្បាំងឃើញថាសុលស្លាប់ហើយ+ គាត់ក៏ផ្ដួលខ្លួនពីលើដាវរបស់គាត់ ហើយស្លាប់ទៅជាមួយនឹងសុលដែរ។
៦ ដូច្នេះ សុល កូនប្រុសបីនាក់របស់គាត់ អ្នកកាន់គ្រឿងចម្បាំង និងពួកអ្នកបម្រើទាំងអស់របស់គាត់បាត់បង់ជីវិតនៅថ្ងៃនោះ។+
៧ ពេលជនជាតិអ៊ីស្រាអែលដែលនៅតំបន់ជ្រលងភ្នំនិងនៅតំបន់ទន្លេយ៉ូដាន់ឃើញថា ទាហានអ៊ីស្រាអែលបាក់ទ័ព ហើយសុលនិងកូនប្រុសៗគាត់បានស្លាប់ ពួកគេចាប់ផ្ដើមរត់ភៀសខ្លួនបោះបង់ចោលក្រុងរបស់ពួកគេ។+ បន្ទាប់មក ពួកភីលីស្ទីនបានចូលទៅកាន់កាប់តំបន់ទាំងនោះ។
៨ នៅថ្ងៃបន្ទាប់ ពួកភីលីស្ទីនមកយករបស់របរដែលនៅជាប់នឹងសាកសពទាហាន។ ពេលនោះពួកគេឃើញសពរបស់សុលនិងកូនប្រុស៣នាក់របស់គាត់នៅលើភ្នំគីលបោ។+
៩ ដូច្នេះ ពួកគេកាត់ក្បាលសុល ហើយដោះយកគ្រឿងសឹករបស់គាត់។ រួចពួកគេផ្សាយដំណឹងនោះទូទាំងស្រុកភីលីស្ទីនឲ្យបណ្ដាជនរបស់ពួកគេបានដឹង+ ហើយក៏ផ្សាយដល់វិហាររូបព្រះរបស់ពួកគេ+ផងដែរ។
១០ បន្ទាប់មក ពួកគេដាក់គ្រឿងសឹករបស់សុលក្នុងវិហារនៃរូបព្រះអាសថារ៉ូត ហើយពួកគេព្យួរសពគាត់នៅកំពែងក្រុងបេតសាន។+
១១ ពេលអ្នកក្រុងយ៉ាបេសគីលាត+ដឹងអំពីអ្វីដែលពួកភីលីស្ទីនបានធ្វើចំពោះសពសុល
១២ អ្នកអង់អាចទាំងអស់ដែលនៅក្រុងនោះនាំគ្នាធ្វើដំណើរពេញមួយយប់ទៅក្រុងបេតសាន ហើយយកសពរបស់សុលនិងកូនប្រុសៗរបស់គាត់ចុះពីកំពែង។ ពួកគេត្រឡប់ទៅក្រុងយ៉ាបេសវិញ ហើយបូជាសពទាំងនោះ។
១៣ ក្រោយមក ពួកគេយកធាតុ+ទៅបញ្ចុះក្រោមដើមថាម៉ារីសនៅក្រុងយ៉ាបេស+ ហើយពួកគេតមអាហារអស់រយៈពេល៧ថ្ងៃ។
កំណត់សម្គាល់
^ ន័យត្រង់«ពួកមិនកាត់ចុងស្បែក»។ មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»