សកម្មភាពរបស់ពួកសាវ័ក ២៦:១-៣២

  • ប៉ូល​និយាយ​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​អាគ្រីប៉ា (​១​-​១១)

  • ប៉ូល​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្ដូរ​សាសនា (​១២​-​២៣)

  • ការ​តប​ឆ្លើយ​ពី​ភេស្ទុស​និង​អាគ្រីប៉ា (​២៤​-​៣២)

២៦  អាគ្រីប៉ា+និយាយ​ទៅ​ប៉ូល​ថា​៖ ​«​អ្នក​អាច​និយាយ​ការ​ពារ​ខ្លួន​បាន​»។ រួច​មក ប៉ូល​លាត​ដៃ ហើយ​ចាប់​ផ្ដើម​និយាយ​ការ​ពារ​ខ្លួន​ថា​៖ ២  ​«​ស្ដេច​អាគ្រីប៉ា ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​និយាយ​ការ​ពារ​ខ្លួន​នៅ​មុខ​លោក ស្ដី​អំពី​រឿង​ផ្សេង​ៗ​ដែល​ជនជាតិ​យូដា​ចោទ​ប្រកាន់​ខ្ញុំ+ ៣  ជា​ពិសេស ដោយ​សារ​លោក​យល់​ច្បាស់​អំពី​ទំនៀម​ទម្លាប់​ទាំង​អស់​របស់​ជនជាតិ​យូដា និង​អំពី​ជម្លោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ ដូច្នេះ ខ្ញុំ​សូម​លោក​មេត្តា​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ។ ៤  ​«​ស្ដី​អំពី​របៀប​រស់​នៅ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក គឺ​កាល​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​និង​នៅ​ក្រុង​យេរូសាឡិម នោះ​ជនជាតិ​យូដា​គ្រប់​គ្នា+ ៥  ដែល​ធ្លាប់​ស្គាល់​ខ្ញុំ​ពី​មុន​មក​ដឹង​ថា ខ្ញុំ​បាន​កាន់​តាម​ពួក​ផារិស៊ី+សម​ស្រប​តាម​និកាយ​ដ៏​តឹងរ៉ឹង​បំផុត​នៃ​សាសនា​របស់​យើង+ ហើយ​អ្នក​ទាំង​នោះ​ដែល​ស្គាល់​ខ្ញុំ​ក៏​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ការ​នោះ​ដែរ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ​ដូច្នោះ។ ៦  ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​កំពុង​ទទួល​ការ​វិនិច្ឆ័យ​ក្ដី ដោយ​សារ​ខ្ញុំ​សង្ឃឹម​លើ​អ្វី​ដែល​ព្រះ​បាន​សន្យា​ឲ្យ​ដល់​ពួក​បុព្វ​បុរស​របស់​យើង។+ ៧  នេះ​ក៏​ជា​សេចក្ដី​សន្យា​ដែល​កុល​សម្ព័ន្ធ​ទាំង​១២​របស់​យើង សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ការ​ពិត​ដែរ។ ពួក​គេ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ។ ស្ដេច​អាគ្រីប៉ា គឺ​អំពី​សេចក្ដី​សង្ឃឹម​នេះ​ឯង​ដែល​ជនជាតិ​យូដា​កំពុង​ចោទ​ប្រកាន់​ខ្ញុំ។+ ៨  ​«​ហេតុ​អ្វី​អស់​លោក​គិត​ថា ការ​ដែល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ? ៩  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ធ្លាប់​គិត​ថា ខ្ញុំ​ត្រូវ​ប្រើ​គ្រប់មធ្យោបាយ​ដើម្បី​ប្រឆាំង​នាម​របស់​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត។ ១០  នៅ​ក្រុង​យេរូសាឡិម ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន។ ខ្ញុំ​បាន​ចាប់​អ្នក​បរិសុទ្ធ​ជា​ច្រើន​នាក់​ដាក់​គុក+ ព្រោះ​ខ្ញុំ​មាន​សិទ្ធិ​អំណាច​ពី​ពួក​សង្ឃនាយក+ ហើយ​ពេល​ដែល​ពួក​គាត់​ត្រូវ​គេ​វិនិច្ឆ័យ​ប្រហារ​ជីវិត ខ្ញុំ​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​នោះ។ ១១  ខ្ញុំ​បាន​ចូល​គ្រប់​សាលា​ប្រជុំ​ទាំង​អស់ ហើយ​ដាក់​ទោស​ពួក​គាត់​ជា​ច្រើន​ដង ដើម្បី​បង្ខំ​ពួក​គាត់​ឲ្យ​បោះ​បង់​ចោល​ជំនឿ។ ខ្ញុំ​ខឹង​ពួក​គាត់​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ខ្ញុំ​តាម​បៀត​បៀន​ពួក​គាត់​នៅ​ក្រុង​ផ្សេង​ៗ​ទៀត។ ១២  ​«​នៅ​ពេល​មួយ ខ្ញុំ​បាន​ចេញ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់ ដោយ​សារ​ពួក​សង្ឃនាយក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​រឿង​នោះ។ ១៣  ស្ដេច​អើយ នៅ​តាម​ផ្លូវ​ប្រហែល​ជា​ថ្ងៃ​ត្រង់ ខ្ញុំ​ឃើញ​ពន្លឺ​មួយ​ដែល​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ គឺ​បាន​ភ្លឺ​ពី​លើ​មេឃ​មក​ចាំង​ជុំវិញ​ខ្ញុំនិង​ពួក​អ្នក​ដែល​កំពុង​រួម​ដំណើរ​ជា​មួយ​នឹង​ខ្ញុំ។+ ១៤  យើង​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេប្រឺ​ថា​៖ ‹សុល សុល ហេតុអ្វី​អ្នក​បៀត​បៀន​ខ្ញុំ? អ្នក​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង​ហើយ ព្រោះ​អ្នក​ចេះ​តែ​ធាក់​ជន្លួញ›។* ១៥  ប៉ុន្តែ ខ្ញុំ​សួរ​ថា​៖ ‹តើ​លោក​ម្ចាស់​ជា​អ្នក​ណា?›។ លោក​ម្ចាស់​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​គឺ​យេស៊ូ ដែល​អ្នក​កំពុង​បៀត​បៀន។ ១៦  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​ក្រោក​ឈរ​ឡើង។ មូលហេតុ​ដែល​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ គឺ​ដើម្បី​ជ្រើស​រើស​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ និង​ជា​សាក្សី​បញ្ជាក់​អំពី​ការ​ទាំង​ប៉ុន្មាន​អំពី​ខ្ញុំ​ដែល​អ្នក​បាន​ឃើញ និង​ការ​ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃើញ។+ ១៧  ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​ពី​បណ្ដា​ជន​នេះ និង​ពី​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ+ ១៨  ដើម្បី​បើក​ភ្នែក​ពួក​គេ+ ហើយ​ឲ្យ​ពួក​គេ​បែរ​ចេញ​ពី​ភាព​ងងឹត+មក​ឯ​ពន្លឺ+ ថែម​ទាំង​ឲ្យ​ចេញ​ពី​អំណាច​របស់​សាថាន*+មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង+ ព្រម​ទាំង​ទទួល​មត៌ក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​សារ​មាន​ជំនឿ​លើ​ខ្ញុំ›។ ១៩  ​«​ដូច្នេះ ស្ដេច​អាគ្រីប៉ា ខ្ញុំ​មិន​បាន​ធ្វើ​ព្រងើយ​នឹង​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ពី​ស្ថាន​សួគ៌​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត​ទេ។ ២០  ប៉ុន្តែ ខ្ញុំ​បាន​នាំ​សារ​ទៅ​ដល់​អ្នក​ក្រុង​ដាម៉ាស់+មុន​ដំបូង ហើយ​ដល់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម+ និង​ពេញ​តំបន់​យូឌា រួច​ដល់​ជន​ជាតិ​ដទៃ។ ខ្ញុំ​ប្រាប់​ពួក​គេ​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ ដោយ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត។+ ២១  ដោយ​សារ​ការ​ទាំង​នេះ ជនជាតិ​យូដា​បាន​ចាប់​ខ្ញុំ​ក្នុង​វិហារ រួច​ព្យាយាម​សម្លាប់​ខ្ញុំ។+ ២២  ក៏​ប៉ុន្តែ ដោយ​សារ​ខ្ញុំ​បាន​ទទួល​ជំនួយ​ពី​ព្រះ ខ្ញុំ​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​ប្រាប់​ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​អំពី​ដំណឹង​ល្អ​រហូត​ដល់​ថ្ងៃ​នេះ តែ​ខ្ញុំ​មិន​និយាយ​អ្វី​ក្រៅ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នកប្រកាស​ទំនាយ​និង​ម៉ូសេ​បាន​ប្រាប់​ថា​នឹង​កើត​ឡើង​នោះ​ទេ+ ២៣  ពោលគឺ​គ្រិស្ត​ត្រូវ​រង​ទុក្ខ+ រួច​ដោយ​សារ​លោក​ជា​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់+ នោះ​លោក​នឹង​ផ្សព្វ​ផ្សាយ ហើយ​បំភ្លឺ​ទាំង​បណ្ដា​ជន​នេះ​ទាំង​ជន​ជាតិ​ដទៃ​»។+ ២៤  កាល​ដែល​គាត់​កំពុង​និយាយ​អ្វី​ៗ​ទាំង​នេះ​ដើម្បី​ការ​ពារ​ខ្លួន ភេស្ទុស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ប៉ូល! អ្នក​ឆ្កួត​ហើយ! ការ​ចេះ​ដឹង​ច្រើន​ពេក​បាន​ធ្វើ​ឲ្យ​អ្នក​ឆ្កួត!​»។ ២៥  ប៉ុន្តែ ប៉ូល​និយាយ​ថា​៖ ​«​ឯក​ឧត្ដម​ភេស្ទុស ខ្ញុំ​មិន​ឆ្កួត​ទេ តែ​ខ្ញុំ​កំពុង​និយាយ​សេចក្ដី​ពិត​ដោយ​ដឹង​ខុស​ត្រូវ។ ២៦  តាម​ការ​ពិត ស្ដេច​ដឹង​ច្បាស់​អំពី​ការ​ទាំង​នេះ ទើប​ខ្ញុំ​ហ៊ាន​ជម្រាប​លោក ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​ក្នុង​ការ​ទាំង​អស់​នេះគ្មាន​អ្វី​ដែល​កំបាំង​ពី​លោក​ទេ ព្រោះ​ការ​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ឡើយ។+ ២៧  ស្ដេច​អាគ្រីប៉ា តើ​លោក​ជឿ​ពួក​អ្នក​ប្រកាស​ទំនាយ​ទេ? ខ្ញុំ​ដឹង​ថា​លោក​ជឿ​»។ ២៨  ប៉ុន្តែ អាគ្រីប៉ា​និយាយ​ទៅ​ប៉ូល​ថា​៖ ​«​តែ​បន្តិច​ទៀត ការ​និយាយ​វែក​ញែក​របស់​អ្នក​នឹង​នាំ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែរ​»។ ២៩  ដូច្នេះ ប៉ូល​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​ថា ទោះ​ជា​ឆាប់​ឬ​យូរ​ក្ដី ខ្ញុំ​សូម​ឲ្យ​ទាំង​លោក ទាំងអស់​អ្នក​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ នឹង​បាន​ដូច​ខ្ញុំ​ដែរ តែ​ដោយ​គ្មាន​ចំណង​ទាំង​នេះ​»។ ៣០  រួច​មក ស្ដេច​ក៏​ក្រោក​ឈរ​ជា​មួយ​នឹង​អភិបាល និង​ប៊ឺនីស ព្រម​ទាំង​បុរស​ទាំង​ប៉ុន្មាន​ដែល​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​គាត់។ ៣១  ប៉ុន្តែ កាល​ដែល​ពួក​គាត់​កំពុង​ចេញ​ទៅ ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់ ឬ​ជាប់​គុក​ទេ​»។+ ៣២  បន្ទាប់​មក អាគ្រីប៉ា​និយាយ​ទៅ​ភេស្ទុស​ថា​៖ ​«​បុរស​នេះ​អាច​ត្រូវ​ដោះ​លែង​បាន ប្រសិន​បើ​គាត់​មិន​បាន​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ​»។*+

កំណត់សម្គាល់

ជន្លួញ​ជា​ដំបង​ដែល​មាន​មុខ​ស្រួច ដើម្បី​ប្រើ​ចាក់​សត្វ​ឲ្យ​ទៅ​មុខ
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
ន័យ​ត្រង់​«​អធិរាជ​»​