សកម្មភាពរបស់ពួកសាវ័ក ២៤:១-២៧

  • ការ​ចោទ​ប្រកាន់​ប៉ូល (​១​-​៩)

  • ប៉ូល​និយាយ​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​ភេលីច (​១០​-​២១)

  • រឿង​ក្ដី​របស់​ប៉ូល​បាន​ត្រូវ​ទុក​ចោល​អស់​ពីរ​ឆ្នាំ (​២២​-​២៧)

២៤  ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណានាស+បាន​ចុះ​មក​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស រួច​ពួក​គេ​បាន​ប្ដឹង​អភិបាល​អំពី​ប៉ូល។+ ២  ពេល​ដែល​ទើទូលុស​បាន​ត្រូវ​ហៅ​ឲ្យ​និយាយ គាត់​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ប៉ូល​ថា​៖ ​«​ឯក​ឧត្ដម​ភេលីច យើង​ឃើញ​ថា​យើង​មាន​សេចក្ដី​សុខ​សាន្ត​ក្រៃ​លែង​ដោយ​សារ​លោក ហើយ​ថា​ប្រជា​ជាតិ​នេះ​កំពុង​កែ​ទម្រង់​ផ្សេង​ៗ​ដោយ​សារ​គំនិត​គិត​ទុក​ជា​មុន​របស់​លោក។ ៣  ទោះ​នៅ​ពេល​ណា​ឬ​នៅ​កន្លែង​ណា​ក៏​ដោយ យើង​តែង​មាន​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​លោក​សម្រាប់​អ្វី​ៗ​ទាំង​នេះ។ ៤  ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​លោក​ខាត​ពេល​យូរ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ស្ដាប់​យើង​តែ​បន្តិច​ប៉ុណ្ណោះ។ ៥  ព្រោះ​យើង​បាន​ឃើញ​ថា​បុរស​នេះ​ជា​មនុស្ស​ចង្រៃ*+ និង​ជា​មេ​ដឹក​នាំ​និកាយ​ពួកណាសារ៉ែត ហើយ​ក៏​ជា​អ្នក​ដែល​បំបះ​បំបោរ+ជនជាតិ​យូដា​ទាំង​ឡាយ​នៅ​គ្រប់ទីអាស្រ័យ​នៅ​ផែនដី​ផង។+ ៦  បុរស​នេះ​ក៏​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​វិហារ​លែង​បរិសុទ្ធ​ដែរ។ ដូច្នេះ យើង​បាន​ចាប់​គាត់។+ ៧  *—— ៨  ពេល​លោក​សួរ​ចម្លើយ​បុរស​នេះ​ដោយ​ផ្ទាល់ នោះ​លោក​មុខ​ជា​ដឹង​អំពី​រឿង​ទាំង​អស់​នេះ​ដែល​យើង​បាន​ចោទ​ប្រកាន់​គាត់​»។ ៩  លុះ​និយាយ​ចប់ ជនជាតិ​យូដា​ក៏​បាន​ចូល​រួម​និយាយ​វាយ​ប្រហារ​ប៉ូល ហើយ​អះអាង​ថា​រឿង​ទាំង​នោះ​គឺ​ជា​ការ​ពិត។ ១០  ពេល​ដែល​អភិបាល​ងក់​ក្បាល​ជា​សញ្ញា​ឲ្យ​ប៉ូល​និយាយ នោះ​ប៉ូល​តប​ថា​៖ ​«​ខ្ញុំ​ដឹង​ច្បាស់​ថា​លោក​បាន​ធ្វើ​ជា​ចៅ​ក្រម​ឲ្យ​ជន​ជាតិ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​សប្បាយ​ចិត្ត​និយាយ​ការ​ពារ​រឿង​ក្ដី​របស់​ខ្ញុំ​នៅ​ចំពោះ​មុខ​លោក។+ ១១  លោក​អាច​ស៊ើប​សួរ​ឲ្យ​ដឹង​ថា តាំង​ពី​ខ្ញុំ​បាន​ឡើង​ទៅ​គោរព​ប្រណិប័តន៍​នៅ​ក្រុង​យេរូសាឡិម គឺ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ​លើស​ពី​១២​ថ្ងៃ​ទេ+ ១២  ហើយ​ពួក​គេ​មិន​ឃើញ​ថា​ខ្ញុំ​កំពុង​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​អ្នក​ណា​ក្នុង​វិហារ​ឡើយ ក៏​មិន​ឃើញ​ថា​ខ្ញុំ​នាំ​ឲ្យ​បណ្ដា​ជន​កើត​ចលាចល​ដែរ ទោះ​ជា​ក្នុង​សាលា​ប្រជុំ​ឬ​ក្នុង​ក្រុង​ក៏​ដោយ។ ១៣  ពួក​គេ​ក៏​មិន​អាច​ផ្ដល់​ភ័ស្តុតាង​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​ខ្ញុំ​នៅ​ឥឡូវ​នេះដែរ។ ១៤  ប៉ុន្តែ ខ្ញុំ​សារភាព​ប្រាប់​លោក​ថា ខ្ញុំ​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​នៃ​ពួក​បុព្វ​បុរស​របស់​ខ្ញុំ+ សម​ស្រប​តាម​របៀប​គោរព​ប្រណិប័តន៍​ដែល​គេ​ហៅ​ថា​និកាយ ពី​ព្រោះ​ខ្ញុំ​ជឿ​អ្វី​ៗ​ទាំង​អស់​ដែល​ចែង​ក្នុង​ច្បាប់* និង​អ្វី​ៗ​ដែល​សរសេរ​ដោយ​ពួក​អ្នក​ប្រកាស​ទំនាយ។+ ១៥  ខ្ញុំ​ក៏​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ ដូច​បុរស​ទាំង​នេះ​ដែរ​ថា មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត+នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ១៦  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​ជា​និច្ច ដើម្បី​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស*នៅ​ចំពោះ​មុខ​ព្រះ​និង​មនុស្ស។+ ១៧  ដូច្នេះ ក្រោយ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ខ្ញុំ​បាន​មក​ដើម្បី​យក​អំណោយ*+មក​ជូន​ជន​រួម​ជាតិ​របស់​ខ្ញុំ ហើយ​ក៏​បាន​យក​គ្រឿង​បូជា​មក​ជូន​ព្រះ​ដែរ។ ១៨  កាល​ដែល​ខ្ញុំ​កំពុង​ចាត់​ចែង​កិច្ច​ការ​ទាំង​នោះ ពួក​គេ​ឃើញ​ខ្ញុំ​នៅ​ក្នុង​វិហារ+បន្ទាប់​ពី​ខ្ញុំ​បាន​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ តែ​ខ្ញុំ​មិន​បាន​នៅ​ជា​មួយ​នឹង​ក្រុម​មនុស្ស ឬ​បង្ក​ចលាចល​ទេ។ ប៉ុន្តែ ពេល​នោះ​មាន​ជនជាតិ​យូដា​ខ្លះ​មក​ពី​ខេត្ត​អាស៊ី។* ១៩  ប្រសិន​បើ​ពួក​គេ​មាន​ហេតុ​ទាស់​នឹង​ខ្ញុំ ពួក​គេ​គួរ​តែ​មក​ចោទ​ប្រកាន់​ខ្ញុំ​នៅ​ចំពោះ​មុខ​លោក។+ ២០  ឬ​មួយ​លោក​អាច​ឲ្យ​បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នេះ​ចេញ​មក​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី​ពេល​ដែល​ខ្ញុំ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នោះ ២១  ក្រៅ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ស្រែក​ឡើង​កាល​ដែល​ខ្ញុំ​កំពុង​ឈរ​ក្នុង​ចំណោម​ពួក​គេ​ថា​៖ ‹គេ​កំពុង​វិនិច្ឆ័យ​ខ្ញុំ​នៅ​មុខ​អ្នក​រាល់​គ្នា ដោយ​សារ​ខ្ញុំ​ជឿ​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ!›​»។+ ២២  ក៏​ប៉ុន្តែ ដោយ​សារ​ភេលីច​ដឹង​ច្បាស់​អំពី​រឿង​ទាំង​នោះ​ដែល​ទាក់​ទង​នឹង​ផ្លូវ​លោក​ម្ចាស់*+ គាត់​បាន​ពន្យារ​ពេល​សម្រេច​រឿង​ក្ដី​នោះ ដោយ​និយាយ​ថា​៖ ​«​កាល​ណា​មេ​បញ្ជាការ​ឡែសៀស​មក​ដល់ ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដី​របស់​អ្នក​រាល់​គ្នា​»។ ២៣  រួច​គាត់​បង្គាប់​នាយ​ទាហាន​ឲ្យ​ឃុំ​ប៉ូល តែ​ឲ្យ​ប៉ូល​មាន​សេរី​ភាព​ខ្លះ ហើយ​ប្រាប់​ថា​មិន​ត្រូវ​ហាមឃាត់​មិត្ត​ភក្ដិ​របស់​គាត់​ដែល​មក​ផ្ដល់​ជំនួយ​ដល់​គាត់​ឡើយ។ ២៤  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ភេលីច​និង​ប្រពន្ធ​ឈ្មោះ​ទ្រូស៊ីលឡា​ដែល​ជា​ជនជាតិ​យូដា​បាន​មក​ដល់ រួច​ភេលីច​ចាត់​គេ​ឲ្យ​ទៅ​នាំ​ប៉ូល​មក ហើយ​គាត់​ស្ដាប់​ប៉ូល​និយាយ​អំពី​ជំនឿ​លើ​គ្រិស្ត​យេស៊ូ។+ ២៥  ប៉ុន្តែ កាល​ដែល​ប៉ូល​និយាយ​អំពី​សេចក្ដី​សុចរិត ការ​ចេះ​ទប់​ចិត្ត និង​ការ​វិនិច្ឆ័យ​ក្ដី​នៅ​អនាគត+ នោះ​ភេលីច​តាំង​ភ័យ​ខ្លាច ហើយ​តប​ថា​៖ ​«​ឥឡូវ​នេះ ចូរ​ត្រឡប់​ទៅ​វិញ​សិន​ចុះ តែ​ពេល​ដែល​ខ្ញុំ​មាន​ឱកាស​ល្អ ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​នាំ​អ្នក​មក​ម្ដង​ទៀត​»។ ២៦  ប៉ុន្តែ​ដំណាល​គ្នា​នោះ គាត់​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​ប៉ូល។ ហេតុ​នោះ គាត់​ចាត់​គេ​ឲ្យ​នាំ​ប៉ូល​មក​សន្ទនា​ជា​មួយ​នឹង​គាត់​កាន់​តែ​ញឹក​ញាប់។ ២៧  ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយ​មក ព័រសៀស​ភេស្ទុស​បាន​ចូល​កាន់​តំណែង​ជំនួស​ភេលីច ហើយ​ដោយ​សារ​ភេលីច​ចង់​ផ្គាប់​ចិត្ត​ជនជាតិ​យូដា+ គាត់​ទុក​ប៉ូល​ឲ្យ​នៅ​ជាប់​គុក​ត​ទៅ​ទៀត។

កំណត់សម្គាល់

ឬ​«​ជា​ជន​បង្ក​បញ្ហា​»។ ន័យ​ត្រង់​«​រោគ​រាត​ត្បាត​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
ឬ​«​គ្មាន​កន្លែង​បន្ទោស​»​
ឬ​«​ទាន​»​
មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​
ឬ​«​ផ្លូវ​នៃ​សេចក្ដី​ពិត​»​