សៀវភៅលូកា ១៣:១-៣៥
-
ប្រែចិត្ត ឬក៏ត្រូវបំផ្លាញ (១-៥)
-
ឧទាហរណ៍អំពីដើមល្វាតូចដែលគ្មានផ្លែ (៦-៩)
-
ស្ត្រីកោងខ្នងបានត្រូវធ្វើឲ្យជានៅថ្ងៃឈប់សម្រាក (១០-១៧)
-
ឧទាហរណ៍អំពីគ្រាប់មូស្ដាតនិងដំបែ (១៨-២១)
-
ខំប្រឹងឲ្យខ្លាំងដើម្បីចូលតាមទ្វារចង្អៀត (២២-៣០)
-
ហេរ៉ូឌជា«មនុស្សក្រឡេចក្រឡុច» (៣១-៣៣)
-
លោកយេស៊ូសោកសៅអំពីក្រុងយេរូសាឡិម (៣៤, ៣៥)
១៣ នៅពេលនោះដែរ មានអ្នកខ្លះនៅទីនោះជម្រាបលោកថា ពីឡាតបានសម្លាប់អ្នកស្រុកកាលីឡេដែលកំពុងជូនគ្រឿងបូជា។
២ ដូច្នេះ លោកតបទៅពួកគេថា៖ «តើអ្នករាល់គ្នាគិតថា អ្នកស្រុកកាលីឡេទាំងនោះរងគ្រោះ ដោយសារពួកគេបានប្រព្រឹត្តអំពើខុសឆ្គងច្រើនជាងអ្នកស្រុកកាលីឡេឯទៀតឬ?
៣ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមិនមែនដូច្នោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមិនប្រែចិត្តទេ អ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះដែរ។+
៤ រីឯមនុស្ស១៨នាក់ដែលស្លាប់ដោយសារប៉មនៅស៊ីឡូមបានរលំលើពួកគេ តើអ្នករាល់គ្នាគិតថាពួកគេបានប្រព្រឹត្តអំពើខុសឆ្គងច្រើនជាងមនុស្សឯទៀតនៅក្រុងយេរូសាឡិមឬ?
៥ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺមិនមែនដូច្នោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមិនប្រែចិត្តទេ អ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះដែរ»។
៦ រួចមក លោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ «មានបុរសម្នាក់មានដើមល្វាតូច*នៅចម្ការទំពាំងបាយជូររបស់គាត់ ហើយគាត់មករកបេះផ្លែពីដើមល្វានោះ តែដើមនោះគ្មានផ្លែទេ។+
៧ នោះគាត់ប្រាប់អ្នកថែចម្ការទំពាំងបាយជូរថា៖ ‹ខ្ញុំបានមករកបេះផ្លែពីដើមល្វាតូចនេះអស់បីឆ្នាំហើយ តែដើមនេះគ្មានផ្លែសោះ។ ចូរកាប់វាចោល! មិនចាំបាច់ទុកឲ្យខាតដីតទៅទៀតទេ›។
៨ អ្នកថែចម្ការទំពាំងបាយជូរតបថា៖ ‹លោកម្ចាស់ សូមលោកទុកដើមនោះឲ្យនៅមួយឆ្នាំទៀត ចាំខ្ញុំជ្រួយដីនៅជុំវិញ ហើយដាក់ជី។
៩ រួចបើនៅថ្ងៃមុខ ដើមនោះមានផ្លែ ជាការល្អហើយ តែបើវាគ្មានផ្លែទេ សឹមកាប់វាចោលចុះ›»។+
១០ ក្រោយមក នៅថ្ងៃឈប់សម្រាកលោកកំពុងបង្រៀនក្នុងសាលាប្រជុំមួយ។
១១ មើល! មានស្ត្រីម្នាក់ឈឺអស់១៨ឆ្នាំ ដោយសារឥទ្ធិពលនៃវិញ្ញាណកំណាច។ នាងកោងខ្នងយ៉ាងខ្លាំង ហើយមិនអាចងើបត្រង់បានឡើយ។
១២ នៅពេលលោកយេស៊ូឃើញនាង លោកមានប្រសាសន៍ទៅនាងថា៖ «នាងអើយ នាងបានត្រូវរំដោះពីជំងឺរបស់នាងហើយ»។+
១៣ រួចលោកដាក់ដៃលើនាង នាងក៏ងើបត្រង់ភ្លាម ហើយចាប់ផ្ដើមលើកតម្កើងព្រះ។
១៤ ប៉ុន្តែ ពេលដែលអ្នកទទួលខុសត្រូវនៅសាលាប្រជុំឃើញដូច្នេះ គាត់ទាស់ចិត្ត ពីព្រោះលោកយេស៊ូបានធ្វើឲ្យនាងជានៅថ្ងៃឈប់សម្រាក រួចគាត់ប្រាប់បណ្ដាជនថា៖ «មាន៦ថ្ងៃសម្រាប់ធ្វើការ។+ ដូច្នេះ ចូរមកនៅថ្ងៃទាំងនោះដើម្បីជាពីជំងឺ មិនមែននៅថ្ងៃឈប់សម្រាកទេ»។+
១៥ ក៏ប៉ុន្តែ លោកម្ចាស់តបទៅគាត់ថា៖ «មនុស្សលាក់ពុត!+ នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាតែងតែស្រាយគោឈ្មោលឬលារបស់ខ្លួន រួចដឹកចេញពីក្រោលទៅឲ្យផឹកទឹក មែនទេ?+
១៦ បើដូច្នេះ ចុះស្ត្រីនេះដែលជាកូនចៅអាប្រាហាំ ហើយដែលបានជាប់ចំណងរបស់សាថាន*អស់១៨ឆ្នាំហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃឈប់សម្រាកទេឬ?»។
១៧ ពេលដែលលោកមានប្រសាសន៍ដូច្នេះ អស់អ្នកដែលប្រឆាំងលោកក៏មានសេចក្ដីខ្មាស តែបណ្ដាជនទាំងអស់ចាប់ផ្ដើមត្រេកអរវិញ ដោយឃើញការអស្ចារ្យទាំងប៉ុន្មានដែលលោកបានធ្វើ។+
១៨ ម្ល៉ោះហើយ លោកបន្តមានប្រសាសន៍ថា៖ «តើរាជាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំអាចប្រៀបប្រដូចរាជាណាចក្ររបស់ព្រះទៅនឹងអ្វី?
១៩ រាជាណាចក្ររបស់ព្រះគឺប្រៀបដូចជាគ្រាប់មូស្ដាត* ដែលបុរសម្នាក់បានយកទៅដាំក្នុងសួនរបស់ខ្លួន រួចក៏ដុះឡើងទៅជាដើមឈើ ហើយសត្វស្លាបពីលើមេឃបានមកទំអាស្រ័យនៅលើមែករបស់វា»។+
២០ លោកមានប្រសាសន៍ម្ដងទៀតថា៖ «តើខ្ញុំអាចប្រៀបប្រដូចរាជាណាចក្ររបស់ព្រះទៅនឹងអ្វី?
២១ រាជាណាចក្ររបស់ព្រះគឺប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់បានយកទៅលាយក្នុងម្សៅបីរង្វាល់* ទាល់តែម្សៅទាំងអស់នោះបានដោរឡើង»។+
២២ កាលដែលលោកយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិម លោកបានបង្រៀនបណ្ដាជនពីក្រុងមួយទៅក្រុងមួយ និងពីភូមិមួយទៅភូមិមួយ។
២៣ មានបុរសម្នាក់សួរលោកថា៖ «លោកម្ចាស់ តើមនុស្សដែលនឹងត្រូវសង្គ្រោះមានចំនួនតិចឬ?»។ លោកមានប្រសាសន៍ទៅពួកគេថា៖
២៤ «ចូរអ្នករាល់គ្នាខំប្រឹងឲ្យខ្លាំងដើម្បីចូលតាមទ្វារចង្អៀត+ ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាច្រើននឹងខំចូល តែចូលមិនបានទេ។
២៥ ពេលដែលម្ចាស់ផ្ទះក្រោកឡើងទៅចាក់សោទ្វារ អ្នករាល់គ្នានឹងឈរខាងក្រៅ រួចគោះទ្វារថា៖ ‹លោកម្ចាស់ សូមបើកទ្វារឲ្យយើងចូលផង›។+ ប៉ុន្តែ លោកនឹងឆ្លើយទៅអ្នករាល់គ្នាថា៖ ‹ខ្ញុំមិនដឹងថាអ្នកមកពីណាទេ›។
២៦ បន្ទាប់មក អ្នករាល់គ្នានឹងចាប់ផ្ដើមនិយាយថា៖ ‹យើងធ្លាប់ពិសាអាហារពិសាស្រាជាមួយនឹងលោក ហើយលោកធ្លាប់បង្រៀនយើងនៅផ្លូវធំៗ›។+
២៧ ប៉ុន្តែ លោកនឹងប្រាប់អ្នករាល់គ្នាថា៖ ‹ខ្ញុំមិនដឹងថាអ្នកមកពីណាទេ។ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ!›។
២៨ ពេលអ្នករាល់គ្នាឃើញអាប្រាហាំ អ៊ីសាក យ៉ាកុប និងពួកអ្នកប្រកាសទំនាយគ្រប់រូបនៅក្នុងរាជាណាចក្ររបស់ព្រះ តែអ្នករាល់គ្នាបែរជាត្រូវបោះទៅខាងក្រៅវិញ នោះអ្នករាល់គ្នានឹងយំ ហើយសង្កៀតធ្មេញនៅទីនោះ។+
២៩ បន្ថែមទៀត មនុស្សពីទិសខាងកើត និងពីទិសខាងលិច ហើយពីទិសខាងជើង និងទិសខាងត្បូង នឹងមកអង្គុយនៅតុក្នុងរាជាណាចក្ររបស់ព្រះ។
៣០ មើល! អ្នកក្រោយគេខ្លះ នឹងទៅជាអ្នកមុនគេ ហើយអ្នកមុនគេខ្លះ នឹងទៅជាអ្នកក្រោយគេវិញ»។+
៣១ នៅវេលានោះឯង ពួកផារិស៊ីខ្លះបានចូលមកជិតលោក ហើយជម្រាបថា៖ «ចូរចេញពីកន្លែងនេះទៅ ពីព្រោះហេរ៉ូឌចង់សម្លាប់អ្នក»។
៣២ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅប្រាប់មនុស្សក្រឡេចក្រឡុច*នោះថា៖ ‹មើល! ថ្ងៃនេះនិងថ្ងៃស្អែក ខ្ញុំបន្តបណ្ដេញវិញ្ញាណកំណាច ហើយធ្វើឲ្យមនុស្សជាសះស្បើយ រួចនៅថ្ងៃទី៣ ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ›។
៣៣ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំត្រូវធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែក ពីព្រោះអ្នកប្រកាសទំនាយមិនអាចត្រូវគេសម្លាប់នៅខាងក្រៅក្រុងយេរូសាឡិមបានឡើយ។+
៣៤ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់អ្នកដែលបានត្រូវចាត់មកឯនាង!+ ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែ អ្នករាល់គ្នាមិនព្រមសោះ!+
៣៥ មើល! វិហារ*នេះនឹងត្រូវបោះបង់ចោល+ ហើយទុកឲ្យអ្នករាល់គ្នាវិញ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងមិនឃើញខ្ញុំឡើយ រហូតដល់អ្នកថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!›»។+
កំណត់សម្គាល់
^ ផ្លែឈើម្យ៉ាងដែលមានតម្លៃខ្ពស់នៅសម័យដែលគេសរសេរគម្ពីរ ពេលផ្លែនោះទុំមិនកើតមានមមង់នៅក្នុងផ្លែនោះទេ
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
^ គ្រាប់ពូជតូចល្អិតម្យ៉ាងដែលមាននៅស្រុកប៉ាឡេស្ទីន អាចដុះបែកមែកសាខា ហើយមានកម្ពស់ដល់បួនម៉ែត្រ
^ ន័យត្រង់«រង្វាល់សៀ»។ មួយសៀស្មើនឹង៧,៣៣លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ន័យត្រង់«សត្វកញ្ជ្រោង» ជាសត្វឆ្លាតមួយនៅស្រុកអ៊ីស្រាអែល
^ ន័យត្រង់«ផ្ទះ»