សៀវភៅលូកា ១០:១-៤២

  • លោក​យេស៊ូ​ចាត់​ពួក​អ្នក​កាន់​តាម​៧០​នាក់ (​១​-​១២)

  • វេទនា​ដល់​បណ្ដា​ក្រុង​ដែល​មិន​ប្រែ​ចិត្ត (​១៣​-​១៦)

  • ពួក​អ្នក​កាន់​តាម​៧០​នាក់​ត្រឡប់​មក​វិញ (​១៧​-​២០)

  • លោក​យេស៊ូ​សរសើរ​បិតា​លោក​ដែល​ពេញ​ចិត្ត​មនុស្ស​រាប​ទាប (​២១​-​២៤)

  • ឧទាហរណ៍​អំពី​អ្នក​ជិត​ខាង​ជន​ជាតិ​សាម៉ារី (​២៥​-​៣៧)

  • លោក​យេស៊ូ​ទៅ​សួរ​សុខ​ទុក្ខ​ម៉ាថា​និង​ម៉ារៀ (​៣៨​-​៤២)

១០  បន្ទាប់​ពី​ការ​ទាំង​នេះ លោក​ម្ចាស់​បាន​រើស​៧០​នាក់​ទៀត ហើយ​ឲ្យ​ពួក​គេ​ទៅ​មុន​លោក ដោយ​ចាត់​ពួក​គេ​ជា​គូ​ៗ​+ឲ្យ​ចូល​គ្រប់​ក្រុង​និង​គ្រប់​ទី​កន្លែង​ដែល​លោក​បម្រុង​នឹង​ទៅ។ ២  រួច​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​ធ្វើ​កិច្ច​ការ​របស់​លោក។+ ៣  ចូរ​ទៅ​ចុះ! តែ​ត្រូវ​ត្រៀម​ខ្លួន! ខ្ញុំ​កំពុង​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក។+ ៤  កុំ​យក​ស្បែក​ជើង ថង់​ប្រាក់ ឬ​ថង់​យាម​សម្រាប់​ដាក់​អាហារ​ឡើយ+ ហើយ​ក៏​កុំ​សួរ​សុខ​ទុក្ខ*អ្នក​ណា​នៅ​តាម​ផ្លូវ​ដែរ។ ៥  ពេល​ដែល​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​និយាយ​ជា​មុន​សិន​ថា​៖ ‹សូម​ឲ្យ​ផ្ទះ​នេះ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ›។+ ៦  ប្រសិន​បើ​គ្មាន​អ្នក​ណា​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ​ទេ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​វិល​មក​ឯ​អ្នក​វិញ។ ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ណា​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​កើត​មាន​ដល់​អ្នក​នោះ។ ៧  ដូច្នេះ ចូរ​នៅ​ផ្ទះ​នោះ*+ ហើយ​ពិសា​អ្វី​ដែល​ពួក​គេ​ឲ្យ+ ព្រោះ​កម្មករ​សម​នឹង​ទទួល​ថ្លៃ​ឈ្នួល។+ កុំ​ប្ដូរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។ ៨  ​«​ម្យ៉ាង​ទៀត ពេល​អ្នក​រាល់​គ្នា​ចូល​ក្នុង​ក្រុង​ណា​មួយ ហើយ​អ្នក​ក្រុង​នោះ​ទទួល​ស្វាគមន៍​អ្នក​រាល់​គ្នា ចូរ​ពិសា​អ្វី​ដែល​ពួក​គេ​ឲ្យ ៩  ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដែល​ឈឺ​នៅ​ក្រុង​នោះ​ជា​សះ​ស្បើយ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ‹រាជាណាចក្រ​របស់​ព្រះ​បាន​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ហើយ›។+ ១០  ក៏​ប៉ុន្តែ ពេល​អ្នក​រាល់​គ្នា​ចូល​ក្នុង​ក្រុង​ណា​មួយ ហើយ​អ្នក​ក្រុង​នោះ​មិន​ទទួល​ស្វាគមន៍​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ទៅ​ផ្លូវ​ធំ​ទាំង​ប៉ុន្មាន ហើយ​ពោល​ថា​៖ ១១  ‹សូម្បី​តែ​ធូលី​ដី​ពី​ក្រុង​អ្នក​រាល់​គ្នា ដែល​ជាប់​ជើង​យើង ក៏​យើង​ជូត​ចេញ​ដែរ ទុក​ជា​ការ​ព្រមាន​សម្រាប់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ ចូរ​ចាំ​ថា រាជាណាចក្រ​របស់​ព្រះ​ជិត​ដល់​ហើយ›។ ១២  ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី ក្រុង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​ក្រុង​សូដុម​ទៅ​ទៀត។+ ១៣  ​«​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ណាស់! និង​ក្រុង​បេតសេដា​អើយ! អ្នក​ត្រូវ​វេទនា​ណាស់! ពី​ព្រោះ​ប្រសិន​បើ​ការ​ប្រកប​ដោយ​ឫទ្ធានុភាព​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​របស់​ពួក​អ្នក បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​វិញ អ្នក​ក្រុង​ទាំង​នោះ​មុខ​ជា​បាន​ប្រែ​ចិត្ត​ជា​យូរ​យារ​មក​ហើយ ទាំង​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ផង។+ ១៤  ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី អ្នក​នឹង​ទទួល​ទោស​ធ្ងន់​ជាង​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ទៅ​ទៀត។ ១៥  ចំណែក​អ្នក​វិញ ក្រុង​កាពើណិម​អើយ! តើ​អ្នក​នឹង​ត្រូវ​លើក​តម្កើង​ដល់​មេឃ​ឬ? អ្នក​នឹង​ចុះ​ទៅ​ក្នុង​ផ្នូរ*វិញ! ១៦  ​«​អ្នក​ណា​ដែល​ស្ដាប់​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ+ ហើយ​អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​មិន​ព្រម​ស្ដាប់​ខ្ញុំ​ដែរ។ ម្យ៉ាង​ទៀត អ្នក​ណា​ដែល​មិន​ស្ដាប់​ខ្ញុំ អ្នក​នោះ​ក៏​ដូច​ជា​មិន​ស្ដាប់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។+ ១៧  លុះ​ក្រោយ​មក ៧០​នាក់​នោះ​បាន​វិល​មក​វិញ​ទាំង​មាន​អំណរ ហើយ​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម្បី​តែ​ពួក​វិញ្ញាណ​កំណាច ក៏​ស្ដាប់​បង្គាប់​យើង​ដោយ​សារ​នាម​របស់​លោក​ដែរ​»។+ ១៨  ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​សាថាន*ធ្លាក់+ដូច​ផ្លេក​បន្ទោរ​ពី​ស្ថាន​សួគ៌​រួច​ហើយ។ ១៩  មើល! ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ជាន់​ឈ្លី​សត្វ​ពស់​និង​ខ្យា​ដំរី ក៏​ឲ្យ​មាន​អំណាច​លើ​ឫទ្ធានុភាព​ទាំង​អស់​របស់​សត្រូវ+ ហើយ​គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​ឡើយ។ ២០  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កុំ​ត្រេក​អរ​ដោយ​សារ​ពួក​វិញ្ញាណ​បាន​ត្រូវ​ចុះ​ចូល​ក្នុង​អំណាច​អ្នក​រាល់​គ្នា​ឡើយ តែ​ចូរ​ត្រេក​អរ​ពី​ព្រោះ​ឈ្មោះ​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ចារឹក​ទុក​នៅ​ឯ​ស្ថាន​សួគ៌​វិញ​»។+ ២១  នៅ​វេលា​នោះ លោក​ត្រេក​អរ​ពន់​ពេក​ដោយ​សារ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា​ជា​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី ខ្ញុំ​សូម​សរសើរ​លោក​នៅ​មុខ​មនុស្ស ពី​ព្រោះ​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​យ៉ាង​ល្អ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង+ តែ​លោក​បាន​បើក​បង្ហាញ​ឲ្យ​កូន​តូច​ៗ​យល់​វិញ។ ឱ​បិតា​អើយ ពី​ព្រោះ​នេះ​គឺ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។+ ២២  បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​មក​ឲ្យ​ខ្ញុំ។ គ្មាន​អ្នក​ណា​ស្គាល់​បុត្រ​របស់​ព្រះ​ច្បាស់​ជាង​ព្រះ​ដែល​ជា​បិតា ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​ដែល​ជា​បិតា​ច្បាស់​ជាង​បុត្រ​របស់​លោក+ និង​អ្នក​ដែល​បុត្រ​របស់​លោក​សុខ​ចិត្ត​បើក​បង្ហាញ​ឲ្យ​ស្គាល់​នោះ​ទេ​»។+ ២៣  បន្ទាប់​មក លោក​បែរ​ទៅ​និយាយ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​ដោយ​ឡែក​ពី​គេ ហើយ​ពោល​ថា​៖ ​«​អស់​អ្នក​ណា​ដែល​មើល​ឃើញ​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​កំពុង​មើល​ឃើញ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ។+ ២៤  ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ធ្លាប់​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ស្ដេច​ជា​ច្រើន​នាក់​ដែល​ចង់​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ឃើញ តែ​មិន​បាន​ឃើញ​ឡើយ+ ហើយ​ចង់​ឮ​អ្វី​ដែល​អ្នក​កំពុង​ឮ តែ​ក៏​មិន​បាន​ឮ​ដែរ​»។ ២៥  ក្រោយ​មក មើល! បុរស​ម្នាក់​ដែល​ចេះ​ច្បាប់*ស្ទាត់​បាន​ក្រោក​ឡើង​ល្បង​ល​លោក ដោយ​សួរ​ថា​៖ ​«​លោក​គ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។+ ២៦  លោក​មាន​ប្រសាសន៍​ទៅ​បុរស​នោះ​ថា​៖ ​«​តើ​ច្បាប់​ចែង​យ៉ាង​ណា? ពេល​ដែល​អ្នក​អាន តើ​អ្នក​យល់​ដូច​ម្ដេច?​»។ ២៧  បុរស​នោះ​ឆ្លើយ​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត* អស់​ពី​កម្លាំង និង​អស់​ពី​សមត្ថភាព​រិះ​គិត›+ ហើយ​‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។+ ២៨  លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ឆ្លើយ​ត្រឹម​ត្រូវ​ហើយ ចូរ​បន្ត​ធ្វើ​ដូច្នោះ ហើយ​អ្នក​នឹង​បាន​ជីវិត​»។+ ២៩  ប៉ុន្តែ បុរស​នោះ​ចង់​បញ្ជាក់​ថា​ខ្លួន​គាត់​សុចរិត។+ ដូច្នេះ គាត់​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​ណា​ទៅ ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។ ៣០  លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​មាន​បុរស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​យេរីខូ ក៏​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់។ ចោរ​ទាំង​នោះ​បាន​ចាប់​ដោះ​យក​សម្លៀក​បំពាក់​គាត់ ក៏​វាយ​ដំ​គាត់ រួច​ចេញ​ទៅ​ដោយ​ទុក​គាត់​ចោល​ស្ទើរ​ស្លាប់​ស្ទើរ​រស់។ ៣១  ចៃដន្យ នៅ​ពេល​នោះ​មាន​សង្ឃ​ម្នាក់​កំពុង​ចុះ​តាម​ផ្លូវ​នោះ ប៉ុន្តែ​កាល​ដែល​ឃើញ​បុរស​នោះ សង្ឃ​ក៏​ជៀស​ទៅ​ម្ខាង​ផ្លូវ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ៣២  ដូច​គ្នា​ដែរ ពេល​បុរស​ម្នាក់​ពី​កុល​សម្ព័ន្ធ​លេវី​បាន​ចុះ​ទៅ​ដល់​កន្លែង​នោះ ហើយ​ឃើញ​បុរស​នោះ គាត់​ក៏​ជៀស​ទៅ​ម្ខាង​ផ្លូវ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ៣៣  ប៉ុន្តែ បុរស​ជន​ជាតិ​សាម៉ារី​ម្នាក់+ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ បាន​ប្រទះ​ឃើញ​បុរស​នោះ។ កាល​បាន​ឃើញ​ហើយ គាត់​ក៏​មាន​ចិត្ត​ក្ដួល​អាណិត។ ៣៤  ដូច្នេះ គាត់​ទៅ​ជិត ហើយ​រុំ​របួស​ឲ្យ​បុរស​នោះ ក៏​ចាក់​ប្រេង​និង​ស្រា​លើ​របួស​នោះ​ផង។ រួច​មក គាត់​លើក​បុរស​នោះ​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​គាត់ ក៏​នាំ​យក​ទៅ​ផ្ទះ​សម្នាក់​មួយ ហើយ​ថែ​ទាំ។ ៣៥  លុះ​ថ្ងៃ​ស្អែក គាត់​យក​ប្រាក់​ពីរ​ឌីណារី*ជូន​ម្ចាស់​ផ្ទះ​សម្នាក់ ទាំង​ប្រាប់​ថា​៖ ‹សូម​ថែ​ទាំ​គាត់ ហើយ​បើ​អ្នក​ចំណាយ​ប្រាក់​លើស​ពី​នេះ ខ្ញុំ​នឹង​សង​អ្នក​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ›។ ៣៦  តាម​យោបល់​របស់​អ្នក តើ​អ្នក​ណា​ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់​នោះ​បាន​ប្រព្រឹត្ត​ជា​អ្នក​ជិត​ខាង+ចំពោះ​បុរស​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ?​»។ ៣៧  គាត់​ឆ្លើយ​ថា​៖ ​«​គឺ​បុរស​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​គាត់​ដោយ​មេត្តា​ករុណា​»។+ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ទៅ​ចុះ! ហើយ​ប្រព្រឹត្ត​ដូច្នោះ​ដែរ​»។+ ៣៨  កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ លោក​បាន​ចូល​ក្នុង​ភូមិ​មួយ។ នៅ​ទី​នោះ ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា+បាន​ទទួល​លោក​ជា​ភ្ញៀវ​ក្នុង​ផ្ទះ។ ៣៩  នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារៀ។ ម៉ារៀ​បាន​អង្គុយ​នៅ​ក្បែរ​ជើង​របស់​លោក​ម្ចាស់ ហើយ​បន្ត​ស្ដាប់​លោក​មាន​ប្រសាសន៍។ ៤០  រីឯ​ម៉ាថា​វិញ នាង​កំពុង​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន។ ដូច្នេះ នាង​បាន​ចូល​ទៅ​ជិត ក៏​ជម្រាប​លោក​ថា​៖ ​«​តើ​លោក​ម្ចាស់​មិន​ឃើញ​ថា ប្អូន​ខ្ញុំ​បាន​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ច​ការ​តែ​ម្នាក់​ឯង​ទេ​ឬ? ដូច្នេះ សូម​ប្រាប់​គាត់​ឲ្យ​មក​ជួយ​ខ្ញុំ​ផង​»។ ៤១  លោក​ម្ចាស់​តប​ថា​៖ ​«​ម៉ាថា ម៉ាថា នាង​ខ្វល់​ចិត្ត​ខ្លាំង​ណាស់​អំពី​កិច្ច​ការ​ជា​ច្រើន។ ៤២  ប៉ុន្តែ អ្វី​ដែល​ត្រូវ​ការ​មាន​តែ​ពីរ​បី​មុខ​ទេ ឬ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ឯ​ម៉ារៀ នាង​បាន​រើស​យក​ចំណែក​ល្អ*វិញ+ ហើយ​ចំណែក​នោះ​នឹង​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ​»។

កំណត់សម្គាល់

ឬ​«​កុំ​ឱប​សួរ​សុខ​ទុក្ខ​»​
សំដៅ​លើ​ផ្ទះ​របស់​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុខ
ឬ​«​ហាដេស​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ចំណែក​ល្អ​បំផុត​»​