សៀវភៅយ៉ូហាន ១៦:១-៣៣
១៦ «ខ្ញុំបានប្រាប់អ្នករាល់គ្នានូវអ្វីៗទាំងនេះ ដើម្បីកុំឲ្យអ្នករាល់គ្នាជំពប់ដួល។
២ អ្នករាល់គ្នានឹងត្រូវបណ្ដេញចោលពីសាលាប្រជុំ។+ តាមការពិត នឹងមានវេលាមកដល់ ពេលអស់អ្នកដែលសម្លាប់អ្នករាល់គ្នា+នឹងគិតថា ការធ្វើដូច្នេះជាកិច្ចបម្រើពិសិដ្ឋជូនព្រះ។
៣ ប៉ុន្តែ ពួកគេនឹងធ្វើការទាំងនេះ ដោយសារពួកគេមិនស្គាល់បិតាដែលនៅស្ថានសួគ៌ ហើយក៏មិនស្គាល់ខ្ញុំដែរ។+
៤ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីការទាំងនេះ ដូច្នេះនៅវេលាដែលការទាំងនេះនឹងកើតឡើង នោះអ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អំពីការទាំងនេះរួចហើយ។+
«ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីការទាំងនេះនៅដើមដំបូងទេ ពីព្រោះខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។
៥ ក៏ប៉ុន្តែ ឥឡូវខ្ញុំនឹងទៅឯលោកដែលបានចាត់ខ្ញុំឲ្យមក។+ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់សួរខ្ញុំទេថា៖ ‹តើលោកនឹងទៅឯណា?›។
៦ ដោយសារខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា នោះធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តណាស់។+
៧ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំនឹងចេញទៅដើម្បីប្រយោជន៍អ្នករាល់គ្នា ព្រោះប្រសិនបើខ្ញុំមិនចេញទៅទេ នោះអ្នកជួយ*+នឹងមិនមកឯអ្នករាល់គ្នាឡើយ។ ប៉ុន្តែប្រសិនបើខ្ញុំទៅ នោះខ្ញុំនឹងចាត់អ្នកជួយឲ្យមកឯអ្នករាល់គ្នា។
៨ កាលដែលអ្នកជួយមកដល់ អ្នកជួយនឹងផ្ដល់ភ័ស្តុតាងដែលនាំឲ្យពិភពលោកជឿជាក់ ស្ដីអំពីភាពខុសឆ្គង សេចក្ដីសុចរិត និងការវិនិច្ឆ័យ៖
៩ មុនបង្អស់ ស្ដីអំពីភាពខុសឆ្គង+ ពីព្រោះពួកគេមិនបង្ហាញជំនឿលើខ្ញុំទេ។+
១០ បន្ទាប់មក ស្ដីអំពីសេចក្ដីសុចរិត ពីព្រោះខ្ញុំនឹងទៅឯបិតាដែលនៅស្ថានសួគ៌ ហើយអ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត។
១១ រួចមក ស្ដីអំពីការវិនិច្ឆ័យ ពីព្រោះអ្នកគ្រប់គ្រងពិភពលោកនេះបានត្រូវវិនិច្ឆ័យហើយ។+
១២ «ខ្ញុំនៅមានរឿងជាច្រើនដែលចង់ប្រាប់អ្នករាល់គ្នា តែឥឡូវនេះអ្នករាល់គ្នាមិនអាចយល់បានឡើយ។
១៣ ក៏ប៉ុន្តែ ពេលដែលអ្នកជួយមកដល់ ពោលគឺឫទ្ធានុភាពរបស់ព្រះដែលបង្ហាញពីសេចក្ដីពិត+ អ្នកជួយនោះនឹងដឹកនាំអ្នករាល់គ្នាឲ្យយល់សេចក្ដីពិតយ៉ាងពេញលេញ ព្រោះអ្នកជួយនឹងមិននិយាយចេញពីខ្លួនឯងទេ ប៉ុន្តែអ្វីដែលអ្នកជួយឮ នោះអ្នកជួយនឹងនិយាយ ហើយនឹងប្រកាសប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីការដែលនឹងមកដល់។+
១៤ អ្នកជួយនឹងលើកតម្កើងខ្ញុំ+ ពីព្រោះអ្នកជួយនឹងប្រកាសប្រាប់អ្នករាល់គ្នានូវអ្វីដែលអ្នកជួយទទួលពីខ្ញុំ។+
១៥ អ្វីៗទាំងអស់ដែលបិតានៅស្ថានសួគ៌មាន ជារបស់ខ្ញុំ។+ នេះជាមូលហេតុដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា អ្នកជួយនឹងប្រកាសប្រាប់អ្នករាល់គ្នានូវអ្វីដែលអ្នកជួយទទួលពីខ្ញុំ។
១៦ បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ+ រួចបន្តិចទៀតអ្នករាល់គ្នានឹងឃើញខ្ញុំ»។
១៧ ពេលឮដូច្នេះ អ្នកកាន់តាមខ្លះរបស់លោកនិយាយគ្នាថា៖ «តើមានន័យដូចម្ដេចពេលដែលលោកមានប្រសាសន៍មកយើងថា៖ ‹បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ រួចបន្តិចទៀតអ្នករាល់គ្នានឹងឃើញខ្ញុំ› ហើយថា៖ ‹ពីព្រោះខ្ញុំនឹងទៅឯបិតាដែលនៅស្ថានសួគ៌›?»។
១៨ ម្ល៉ោះហើយ ពួកគាត់និយាយគ្នាថា៖ «តើមានន័យដូចម្ដេចពេលលោកមានប្រសាសន៍ថា៖ ‹បន្តិចទៀត›? យើងមិនដឹងថាលោកចង់មានប្រសាសន៍អំពីអ្វីទេ»។
១៩ លោកយេស៊ូជ្រាបថាពួកគាត់ចង់សួរលោក ដូច្នេះលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាកំពុងសួរគ្នាដោយសារខ្ញុំបាននិយាយថា៖ ‹បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ រួចបន្តិចទៀតអ្នករាល់គ្នានឹងឃើញខ្ញុំ›ឬ?
២០ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នករាល់គ្នានឹងទ្រហោយំ ប៉ុន្តែពិភពលោកនេះនឹងត្រេកអរ។ អ្នករាល់គ្នានឹងកើតទុក្ខ ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរវិញ។+
២១ ពេលដែលស្ត្រីកំពុងសម្រាលកូន នាងមានទុក្ខ ពីព្រោះវេលារបស់នាងបានមកដល់ហើយ។ ប៉ុន្តែ ក្រោយពីបានសម្រាលកូនរួច នាងមិននឹកឃើញអំពីសេចក្ដីវេទនានោះតទៅទៀតទេ ពីព្រោះនាងមានអំណរដោយសារមានមនុស្សម្នាក់កើតមកក្នុងពិភពលោក។
២២ ឥឡូវនេះ អ្នករាល់គ្នាក៏មានទុក្ខព្រួយដែរ ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត ហើយអ្នករាល់គ្នានឹងមានចិត្តអរសប្បាយ+ ហើយគ្មានអ្នកណានឹងយកអំណរនេះចេញពីអ្នករាល់គ្នាទេ។
២៣ នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំនូវសំណួរណាមួយឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នករាល់គ្នាសុំអ្វីក៏ដោយពីបិតាដែលនៅស្ថានសួគ៌+ ដោយនូវឈ្មោះខ្ញុំ នោះលោកនឹងឲ្យអ្នករាល់គ្នា។+
២៤ មកដល់ពេលនេះ អ្នករាល់គ្នាមិនបានសុំអ្វីមួយសោះដោយនូវឈ្មោះខ្ញុំ។ ចូរសុំ ហើយអ្នករាល់គ្នានឹងទទួល ដើម្បីឲ្យអ្នករាល់គ្នាពោរពេញដោយអំណរ។
២៥ «ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីអ្វីៗទាំងនេះដោយប្រើពាក្យប្រៀបប្រដូច។ ប៉ុន្តែ វេលានឹងមកដល់ ពេលដែលខ្ញុំនឹងមិននិយាយដោយប្រើពាក្យប្រៀបប្រដូចទៀតទេ តែខ្ញុំនឹងរៀបរាប់ប្រាប់អ្នករាល់គ្នាចំៗអំពីបិតាដែលនៅស្ថានសួគ៌។
២៦ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសុំពីបិតាដែលនៅស្ថានសួគ៌ដោយនូវឈ្មោះខ្ញុំ។ ខ្ញុំមិនមែននិយាយថាខ្ញុំនឹងសុំជំនួសអ្នករាល់គ្នាទេ
២៧ ព្រោះបិតានៅស្ថានសួគ៌ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាស្រឡាញ់ខ្ញុំ+ ហើយជឿថាខ្ញុំបានមកជាតំណាងបិតាដែលនៅស្ថានសួគ៌។+
២៨ ខ្ញុំបានមកជាតំណាងបិតាដែលនៅស្ថានសួគ៌ ហើយបានចូលក្នុងពិភពលោក។ ឥឡូវ ខ្ញុំនឹងចេញពីពិភពលោក ហើយទៅឯបិតាដែលនៅស្ថានសួគ៌»។+
២៩ ពួកអ្នកកាន់តាមលោកបាននិយាយថា៖ «មើល! ឥឡូវលោកកំពុងមានប្រសាសន៍យ៉ាងចំៗ មិនមែនប្រើពាក្យប្រៀបប្រដូចទេ។
៣០ ឥឡូវយើងដឹងថាលោកជ្រាបអ្វីៗទាំងអស់ ក៏មិនត្រូវការអ្នកណាសួរលោកដែរ។ ដោយហេតុនេះ យើងជឿថាលោកគឺមកពីព្រះ»។
៣១ លោកយេស៊ូសួរពួកគាត់ថា៖ «តើឥឡូវអ្នករាល់គ្នាពិតជាជឿមែនឬ?
៣២ មើល! នឹងមានវេលាមកដល់ តាមពិតវេលានោះបានមកដល់ហើយ ពេលដែលអ្នករាល់គ្នានឹងខ្ចាត់ខ្ចាយទៅផ្ទះរៀងខ្លួន ហើយនឹងទុកខ្ញុំឲ្យនៅម្នាក់ឯង។+ ប៉ុន្តែ ខ្ញុំមិនមែននៅម្នាក់ឯងទេ ពីព្រោះបិតានៅស្ថានសួគ៌នៅជាមួយនឹងខ្ញុំ។+
៣៣ ខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។+ ក្នុងពិភពលោក អ្នករាល់គ្នានឹងមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។+
កំណត់សម្គាល់
^ ឬ«អ្នកសម្រាលទុក្ខ»