សៀវភៅយ៉ូហាន ១៣:១-៣៨
១៣ មុនបុណ្យរំលង លោកយេស៊ូដឹងថាវេលាដែលលោកត្រូវចេញពីពិភពលោកនេះទៅឯបិតានៅស្ថានសួគ៌+ បានមកដល់ហើយ។+ ដោយសារលោកស្រឡាញ់ពួកអ្នកដែលជារបស់លោក ដែលនៅក្នុងពិភពលោកនេះ នោះលោកស្រឡាញ់ពួកគាត់រហូតដល់ទីបំផុត។+
២ កាលដែលលោកយេស៊ូនិងពួកអ្នកកាន់តាមលោកកំពុងបរិភោគ មេកំណាច*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត+ ជាកូនស៊ីម៉ូន មានគំនិតក្បត់លោករួចហើយ។+
៣ លោកយេស៊ូដឹងថាបិតានៅស្ថានសួគ៌បានប្រគល់អ្វីៗទាំងអស់ទៅក្នុងដៃរបស់លោក ហើយដឹងថាលោកមកពីព្រះ ក៏នឹងទៅឯព្រះវិញ។+
៤ លោកយេស៊ូបានក្រោកឡើងពីតុអាហារ ហើយដោះសម្លៀកបំពាក់ក្រៅចេញ។ រួចមក លោកយកកន្សែងមកក្រវាត់ចង្កេះ។+
៥ បន្ទាប់មក លោកចាក់ទឹកក្នុងចានក្លាំធំមួយ ហើយចាប់ផ្ដើមលាងជើងរបស់ពួកអ្នកកាន់តាម ក៏បានយកកន្សែងដែលក្រវាត់ចង្កេះ មកជូតជើងពួកគាត់ឲ្យស្ងួត។
៦ កាលដែលលោកមកឯស៊ីម៉ូនពេត្រុស នោះពេត្រុសនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ តើលោកនឹងលាងជើងរបស់ខ្ញុំឬ?»។
៧ លោកយេស៊ូតបទៅគាត់ថា៖ «ឥឡូវនេះ អ្នកមិនយល់អ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្តែបន្ទាប់ពីការទាំងនេះ អ្នកនឹងយល់»។
៨ ពេត្រុសនិយាយទៅលោកថា៖ «លោកមិនត្រូវលាងជើងខ្ញុំទេ»។ លោកយេស៊ូតបទៅគាត់ថា៖ «បើខ្ញុំមិនលាងជើងរបស់អ្នកទេ+ អ្នកគ្មានចំណែកជាមួយនឹងខ្ញុំឡើយ»។
៩ ស៊ីម៉ូនពេត្រុសនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ សូមកុំលាងតែជើងខ្ញុំប៉ុណ្ណោះ តែសូមលាងទាំងដៃទាំងក្បាលរបស់ខ្ញុំផង»។
១០ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាដែលបានងូតទឹកហើយ រូបកាយទាំងមូលរបស់អ្នកនោះគឺស្អាត ដូច្នេះគាត់មិនត្រូវការលាងអ្វីក្រៅពីជើងរបស់គាត់ទេ។ អ្នករាល់គ្នាគឺស្អាតហើយ តែមិនមែនគ្រប់គ្នាទេ»។
១១ លោកដឹងហើយថា អ្នកណានឹងក្បត់លោក។+ ហេតុនោះហើយបានជាលោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ»។
១២ បន្ទាប់ពីលោកលាងជើងរបស់ពួកគាត់រួច លោកក៏ពាក់សម្លៀកបំពាក់ក្រៅរបស់លោកវិញ។ រួចលោកអង្គុយនៅតុម្ដងទៀត ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាទេ?
១៣ អ្នករាល់គ្នាហៅខ្ញុំថា‹លោកគ្រូ›និង‹លោកម្ចាស់› ហើយជាការត្រឹមត្រូវដែលអ្នករាល់គ្នាហៅខ្ញុំដូច្នេះ ព្រោះខ្ញុំជាគ្រូនិងជាម្ចាស់មែន។+
១៤ ដូច្នេះ ប្រសិនបើខ្ញុំជាម្ចាស់និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នា+ នោះអ្នករាល់គ្នាក៏ត្រូវ*លាងជើងឲ្យគ្នាទៅវិញទៅមកដែរ។+
១៥ ព្រោះខ្ញុំបានទុកគំរូឲ្យអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើអ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នា។+
១៦ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំបម្រើគឺមិនធំជាងម្ចាស់ខ្លួនទេ ហើយអ្នកដែលគេចាត់ឲ្យទៅ ក៏មិនធំជាងអ្នកដែលចាត់អ្នកនោះឲ្យទៅដែរ។
១៧ ឥឡូវអ្នករាល់គ្នាដឹងការទាំងនេះ តែបើអ្នករាល់គ្នាធ្វើការទាំងនេះ អ្នករាល់គ្នានឹងមានសុភមង្គល។+
១៨ ខ្ញុំមិនមែននិយាយអំពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស។ ប៉ុន្តែ នេះគឺដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖+ ‹អ្នកដែលធ្លាប់បរិភោគនំប៉័ងរបស់ខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំវិញ›។+
១៩ ឥឡូវនេះ ខ្ញុំប្រាប់អ្នករាល់គ្នាមុនការទាំងនោះកើតឡើង ដើម្បីឲ្យអ្នករាល់គ្នាជឿថា ខ្ញុំជាអ្នកនោះ ពេលការទាំងនោះកើតឡើង។+
២០ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះក៏ទទួលខ្ញុំដែរ។+ ឯអ្នកណាដែលទទួលខ្ញុំ អ្នកនោះក៏ទទួលលោកដែលបានចាត់ខ្ញុំឲ្យមកដែរ»។+
២១ ក្រោយពីលោកយេស៊ូមានប្រសាសន៍អ្វីៗទាំងនេះហើយ លោកក៏កើតទុក្ខក្នុងចិត្ត រួចបញ្ជាក់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។+
២២ ពួកអ្នកកាន់តាមលោកចាប់ផ្ដើមមើលមុខគ្នា ដោយមិនដឹងថាលោកកំពុងមានប្រសាសន៍អំពីអ្នកណាឡើយ។+
២៣ មានអ្នកកាន់តាមម្នាក់ដែលកំពុងអង្គុយនៅជិត*លោកយេស៊ូ គាត់ជាអ្នកដែលលោកស្រឡាញ់។+
២៤ ដូច្នេះ ស៊ីម៉ូនពេត្រុសធ្វើសញ្ញាទៅអ្នកនោះ ហើយនិយាយទៅគាត់ថា៖ «សូមប្រាប់យើងថាលោកកំពុងមានប្រសាសន៍អំពីអ្នកណា»។
២៥ ដូច្នេះ អ្នកនោះផ្អែកខ្លួនទៅលើទ្រូងលោកយេស៊ូ ហើយនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ តើអ្នកណាទៅ?»។+
២៦ លោកយេស៊ូឆ្លើយថា៖ «គឺជាអ្នកដែលខ្ញុំនឹងឲ្យនំប៉័ងដែលខ្ញុំកំពុងជ្រលក់នេះ»។+ ដូច្នេះ លោកក៏ហុចនំប៉័ងដែលលោកបានជ្រលក់ ទៅឲ្យយូដាស ជាកូនស៊ីម៉ូនអ៊ីស្ការីយ៉ុត។
២៧ បន្ទាប់ពីយូដាសទទួលនំប៉័ងនោះ សាថាន*ក៏ចូលគាត់។+ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្វីដែលអ្នកកំពុងធ្វើ ចូរធ្វើឲ្យឆាប់ទៅ»។
២៨ ក៏ប៉ុន្តែ ពួកអ្នកដែលកំពុងអង្គុយនៅតុ មិនដឹងមូលហេតុដែលលោកមានប្រសាសន៍ដូច្នេះទៅយូដាសទេ។
២៩ ដោយសារយូដាសជាអ្នកកាន់ប្រអប់ទុកប្រាក់+ នោះអ្នកកាន់តាមខ្លះបានគិតថាលោកយេស៊ូប្រាប់គាត់ថា៖ «ចូរទៅទិញអ្វីដែលយើងត្រូវការសម្រាប់បុណ្យនេះ» ឬប្រាប់គាត់ឲ្យទៅចែកប្រាក់ខ្លះដល់អ្នកក្រ។
៣០ ដូច្នេះ ក្រោយពីគាត់បានទទួលនំប៉័ងនោះ គាត់ក៏ចេញទៅភ្លាម។ ពេលនោះគឺយប់ហើយ។+
៣១ ក្រោយពីយូដាសចេញទៅបាត់ លោកយេស៊ូមានប្រសាសន៍ថា៖ «ឥឡូវកូនមនុស្សបានត្រូវលើកតម្កើង+ ហើយព្រះបានត្រូវលើកតម្កើងតាមរយៈលោក។
៣២ ព្រះនឹងលើកតម្កើងលោកដោយផ្ទាល់+ ហើយនឹងលើកតម្កើងលោកភ្លាមៗ។
៣៣ កូនៗអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ។ អ្នករាល់គ្នានឹងរកខ្ញុំ តែឥឡូវនេះខ្ញុំក៏ប្រាប់អ្នករាល់គ្នា ដូចខ្ញុំបានប្រាប់ជនជាតិយូដាដែរថា៖ ‹កន្លែងដែលខ្ញុំនឹងទៅ អ្នករាល់គ្នាមិនអាចមកបានទេ›។+
៣៤ ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក+ ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា។+
៣៥ យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។+
៣៦ ស៊ីម៉ូនពេត្រុសនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ តើលោកនឹងទៅឯណា?»។ លោកយេស៊ូឆ្លើយថា៖ «កន្លែងដែលខ្ញុំនឹងទៅ អ្នកមិនអាចមកតាមខ្ញុំឥឡូវនេះបានទេ តែអ្នកនឹងមកនៅពេលក្រោយ»។+
៣៧ ពេត្រុសនិយាយទៅកាន់លោកថា៖ «លោកម្ចាស់ ហេតុអ្វីខ្ញុំមិនអាចទៅតាមលោកឥឡូវនេះ? ខ្ញុំសុខចិត្តលះបង់ជីវិត*ដើម្បីលោក»។+
៣៨ លោកយេស៊ូឆ្លើយថា៖ «តើអ្នកពិតជាសុខចិត្តលះបង់ជីវិត*ដើម្បីខ្ញុំមែនឬ? ខ្ញុំប្រាប់អ្នកការពិតថា មាន់នឹងមិនរងាវទេ រហូតដល់អ្នកមិនទទួលស្គាល់ខ្ញុំបីដង»។+
កំណត់សម្គាល់
^ ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
^ ឬ«មានកាតព្វកិច្ច»
^ ន័យត្រង់«ជិតដើមទ្រូង»
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
^ មើលនិយមន័យពាក្យ«ជីវិត»
^ មើលនិយមន័យពាក្យ«ជីវិត»