យ៉ូស្វេ ១៧:១-១៨
១៧ ក្រោយមក កុលសម្ព័ន្ធម៉ាណាសេ+បានទទួលទឹកដី*ជាមត៌ក+ ដោយសារម៉ាណាសេជាកូនច្បងរបស់យ៉ូសែប។+ រីឯម៉ាគា+ជាកូនច្បងរបស់ម៉ាណាសេ និងជាឪពុករបស់គីលាត គាត់បានទទួលស្រុកគីលាតនិងតំបន់បាសានជាមត៌ក ព្រោះគាត់ជាអ្នកចម្បាំងមួយរូប។+
២ ចំណែកឯកូនចៅឯទៀតរបស់ម៉ាណាសេ ពួកគេក៏បានទទួលទឹកដីតាមវង្សត្រកូលរបស់ពួកគេដែរ។ ពួកគេជាកូនរបស់អាប៊ីអ៊ីសឺ+ កូនរបស់ហេលេក កូនរបស់អាសរៀល កូនរបស់ស៊ីគឹម កូនរបស់ហេផឺ និងកូនរបស់សិមមីដា។ ពួកកូនប្រុសទាំងនោះជាកូនចៅម៉ាណាសេដែលជាកូនរបស់យ៉ូសែប។+
៣ ចំណែកស្លូផិហាត+ គាត់គ្មានកូនប្រុសទេ មានតែកូនស្រីប៉ុណ្ណោះ។ ស្លូផិហាតជាកូនហេផឺ ហេផឺជាកូនគីលាត គីលាតជាកូនម៉ាគា ម៉ាគាជាកូនម៉ាណាសេ។ កូនស្រីៗរបស់ស្លូផិហាតឈ្មោះ ម៉ាឡា ណូអេ ហុកឡា មីលកា និងធើសា។
៤ ពួកនាងមកជួបអេលាសារ+ជាសង្ឃ យ៉ូស្វេជាកូនប្រុសនុន និងពួកមេបណ្ដាជន រួចនិយាយទៅពួកគាត់ថា៖ «ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេឲ្យចែកមត៌កដល់យើងខ្ញុំដូចសាច់ញាតិរបស់យើងខ្ញុំបានទទួលដែរ»។+ ដូច្នេះ យ៉ូស្វេក៏ចែកមត៌កឲ្យពួកនាងជាមួយនឹងសាច់ញាតិបងប្អូនរបស់ឪពុកពួកនាង តាមបង្គាប់របស់ព្រះយេហូវ៉ា។+
៥ មិនត្រឹមតែប៉ុណ្ណោះ កុលសម្ព័ន្ធម៉ាណាសេបានទទួលទឹកដី១០ចំណែកថែមទៀត ពីលើទឹកដីស្រុកគីលាតនិងតំបន់បាសាន ដែលនៅត្រើយម្ខាង*ទន្លេយ៉ូដាន់+
៦ ដោយសារពួកកូនស្រីរបស់កុលសម្ព័ន្ធម៉ាណាសេក៏បានទទួលមត៌កជាមួយនឹងពួកកូនប្រុសដែរ។ ទឹកដីស្រុកគីលាតបានក្លាយជាកម្មសិទ្ធិរបស់កូនចៅឯទៀតរបស់ម៉ាណាសេ។
៧ ព្រំប្រទល់របស់កុលសម្ព័ន្ធម៉ាណាសេ គឺចាប់ពីទឹកដីកុលសម្ព័ន្ធអេស៊ើរទៅដល់មីកមេថាត+ ដែលនៅទល់មុខក្រុងស៊ីគឹម+ ហើយបន្តឆ្ពោះទៅខាងត្បូងដល់ទឹកដីរបស់ពួកអ្នកក្រុងអេនតេពួរ។
៨ ពិតមែនតែទឹកដីតេពួរ+ជារបស់កុលសម្ព័ន្ធម៉ាណាសេ តែក្រុងតេពួរដែលនៅព្រំប្រទល់កុលសម្ព័ន្ធម៉ាណាសេ ជារបស់កូនចៅអេប្រាអ៊ីមវិញ។
៩ ព្រំប្រទល់នោះចុះទៅខាងត្បូងជ្រលងខាណា ហើយក៏មានក្រុងខ្លះរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនៅក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេដែរ។+ ព្រំប្រទល់កុលសម្ព័ន្ធម៉ាណាសេគឺនៅខាងជើងជ្រលង រួចចប់ត្រឹមសមុទ្រធំ។*+
១០ ហេតុនេះ ទឹកដីដែលនៅខាងត្បូងជារបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយទឹកដីដែលនៅខាងជើងជារបស់កុលសម្ព័ន្ធម៉ាណាសេ និងមានសមុទ្រធំជាព្រំប្រទល់របស់ពួកគេ។+ ទឹកដីខាងជើងរបស់ពួកគេ*លាតសន្ធឹងដល់ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ហើយទឹកដីខាងកើតលាតសន្ធឹងដល់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ។
១១ កុលសម្ព័ន្ធម៉ាណាសេក៏បានទទួលក្រុងមួយចំនួននិងក្រុងតូចៗដែលនៅជុំវិញ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារនិងកុលសម្ព័ន្ធអេស៊ើរដែរ គឺក្រុងបេតសៀន ក្រុងអ៊ីបលាម+ ក្រុងដោ+ ក្រុងអេនដោ+ ក្រុងថេអាណាក+ និងក្រុងមេគីដោ គឺក្រុងបីនោះនៅលើទួល។
១២ ប៉ុន្តែ កូនចៅម៉ាណាសេមិនអាចបណ្ដេញពួកអ្នករស់នៅក្នុងក្រុងទាំងប៉ុន្មាននោះបានទេ។ ជនជាតិកាណានប្ដេជ្ញាបន្តរស់នៅក្នុងទឹកដីនោះតទៅទៀត។+
១៣ ពេលកូនចៅអ៊ីស្រាអែលមានអំណាចកាន់តែរឹងមាំ ពួកគេបង្ខំជនជាតិកាណានឲ្យធ្វើការយ៉ាងលំបាក+ តែពួកគេមិនបានបណ្ដេញជនជាតិកាណានចេញឲ្យអស់ពីក្រុងទាំងនោះឡើយ។+
១៤ កូនចៅយ៉ូសែបនិយាយទៅកាន់យ៉ូស្វេថា៖ «ហេតុអ្វីបានជាអ្នកឲ្យមត៌ក*តែមួយចំណែក+មកយើងដូច្នេះ? យើងមានគ្នាច្រើនណាស់ ព្រោះព្រះយេហូវ៉ាបានឲ្យពរយើងរហូតមកដល់ឥឡូវ»។+
១៥ យ៉ូស្វេតបទៅពួកគេថា៖ «បើពួកអ្នកមានគ្នាច្រើនយ៉ាងនោះ ហើយតំបន់ភ្នំនៅស្រុកអេប្រាអ៊ីម+មិនល្មមគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នាទេ ចូរឡើងទៅតំបន់ព្រៃរបស់ពួកពេរិស៊ីត+និងពួករេផែម+ ហើយកាប់ឆ្ការព្រៃយកដីសម្រាប់អ្នករាល់គ្នាចុះ»។
១៦ កូនចៅយ៉ូសែបនិយាយថា៖ «តំបន់ភ្នំនោះមិនល្មមសម្រាប់ពួកយើងទេ។ ម្យ៉ាងទៀត ជនជាតិកាណានទាំងអស់ដែលរស់នៅជិតជ្រលង* គឺនៅក្រុងបេតសៀន+និងក្រុងតូចៗដែលនៅជុំវិញ ព្រមទាំងនៅជ្រលង*ក្រុងយេសរៀល+ ពួកគេមានរទេះចម្បាំង+ដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះ»។
១៧ ឮដូច្នេះ យ៉ូស្វេនិយាយទៅកូនចៅយ៉ូសែប គឺកូនចៅអេប្រាអ៊ីមនិងកូនចៅម៉ាណាសេ ថា៖ «ពួកអ្នកមានគ្នាច្រើនណាស់ ថែមទាំងមានអំណាចខ្លាំងក្លាទៀតផង។ ដូច្នេះ ពួកអ្នកនឹងទទួលទឹកដីថែមទៀត។+
១៨ ប៉ុន្តែ ពួកអ្នកក៏ត្រូវយកតំបន់ភ្នំទាំងមូលនោះដែរ។+ ពិតមែនតែវាជាតំបន់ព្រៃ តែពួកអ្នកត្រូវកាប់ឆ្ការ ហើយរស់នៅទីនោះទៅ។ ពួកអ្នកនឹងបណ្ដេញជនជាតិកាណានចេញបាន ទោះជាពួកគេខ្លាំងក្លានិងមានរទេះចម្បាំងដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះក៏ដោយ»។+
កំណត់សម្គាល់
^ ន័យត្រង់«ទឹកដីដែលបានត្រូវចាប់ឆ្នោត»
^ នេះសំដៅលើខាងកើត
^ នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
^ នេះសំដៅលើកុលសម្ព័ន្ធម៉ាណាសេ ឬទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេ
^ ន័យត្រង់«ទឹកដីដែលបានត្រូវចាប់ឆ្នោត»
^ ឬ«វាលទំនាប»
^ ឬ«វាលទំនាប»