យ៉ូស្វេ ១០:១-៤៣
១០ នៅពេលនោះអាដូណាយសេដិកជាស្ដេចក្រុងយេរូសាឡិម* គាត់បានឮថា យ៉ូស្វេបានចាប់យកក្រុងអៃ និងបំផ្លាញក្រុងនោះខ្ទេចខ្ទីអស់។ យ៉ូស្វេបានប្រព្រឹត្តចំពោះក្រុងអៃនិងស្ដេចក្រុងនោះ+ ដូចដែលគាត់បានប្រព្រឹត្តចំពោះក្រុងយេរីខូនិងស្ដេចក្រុងនោះដែរ។+ មិនត្រឹមតែប៉ុណ្ណោះ គាត់បានឮដែរថាពួកអ្នកក្រុងគីបៀនបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងជនជាតិអ៊ីស្រាអែល+ ថែមទាំងរស់នៅក្នុងចំណោមពួកគេទៀតផង។
២ ពេលអាដូណាយសេដិកឮដូច្នោះភ្លាម គាត់ភ័យខ្លាចយ៉ាងខ្លាំង+ ដោយសារក្រុងគីបៀនជាក្រុងធំមួយ ដូចក្រុងដែលមានស្ដេចគ្រប់គ្រងដែរ។ ក្រុងគីបៀនធំជាងក្រុងអៃ+ ហើយពួកបុរសទាំងអស់ក្នុងក្រុងនោះសុទ្ធតែជាអ្នកចម្បាំងខ្លាំងពូកែ។
៣ ម្ល៉ោះហើយ អាដូណាយសេដិកស្ដេចក្រុងយេរូសាឡិមបានផ្ញើសារទៅហូហាំស្ដេចក្រុងហេប្រុន+ ពីរ៉ាមស្ដេចក្រុងយ៉ាមុត យ៉ាភាអាស្ដេចក្រុងឡាគីស និងដេបៀរស្ដេចក្រុងអេកឡូន ដោយប្រាប់ថា៖+
៤ «សូមមកជួយខ្ញុំទៅច្បាំងនឹងពួកអ្នកក្រុងគីបៀន ពីព្រោះពួកគេបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។+
៥ ដូច្នេះ ស្ដេចទាំងប្រាំរបស់ជនជាតិអាម៉ូរី+ គឺស្ដេចក្រុងយេរូសាឡិម ស្ដេចក្រុងហេប្រុន ស្ដេចក្រុងយ៉ាមុត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេកឡូន ពួកគេបានជួបជុំគ្នានាំទាហានចេញទៅបោះទ័ព ដើម្បីប្រយុទ្ធនឹងពួកអ្នកក្រុងគីបៀន។
៦ រួចមក ពួកបុរសក្រុងគីបៀនបានចាត់គេឲ្យទៅប្រាប់យ៉ូស្វេនៅជំរំជិតក្រុងគីលកាលថា៖+ «សូមកុំបោះបង់ចោលយើងខ្ញុំដែលជាខ្ញុំបម្រើរបស់លោកឡើយ។+ សូមមេត្តាប្រញាប់មកជួយសង្គ្រោះយើងខ្ញុំផង! ព្រោះស្ដេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរីពីតំបន់ភ្នំ បានប្រមូលគ្នាមកប្រយុទ្ធនឹងយើងខ្ញុំ»។
៧ ឮដូច្នោះ យ៉ូស្វេនិងកងទ័ព រួមទាំងពួកទាហានខ្លាំងក្លាទាំងអស់ បាននាំគ្នាធ្វើដំណើរចេញពីក្រុងគីលកាល។+
៨ ពេលនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូស្វេថា៖ «កុំភ័យខ្លាចឡើយ+ ព្រោះខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នក។+ គ្មានអ្នកណាម្នាក់អាចឈ្នះអ្នកបានទេ»។+
៩ យ៉ូស្វេបានធ្វើដំណើរពេញមួយយប់ពីក្រុងគីលកាលដើម្បីប្រយុទ្ធនឹងពួកគេ ដោយមិនឲ្យពួកគេដឹងខ្លួនជាមុន។
១០ លុះទៅដល់ហើយ ព្រះយេហូវ៉ាបានធ្វើឲ្យពួកសត្រូវច្របូកច្របល់នៅមុខកងទ័ពអ៊ីស្រាអែល។+ កងទ័ពអ៊ីស្រាអែលបានសម្លាប់ពួកគេយ៉ាងរង្គាលនៅក្រុងគីបៀន និងដេញប្រហារពួកគេតាមផ្លូវឡើងទៅក្រុងបេតហូរ៉ុន ហើយសម្លាប់ពួកគេរហូតដល់ក្រុងអាសេកា និងក្រុងម៉ាកេដា។
១១ កាលដែលពួកគេរត់គេចពីកងទ័ពអ៊ីស្រាអែលតាមផ្លូវចុះពីក្រុងបេតហូរ៉ុន នោះព្រះយេហូវ៉ាបានទម្លាក់ដុំទឹកកកយ៉ាងច្រើនពីលើមេឃមកសម្លាប់ពួកគេ រហូតដល់ក្រុងអាសេកា។ អ្នកដែលស្លាប់ដោយសារដុំទឹកកក មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយសារដាវរបស់កងទ័ពអ៊ីស្រាអែលទៅទៀត។
១២ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាធ្វើឲ្យជនជាតិអាម៉ូរីរត់បាក់ទ័ពពីមុខកងទ័ពអ៊ីស្រាអែល។ ពេលនោះ យ៉ូស្វេនិយាយទៅព្រះយេហូវ៉ានៅចំពោះមុខកងទ័ពអ៊ីស្រាអែលថា៖
«សូមឲ្យដួងអាទិត្យនៅទ្រឹង+លើក្រុងគីបៀន+ហើយសូមឲ្យដួងខែនៅទ្រឹងលើជ្រលងភ្នំ*ជិតក្រុងអៃយ៉ាឡូន!»។
១៣ ដូច្នេះ ដួងអាទិត្យបាននៅទ្រឹង ហើយដួងខែនៅនឹងថ្កល់ រហូតដល់ប្រជាជាតិអ៊ីស្រាអែលបានច្បាំងឈ្នះសត្រូវ។ រឿងនេះបានត្រូវសរសេរទុកក្នុងសៀវភៅយ៉ាសា។+ នៅថ្ងៃនោះ ដួងអាទិត្យបាននៅទ្រឹងកណ្ដាលមេឃ ហើយនៅភ្លឺរហូតស្ទើរតែពេញមួយថ្ងៃ។
១៤ មិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺមានតែថ្ងៃនោះប៉ុណ្ណោះដែលព្រះយេហូវ៉ាធ្វើការអស្ចារ្យបែបនោះតាមសំណូមពររបស់បុរសម្នាក់+ ព្រោះព្រះយេហូវ៉ាបានច្បាំងដើម្បីអ៊ីស្រាអែល។+
១៥ ក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ត្រឡប់ទៅទីបោះទ័ពជិតក្រុងគីលកាលវិញ។+
១៦ ស្របពេលនោះដែរ ស្ដេចទាំងប្រាំរបស់ជនជាតិអាម៉ូរីបានរត់ទៅលាក់ខ្លួនក្នុងរូងភ្នំនៅក្រុងម៉ាកេដា។+
១៧ ក្រោយមក មានគេទៅរាយការណ៍ប្រាប់យ៉ូស្វេថា៖ «ស្ដេចទាំងប្រាំនោះកំពុងលាក់ខ្លួនក្នុងរូងភ្នំនៅក្រុងម៉ាកេដា»។+
១៨ ដូច្នេះ យ៉ូស្វេបង្គាប់ថា៖ «ចូរប្រមៀលថ្មធំៗទៅបិទមាត់រូងភ្នំនោះទៅ ហើយឲ្យបុរសខ្លះនៅចាំយាមពួកគេ។
១៩ ចំណែកឯអ្នករាល់គ្នាដែលនៅសល់ ត្រូវបន្តដេញតាមសម្លាប់ពួកសត្រូវ។+ កុំឲ្យពួកគេចូលទៅក្នុងក្រុងរបស់ពួកគេឡើយ ព្រោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
២០ យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលសម្លាប់ពួកសត្រូវយ៉ាងសន្ធឹកសន្ធាប់ស្ទើរតែទាំងអស់ មានតែមួយចំនួនប៉ុណ្ណោះដែលរួចជីវិត ដោយសារអ្នកទាំងនោះបានរត់ចូលទៅក្នុងក្រុងផ្សេងៗដែលមានកំពែងរឹងមាំ។
២១ រួចកងទ័ពទាំងអស់ត្រឡប់មកវិញដោយសុវត្ថិភាព ហើយទៅជួបយ៉ូស្វេនៅជំរំជិតក្រុងម៉ាកេដាវិញ ហើយគ្មានអ្នកណាម្នាក់ហ៊ាននិយាយប្រឆាំងនឹងជនជាតិអ៊ីស្រាអែលឡើយ។
២២ បន្ទាប់មក យ៉ូស្វេនិយាយថា៖ «ចូរទៅបើកមាត់រូងភ្នំ ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។
២៣ ដូច្នេះ ពួកគេនាំស្ដេចទាំងប្រាំនោះចេញពីរូងភ្នំមក គឺស្ដេចក្រុងយេរូសាឡិម ស្ដេចក្រុងហេប្រុន ស្ដេចក្រុងយ៉ាមុត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេកឡូន។+
២៤ ពេលពួកគេនាំស្ដេចទាំងប្រាំនោះមក យ៉ូស្វេកោះហៅបុរសជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យមកជួបជុំគ្នា រួចបង្គាប់ពួកមេបញ្ជាការកងទ័ពដែលបានទៅជាមួយនឹងគាត់ថា៖ «ចូរនាំគ្នាចូលមក ហើយជាន់កពួកស្ដេចទាំងនេះទៅ»។ ពួកគេក៏ចូលមក ហើយជាន់កពួកស្ដេចទាំងនោះ។+
២៥ យ៉ូស្វេនិយាយទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចឬតក់ស្លុតឡើយ។+ ចូរមានចិត្តក្លាហានហើយរឹងមាំឡើង ព្រោះព្រះយេហូវ៉ានឹងធ្វើដូច្នេះចំពោះសត្រូវទាំងអស់ដែលច្បាំងនឹងអ្នករាល់គ្នា»។+
២៦ រួចមក យ៉ូស្វេសម្លាប់ពួកស្ដេចទាំងប្រាំនោះ ហើយព្យួរសពពួកគេលើបង្គោលទុករហូតដល់ល្ងាច។
២៧ ពេលថ្ងៃលិច យ៉ូស្វេបញ្ជាឲ្យគេយកសពស្ដេចទាំងនោះចុះពីបង្គោល+ ហើយបោះទៅក្នុងរូងភ្នំដែលស្ដេចទាំងនោះធ្លាប់លាក់ខ្លួន រួចឲ្យគេយកថ្មធំៗទៅបិទមាត់រូងភ្នំនោះ។ ថ្មទាំងនោះនៅរហូតដល់សព្វថ្ងៃ។
២៨ នៅថ្ងៃនោះឯង យ៉ូស្វេបានចាប់យកក្រុងម៉ាកេដា+ ហើយបានសម្លាប់ពួកអ្នកក្រុងនោះចោល។ គាត់បានសម្លាប់ស្ដេចនិងមនុស្សគ្រប់គ្នាក្នុងក្រុងនោះ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។+ យ៉ូស្វេបានប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដា+ ដូចគាត់បានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
២៩ បន្ទាប់មក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងម៉ាកេដាទៅក្រុងលិបណា ហើយធ្វើសង្គ្រាមនឹងអ្នកក្រុងនោះ។+
៣០ ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងលិបណានិងស្ដេចក្រុងនោះ+ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែលដែរ។ ពួកគេបានវាយប្រហារក្រុងនោះ និងសម្លាប់មនុស្សទាំងអស់ក្នុងក្រុងនោះ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។ ពួកគេប្រព្រឹត្តចំពោះស្ដេចក្រុងលិបណា ដូចពួកគេបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។+
៣១ បន្ទាប់មក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងលិបណាទៅក្រុងឡាគីស+ ហើយបោះទ័ពនៅទីនោះ រួចច្បាំងនឹងក្រុងនោះ។
៣២ ព្រះយេហូវ៉ាបានប្រគល់ក្រុងឡាគីសទៅក្នុងកណ្ដាប់ដៃពួកអ៊ីស្រាអែល ហើយនៅថ្ងៃទី២ ពួកគេបានចាប់យកក្រុងនោះ។ ពួកគេបានវាយប្រហារក្រុងនោះ និងសម្លាប់មនុស្សទាំងអស់ក្នុងក្រុងនោះ+ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលិបណាដែរ។
៣៣ ពេលនោះ ហូរ៉ាមជាស្ដេចក្រុងគីសឺ+បានធ្វើដំណើរឡើងមកជួយក្រុងឡាគីស។ ប៉ុន្តែ យ៉ូស្វេបានសម្លាប់ហូរ៉ាមនិងទាហានរបស់គាត់ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។
៣៤ បន្ទាប់មកទៀត យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងឡាគីសទៅក្រុងអេកឡូន+ ហើយបោះទ័ពនៅទីនោះ រួចច្បាំងនឹងក្រុងនោះ។
៣៥ នៅថ្ងៃនោះ ពួកគេបានចាប់យកក្រុងអេកឡូន ហើយវាយប្រហារក្រុងនោះ។ ពួកគេសម្លាប់មនុស្សទាំងអស់ក្នុងក្រុងនោះចោល ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។+
៣៦ ក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីក្រុងអេកឡូនទៅក្រុងហេប្រុន+ ហើយប្រយុទ្ធនឹងក្រុងនោះ។
៣៧ ពួកគេបានចាប់យកក្រុងហេប្រុន ហើយវាយប្រហារក្រុងនោះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញក្រុងនោះ ព្រមទាំងសម្លាប់ស្ដេចនិងមនុស្សទាំងអស់ក្នុងក្រុងនោះ មិនទុកអ្នកណាម្នាក់ឲ្យរួចជីវិត*ឡើយ។ យ៉ូស្វេបានបំផ្លាញនិងសម្លាប់មនុស្សគ្រប់គ្នាក្នុងក្រុងហេប្រុន ដូចគាត់បានធ្វើនៅក្រុងអេកឡូនដែរ។
៣៨ លុះក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់បានធ្វើដំណើរបកទៅក្រុងដេបៀរ+ ហើយច្បាំងនឹងក្រុងនោះ។
៣៩ គាត់បានចាប់យកក្រុងដេបៀរ ស្ដេចក្រុងនោះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញក្រុងនោះ ព្រមទាំងសម្លាប់មនុស្សទាំងអស់ចោល+ មិនទុកអ្នកណាម្នាក់ឲ្យរួចជីវិតឡើយ។+ យ៉ូស្វេបានធ្វើចំពោះក្រុងដេបៀរនិងស្ដេចក្រុងនោះ ដូចគាត់បានធ្វើចំពោះក្រុងហេប្រុននិងក្រុងលិបណា ព្រមទាំងស្ដេចក្រុងទាំងនោះដែរ។
៤០ យ៉ូស្វេបានដណ្ដើមយកទឹកដីទាំងអស់ដែលនៅតំបន់ភ្នំ តំបន់ណេកេប តំបន់សេភីឡា+ ព្រមទាំងតំបន់ជម្រាលភ្នំផង។ គាត់បានច្បាំងឈ្នះស្ដេចគ្រប់រូបនៅតំបន់ទាំងនោះ មិនទុកអ្នកណាម្នាក់ឲ្យនៅរស់ឡើយ។ គាត់សម្លាប់មនុស្សទាំងអស់ចោល*+ ដូចព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។+
៤១ យ៉ូស្វេបានច្បាំងឈ្នះហើយដណ្ដើមយកទឹកដីរបស់ពួកគេ ចាប់ពីកាដេសបានា+ រហូតដល់ក្រុងកាសា+ និងក្រុងកូសែនទាំងមូល+ រហូតដល់ក្រុងគីបៀន។+
៤២ យ៉ូស្វេបានចាប់ស្ដេចទាំងអស់នោះ ហើយដណ្ដើមយកទឹកដីរបស់ពួកគេក្នុងពេលតែមួយ ព្រោះព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានច្បាំងដើម្បីពួកគេ។+
៤៣ ក្រោយមក យ៉ូស្វេនិងកងទ័ពអ៊ីស្រាអែលទាំងអស់ត្រឡប់ទៅជំរំជិតក្រុងគីលកាលវិញ។+
កំណត់សម្គាល់
^ សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
^ ឬ«វាលទំនាប»
^ មើលនិយមន័យពាក្យ«ជីវិត»
^ ន័យត្រង់«គាត់សម្លាប់អ្វីទាំងអស់ដែលមានដង្ហើម»