យ៉ូប ៤២:១-១៧

  • យ៉ូប​តប​ឆ្លើយ​ទៅ​ព្រះ​យេហូវ៉ា (​១​-​៦)

  • មិត្ត​បី​នាក់​បាន​ត្រូវ​ស្ដី​បន្ទោស (​៧​-​៩)

  • ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យ៉ូប​មាន​ជីវិត​ល្អ​ឡើង​វិញ (​១០​-​១៧)

    • កូន​ប្រុស​និង​កូន​ស្រី​របស់​យ៉ូប (​១៣​-​១៥)

៤២  បន្ទាប់​មក យ៉ូប​ឆ្លើយ​តប​ទៅ​ព្រះ​យេហូវ៉ា​ថា​៖  ២  ​«​ឥឡូវ ខ្ញុំ​ដឹង​ថា​លោក​អាច​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់អ្វី​ក៏​ដោយ​ដែល​លោក​ចង់​ធ្វើ នោះ​គ្មាន​អ្នក​ណា​អាច​ឃាត់​លោក​បាន​ឡើយ។+  ៣  លោក​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​ណា​នេះ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​គោល​បំណង​របស់​ខ្ញុំ ដោយ​ពោល​ពាក្យ​គ្មាន​ចំណេះ​ដឹង​ដូច្នេះ?›។+ មែន​ហើយ ខ្ញុំ​បាន​និយាយ​ដោយ​គ្មាន​ការ​យល់​ដឹងអំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ហួស​ពី​សមត្ថភាព​យល់​ដឹង​របស់​ខ្ញុំ។+  ៤  លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ ‹សូម​ស្ដាប់​ខ្ញុំ​និយាយ។ ខ្ញុំ​នឹង​សួរ​សំណួរ​អ្នក ហើយ​អ្នក​ត្រូវ​ឆ្លើយ​មក​ខ្ញុំ​វិញ›។+  ៥  ពី​មុន​ខ្ញុំ​ធ្លាប់​តែ​ឮ​អំពី​លោក។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​ឃើញ​លោក​ដោយ​ផ្ទាល់​ភ្នែក។  ៦  ហេតុ​នេះ ខ្ញុំ​សុំ​ដក​ពាក្យ​សម្ដី​របស់​ខ្ញុំ​មក​វិញ+ហើយ​ខ្ញុំ​អង្គុយ​ក្នុង​ធូលី​និង​ផេះ ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ប្រែ​ចិត្ត​»។+ ៧  ក្រោយ​ពី​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូប​រួច​ហើយ ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​ទៅ​អេលីផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា​៖ ​«​ខ្ញុំ​ខឹង​អ្នក​និង​មិត្ត​ភក្ដិ​ពីរ​នាក់​របស់​អ្នក​ខ្លាំង​ណាស់+ ដោយ​សារ​ពួក​អ្នក​មិន​បាន​និយាយ​ការ​ពិត​អំពី​ខ្ញុំ+ ដូច​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ទេ។ ៨  ឥឡូវ ចូរ​យក​គោ​ឈ្មោល​៧​ក្បាល​និង​ចៀម​ឈ្មោល​៧​ក្បាល ហើយ​ទៅ​ជួប​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ។ រួច​មក ចូរ​ជូន​គ្រឿង​បូជា​ដុត​ដល់​ខ្ញុំ​ដើម្បី​លោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​អ្នក។ យ៉ូប​ជា​អ្នក​បម្រើ​ខ្ញុំ​នឹង​អធិដ្ឋាន​ឲ្យ​ពួក​អ្នក+ ហើយ​ខ្ញុំ​នឹង​ស្ដាប់​តាម​សំណូម​ពរ​របស់​គាត់* ពេល​គាត់​សុំ​ខ្ញុំ​កុំ​ឲ្យ​ដាក់​ទោស​ពួក​អ្នក​ដោយ​សារ​សម្ដី​ផ្ដេស​ផ្ដាស​របស់​ពួក​អ្នក ព្រោះ​ពួក​អ្នក​មិន​បាន​និយាយ​ការ​ពិត​អំពី​ខ្ញុំ ដូច​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ទេ​»។ ៩  ដូច្នេះ អេលីផាស​ជា​អ្នក​ស្រុក​ថេម៉ាន និង​ប៊ីលដាឌ​ជា​កូន​ចៅ​ស៊ូអាក ព្រម​ទាំង​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា ពួក​គេ​ទាំង​បី​នាក់​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ក៏​ព្រម​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យ៉ូប។ ១០  បន្ទាប់​ពី​យ៉ូប​បាន​អធិដ្ឋាន​ឲ្យ​ពួក​អ្នក​ដែល​ស្គាល់​គាត់+ ព្រះ​យេហូវ៉ា​បាន​រំដោះ​យ៉ូប​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា+ ហើយ​ឲ្យ​គាត់​មាន​ជីវិត​ចម្រុង​ចម្រើន​ឡើង​វិញ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​មាន​អ្វី​ៗ​ច្រើន​ជាង​មុន​ទ្វេ​ដង។+ ១១  បង​ប្អូន​ប្រុស​ស្រី​ទាំង​អស់​របស់​យ៉ូប និង​មិត្ត​ភក្ដិ​ចាស់​ទាំង​ប៉ុន្មាន​របស់​គាត់+បាន​មក​ជួប​គាត់​នៅ​ផ្ទះ ហើយ​បរិភោគ​អាហារ​ជា​មួយ​នឹង​គាត់។ ពួក​គេ​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​យ៉ូប ព្រម​ទាំង​សម្រាល​ទុក្ខ​គាត់ ដោយ​សារ​គាត់​រង​ទុក្ខ​វេទនា​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​កើត​ឡើង​ដល់​គាត់។ ពួក​គេ​ម្នាក់​ៗ​បាន​ឲ្យ​ប្រាក់​និង​ចិញ្ចៀន​មាស​មួយ​វង់​ដល់​គាត់។ ១២  ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ជីវិត​របស់​យ៉ូប​នៅ​គ្រា​នេះ​ច្រើន​ជាង​គ្រា​មុន​ទៅ​ទៀត+ ហើយ​យ៉ូប​ក៏​មាន​ចៀម​១៤.០០០​ក្បាល អូដ្ឋ​៦.០០០​ក្បាល គោ​១.០០០​គូ និង​លា​ញី​១.០០០​ក្បាល។+ ១៣  មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​មាន​កូន​ប្រុស​៧​នាក់ និង​កូន​ស្រី​៣​នាក់​ថែម​ទៀត។+ ១៤  គាត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ស្រី​ទី​១​ថា យេម៉ាយម៉ា កូន​ស្រី​ទី​២​កេសៀ កូន​ស្រី​ទី​៣​កេរេនហាពូក។ ១៥  នៅ​ក្នុង​ស្រុក​ទាំង​អស់ គ្មាន​ស្រី​ណា​ស្អាត​ដូច​កូន​ស្រី​ៗ​របស់​យ៉ូប​ឡើយ។ ឪពុក​របស់​ពួក​នាង​បាន​ចែក​មត៌ក​ឲ្យ​ពួក​នាង ដំណាល​ពេល​ដែល​គាត់​ចែក​មត៌ក​ឲ្យ​បង​ប្អូន​ប្រុស​ៗ​របស់​ពួក​នាង​ដែរ។ ១៦  ក្រោយ​ពី​នោះ​មក យ៉ូប​រស់​នៅ​បាន​១៤០​ឆ្នាំ​ទៀត ហើយ​គាត់​បាន​ឃើញ​កូន​ចៅ​របស់​គាត់​រហូត​ដល់​បួន​ជំនាន់។ ១៧  នៅ​ទី​បំផុត យ៉ូប​បាន​ទទួល​មរណភាព​ក្នុង​ពេល​ដែល​គាត់​មាន​អាយុ​វែង​និង​មាន​ជីវិត​ដ៏​ស្កប់​ចិត្ត។

កំណត់សម្គាល់

ន័យ​ត្រង់​«​ខ្ញុំ​នឹង​លើក​មុខ​របស់​គាត់​»​