យេរេមា ៤០:១-១៦
៤០ នេប៊ូសារ៉ាដាន+ជាមេលើពួកអង្គរក្សស្ដេចបាននាំយេរេមា និងបណ្ដាជនឯទៀតចាកចេញពីក្រុងយេរូសាឡិមនិងស្រុកយូដា ទាំងជាប់ខ្នោះទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ ប៉ុន្តែ ពេលទៅដល់រ៉ាម៉ា+ គាត់បានដោះលែងយេរេមាឲ្យមានសេរីភាព។ ក្រោយពីនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាម្ដងទៀត។
២ បន្ទាប់មក មេលើពួកអង្គរក្សស្ដេចបានហៅយេរេមាមក ហើយប្រាប់គាត់ថា៖ «ព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រកាសទុកជាមុនអំពីសេចក្ដីវេទនាទាស់នឹងស្រុកនេះ
៣ ហើយព្រះយេហូវ៉ាបានធ្វើឲ្យកើតឡើងដូចលោកមានប្រសាសន៍មែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ហើយមិនបានស្ដាប់បង្គាប់លោកទេ។ ហេតុនេះហើយបានជាអ្នករាល់គ្នាជួបរឿងទាំងនេះ។+
៤ ឥឡូវខ្ញុំដោះខ្នោះពីដៃអ្នកហើយ បើអ្នកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ អ្នកអាចទៅបាន ហើយខ្ញុំនឹងទំនុកបម្រុងអ្នក។ ប៉ុន្តែ បើអ្នកមិនចង់ទៅក៏បានដែរ។ មើល! ទឹកដីទាំងមូលនេះនៅចំពោះមុខអ្នកហើយ ចូរទៅរស់នៅកន្លែងណាក៏បានតាមតែចិត្តអ្នកចុះ»។+
៥ ពេលឃើញយេរេមានៅអែអង់ នេប៊ូសារ៉ាដានក៏និយាយថា៖ «ចូរត្រឡប់ទៅឯកេដាលៀ+ជាកូនអាហាយខាម+ដែលជាកូនសាផាន+ទៅ ហើយស្នាក់នៅជាមួយនឹងគាត់ក្នុងចំណោមបណ្ដាជនឯទៀតចុះ ព្រោះស្ដេចស្រុកបាប៊ីឡូនបានតែងតាំងគាត់ឲ្យគ្រប់គ្រងលើបណ្ដាក្រុងក្នុងស្រុកយូដា។ ប៉ុន្តែ បើអ្នកមិនចង់ទេ អ្នកអាចទៅរស់នៅកន្លែងណាក៏បានដែរ»។
រួចមក មេលើពួកអង្គរក្សស្ដេចបានឲ្យស្បៀងអាហារនិងអំណោយដល់យេរេមា ហើយឲ្យគាត់ទៅ។
៦ ដូច្នេះ យេរេមាបានទៅឯកេដាលៀជាកូនអាហាយខាម នៅក្រុងមីសប៉ា+ ហើយអាស្រ័យនៅជាមួយនឹងគាត់ ក្នុងចំណោមបណ្ដាជនដែលនៅសេសសល់ក្នុងស្រុក។
៧ ចំណែកពួកមេទ័ពទាំងអស់ដែលនៅឯវាលជាមួយនឹងកងទ័ពរបស់ខ្លួន ពួកគេបានឮដំណឹងថាស្ដេចស្រុកបាប៊ីឡូនបានតែងតាំងកេដាលៀជាកូនអាហាយខាម ឲ្យគ្រប់គ្រងលើស្រុកយូដា និងលើជនក្រីក្រទាំងបុរសទាំងស្ត្រីនិងកូនក្មេង ដែលមិនបានត្រូវនាំយកទៅស្រុកបាប៊ីឡូន។+
៨ ដូច្នេះ ពួកមេទ័ពទាំងនោះបានទៅជួបកេដាលៀនៅក្រុងមីសប៉ា។+ ពួកគេមានដូចតទៅ៖ អ៊ីសម៉ាអែល+ជាកូននេថានៀ យ៉ូហាណាន+និងយ៉ូណាថានដែលជាកូនការៀ សេរ៉ាយ៉ាជាកូនតានហ៊ូម៉ាត ថែមទាំងកូនចៅរបស់អេផាយជាអ្នកភូមិណេថូផា និងយេសានៀ+ជាកូនប្រុសរបស់ជនជាតិម៉ាអាកាត ព្រមទាំងកងទ័ពរបស់ពួកគេផងដែរ។
៩ កេដាលៀជាកូនអាហាយខាមដែលជាកូនសាផាន បានស្បថនឹងពួកអ្នកទាំងនោះ រួចនិយាយថា៖ «កុំខ្លាចចុះចូលនឹងពួកខាល់ដេឡើយ។ ចូររស់នៅក្នុងស្រុកនេះ ហើយបម្រើស្ដេចស្រុកបាប៊ីឡូនទៅ នោះអ្នករាល់គ្នានឹងបានសុខសាន្ត។+
១០ ចំណែកខ្ញុំវិញ ខ្ញុំនឹងស្នាក់នៅក្នុងក្រុងមីសប៉ាធ្វើជាតំណាងអ្នករាល់គ្នា នៅចំពោះពួកខាល់ដេដែលមកឯយើង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវប្រមូលស្រាទំពាំងបាយជូរ ផលផ្លែរដូវក្ដៅ និងប្រេងទាំងប៉ុន្មាន យកទៅដាក់នៅក្នុងភាជនៈរបស់អ្នករាល់គ្នា ហើយចូរតាំងលំនៅក្នុងបណ្ដាក្រុងដែលអ្នករាល់គ្នាចាប់យកនោះទៅ»។+
១១ ឯពួកយូដាដទៃទៀតដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន និងស្រុកអេដំ រួមទាំងពួកអ្នកដែលរស់នៅបណ្ដាស្រុកឯទៀត ពួកគេក៏បានឮដំណឹងថាស្ដេចស្រុកបាប៊ីឡូនបានទុកអ្នកខ្លះឲ្យរស់នៅក្នុងស្រុកយូដា ហើយបានតែងតាំងកេដាលៀជាកូនអាហាយខាមឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។
១២ ដូច្នេះ ពួកយូដាទាំងអស់បានធ្វើដំណើរពីទឹកដីដែលពួកគេបានខ្ចាត់ខ្ចាយនោះ ហើយត្រឡប់មកស្រុកយូដាវិញ។ ពួកគេបានមកឯកេដាលៀនៅក្រុងមីសប៉ា។ ពួកគេបានប្រមូលស្រាទំពាំងបាយជូរ និងផលផ្លែរដូវក្ដៅបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
១៣ ពេលមួយ យ៉ូហាណានជាកូនការៀ និងមេទ័ពទាំងអស់ដែលនៅឯវាល បានមកជួបកេដាលៀនៅក្រុងមីសប៉ា។
១៤ ពួកគេបាននិយាយទៅកាន់គាត់ថា៖ «មើល! បាលលីសជាស្ដេចស្រុកអាំម៉ូន+ បានចាត់អ៊ីសម៉ាអែលជាកូននេថានៀឲ្យមកសម្លាប់អ្នកហើយ។ តើអ្នកមិនដឹងទេឬ?»។+ ប៉ុន្តែ កេដាលៀជាកូនអាហាយខាមមិនជឿពួកគេទេ។
១៥ បន្ទាប់មក យ៉ូហាណានជាកូនការៀបានប្រាប់កេដាលៀដោយសម្ងាត់នៅក្រុងមីសប៉ាថា៖ «ខ្ញុំចង់ទៅសម្លាប់អ៊ីសម៉ាអែលជាកូននេថានៀ ហើយគ្មានអ្នកណាដឹងរឿងនេះទេ។ តើគួរទុកឲ្យគាត់មកសម្លាប់អ្នកឬ? ហេតុអ្វីគួរឲ្យបណ្ដាជនយូដាទាំងអស់ដែលមកឯអ្នកត្រូវខ្ចាត់ខ្ចាយ ហើយឲ្យពួកយូដាដែលនៅសេសសល់ត្រូវវិនាសទៅដូច្នេះ?»។
១៦ ប៉ុន្តែ កេដាលៀ+ជាកូនអាហាយខាមបានប្រាប់យ៉ូហាណានជាកូនការៀថា៖ «កុំធ្វើដូច្នោះឲ្យសោះ ព្រោះអ្វីដែលអ្នកនិយាយអំពីអ៊ីសម៉ាអែលនោះ មិនមែនជាការពិតទេ»។