យេរេមា ៣១:១-៤០

  • ពួក​អ៊ីស្រាអែល​ដែល​នៅ​សេស​សល់​នឹង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​ម្ដង​ទៀត (​១​-​៣០)

    • រ៉ាជែល​យំ​កាន់​ទុក្ខ​នឹង​កូន​ៗ​របស់​នាង (​១៥)

  • កិច្ច​ព្រម​ព្រៀង​ថ្មី (​៣១​-​៤០)

៣១  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​កុល​សម្ព័ន្ធ​ទាំង​អស់​នៃ​អ៊ីស្រាអែល ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ​»។+  ២  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​បណ្ដា​ជន​ដែល​រួច​ជីវិត​ពី​ដាវ បាន​ទទួល​សេចក្ដី​មេត្តា​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំកាល​ដែល​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ទៅ​ទី​សម្រាក​របស់​គាត់​»។  ៣  ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ រួច​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​អ្នក​ជា​រៀង​រហូតហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ទាញ​នាំ​អ្នក​មក​ឯ​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។*+  ៤  ខ្ញុំ​នឹង​ស្ថាបនា​អ្នក​ឡើង​វិញ ហើយ​អ្នក​នឹង​ត្រូវ​ស្ថាបនា​មែន។+ ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស្រុក​អ៊ីស្រាអែល*អើយ! អ្នក​រាល់​គ្នា​នឹង​យក​ស្គរ​ដៃ​មក​វាយ​ម្ដង​ទៀត ហើយ​រាំ​លេង​ដោយ​សប្បាយ។+  ៥  អ្នក​រាល់​គ្នា​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​តំបន់​ភ្នំ​សាម៉ារី​ម្ដង​ទៀត+អ្នក​ណា​ដែល​ដាំ អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ។+  ៦  ព្រោះ​ពេល​ថ្ងៃ​នោះ​មក​ដល់ ពួក​អ្នក​ចាំ​យាម​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​នឹង​ស្រែក​ឡើង​ថា​៖ ‹ចូរ​យើង​ក្រោក​ឡើង ហើយ​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន គឺ​ទៅ​ឯ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង›​»។+  ៧  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ស្រែក​អបអរ​ដល់​កូន​ចៅ​យ៉ាកុប។ ចូរ​ស្រែក​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​កំពុង​ដឹក​នាំ​ប្រជា​ជាតិ​នា​នា​ហើយ។+ ចូរ​ប្រកាស​អំពី​នោះ ហើយ​ច្រៀង​សរសើរ​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​សង្គ្រោះ​ពួក​អ៊ីស្រាអែល​ជា​រាស្ដ្រ​លោក​ដែល​នៅ​សេស​សល់​ផង›។+  ៨  ខ្ញុំ​នឹង​នាំ​ពួក​គេ​ពី​ស្រុក​នៃ​ភាគ​ខាង​ជើង ឲ្យ​ត្រឡប់​មក​វិញ។+ ខ្ញុំ​នឹង​ប្រមូល​ពួក​អ្នក​ដែល​ខ្ចាត់​ខ្ចាយ​ទៅ​តំបន់​ឆ្ងាយ​បំផុត​នៃ​ផែនដី​ឲ្យ​មក​ជួប​ជុំ​គ្នា​វិញ។+ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ងងឹត​ភ្នែក​និង​អ្នក​ពិការ​ជើង+រួម​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​សម្រាល​កូន​ដែរ។ ពួក​គេ​នឹង​ត្រឡប់​មក​ទី​នេះ​វិញ​ជា​ក្រុម​ជំនុំ​ដ៏​ធំ។+  ៩  ពួក​គេ​នឹង​ត្រឡប់​មក​វិញ​ទាំង​ស្រក់​ទឹក​ភ្នែក+ហើយ​ខ្ញុំ​នឹង​ដឹក​នាំ​ពួក​គេ កាល​ដែល​ពួក​គេ​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ខ្ញុំ។ ខ្ញុំ​នឹង​នាំ​ពួក​គេ​ទៅ​ឯ​ផ្លូវ​ទឹក+និង​តាម​ផ្លូវ​រាប​ស្មើ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជំពប់​ដួល។ ព្រោះ​ខ្ញុំ​ជា​បិតា​ដល់​អ៊ីស្រាអែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​ខ្ញុំ​»។+ ១០  ឱ​ប្រជា​ជាតិ​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​ព្រះ​យេហូវ៉ាហើយ​ចូរ​ប្រកាស​ដល់​បណ្ដា​កោះ​ដែល​នៅ​ឆ្ងាយ​ៗ​ថា​៖+ ​«​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ខ្ចាត់​ខ្ចាយ លោក​នឹង​ប្រមូល​ពួក​គេ​ឲ្យ​មក​ជុំ​គ្នា​វិញ។ លោក​នឹង​មើល​ថែ​ពួក​គេ​ដូច​ជា​គង្វាល​មើល​ថែ​ហ្វូង​ចៀម។+ ១១  ព្រោះ​ព្រះ​យេហូវ៉ា​នឹង​លោះ​យ៉ាកុប+ហើយ​រំដោះ​គាត់​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​បុគ្គល​ដែល​ខ្លាំង​ក្លា​ជាង​គាត់។+ ១២  ពួក​គេ​នឹង​មក ហើយ​ស្រែក​អរ​សប្បាយ​នៅ​លើ​កំពូល​ភ្នំ​ស៊ីយ៉ូន+ពួក​គេ​នឹង​រីករាយ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​មក​ពី​ព្រះ​យេហូវ៉ាគឺ​ផល​ស្រូវ ស្រា​ថ្មី+ និង​ប្រេង​អូលីវ ព្រម​ទាំង​ហ្វូង​ចៀម​និង​ហ្វូង​គោ​ល្អ​ៗ។+ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ​ដ៏​ស្រស់បំព្រង​ដែល​មាន​ទឹក​ស្រោច​ស្រព+ហើយ​ពួក​គេ​នឹង​លែង​ខ្សោយ​ទៀត​ហើយ​»។+ ១៣  ​«​នៅ​គ្រា​នោះ ពួក​ស្រី​ក្រមុំ​នឹង​ច្រៀង​រាំ​ដោយ​អំណរឯ​ពួក​យុវជន​និង​បុរស​វ័យ​ចាស់​វិញ ពួក​គេ​ក៏​ច្រៀង​រាំ​ដែរ។+ ខ្ញុំ​នឹង​ផ្លាស់​ប្រែ​ការ​កាន់​ទុក្ខ​របស់​ពួក​គេ​ទៅ​ជា​ការ​ត្រេក​អរ​វិញ។+ ខ្ញុំ​នឹង​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីករាយ​ជា​ជាង​កើត​ទុក្ខ។+ ១៤  ខ្ញុំ​នឹង​ឲ្យ​អាហារ​ជា​បរិបូរ​ដល់​ពួក​សង្ឃហើយ​រាស្ត្រ​របស់​ខ្ញុំ​នឹង​ទទួល​សេចក្ដី​ល្អ​ដ៏​លើស​លប់​ពី​ខ្ញុំ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៥  ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មាន​ឮ​សំឡេង​ទួញ​យំ​នៅ​ក្រុង​រ៉ាម៉ា+ ជា​សំឡេង​ទ្រហោ​យំ​យ៉ាង​ខ្លាំងគឺ​រ៉ាជែល​កំពុង​យំ​កាន់​ទុក្ខ​នឹង​កូន​ៗ​របស់​នាង+នាង​មិន​ព្រម​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្នក​ឯ​ទៀត​ឡើយព្រោះ​កូន​ប្រុស​ៗ​នាង​លែង​មាន​ទៀត​ហើយ›​»។+ ១៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​‹ចូរ​ឈប់​ទ្រហោ​យំ ហើយ​ឈប់​ស្រក់​ទឹក​ភ្នែក​ទៀត​ទៅព្រោះ​អ្នក​នឹង​ទទួល​រង្វាន់​ចំពោះ​កិច្ច​ការ​របស់​អ្នក›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹ពួក​គេ​នឹង​ចេញ​ពី​ស្រុក​របស់​សត្រូវ ហើយ​ត្រឡប់​មក​វិញ›។+ ១៧  ‹អ្នក​នឹង​មាន​សេចក្ដី​សង្ឃឹម​នៅ​អនាគត›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ‹កូន​ៗ​របស់​អ្នក​នឹង​ត្រឡប់​មក​ទឹក​ដី​របស់​ពួក​គេ​វិញ›​»។+ ១៨  ​«​ខ្ញុំ​បាន​ឮ​សំឡេង​ថ្ងូរ​របស់​អេប្រាអ៊ីម​ប្រាកដ​ណាស់‹លោក​បាន​កែ​តម្រង់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​ការ​កែ​តម្រង់ព្រោះ​ខ្ញុំ​ប្រៀប​ដូច​ជា​កូន​គោ​ដែល​មិន​ទាន់​ថ្នឹក​នឹង​នឹម។ សូម​មេត្តា​នាំ​ខ្ញុំ​មក​វិញ​ផង ហើយ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ភ្លាមព្រោះ​លោក​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​ហើយ។ ១៩  ព្រោះ​ក្រោយ​ពី​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​ស្ដាយ​ក្រោយ​ជា​ខ្លាំង+ក្រោយ​ពី​ខ្ញុំ​យល់​ហើយ ខ្ញុំ​បាន​វាយ​ភ្លៅ​ខ្លួន​ឯង​ដោយ​ក្ដី​ទុក្ខ។ ខ្ញុំ​មាន​សេចក្ដី​ខ្មាស ហើយ​អាម៉ាស់​មុខ​ជា​ខ្លាំង+ព្រោះ​តែ​កំហុស​ឆ្គង​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​គ្រា​យុវវ័យ›​»។ ២០  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​តើ​អេប្រាអ៊ីម​មិន​មែន​ជា​កូន​សំណព្វ​និង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ទេ​ឬ?+ ទោះ​ជា​ខ្ញុំ​ស្ដី​បន្ទោស​គាត់​ច្រើន​លើក​ច្រើន​សា​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ចាំ​អំពី​គាត់​ជា​និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំជួល​ចិត្ត​ពេល​គិត​ដល់​គាត់+ហើយ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ដល់​គាត់​»។+ ២១  ​«​ចូរ​ដំឡើង​បង្គោល​សញ្ញា​នៅ​លើ​ផ្លូវ​សម្រាប់​ខ្លួនព្រម​ទាំង​ដាក់​តម្រុយ​ផង​ដែរ។+ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្លូវ​ធំ ជា​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ។+ ឱ​កូន​ក្រមុំ​បរិសុទ្ធ​នៃ​ស្រុក​អ៊ីស្រាអែល*អើយ! ចូរ​ត្រឡប់​មក​វិញ​ចូរ​វិល​មក​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​វិញ​ចុះ។ ២២  ឱ​កូន​ស្រី​ដែល​មិន​ស្មោះ​ត្រង់​អើយ! តើ​អ្នក​នៅ​តែ​រេ​រា​ដល់​កាល​ណា​ទៀត? ព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ៗ​ជា​ថ្មី​នៅ​ផែនដីគឺ​ស្ត្រី​ម្នាក់​នឹង​ខំ​ស្វែង​រក​បុរស​ម្នាក់​»។ ២៣  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ពេល​ខ្ញុំ​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​ធ្វើ​ជា​ឈ្លើយ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​នឹង​និយាយ​ពាក្យ​ទាំង​នេះ​ម្ដង​ទៀត​ថា​៖ ‹ឱ​លំនៅ​ដ៏សុចរិត+និង​ភ្នំ​ដ៏​បរិសុទ្ធ​អើយ!+ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្នក›។ ២៤  នៅ​ស្រុក​យូដា​និង​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ នឹង​មាន​មនុស្ស​ម្នា​រស់​នៅ មាន​ទាំង​ពួក​អ្នក​ចម្ការ ទាំង​ពួក​គង្វាល​ផង​ដែរ។+ ២៥  ព្រោះ​ខ្ញុំ​នឹង​ចម្អែត​ពួក​អ្នក​ដែល​ខ្សោយ ហើយ​ពង្រឹង​កម្លាំង​ពួក​អ្នក​ដែល​ល្វើយ​»។+ ២៦  ពេល​នោះ ខ្ញុំ​បាន​ភ្ញាក់ ហើយ​បើក​ភ្នែក​ឡើង ក្រោយ​ពី​បាន​សម្រាន្ត​លក់​ស្កប់​ស្កល់។ ២៧  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​និង​ពូជ​ពង្ស​យូដា​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង ហើយ​ហ្វូង​សត្វ​របស់​ពួក​គេ​ក៏​នឹង​ចម្រើន​ឡើង​ដែរ​»។+ ២៨  ​«​ដូច​ខ្ញុំ​បាន​ស្វែង​រក​ឱកាស​ដើម្បី​ដក​រំលើង កាច់​បំបាក់ រំលំ បំផ្លាញ និង​ធ្វើ​ទុក្ខ​ពួក​គេ+ នោះ​ខ្ញុំ​នឹង​មើល​ថែ​ពួក​គេ​ដោយ​សង់​និង​ដាំ​ពួក​គេ​ឡើង​វិញ​ដែរ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ២៩  ​«​នៅ​គ្រា​នោះ ពួក​គេ​នឹង​មិន​និយាយ​ទៀត​ទេ​ថា​៖ ‹ឪពុក​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​ដែល​មាន​រស​ជាតិ​ជូរ តែ​កូន​ជា​អ្នក​សង្កៀរ​ធ្មេញ›។+ ៣០  ប៉ុន្តែ អ្នក​ណា​ដែល​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​ដែល​មាន​រស​ជាតិ​ជូរ អ្នក​នោះ​ជា​អ្នក​ដែល​សង្កៀរ​ធ្មេញ​វិញ។ ដូច្នេះ គ្រប់​គ្នា​នឹង​ស្លាប់​ដោយ​សារ​តែ​កំហុស​ឆ្គង​របស់​ខ្លួន​»។ ៣១  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថ្មី ជា​មួយ​នឹង​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​អ៊ីស្រាអែល។+ ៣២  កិច្ច​ព្រម​ព្រៀង​នោះ​មិន​ដូច​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​ពួក​គេ នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កាន់​ដៃ​ពួក​គេ នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​នោះ​ទេ+ ព្រោះ​‹ពួក​គេ​បាន​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ខ្ញុំ​ហើយ+ ទោះ​ជា​ខ្ញុំ​ជា​ម្ចាស់​ដ៏​ពិត*របស់​ពួក​គេ​ក៏​ដោយ›។ នេះ​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។ ៣៣  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ព្រោះ​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​នឹង​ធ្វើ​ជា​មួយ​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្រោយ​ពី​គ្រា​ទាំង​នោះ។ ខ្ញុំ​នឹង​ដាក់​ច្បាប់​របស់​ខ្ញុំ​នៅ​ក្នុង​ជម្រៅ​ចិត្ត​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​ចារឹក​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​លើ​ចិត្ត​ពួក​គេ។+ ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ​»។+ ៣៤  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ពួក​គេ​នឹង​ឈប់​បង្រៀន​អ្នក​ជិត​ខាង​ខ្លួន និង​បង​ប្អូន​ខ្លួន​ទៀត​ថា​៖ ‹ចូរ​ស្គាល់​ព្រះ​យេហូវ៉ា!›+ ព្រោះ​ពួក​គេ​នឹង​ស្គាល់​ខ្ញុំ ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត។+ ព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ ហើយ​ខ្ញុំ​ក៏​នឹង​លែង​នឹក​ចាំ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ត​ទៅ​ទៀត​ដែរ​»។+ ៣៥  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ជា​ព្រះ​ដែល​ឲ្យ​ដួង​អាទិត្យ​មាន​ពន្លឺ​នៅ​ពេល​ថ្ងៃនិង​ជា​អ្នក​ដាក់​ច្បាប់​ដល់​ដួង​ច័ន្ទ និង​ឲ្យ​ផ្កាយ​មាន​ពន្លឺ​នៅ​ពេល​យប់ហើយ​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កញ្ជ្រោល​បក់​បោកលោក​មាន​នាម​ថា​យេហូវ៉ា លោក​មាន​ប្រសាសន៍​ថា​៖+ ៣៦  ​«​‹ប្រសិន​បើ​ច្បាប់​ទាំង​នេះ​សាប​សូន្យ នោះ​កូន​ចៅ​អ៊ីស្រាអែល​នឹង​លែង​ជា​ប្រជា​ជាតិ​នៅ​ចំពោះ​ខ្ញុំ​ទៀត​ហើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។ ៣៧  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​‹ទាល់​តែ​គេ​អាច​វាស់​មេឃ​នៅ​ខាង​លើ ហើយ​រក​គ្រឹះ​នៃ​ផែនដី​នៅ​ខាង​ក្រោម​បាន ទើប​ខ្ញុំ​បោះ​បង់​ចោល​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ឡាយ​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។+ ៣៨  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ក្រុង​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ+ជូន​ព្រះ​យេហូវ៉ា ចាប់​ពី​ប៉ម​ហាណានៀល+ រហូត​ដល់​ទ្វារ​ជ្រុង​កំពែង។+ ៣៩  ខ្សែ​វាស់+នឹង​ត្រូវ​លាត​សន្ធឹង​ទៅ​ដល់​ទួល​ការេប ហើយ​បត់​ទៅ​កូអារ។ ៤០  ឯ​ជ្រលង*ទាំង​អស់​ដែល​មាន​សាក​សព​និង​ផេះ ព្រម​ទាំង​វាល​ស្រែ​ទាំង​ឡាយ​រហូត​ដល់​ជ្រលង​គីដ្រុន+ និង​ជ្រុង​ទ្វារសេះ+ ឆ្ពោះ​ទៅ​ទិស​ខាង​កើត កន្លែង​ទាំង​នោះ​នឹង​ទៅ​ជា​កន្លែង​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា+ ហើយ​នឹង​មិន​ត្រូវ​ដក​រំលើង​ឬ​រំលំ​ចោល​ទៀត​ឡើយ​»។

កំណត់សម្គាល់

ឬ​«​ខ្ញុំ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​»​
នេះ​សំដៅ​លើ​ស្រុក​អ៊ីស្រាអែល​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
នេះ​សំដៅ​លើ​ស្រុក​អ៊ីស្រាអែល​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​ជា​ប្ដី​របស់​ពួក​គេ​»​
ឬ​«​តំបន់​វាល​ទំនាប​»​