សៀវភៅម៉ាថាយ ១៧:១-២៧
១៧ លុះ៦ថ្ងៃក្រោយមក លោកយេស៊ូបាននាំពេត្រុស យ៉ាកុប និងយ៉ូហានជាប្អូនប្រុសគាត់ ទៅជាមួយនឹងលោកដោយឡែកពីគេ ហើយឡើងលើភ្នំខ្ពស់មួយ។+
២ រួចមក លក្ខណៈក្រៅរបស់លោកបានផ្លាស់ប្រែនៅមុខពួកគាត់។ មុខរបស់លោកបានបញ្ចេញរស្មីដូចថ្ងៃ ហើយសម្លៀកបំពាក់របស់លោកចាប់ផ្ដើមភ្លឺត្រចះដូចពន្លឺ។+
៣ មើល! ពួកគាត់ក៏ឃើញម៉ូសេនិងអេលីយ៉ាកំពុងសន្ទនាជាមួយនឹងលោក។
៤ ឃើញដូច្នេះ ពេត្រុសជម្រាបលោកយេស៊ូថា៖ «លោកម្ចាស់ យើងនៅទីនេះជាការល្អប្រសើរណាស់! បើលោកពេញចិត្ត នោះខ្ញុំនឹងដំឡើងត្រសាលបីនៅទីនេះ មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា»។
៥ កាលដែលពេត្រុសកំពុងនិយាយនៅឡើយ មើល! មានពពកដ៏ភ្លឺមួយបានមកគ្របបាំងពួកគាត់ ហើយមើល! មានសំឡេងមួយបន្លឺចេញពីពពកនោះថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់។+ ចូរស្ដាប់បង្គាប់លោក»។+
៦ ឮដូច្នេះ អ្នកកាន់តាមបានក្រាបមុខដល់ដី ហើយក៏ភ័យខ្លាចយ៉ាងខ្លាំង។
៧ រួចលោកយេស៊ូបានមកជិត ហើយពាល់ពួកគាត់ ដោយមានប្រសាសន៍ថា៖ «ចូរក្រោកឡើង កុំខ្លាចឡើយ»។
៨ ពេលដែលពួកគាត់ងើបមុខឡើង នោះពួកគាត់មិនឃើញអ្នកណាទេ ឃើញតែលោកយេស៊ូប៉ុណ្ណោះ។
៩ កាលដែលកំពុងធ្វើដំណើរចុះពីភ្នំ នោះលោកយេស៊ូបង្គាប់ពួកគាត់ថា៖ «កុំប្រាប់អ្នកណាឲ្យសោះអំពីអ្វីៗដែលបានត្រូវបើកបង្ហាញឲ្យឃើញក្នុងគំនិត រហូតដល់កូនមនុស្សបានត្រូវប្រោសឲ្យរស់ឡើងវិញ»។+
១០ ក៏ប៉ុន្តែ អ្នកកាន់តាមបានសួរលោកថា៖ «បើដូច្នេះ ហេតុអ្វីបានជាពួកអ្នកជំនាញខាងច្បាប់និយាយថា អេលីយ៉ាត្រូវមកមុន?»។+
១១ លោកតបឆ្លើយថា៖ «អេលីយ៉ានឹងមកពិតមែន ហើយនឹងធ្វើអ្វីៗទាំងអស់ឲ្យដូចដើមវិញ។+
១២ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថាអេលីយ៉ាបានមកហើយ តែពួកគេមិនបានស្គាល់គាត់ឡើយ។ ផ្ទុយទៅវិញ ពួកគេបានប្រព្រឹត្តទៅលើគាត់តាមអំពើចិត្តរបស់ពួកគេ។+ កូនមនុស្សក៏ត្រូវរងទុក្ខក្នុងកណ្ដាប់ដៃរបស់ពួកគេដូច្នោះដែរ»។+
១៣ ពេលនោះ អ្នកកាន់តាមលោកបានយល់ថា លោកកំពុងមានប្រសាសន៍ទៅពួកគាត់អំពីយ៉ូហានដែលជាអ្នកជ្រមុជទឹក។
១៤ ពេលដែលលោកនិងពួកគាត់ដើរឆ្ពោះទៅបណ្ដាជន+ នោះមានបុរសម្នាក់មកឯលោក ហើយលុតជង្គង់ជម្រាបថា៖
១៥ «លោកម្ចាស់ សូមមេត្តាជួយកូនប្រុសខ្ញុំផង ពីព្រោះគាត់មានជំងឺឆ្កួតជ្រូក ហើយស្ថិតក្នុងសភាពធ្ងន់ធ្ងរណាស់។ គាត់ដួលក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់។+
១៦ ខ្ញុំបាននាំគាត់មកជួបពួកអ្នកកាន់តាមលោក តែពួកគាត់មិនអាចធ្វើឲ្យកូនខ្ញុំជាបានឡើយ»។
១៧ លោកយេស៊ូមានប្រសាសន៍ថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿនិងវៀចវេរអើយ!+ តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នាដល់ពេលណា? តើខ្ញុំត្រូវទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំក្មេងប្រុសនោះមកឯខ្ញុំ»។
១៨ រួចមក លោកយេស៊ូស្ដីបន្ទោសវិញ្ញាណកំណាចនោះ ហើយវាក៏ចេញពីក្មេងប្រុសនោះ។ ចាប់ពីពេលនោះមក ក្មេងប្រុសនោះបានជាសះស្បើយ។+
១៩ ក្រោយមក អ្នកកាន់តាមលោកយេស៊ូមកសួរលោកដោយឡែកពីគេថា៖ «ហេតុអ្វីពួកខ្ញុំមិនអាចបណ្ដេញវាបាន?»។
២០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «គឺដោយសារអ្នករាល់គ្នាមានជំនឿតិច។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នកមានជំនឿប៉ុនគ្រាប់មូស្ដាត នោះអ្នកអាចបញ្ជាទៅភ្នំនេះថា៖ ‹ចូររើចេញពីកន្លែងនេះ ទៅកន្លែងផ្សេង› នោះភ្នំនឹងរើទៅមែន ហើយនឹងគ្មានអ្វីដែលអ្នកមិនអាចធ្វើបានឡើយ»។+
២១ *——
២២ ពេលដែលពួកគាត់នៅជុំគ្នាក្នុងស្រុកកាលីឡេ នោះលោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «កូនមនុស្សនឹងត្រូវគេក្បត់ ហើយបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ+
២៣ ហើយពួកគេនឹងសម្លាប់លោក រួចនៅថ្ងៃទី៣ លោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។+ ឮដូច្នេះ ពួកគាត់កើតទុក្ខខ្លាំងណាស់។
២៤ ក្រោយពីលោកនិងពួកគាត់ទៅដល់ក្រុងកាពើណិម នោះអ្នកយកពន្ធវិហារមកឯពេត្រុស ហើយសួរថា៖ «តើគ្រូរបស់អ្នកមិនបង់ពន្ធ*វិហារទេឬ?»។+
២៥ គាត់ឆ្លើយថា៖ «បង់»។ ក៏ប៉ុន្តែ នៅពេលដែលពេត្រុសចូលទៅក្នុងផ្ទះ នោះលោកយេស៊ូមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន តើអ្នកគិតដូចម្ដេច? តើស្ដេចទាំងឡាយនៅផែនដីទទួលពន្ធគយនិងពន្ធដារពីអ្នកណា? ពីបុត្រារបស់ស្ដេច ឬពីអ្នកដទៃ?»។
២៦ ពេលដែលពេត្រុសឆ្លើយថា៖ «ពីអ្នកដទៃ» នោះលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «បើដូច្នេះ បុត្រារបស់ស្ដេចមិនចាំបាច់បង់ពន្ធទេ។
២៧ ប៉ុន្តែ ដើម្បីកុំឲ្យយើងបណ្ដាលឲ្យពួកគេជំពប់ដួល+ ចូរអ្នកទៅឯសមុទ្រ ហើយបោះសន្ទូចយកត្រីដែលជាប់មុនគេ រួចបើកមាត់វា នោះអ្នកនឹងឃើញកាក់ប្រាក់មួយ។* ចូរយកកាក់នោះទៅបង់ពន្ធឲ្យខ្ញុំនិងអ្នកចុះ»។
កំណត់សម្គាល់
^ ន័យត្រង់«កាក់តម្លៃពីរដ្រាកម៉ា»។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ន័យត្រង់«កាក់ស្ទេតា»។ កាក់នេះមានតម្លៃស្មើបួនដ្រាកម៉ា។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤