សៀវភៅម៉ាកុស ១១:១-៣៣
១១ ពេលលោកនិងពួកគាត់ធ្វើដំណើរទៅជិតដល់ក្រុងយេរូសាឡិម ក្បែរភូមិបេតផាជីនិងភូមិបេថានី+ដែលនៅភ្នំដើមអូលីវ នោះលោកក៏ចាត់អ្នកកាន់តាមពីរនាក់+
២ ដោយប្រាប់ពួកគាត់ថា៖ «ចូរទៅភូមិនៅខាងមុខនុះ។ លុះចូលទៅភ្លាម អ្នកនឹងឃើញលាស្ទាវមួយក្បាលដែលគេបានចងទុក ហើយមិនទាន់មានមនុស្សជិះវាឡើយ។ ចូរស្រាយវា ហើយដឹកមក។
៣ ប្រសិនបើមានអ្នកណាសួរថា៖ ‹ហេតុអ្វីអ្នកធ្វើដូច្នេះ?› ចូរប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការវា។ ពេលរួចរាល់ហើយ នឹងឲ្យវាមកវិញភ្លាម›»។
៤ ដូច្នេះ ពួកគាត់បានចេញទៅ ហើយឃើញលាស្ទាវមួយដែលគេចងទុក នៅមាត់ទ្វារខាងក្រៅផ្ទះជិតផ្លូវ រួចពួកគាត់ក៏ស្រាយវា។+
៥ ប៉ុន្តែ មនុស្សខ្លះដែលកំពុងឈរនៅទីនោះសួរថា៖ «ហេតុអ្វីអ្នកស្រាយលានេះ?»។
៦ ពួកគាត់បានឆ្លើយតាមអ្វីដែលលោកយេស៊ូប្រាប់ រួចមនុស្សទាំងនោះអនុញ្ញាតឲ្យពួកគាត់យកទៅ។
៧ ពួកគាត់ដឹកលានោះ+មកឯលោកយេស៊ូ ហើយយកសម្លៀកបំពាក់ក្រៅរបស់ពួកគាត់ក្រាលលើខ្នងវា។ ក្រោយមក លោកក៏ឡើងជិះ។+
៨ ម្យ៉ាងទៀត មនុស្សជាច្រើនបានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេនៅលើផ្លូវ។ ចំណែកអ្នកឯទៀតបានកាត់មែកឈើពីវាល មករាយនៅលើផ្លូវដែរ។+
៩ រួចអស់អ្នកដែលដើរនៅខាងមុខ និងពួកអ្នកដែលដើរតាមក្រោយ បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្តាសង្គ្រោះ!+ អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា* មានពរហើយ!+
១០ រាជាណាចក្ររបស់ដាវីឌដែលជាឪពុកយើង មានពរហើយ!+ សូមឲ្យលោកដែលនៅស្ថានសួគ៌មេត្តាសង្គ្រោះ!»។
១១ ក្រោយមក លោកចូលក្រុងយេរូសាឡិម ហើយចូលក្នុងវិហារ រួចបានសង្កេតមើលអ្វីៗទាំងអស់។ ប៉ុន្តែ ដោយសារព្រលប់ហើយ លោកបានចេញទៅភូមិបេថានីជាមួយនឹងសាវ័កទាំង១២នាក់។+
១២ លុះស្អែកឡើង ពេលដែលលោកនិងពួកគាត់បានចេញពីភូមិបេថានី លោកក៏ចាប់ផ្ដើមឃ្លាន។+
១៣ រួចមក លោកក្រឡេកមើលពីចម្ងាយទៅឃើញដើមល្វាតូច*មួយដែលមានស្លឹក។ លោកដើរទៅមើលឲ្យដឹងថាតើមានផ្លែឬមិនមាន។ ប៉ុន្តែពេលទៅដល់ លោកឃើញដើមនោះមានតែស្លឹកប៉ុណ្ណោះ ពីព្រោះមិនមែនជារដូវផ្លែល្វាទេ។
១៤ ដូច្នេះ លោកស្រដីទៅកាន់ដើមនោះថា៖ «ចាប់តាំងពីឥឡូវនេះរហូតទៅ កុំឲ្យមានអ្នកណាបរិភោគផ្លែរបស់ឯងទៀតឡើយ»។+ នៅពេលនោះ ពួកអ្នកកាន់តាមលោកក៏បានឮដែរ។
១៥ រួចមក លោកនិងពួកគាត់ចូលក្រុងយេរូសាឡិម។ នៅទីនោះ លោកចូលទៅក្នុងវិហារ ហើយចាប់ផ្ដើមបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏ផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ារបស់អ្នកលក់សត្វព្រាប+
១៦ ហើយលោកមិនអនុញ្ញាតឲ្យអ្នកណាជញ្ជូនរបស់របរកាត់តាមវិហារឡើយ។
១៧ លោកបានបង្រៀនពួកគេ ហើយមានប្រសាសន៍ថា៖ «បទគម្ពីរចែងថា៖ ‹វិហាររបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ឲ្យប្រជាជាតិទាំងអស់មកអធិដ្ឋាន› មែនទេ?+ ប៉ុន្តែ អ្នករាល់គ្នាបែរជាយកធ្វើជាសម្បុកចោរទៅវិញ»។+
១៨ ម្ល៉ោះហើយ ពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់បានឮអំពីរឿងនោះ រួចចាប់ផ្ដើមរកមធ្យោបាយសម្លាប់លោក+ តែពួកគេខ្លាចលោក ពីព្រោះបណ្ដាជនតែងតែនឹកអស្ចារ្យក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់លោក។+
១៩ លុះព្រលប់ លោកនិងពួកគាត់ក៏ចេញពីក្រុង។
២០ ប៉ុន្តែ នៅពេលព្រលឹមស្រាងៗ កាលដែលលោកនិងពួកគាត់កំពុងធ្វើដំណើរតាមផ្លូវ ក៏ឃើញដើមល្វាបានក្រៀមស្វិតចាប់ពីឫសរហូតដល់ចុង។+
២១ ពេត្រុសបានចាំអំពីដើមនោះ ហើយជម្រាបលោកថា៖ «រ៉ាប៊ី!* មើល! ដើមល្វាដែលលោកដាក់បណ្ដាសាបានក្រៀមស្វិតហើយ»។+
២២ លោកយេស៊ូមានប្រសាសន៍តបទៅវិញថា៖ «ចូរមានជំនឿលើព្រះ។
២៣ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលប្រាប់ភ្នំនេះថា៖ ‹ចូររើចេញពីទីនេះ ទៅធ្លាក់ក្នុងសមុទ្រវិញ› ហើយអ្នកនោះនិយាយដោយគ្មានការសង្ស័យសោះ តែមានជំនឿក្នុងចិត្តថា អ្វីដែលគាត់និយាយនឹងកើតឡើង នោះនឹងកើតឡើងពិតមែន។+
២៤ ហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នកអធិដ្ឋានសុំ ចូរមានជំនឿថា អ្នកបានទទួលតាមសំណូមពរនោះរួចហើយ។ ធ្វើដូច្នេះ អ្នកនឹងបានទទួលមែន។+
២៥ ម្យ៉ាងទៀត ប្រសិនបើអ្នកកំពុងប្រកាន់ទោសអ្នកណាម្នាក់ ពេលដែលអ្នកកំពុងឈរអធិដ្ឋាន ចូរអភ័យទោសឲ្យអ្នកនោះ ដើម្បីឲ្យបិតារបស់អ្នកដែលនៅស្ថានសួគ៌ អភ័យទោសចំពោះកំហុសរបស់អ្នកដែរ»។+
២៦ * ——
២៧ ក្រោយមក លោកនិងពួកគាត់បានចូលទៅក្នុងក្រុងយេរូសាឡិមម្ដងទៀត។ ពេលដែលលោកកំពុងដើរក្នុងវិហារ នោះពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកបុរសចាស់ទុំបានមកឯលោក
២៨ ហើយសួរថា៖ «តើលោកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី? ឬតើអ្នកណាបានប្រគល់សិទ្ធិអំណាចឲ្យលោកធ្វើអ្វីៗទាំងនេះ?»។+
២៩ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាសំណួរមួយ។ អ្នកត្រូវឆ្លើយសំណួរនោះសិន រួចខ្ញុំនឹងប្រាប់ថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី។
៣០ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹក*ឲ្យគេ+ ពីស្ថានសួគ៌ ឬពីមនុស្ស? ចូរឆ្លើយប្រាប់មក»។+
៣១ ដូច្នេះ ពួកគេចាប់ផ្ដើមជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› នោះគាត់នឹងសួរថា៖ ‹បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នាមិនបានជឿយ៉ូហាន?›។
៣២ ក៏ប៉ុន្តែ តើយើងគួរនិយាយថា៖ ‹ពីមនុស្ស›ឬ?»។ តែពួកគេមិនហ៊ាននិយាយដូច្នេះទេ ដោយសារខ្លាចបណ្ដាជន ពីព្រោះមនុស្សទាំងនោះចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយពិតមែន។+
៣៣ ម្ល៉ោះហើយ ពួកគេឆ្លើយប្រាប់លោកយេស៊ូថា៖ «យើងមិនដឹងទេ»។ រួចលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ»។
កំណត់សម្គាល់
^ ផ្លែឈើម្យ៉ាងដែលមានតម្លៃខ្ពស់នៅសម័យដែលគេសរសេរគម្ពីរ ពេលផ្លែនោះទុំមិនកើតមានមមង់នៅក្នុងផ្លែនោះទេ
^ មានន័យថា«លោកគ្រូ»
^ ការជ្រមុជទឹកជាពិធីសាសនា