ប្រវត្តិហេតុទី២ ៣៣:១-២៥

  • ម៉ាណាសេ​ជា​ស្ដេច​ស្រុក​យូដា (​១​-​៩)

  • ម៉ាណាសេ​ប្រែ​ចិត្ត​ពី​អំពើ​អាក្រក់​របស់​គាត់ (​១០​-​១៧)

  • សេចក្ដី​ស្លាប់​របស់​ម៉ាណាសេ (​១៨​-​២០)

  • អេម៉ុន​ជា​ស្ដេច​ស្រុក​យូដា (​២១​-​២៥)

៣៣  ពេល​ម៉ាណាសេ+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​១២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥៥​ឆ្នាំ។+ ២  គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម តាម​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ៣  គាត់​បាន​សង់​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​កន្លែង​ផ្សេង​ៗ​ឡើង​វិញ គឺ​ជា​ទី​ខ្ពស់​ដែល​ហេសេគា​ឪពុក​គាត់​បាន​បំផ្លាញ​ចោល។+ គាត់​ក៏​បាន​សង់​ទី​បូជា​សម្រាប់​ព្រះ​បាល ហើយ​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ។* គាត់​ថែម​ទាំង​បាន​ក្រាប​គោរព​ចំពោះ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​ទៀត​ផង។+ ៤  គាត់​ក៏​បាន​សង់​ទី​បូជា​នា​នា​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម+ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ ​«​ទី​នេះ​ជា​តំណាង​នាម​ខ្ញុំ​ជា​ដរាប​»។+ ៥  បន្ថែម​ទៅ​ទៀត គាត់​បាន​សង់​ទី​បូជា​ផ្សេង​ៗ​សម្រាប់​គោរព​បូជា​ដល់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី​ធ្លា​ទាំង​ពីរ​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ៦  មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ដុត​កូន​ប្រុស​ៗ​របស់​គាត់​ជូន​ជា​គ្រឿង​បូជា+នៅ​ជ្រលង​ហ៊ីណំ។*+ គាត់​ថែម​ទាំង​មើល​ប្រផ្នូល ប្រើ​វេទមន្ត+ ហើយ​តែង​តាំង​គ្រូ​ខាប​និង​គ្រូ​ទាយ​ទៀត​ផង។+ គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន​ក្រៃ​លែង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​កំហឹង​ជា​ខ្លាំង។ ៧  គាត់​បាន​ឲ្យ​គេ​ឆ្លាក់​រូប​ព្រះ ហើយ​យក​ទៅ​ដាក់​ក្នុង​វិហារ​របស់​ព្រះ​ពិត+ ជា​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​ដាវីឌ​និង​សាឡូម៉ូន​កូន​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ញែក​វិហារ​នេះ​និង​ក្រុង​យេរូសាឡិម ទុក​ជា​បរិសុទ្ធ​សម្រាប់​នាម​ខ្ញុំ​រហូត​ត​ទៅ។ កន្លែង​នេះ​ខ្ញុំ​បាន​ជ្រើស​រើស​ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល។+ ៨  បើ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​យ៉ាង​ដិត​ដល់ នូវ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ និង​ការ​សម្រេច​ក្ដី ហើយ​គ្រប់​ទាំង​ច្បាប់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​ពួក​គេ នោះ​ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ​ទៀត​ឡើយ​»។ ៩  ប៉ុន្តែ ម៉ាណាសេ​ចេះ​តែ​នាំ​ឲ្យ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​បែរ​ចេញ​ពី​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្រៃ​លែង​លើស​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​គេ​ទៅ​ទៀត។+ ១០  ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​ម៉ាណាសេ​និង​បណ្ដា​ជន តែ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ទេ។+ ១១  ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពួក​មេ​ទ័ព​ស្ដេច​ស្រុក​អាស៊ីរី មក​ច្បាំង​នឹង​ពួក​យូដា។ ពេល​នោះ គេ​ចាប់​បាន​ម៉ាណាសេ ហើយ​ដាក់​កន្លុះ*គាត់ ព្រម​ទាំង​ដាក់​ខ្នោះ​ស្ពាន់ រួច​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។ ១២  ក្នុង​គ្រា​ដែល​គាត់​មាន​ទុក្ខ​វេទនា គាត់​បាន​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ ហើយ​គាត់​បាន​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់។ ១៣  គាត់​បាន​អធិដ្ឋាន​អង្វរ​ព្រះ​ឥត​ឈប់ ដូច្នេះ​លោក​បាន​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​គាត់ ហើយ​ធ្វើ​តាម​ពាក្យ​អង្វរ​សុំ​របស់​គាត់។ បន្ទាប់​មក លោក​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ឲ្យ​គាត់​គ្រប់​គ្រង​ជា​ស្ដេច​ម្ដង​ទៀត។+ ពេល​នោះ​ហើយ​ដែល​ម៉ាណាសេ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ពិត។+ ១៤  ក្រោយ​មក គាត់​បាន​សង់​កំពែង​យ៉ាង​ខ្ពស់​នៅ​ក្រៅ​ក្រុង​ដាវីឌ+នា​ប៉ែក​ខាង​លិច​នៃ​ប្រភព​ទឹក​គីហុន+ក្នុង​ជ្រលង​ភ្នំ រហូត​ទៅ​ដល់​ទ្វារត្រី។+ គាត់​ក៏​បាន​សង់​កំពែង​ចាប់​ពី​ទ្វារត្រី រហូត​ទៅ​ដល់​អូផែល​ដែរ។+ បន្ថែម​ទៅ​ទៀត គាត់​បាន​ដាក់​ពួក​មេ​ទ័ព​ឲ្យ​ប្រចាំ​ការ​នៅ​បណ្ដា​ក្រុង​ដ៏​រឹង​មាំ​ក្នុង​ស្រុក​យូដា។ ១៥  បន្ទាប់​មក គាត់​បាន​យក​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ​និង​រូប​ឆ្លាក់ ចេញ​ពី​វិហារ​ព្រះ​យេហូវ៉ា។+ គាត់​ក៏​បាន​បំផ្លាញ​ទី​បូជា​នា​នា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​យេរូសាឡិម និង​នៅ​លើ​ភ្នំ​ដែល​មាន​វិហារ​ព្រះ​យេហូវ៉ា។+ រួច​គាត់​បាន​ឲ្យ​គេ​ជញ្ជូន​យក​ទៅ​បោះ​ចោល​នៅ​ក្រៅ​ក្រុង។ ១៦  គាត់​ក៏​បាន​សង់​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ+ ហើយ​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ និង​គ្រឿង​បូជា​សម្រាប់​អរគុណ+នៅ​លើ​ទី​បូជា​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​ប្រាប់​ពួក​យូដា​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី។ ១៧  ដូច្នេះ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ តែ​ពួក​គេ​ធ្វើ​ដូច្នោះ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​ដូច​ពី​មុន​ដដែល។ ១៨  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ធ្វើ និង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ព្រម​ទាំង​ពាក្យ​សម្ដី​របស់​ពួក​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដែល​បាន​និយាយ​ទៅ​កាន់​គាត់​ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៩  ក្នុង​នោះ​ក៏​មាន​សេចក្ដី​អធិដ្ឋាន​របស់​ម៉ាណាសេ+ និង​របៀប​ដែល​ព្រះ​បាន​បំពេញ​តាម​ការ​អង្វរ​សុំ​របស់​គាត់ ព្រម​ទាំង​រាល់​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​និង​គ្រប់​ទង្វើ​មិន​ស្មោះ​ត្រង់​របស់​គាត់+ ហើយ​ក៏​មាន​ការ​បញ្ជាក់​អំពី​កន្លែង​ផ្សេង​ៗ​ដែល​គាត់​បាន​សង់​ទី​ខ្ពស់​ពិសិដ្ឋ រួម​ទាំង​ការ​ដំឡើង​បង្គោល​ឈើ​ពិសិដ្ឋ*+ និង​ការ​ឆ្លាក់​រូប​ព្រះ​មិន​ពិត​មុន​គាត់​បាន​បន្ទាប​ខ្លួន។ អ្វី​ៗ​ទាំង​អស់​នេះ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​របស់​ពួក​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ។ ២០  ក្រោយ​មក ម៉ាណាសេ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​វិមាន​របស់​គាត់។ រួច​មក អេម៉ុន​ជា​កូន បាន​គ្រប់​គ្រង​បន្ទាប់​ពី​គាត់។+ ២១  ពេល​អេម៉ុន+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។+ ២២  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ម៉ាណាសេ​ឪពុក​គាត់​បាន​ប្រព្រឹត្ត​ដែរ។+ គាត់​បាន​ជូន​គ្រឿង​បូជា​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ឲ្យ​គេ​ឆ្លាក់+ ហើយ​គាត់​គោរព​បម្រើ​ដល់​រូប​ព្រះ​ទាំង​នោះ​ជា​និច្ច។ ២៣  ប៉ុន្តែ គាត់​មិន​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ ដូច​ឪពុក​គាត់​ទេ។+ ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​ទោស​កាន់​តែ​ខ្លាំង។ ២៤  ក្រោយ​មក ពួក​អ្នក​បម្រើ​របស់​អេម៉ុន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​គាត់+ ហើយ​ក៏​សម្លាប់​គាត់​នៅ​ក្នុង​វិមាន​គាត់​ទៅ។ ២៥  ប៉ុន្តែ បណ្ដា​ជន​បាន​សម្លាប់​ពួក​អ្នក​ក្បត់​ទាំង​នោះ​ចោល។+ រួច​មក ពួក​គេ​ក៏​បាន​តែង​តាំង​យ៉ូសៀស+ជា​កូន​របស់​អេម៉ុន ឲ្យ​គ្រប់​គ្រង​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គេ​ចាប់​ម៉ាណាសេ​ពី​ក្នុង​ក្រហែង​ថ្ម​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​