ប្រវត្តិហេតុទី២ ១៩:១-១១

  • យេហ៊ូ​ស្ដី​បន្ទោស​យេហូសាផាត (​១​-​៣)

  • ការ​រៀបចំ​ឡើង​វិញ​របស់​យេហូសាផាត (​៤​-​១១)

១៩  ក្រោយ​មក យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​បាន​ត្រឡប់+ទៅ​វិមាន​របស់​គាត់​នៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​សុវត្ថិភាព។ ២  គ្រា​នោះ យេហ៊ូ+ជា​កូន​ហាណាណៃ+ជា​អ្នក​ដែល​បាន​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ បាន​ទៅ​ជួប​ស្ដេច​យេហូសាផាត ហើយ​ប្រាប់​គាត់​ថា​៖ ​«​តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ទៅ​ជួយ​មនុស្ស​អាក្រក់+ ហើយ​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ​យេហូវ៉ា?+ ការ​នេះ​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​នឹង​លោក​ជា​ខ្លាំង។ ៣  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ឃើញ​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​លោក+ ព្រោះ​លោក​បាន​បំបាត់​ចោល​បង្គោល​ឈើ​ពិសិដ្ឋ*ចេញ​អស់​ពី​ក្នុង​ស្រុក ហើយ​លោក​បាន​តាំង​ចិត្ត​ស្វែង​រក​ព្រះ​ពិត​»។+ ៤  យេហូសាផាត​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​មួយ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​បណ្ដា​ជន​ចាប់​ពី​បៀរសេបា​រហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម+ ដើម្បី​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ​វិញ។+ ៥  គាត់​ក៏​បាន​តែង​តាំង​អ្នក​សម្រេច​ក្ដី​នៅ​ក្រុង​ដ៏​រឹង​មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។+ ៦  គាត់​ក៏​ប្រាប់​ទៅ​ពួក​អ្នក​សម្រេច​ក្ដី​ទាំង​នោះ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ក្ដី​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​មិន​មែន​វិនិច្ឆ័យ​តាង​នាម​មនុស្ស​ណា​ម្នាក់​ទេ តែ​តាង​នាម​ព្រះ​វិញ។+ ៧  ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ​យេហូវ៉ា។+ ចូរ​ប្រយ័ត្ន​ចំពោះ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង លោក​ប្រព្រឹត្ត​ដោយ​យុត្តិធម៌+ មិន​លម្អៀង+ ហើយ​មិន​ទទួល​សំណូក​ទេ​»។+ ៨  នៅ​ក្រុង​យេរូសាឡិម យេហូសាផាត​តែង​តាំង​ពួក​សង្ឃ​និង​ពួក​លេវី​មួយ​ចំនួន ព្រម​ទាំង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នៃ​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​តាង​នាម​ព្រះ​យេហូវ៉ា និង​វិនិច្ឆ័យ​ក្ដី​ឲ្យ​បណ្ដា​ជន​ក្នុង​ក្រុង។+ ៩  គាត់​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា ដោយ​ចិត្ត​ស្មោះ​ត្រង់​និង​អស់​ពី​ចិត្ត។ ១០  ពេល​ណា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​រស់​នៅ​ក្រុង​នានា យក​រឿង​ក្ដី​ដែល​ទាក់​ទង​នឹង​ឃាតកម្ម+ ឬ​ជម្លោះ​ស្ដី​អំពី​ច្បាប់ បញ្ញត្តិ ក្រឹត្យ​វិន័យ ឬ​ការ​វិនិច្ឆ័យ​ណា​មួយ អ្នក​រាល់​គ្នា​ត្រូវ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ​យេហូវ៉ា។ បើ​ពុំ​នោះ​ទេ លោក​នឹង​ខឹង​អ្នក​រាល់​គ្នា​និង​ពួក​គេ​ដែរ។ នេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ ដើម្បី​កុំ​ឲ្យ​មាន​ទោស។ ១១  ឯ​អាម៉ារៀ​ជា​សង្ឃនាយក គាត់​ទទួល​ខុស​ត្រូវ​លើ​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា។+ សេបបាឌា​ដែល​ជា​កូន​អ៊ីសម៉ាអែល គាត់​ជា​មេ​ដឹក​នាំ​ម្នាក់​លើ​ពូជ​ពង្ស​យូដា ហើយ​ទទួល​ខុស​ត្រូវ​លើ​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ស្ដេច។ ចំណែក​ពួក​លេវី​វិញ ពួក​គេ​បំពេញ​មុខ​ងារ​ជា​មន្ត្រី។ ដូច្នេះ ចូរ​បំពេញ​ភារកិច្ច​ដោយ​ចិត្ត​ក្លាហាន​ចុះ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹម​ត្រូវ​»។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​